អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

​សហភាពអឺរ៉ុប៖ ​អ្នកផលិតទឹកឃ្មុំ​​ ​បារម្ភពីការ​នាំ​ចូល​ទឹកឃ្មុំ​​ពីបរទេស និងលក់ក្នុង​តម្លៃថោក

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ក្នុង​រង្វង់​សហភាពអឺរ៉ុប  ​អ្នកផលិតទឹក​​ឃ្មុំ កំពុង​សម្តែង​ក្តីព្រួយ​បារម្ភជាខ្លាំង​ចំពោះការនាំចូល​ទឹក​ឃ្មុំ​ពីបរទេស​ ពិសេស​ពី​ទ្វីបអាស៊ី។ ទឹកឃ្មុំ​ពីអាស៊ី​ដាក់​លក់លើទីផ្សារអឺរ៉ុប​​ក្នុង​តម្លៃ​ថោក​ខ្លាំង​ ដែល​​ក្រុម​អ្នកផលិតទឹក​ឃ្មុំនៅអឺរ៉ុប ​យល់ថា មានការ​ប្រកួត​ប្រជែងដោយ​មិន​ស្មោះត្រង់។ ប្រឈម​នឹង​បញ្ហា​នេះ​ ក្រុម​អ្នក​ផលិតទឹកឃ្មុំ ស្នើឱ្យ​សហភាពអឺរ៉ុប ត្រូវរកវិធានការ​និង​ដំណោះស្រាយ​ជាបន្ទាន់។

L'apiculteur français Thomas Le Glatin inspecte les cadres de miel le 19 juin 2018 à Ploerdut, dans l'ouest de la France.
L'apiculteur français Thomas Le Glatin inspecte les cadres de miel le 19 juin 2018 à Ploerdut, dans l'ouest de la France. © Fred TANNEAU / AF
ផ្សាយពាណិជ្ជកម្ម

ស​ហភាពអឺរ៉ុប នាំចូល​ទឹក​ឃ្មុំ​ពីបរទេស ក៏ព្រោះតែ មិន​អាច​ផលិត​ទឹក​ឃ្មុំ​ ​បាន​គ្រប់​តាម​តម្រូវ​ការ​ និង​មិន​អា​ចបំពេញ​ចិត្ត​អ្នក​ប្រើប្រាស់​ ទាំង​រសជាតិ​និង​ទាំង​បរិមាណ​។ ដូច្នេះ ការ​នាំចូល​ផលិតផល​ទឹក​ឃ្មុំ ជា​រឿងជៀស​មិន​ផុត។ អឺរ៉ុប​​នាំ​ចូល​ទឹក​ឃ្មុំ​ប្រមាណ​ជាង​៤០ភាគរយ​ នៃ​តម្រូវការ​ប្រើប្រាស់​ ហើយជាង​​ពាក់កណ្តាល​ នាំចូល​មក​ពី​ស្រុក​ចិន​ ហើយ​និង​ប្រទេស​មួយ​ចំនួន​ទៀត នៅ​អាស៊ី។ ​

​ប៉ុន្មាន​ឆ្នាំចុងក្រោយនេះ​​ អ៊ុយក្រែន និង ចិន ប្រជែង​គ្នា នាំចូល​ទឹកឃ្មុំ​​ចូល​មក​ទីផ្សា​រ​សហភាព​អឺរ៉ុប។ អ៊ុយក្រែន មាន​អាទិភាព​មួយ ដោយ​បាន​ការ​អនុគ្រោះពន្ធ​នាំចូល តែ​ចិន​វិញ ចិន​​អាចមាន​លទ្ធភាព​​ផ្គត់ផ្គង់​ទីផ្សារ​ បាន​បរិមាណ​​​ច្រើនជាងអ៊ុយក្រែន​។ ក៏ប៉ុន្តែ បញ្ហា​នៅត្រង់ថា ផលិតផល​ទឹក​ឃ្មុំ​​របស់​ចិន ទំនង​​«មិន​សូវ​សុទ្ធ»។​

«ជាទូទៅ ទឹក​ឃ្មុំ​នាំចូលពីប្រទេសអាស៊ី​​ ដាក់​លក់​នៅលើទីផ្សារ​អឺរ៉ុប​ ក្នុង​តម្លៃ​ថោក​ជាង​ច្រើន​​ណាស់ បើធៀប​នឹង​ទឹក​ឃ្មុំ​ផលិត​នៅក្នុង​ស្រុក​អឺរ៉ុប​។ ហេតុផល​មួយ​ដែល​អាច​ពន្យល់​បាន​យ៉ាង​ងាយ​បំផុត​នោះ ក៏ព្រោះតែ​ទឹក​ឃ្មុំ​នោះ មិន​សុទ្ធល្អ ហើយ​ក៏​គេ​លំបាក​នឹង​រកមើល​ឱ្យ​បាន​ត្រឹមត្រូវ​ពីដំណើរ​ការ​ផលិត​ ទៅទៀត។» នេះជាការ​​ពន្យល់​របស់​លោក Etienne Bruneau ប្រធាន​ក្រុម​ការងារ​ផ្នែក​ទឹក​ឃ្មុំ​ នៃ​គណៈកម្មការ​ជំនាញ​កសិកម្ម​ របស់​សហភាព​អឺរ៉ុប​។

តាមអ្នក​ជំនាញ​រូប​នេះ ​នៅ​លើទីផ្សារ​អឺរ៉ុប​ គេ​អាច​រកឃើញ​ទឹកឃ្មុំ​មិន​សុទ្ធ​ ​ក្នុងនោះ​ មាន​លាយ​ ទឹក​ស៊ីរ៉ូ ទឹកស្ករ ៧០ភាគរយ ហើយ​ទឹក​ឃ្មុំ ​មានតែ​៣០ភាគ​រយ​ប៉ុណ្ណោះ។ ទឹក​ឃ្មុំ​មិន​សុទ្ធ១០០ភាគរយ​ប្រភេទ​បែបនេះ មាន​ដាក់​លក់​លើទីផ្សារ ក្នុង​តម្លៃ​ថោក​មែនទែន​ ដែលធ្វើឱ្យ​ក្រុមអ្នកផលិតទឹកឃ្មុំនៅអឺរ៉ុប ចោទប្រកាន់​ពីការប្រកួតប្រជែងដោយមិនស្មោះត្រង់។ ការរកស៊ី​ប្រកួត​ប្រជែង​មិនស្មោះត្រង់​នេះ ធ្វើ​អ្នក​ផលិតទឹកឃ្មុំអឺរ៉ុប ​ក្តៅក្រហាយ​ ហើយ​និងព្រួយ​បារម្ភ។​ ករណីនេះ បាន​ធ្វើ​ឱ្យ​អ្នក​ចិញ្ចឹម​ទឹក​ឃ្មុំ​នៅអឺរ៉ុប មិន​អាច​បន្ត​ទ្រាំ​រកស៊ី​លក់​ទឹក​ឃ្មុំ​តទៅទៀត​។ អ្នក​ខ្លះ​​ បាន​​សម្រេច​ចិត្ត​ឈប់ចិញ្ចឹម​ឃ្មុំ​។  ជាក់ស្តែង នៅអាល្លឺម៉ង់ដើមឆ្នាំ២០១៩ ចំនួនកសិករអ្នកចិញ្ចឹមឃ្មុំ បានថយចុះ ប្រមាណ៤ភាគរយ។

ការប្រកួតប្រជែក​ទីផ្សារ​មិន​ស្មោះត្រង់ ជារឿងមួយ តែ​ការ​សម្លាប់​ឃ្មុំ​អឺរ៉ុប ​ក៏​ជារឿង​ធ្ងន់​បន្ថែមទៀត។ ការប្រែប្រួល​អាកាសធាតុ និង​ភ្លើង​ឆេះព្រៃ​ ក៏​ជាផ្នែក​មួយ​នៃការ​កាត់បន្ថយ​ចំនួន​សត្វ​ឃ្មុំ​។​ ក្នុង​វិស័យ​កសិកម្ម​ ការ​បាញ់​ថ្នាំ​គីមី​សម្លាប់​សត្វ​ល្អិត​ឬ​ដង្កូវ ក៏​សម្លាប់​សត្វ​ឃ្មុំ​ដែរ។ នៅ​បារាំង ​រដូវ​វងាម្ត​ង​​ៗ​ ឃ្មុំ​ងាប់​អស់​ប្រមាណ​៣០ភាគរយ​​ ហើយ​ឃ្មុំ​ងាប់ ក៏​ច្រើនដែរ ​ដោយសារ​តែថ្នាំគីមី​កសិកម្ម​។ អ្នក​ការពារ​បរិស្ថាន​ និង​អ្នក​ធ្វើការ​វិស័យ​ចំណី​អាហារ​ ទាមទារ​ជាយូរមកហើយ ឱ្យ​បណ្តារដ្ឋ​សមាជិក​សហភាព​អឺរ៉ុប បញ្ឈប់​ឬកាត់បន្ថយ​ ការ​ប្រើប្រាស់​សារធាតុគីមី​និង​ថ្នាំសម្លាប់​សត្វល្អិត​ក្នុងវិស័យ​កសិកម្ម ​។​

តាម​ការ​សង្កេត​របស់​អ្នក​ជំនាញបារាំង ប្រសិន​បើ​ស្ថានការណ៍​នៅ​បន្តដុនដាប​ធ្ងន់ធ្ងរបែបនេះ​ ហើយ​បើ​គេ​គ្មាន​ដំណោះស្រាយសមរម្យ​នោះ​ទេ​ សម្បុក​ឃ្មុំចំនួន​ប្រមាណ​ពីរភាគបី នៅ​អឺរ៉ុប អាច​នឹង​ត្រូវ​បាត់​បង់​។ ​​ ការ​កាត់​បង់​ជម្រក​ឃ្មុំ  ​នឹង​បណ្តាល​ឱ្យ​ ប៉ះពាល់​ដល់​ប្រព័ន្ធ​ជីវចម្រុះ និង​បរិស្ថាន។

ប្រឈម​នឹង​វិបត្តិ សមាគម​អ្នក​ចិញ្ចឹម​ឃ្មុំ​អឺរ៉ុប​ ​ស្នើ​សុំ​ឱ្យ​គណៈកម្មាការ​សហភាព​អឺរ៉ុប​ ចេញ​វិធានការ ដើម្បី​ការពារសត្វ​ឃ្មុំ និង​​ផលិតផល​ទឹក​ឃ្មុំ​របស់​អឺរ៉ុប។ ពោល ត្រូវ​ចេញ​ចំណាត់ការ​ឱ្យ​តឹងតែ​ង​និងច្បាស់លាស់​ ពីការ​​​តាម​ដានពីប្រភេទនិងប្រភព​​ទឹក​ឃ្មុំ, រឹត​បន្តឹងការត្រួតពិនិត្យ​ ផលិតផលទឹកឃ្មុំ​​នាំចូល​ នៅ​តាម​បន្ទាត់​ព្រំដែន​ ព្រ​មទាំង បិទ​ស្ទីកឃ័រ​សម្គាល់​ផលិតផល​​ទឹក​ឃ្មុំ​ឱ្យ​បា​នត្រឹមត្រូវ​៕​

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ