អានតួអត្ថបទ
ឥណ្ឌា-បោះឆ្នោតសភា

តើ​ការ​បោះឆ្នោត​សភា​ឥណ្ឌា​ប្រព្រឹត្ត​ទៅ​យ៉ាង​ដូចម្តេច?

ចាប់​ពី​ថ្ងៃសុក្រ​ទី ១៩​មេសា​២០២៤​នេះទៅ​ ពលរដ្ឋ​ឥណ្ឌា​ជិត​៩៧០​លាន​នាក់​ត្រូវ​ទៅ​បោះឆ្នោត​ជ្រើសរើស​សមាជិក​សភា ៥៤៣​រូប។ គឺ​ជា​ការ​បោះឆ្នោតសភា​ខ្នាត​​ធំជាង​គេ​បំផុត​នៅ​លើ​ពិភពលោក ដែល​មាន​រយៈ​ពេល​ដល់​ទៅ​៦​សប្តាហ៍ និង​ចែក​ចេញ​ជា​៧​ដំណាក់កាល។  ​លទ្ធផលនឹង​ត្រូវ​ប្រកាស​នៅ​ថ្ងៃទី​៤​មិថុនា​២០២៤។ តើ​ការ​បោះឆ្នោត​សភា​ឥណ្ឌា​នេះ​មាន​ដំណើរបែបបទ​យ៉ាងណា និង​​ទស្សនៈវិស័យ​សម្រាប់គណ​បក្ស​ណាខ្លះ?

ប្រជាពលរដ្ឋ​ឥណ្ឌា​បន្ត​កន្ទុយ​រង់ចាំ​ចូល​បោះឆ្នោត ថ្ងៃទី ១៩ មេសា ២០២៤
ប្រជាពលរដ្ឋ​ឥណ្ឌា​បន្ត​កន្ទុយ​រង់ចាំ​ចូល​បោះឆ្នោត ថ្ងៃទី ១៩ មេសា ២០២៤ REUTERS - Navesh Chitrakar
ផ្សាយពាណិជ្ជកម្ម

ជា​ប្រទេស​ដ៏​ធំ ផ្គុំ​ដោយ​​២៩​រដ្ឋ​សហព័ន្ធ ហើយ​បែង​ចែក​​អាសនៈ​នៅ​ក្នុង​សភាជាតិ ​អាស្រ័យ​ទៅ​លើ​ក្បួន​​សមមាត្រប្រជាជនរបស់​រដ្ឋ​នីមួយៗ​ ឥណ្ឌាប្រកាន់​យក​ប្រព័ន្ធ​​បោះឆ្នោតជា​​​សកល​និង​ដោយ​ផ្ទាល់។ នៅ​ថ្ងៃ​នេះ ឥណ្ឌាដែល​មាន​ប្រជាជន​ច្រើន​ជាង​គេ​បង្អស់​នៅលើ​ពិភពលោក ​រៀប​ចំការ​បោះឆ្នោត​សភា​លើក​ទី​១៨ (ការ​បោះឆ្នោត​សភា​ជា​លើក​ទីមួយ​នៅ​ឆ្នាំ​១៩៥១) ក្នុង​ទ្រង់ទ្រាយ​ធំ​ហួស​ខ្នាត​ ជា​៧​ដំណាក់ រយៈ​ពេល​៦​សប្តាហ៍ និង​ដោយ​មានការិយាល័យ​បោះឆ្នោត​ជាង​១លាន​ពីរសែនកន្លែង​ បំពាក់​ដោយ​ម៉ាស៊ីន​បោះឆ្នោត​អេឡិចត្រូនិក​២លាន​គ្រឿង និង​​បុគ្គលិក​គ្រប់គ្រង​ជាង​១៥​លាន​នាក់។ ជាង​នេះទៅ​ទៀត ពលរដ្ឋ​ឥណ្ឌា​មាន​ជំនក់​ចិត្ត​ខាង​បោះឆ្នោត​ណាស់ មិន​ញញើត​នឹង​រង់ចាំ​រាប់​ម៉ោង​ក្រោមកម្តៅ​ថ្ងៃស្ទើរ​ឆេះ​ទេ។ អត្រា​អ្នក​ចូល​រួម​បោះឆ្នោត​កើន​ឡើង​ជា​លំដាប់ ពី​៤៥,៧%​នៅ​ឆ្នាំ​១៩៥១ ដល់​៦៧,១%​នៅ​ឆ្នាំ​២០១៩។ សម្រាប់​ឆ្នាំ​២០២៤​នេះ​ ចំនួន​​​ពលរដ្ឋ​ស្រីប្រុស​ក្នុង​បញ្ជី​បោះឆ្នោតបាន​ឡើង​ដល់​​៩៧០​លាន​នាក់ ទល់​នឹង​ប្រមាណ​៩០០លាន​នាក់​នៅ​សម័យ​បោះឆ្នោត​៥មុន។​

ការ​រាប់​សន្លឹក​ឆ្នោត​នឹង​ប្រព្រឹត្តទៅនៅថ្ងៃទី​៤​មិថុនា អម​ដោយ​ការ​ប្រកាស​លទ្ធផល​ភ្លាម ក្នុង​ថ្ងៃ​តែ​មួយ​។ ក្នុង​ចំណោម​២៣០០​គណបក្ស​ ៧​ទទួលស្គាល់​កំរិត​ជាតិ និង​៥៩​កំរិត​រដ្ឋ​សហព័ន្ធ ការ​បោះឆ្នោត​សភា​ឆ្នាំ​នេះ ក៏​ដូចលើក​មុនប្រព្រឹត្ត​ទៅ​ក្នុង​ទម្រង់​ការ​ប្រកួត​ប្រជែង​រវាង​បក្ស​ធំៗ​ពីរ គឺ​បក្សកាន់​អំណាច​របស់​នាយករដ្ឋមន្ត្រី​ផុត​អាណត្តិ​ណារិនដ្រាម៉ូឌី ​និង​គណបក្ស​សមាជ​ដឹកនាំ​ដោយ​លោក​រ៉ាអ៊ូល ហ្កាន់ឌី ដែល​ជា​គណបក្ស​ប្រឆាំង។

គណបក្សសមាជ​​ចាប់​ផ្តើម​ឡើង​សំឡេងមាន​អាសនៈ​កាន់​តែ​ច្រើន​​ជា​លំដាប់​ ក្នុង​ការ​បោះឆ្នោត​សភា​ប៉ុន្មាន​លើក​ចុងក្រោយ​នេះ​ ប៉ុន្តែ​នៅ​មាន​កម្លាំង​តិច​មិន​អាច​យក​ឈ្នះ​គណបក្ស​កាន់​អំណាច​បាន​ទេ។ ​ទោះបីជា​តុល្យការសេដ្ឋកិច្ច​​របស់​លោក​នាយករដ្ឋមន្ត្រី​មិន​សូវ​ល្អ អត្រាអ្នក​អត់ការងារធ្វើ​ឡើង​ខ្ពស់ អតិផរណា​ឡើង​កប់​ពពក និង​ ​ការ​ប្រើ​អំណាច​បង្ក្រាប​គាប​សង្កត់​បក្ស​ប្រឆាំង​ធ្វើឱ្យ​​គំរូ​ប្រជាធិបតេយ្យ​ឥណ្ឌា​ការធ្លាក់​ចុះក៏​ដោយ ក៏​បើ​​ជឿ​តាម​ការ​ស្ទង់​មតិ​នានា ​ប្រជាពលរដ្ឋ​ឥណ្ឌា​បន្ត​ផ្តល់​ទំនុក​ចិត្ត​លើ​រូប​លោក​ម៉ូឌីដដែល​ ដែល​ក្រោម​អាណត្តិ​របស់​លោក​ឥណ្ឌា​បាន​ក្លាយ​ជាមហាអំណាច​សេដ្ឋកិច្ច​ទី​៥​ពិភពលោក។ ​ការ​អង្កេត​របស់ភ្នាក់ងារ​​PEW កាលពី​ឆ្នាំ​២០២៣ បាន​បង្ហាញ​ថា​នាយករដ្ឋមន្ត្រី​ម៉ូឌី វ័យ​៧៣ឆ្នាំ​ មាន​ប្រជាប្រិយភាព​ខ្ពស់​ត្រដែត​ខ្លាំង ​ក្នុង​ចំណោម​៨០%​នៃ​ប្រជាជន​។ ឯអ្នក​វិភាគ​នយោបាយ​បានផ្តល់​ជ័យជំនះ​រួច​ស្រេច​ទៅហើយ​គណបក្ស​កាន់អំណាច​លើ​​សម្ព័ន្ធបក្ស​ប្រឆាំង​ដែល​មិន​ទាន់​កំណត់​ឈ្មោះ​បេក្ខជន​នាយករដ្ឋមន្ត្រី​បាន​ផង។ គណបក្ស​សមាជ​ មាន​ប្រវត្តិ​ធ្លាប់​ដឹកនាំ​ប្រទេស​រាប់​ទសវត្សរ៍​ក្រោយ​ពី​ឥណ្ឌា​បាន​ទទួល​ឯករាជ្យភ្លាម តែ​ឥលូវ​នៅសល់​តែ​ស្រមោល និង​គ្រប់​គ្រង​នយោបាយក្នុង​បី​រដ្ឋ​ប៉ុណ្ណោះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ