អានតួអត្ថបទ

សាធារណរដ្ឋឆែក​បន្លំ លួច យកម៉ាស ដែល​ចិន​ផ្ញើ​ឲ្យ​អ៊ីតាលី?

សាធារណរដ្ឋឆែក​កំពុង​រងការចោទប្រកាន់​ថា បាន​បន្លំលួច យកម៉ាស និង​គ្រឿងបរិក្ខាពេទ្យ ដែល​ប្រទេស​ចិន បញ្ជូន​ទៅ​ឲ្យ​អ៊ីតាលី។ អ៊ីតាលី ដែល​កំពុង​រងគ្រោះ មាន​មនុស្ស​ស្លាប់​ដោយ​កូវីដ១៩ ច្រើនជាង​គេ​ក្នុង​ពិភពលោក។ តាម​កាសែត​អ៊ីតាលី Répubblica ចុះផ្សាយ​កាលពី​ថ្ងៃ​សៅរ៍ អាជ្ញាធរ​របស់​សាធារណរដ្ឋ​ឆែក បាន​ចាប់រឹបអូស​យកម៉ាស និង​ឧបករណ៍ពេទ្យ ជិត ៧សែន ក្នុង​ក្របខ័ណ្ឌ​នៃ​ការបង្រ្កាប​ក្រុម​ឈ្មួញជួញដូរ ដែល​ចង់ឆ្លៀត​កេងចំណេញ​ពី​ជំងឺរាតត្បាត កូវីដ​១៩។ 

កេសដាក់​ម៉ាស និង​ឧបករណ៍ពេទ្យ​ដែល​ចិន​ផ្ញើ​ទៅ​ឲ្យ​ប្រទេស​អ៊ីតាលី ត្រូវ​បាន​រៀបចំ​ចេញពី​ខេត្ត​Zhejiang នៅថ្ងៃទី​១០មីនា ២០២០
កេសដាក់​ម៉ាស និង​ឧបករណ៍ពេទ្យ​ដែល​ចិន​ផ្ញើ​ទៅ​ឲ្យ​ប្រទេស​អ៊ីតាលី ត្រូវ​បាន​រៀបចំ​ចេញពី​ខេត្ត​Zhejiang នៅថ្ងៃទី​១០មីនា ២០២០ REUTERS - CHINA DAILY
ផ្សាយពាណិជ្ជកម្ម

ហេតុការណ៍​កើតឡើង​នៅយប់​ថ្ងៃ​អង្គារ​ដើមសប្តាហ៍នេះ នៅ​ពេល​ប៉ូលិស និង​គយ​របស់​ប្រទេស​ឆែក ចុះចាប់ រឹបអូស​យក ម៉ាស និង​ឧបករណ៍​សម្រួលផ្លូវដង្ហើម ជិត ៧សែន នៅ​ក្នុង​ឃ្លាំងស្តុកទំនិញ​របស់​ក្រុមហ៊ុន​ឯកជនមួយ នៅភាគខាងជើង​ប្រទេស។ អាជ្ញាធរ​ឆែក បាន​បង្ហាញ​ពីជោគជ័យ​ធំធេង ក្នុងការបង្រ្កាប​ទៅលើ​ក្រុមឈ្មួញ ដែល​បើតាម​អាជ្ញាធរ បានប្រមូលស្តុក​ម៉ាស​និង​គ្រឿង​បរិក្ខាពេទ្យ ដើម្បី​លក់​ក្នុង​ទីផ្សារ​ងងឹត​ក្នុង​តម្លៃ​ខ្ពស់។

តាម កាសែត​ក្នុង​ស្រុក អាជ្ញាធរ​ឆែក បាន យក​ម៉ាស​និង ឧបករណ៍ ពេទ្យ​ដែលបាន​រឹបអូស​នៅ​ថ្ងៃនោះ ទៅ ចែកចាយ​បន្ត ទៅ​មន្ទីរពេទ្យ ឆែក ដែល​ពេល​នេះ រាប់​ឃើញ​មាន​អ្នកឆ្លង មេរោគកូរ៉ូណា ដល់​១០០០នាក់ នៅទូទាំង​ប្រទេស។

ការរឹបអូសម៉ាស​ពីឈ្មួញងងឹត បាន​ក្លាយ​ទៅ​ជារឿង​ប្លន់ លួច​យកម៉ាស​ដែល​ប្រទេស​ចិន ផ្ញើ​ទៅ​ឲ្យ​អ៊ីតាលី។ គឺ​អ្នកស្រាវជ្រាវ​ឆែក ម្នាក់ ដែល​ជាទីប្រឹក្សា​របស់​សមាជិកសភា​មកពី​គណបក្ស​ប្រឆាំង ដែលជា​អ្នកទាញសញ្ញាអាសន្ន​ពី​ភាពមិនប្រក្រតីលើកនេះ ព្រោះថា នៅលើ​កេស ម៉ាស ដែល​គេ​ថត​បង្ហោះ​ផ្សព្វផ្សាយ គេឃើញ ស្លាក​សញ្ញា​យ៉ាងច្បាស់ ទង់ជាតិ ចិន និងអ៊ីតាលី និង​សារគាំទ្រ របស់​ប្រជាជន​ចិន សម្រាប់​អ៊ីតាលី។ អ្នកស្រាវជ្រាវ​ឆែក​បាន​បញ្ជូន​បន្ត រូបភាព​និង​វីដេអេ​ទៅ​អង្គការ​ក្រៅរដ្ឋាភិបាល​នៅក្នុង​សហភាពអឺរ៉ុប ដែល​បាន​ទាមទារ​ការស្រាយបំភ្លឺ​របស់​រដ្ឋាភិបាលឆែក។ តាមកាសែត​បារាំង Le Parisien កេសម៉ាស​ដែល​អាជ្ញាធរ​ឆែក​រឹបអូស និង​ចែកចាយ ទៅតាម​មន្ទីរពេទ្យ ឆែក តាមពិត ជា​អំណោយ​របស់​កាកបាទក្រហម​ចិន ប្រចាំ​ខេត្ត​ Zhejiang សម្រាប់មន្ទីរពេទ្យ​អ៊ីតាលី។

រដ្ឋមន្រ្តី​ក្រសួងមហាផ្ទៃ ឆែក ដែល​បាន​បញ្ជា​ឲ្យ​មាន​ការស៊ើបអង្កេត ស៊ីជំរៅ នៅទីបំផុត បាន​ទទួលស្គាល់​កាលពីថ្ងៃសុក្រថា មួយផ្នែក​នៃ​ម៉ាស ដែល​អាជ្ញាធរ​បានរឹបអូស ពិត​ជាកេសម៉ាស អំណោយ​របស់​ប្រទេស​ចិន សម្រាប់​អ៊ីតាលី។ ប៉ុន្តែ អ្វីដែលគេ​នៅមិនទាន់ដឹងគឺថា ហេតុផល​ដែល​ធ្វើ​ឲ្យ​កេសម៉ាស អំណោយរបស់​ចិន មកស្ថិតក្នុង​ឃ្លាំង ខុសច្បាប់ ក្នុង​ប្រទេស​ឆែកនៅពេលនេះ។

តាមការ​អះអាងរបស់ រដ្ឋមន្រ្តី​ក្រសួងមហាផ្ទៃ​ឆែក រដ្ឋាភិបាល​ឆែក គ្មាន​ចេតនា​ចង់​ចាប់រឹបអូស​យកម៉ាស ដែល​ចិន​ផ្ញើ​ទៅ​ឲ្យ​អ៊ីតាលីនោះទេ។ លោក​​បញ្ជាក់​ដែរថា អ៊ីតាលីនឹង​មិនខាតបង់​អ្វីនោះទេ ព្រោះថា នៅពេលនេះ ឆែក​បានទាក់ទង​ទៅអាជ្ញាធរ​ចិន នៅ​ខេត្ត Zhejiang ​ដើម្បី ដោះស្រាយ​បញ្ហា​យល់​ច្រលំ​លើក​នេះ។ គ្រាន់តែ​ថា ម៉ាស​ដែល​គួរ​ទៅដល់​មន្ទីរពេទ្យ អ៊ីតាលី ដែល​កំពុង​ប្រឈម​ខ្លាំង​នឹង​ការខ្វះម៉ាស និង​សំភារៈពេទ្យ ត្រូវ​បាន​ចែកចាយ អស់រួចទៅហើយ ទៅមន្ទីរពេទ្យ​នៅប្រទេស​ឆែក។ រឿងដណ្តើមម៉ាស​គ្នា​ធ្លាប់កើតមាន​កន្លងមកហើយ រវាង​អាជ្ញាធរ​ខេត្ត នៅប្រទេស​ចិន នៅពេល អាជ្ញាធរ​ខេត្ត បាន​រឹបអូស​យកម៉ាស ពីកប៉ាល់ ដែល​ត្រូវ​ធ្វើដំណើរ​សំដៅ ខេត្តមួយទៀត។ រឿងនេះ​ធ្វើឲ្យគេនឹក​ទៅដល់​ពាក្យ​របស់​នាយករដ្ឋមន្រ្តី​បារាំង លោក​អេឌ័រ ហ្វីលីព្វ ដែលថា នៅក្នុង​បរិបទ​នៃ​ការរាតត្បាត​កូរ៉ូណាវីរុស មនុស្សជាតិ​នឹង​បង្ហាញ​ធាតុពិតរបស់ខ្លួន ដែល​មួយអាច​ជា​រឿង​ល្អផូផង់ និង​មួយទៀត អាច​រឿង​ខ្មៅងងឹត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ