អានតួអត្ថបទ

អ៊ីតាលី​ធ្លាក់ខ្លួន​រងគ្រោះ​កាន់តែខ្លាំង ដោយសារ​កូវីដ ១៩

អ៊ីតាលី​កាលពី​ថ្ងៃ​សុក្រម្សិលមិញ បានរាប់ឃើញ​មាន​មនុស្ស​ស្លាប់ ច្រើនបំផុត​មិនធ្លាប់ មាន ដល់ទៅ ៦២៧នាក់ ក្នុងរយៈពេល​តែ​២៤ម៉ោង។ ការណ៍នេះ​ធ្វើ​ឲ្យ​អ៊ីតាលី​ដែល មាន​អ្នកស្លាប់​ដោយសារ​កូវីដ​១៩ ច្រើន​ប្រទេស​ចិន តាំង​ពី​ថ្ងៃ​សុក្រម្សិលមិញ មាន​ចំនួន​មនុស្ស​ស្លាប់​សរុប ៤០៣២នាក់ ចំណែកករណី​ឆ្លង​វិញ កើនឡើង​ដល់​ជាង ៤ម៉ឺន ៧ពាន់នាក់ បន្ទាប់ គេរាប់ឃើញ​មាន​មនុស្ស​ឆ្លងថ្មី ប្រមាណ ៦ពាន់នាក់ ក្នុងរយៈពេល តែ​មួយថ្ងៃ។ នៅពេល​រដ្ឋាភិបាល​គ្រោង​ពន្យារ​ពេល​ក្រុងមនុស្ស​ឲ្យនៅក្នុងផ្ទះ អាជ្ញាធរ​ក្នុង​តំបន់​ភាគខាងជើង អ៊ីតាលី ដែល​រងគ្រោះ​ខ្លាំងជាងគេ​ដោយសារ​កូវីដ ១៩ បាន​ពង្រាយ​រួចហើយ ទាហាន​អ៊ីតាលី ដើម្បី ជួយ​ប៉ូលិស ក្នុង​ការរឹតបន្តឹង ហាមមិន​ឲ្យមនុស្ស ដើរចេញក្រៅផ្ទះ។ 

ទាហាន​អ៊ីតាលី​ដាក់ពង្រាយ​នៅអ៊ីតាលី នៅក្នុ​ងកាលៈទេសៈ ដែលប្រទេស​កំពុង​រងគ្រោះរាតត្បាត​ដោយ​សារ​កូរ៉ូណាវីរុស
ទាហាន​អ៊ីតាលី​ដាក់ពង្រាយ​នៅអ៊ីតាលី នៅក្នុ​ងកាលៈទេសៈ ដែលប្រទេស​កំពុង​រងគ្រោះរាតត្បាត​ដោយ​សារ​កូរ៉ូណាវីរុស REUTERS - Flavio Lo Scalzo
ផ្សាយពាណិជ្ជកម្ម

នៅអ៊ីតាលី វិធានការ​របស់​រដ្ឋាភិបាល ក្នុង​ការដាក់មនុស្ស​ឲ្យ​នៅក្នុង​ផ្ទះ នៅមិនទាន់​មាន​ប្រសិទ្ធិភាព ជួយកាត់បន្ថយ​ចំនួន​មនុស្ស​ឆ្លង​មេរោគកូរ៉ូណា​នោះទេ។ តួលេខ​របស់​អាជ្ញាធរ​សុខាភិបាល​អ៊ីតាលី បាន​បង្ហាញ​ថា ករណី​អ្នកឆ្លង​កូរ៉ូណាវីរុសថ្មី បាន​កើនឡើង ជារៀងរាល់​ថ្ងៃ។ ជាក់ស្តែង នៅក្នុង​ថ្ងៃ​សុក្រ​តែមួយ អ៊ីតាលី មាន​ចំនួន​មនុស្ស​ផ្ទុក​មេរោគកូរ៉ូណា ថ្មី ចំនួន ៦ពាន់នាក់ ដែល​ធ្វើឲ្យ​អ៊ីតាលី មាន​ចំនួន​មនុស្ស​ឆ្លងមេរោគកូរ៉ូណា សរុប ជាង ៤៧០០០នាក់។ សម្រាប់អ្នកជំនាញ សុខភាព ចំនួន​មនុស្ស​ឆ្លងកូរ៉ូណាវីរុស អាចច្រើន​តួលេខ របស់​រដ្ឋាភិបាល​ដល់​ទៅ ១០។ ដោយសារ ការធ្វើតេស្ត សំដៅ​តែ​អ្នកដែល​មានជម្ងឺ មានរោគសញ្ញា រដ្ឋាភិបាល​អ៊ីតាលី នៅមិនតែមិនដឹង​ច្បាស់ថា តើ​មាន​មនុស្ស​ប៉ុន្មាននាក់​ដែលកំពុងផ្ទុកមេរោគ​កូរ៉ូណាវីរុស ព្រោះ​ថា នៅមាន​មនុស្ស​ជាច្រើន នៅតែ​បន្ត​ដើរចេញទៅ​ក្រៅ ដែល​ទាំងពួកគេ អាច​ផ្ទុក និង​ចំលង​ទៅមនុស្ស​ដទៃ។

នៅអ៊ីតាលី កូវីដ​១៩​បានសម្លាប់មនុស្ស​ច្រើនជាង​នៅ​ប្រទេស​ចិន តាំង​ពី​ថ្ងៃ​ព្រហស្បតិ៍។ នៅពេល​មន្ទីរពេទ្យ​អ៊ីតាលី ចាប់ទ័ល ខ្វះសំភារៈ និង​គ្រែ​សម្រាប់ទទួល​អ្នកជំងឺ ទីភ្នាក់ងារ​វិភាគលើ​បណ្តាញ​ទូរស័ព្ទ បង្ហាញ​ថា គិត​មកត្រឹម​ថ្ងៃ​ព្រហស្បតិ៍ ប្រជាជន​អ៊ីតាលី ប្រមាណ ៤០ភាគរយ នៅតែ​បន្ត ចេញដើរ​ទៅក្រៅ ជិះរថភ្លើង​ក្រោមដី ពេញៗ ហាក់ដូចជា​គ្មាន​រឿង​អ្វី​កើតឡើង។

ប្រឈម​នឹងការរំលោភបំពាន​របស់​ប្រជាជន​អ៊ីតាលី ដែល​នៅតែ​បន្ត​ដើរចេញ ទៅខាងក្រៅ អាជ្ញាធរ​គ្រប់គ្រង​តំបន់​ភាគខាងជើងអ៊ីតាលី ដែល​រងគ្រោះ​ខ្លាំង​ជាងគេ​ដោយសារ​ជំងឺរាតត្បាត កូវីដ ១៩ បាន​អំពាវនាវ​សុំ​ឲ្យ​រដ្ឋាភិបាល បិទទីក្រុង​ទាំងស្រុង បិទហាង​លក់ទំនិញ លើក​លែង​ហាង​លក់គ្រឿងបរិភោគ ហើយ​និង​ហាម​មិន​ឲ្យ​មនុស្ស​ដើរចេញ​ទៅក្រៅ សូម្បី​ទៅរត់ហាត់ប្រាណ​ក៏ដោយ។ នៅមុន​ការសម្រេច​ថ្នាក់ជាតិ អាជ្ញាធរ​នៅ​តំបន់​ឡំបាឌី បាន​ចាត់វិធានការ​ផ្ទាល់​រួចហើយ ដូចជា ដាក់ពង្រាយ ទាហាន ជាង​១០០​នាក់ នៅទីក្រុង​សេដ្ឋកិច្ច មីឡង់ Milan ដើម្បី ជួយ​ពង្រឹង​ការងារ​របស់​ប៉ូលិស ក្នុង​ការរឹតបន្តឹង ហាម​មិន​ឲ្យមាន​វត្តមាន​របស់មនុស្ស​នៅតាមផ្លូវ សួនកំសាន្ត ឬ កន្លែង​សាធារណៈ​ផ្សេងទៀត៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ