អានតួអត្ថបទ
ហ្ស៊កហ្ស៊ី-រុស្ស៊ី

ហ្ស៊កហ្ស៊ី៖ប្រទូសរ៉ាយគ្នាក្នុងសភាដោយសារគម្រោងច្បាប់ស្តីពី « ភ្នាក់ងារបរទេស »

នៅថ្ងៃចន្ទ ទី១៥ មេសា រដ្ឋសភាហ្ស៊កហ្ស៊ីបានចាប់ផ្តើមពិភាក្សាឡើងវិញលើគម្រោងច្បាប់ដ៏ចម្រូងចម្រាសស្តីពី « ភ្នាក់ងារបរទេស » ។ តែស្រាប់នៅក្នុងការពិភាក្សានោះក៏មានផ្ទុះឡើងនូវការវាយតប់គ្នារវាងអ្នកតំណាងរាស្ត្រ។ គួររម្លឹកថាកាលពីឆ្នាំ ២០២៣ គម្រោងច្បាប់ដដែលមួយនេះធ្លាប់បានបង្កឲ្យមានបាតុកម្មប្រឆាំងយ៉ាងខ្លាំងក្លាពីមហាជនដោយពួកគេចាត់ទុកជាគម្រោងច្បាប់សំដៅបំបិទសេរីភាព។

ហ្ស៊កហ្ស៊ី៖ប្រទូសរ៉ាយគ្នាក្នុងសភាដោយសារគម្រោងច្បាប់ស្តីពី « ភ្នាក់ងារបរទេស »
ហ្ស៊កហ្ស៊ី៖ប្រទូសរ៉ាយគ្នាក្នុងសភាដោយសារគម្រោងច្បាប់ស្តីពី « ភ្នាក់ងារបរទេស » AP - Shakh Aivazov
ផ្សាយពាណិជ្ជកម្ម

រូបភាព​នៃ​សម័យ​ប្រជុំ​សភា​បាន​បង្ហាញ​តំណាងរាស្ត្រ​ម្នាក់​របស់​គណបក្ស​ប្រឆាំង​បាន​ស្ទុះ​ទៅ​ដាល់​ចំ​ក្បាល​តំណាងរាស្ត្រ​ម្នាក់​របស់​គណបក្ស​កាន់​អំណាច​ដែល​ជា​សហអ្នកព្រាង​ច្បាប់​ស្តីពី « ភ្នាក់ងារបរទេស »។ ព្រឹត្តិការណ៍​មួយ​នេះ​ក៏​បាន​បង្ក​ឲ្យ​មាន​ការ​ប្រទូសរ៉ាយ​គ្នា​នៅ​ក្នុង​សភា​ទាំង​មូល​រហូត​ដល់​មាន​ការ​ផ្តាច់​ការ​ផ្សាយបន្ត​ផ្ទាល់​អំពី​សម័យប្រជុំ​នេះ។ ក្នុង​ពេល​ជាមួយ​គ្នា​នៅ​ខាង​ក្រៅ​រដ្ឋសភា មាន​បាតុករ​ជា​ច្រើន​ពាន់​នាក់​បាន​ជួបជុំ​គ្នា​តាំង​ពី​ព្រឹក​ព្រលឹម​ថ្ងៃ​ចន្ទ ទី១៥ មេសា​នៅ​មុខ​រដ្ឋសភា​ដើម្បី​សម្តែង​ការ​ប្រឆាំង​ដោយ​បាន​លាត​សន្ធឹង​ទង់ជាតិ​របស់​សហភាពអឺរ៉ុប​ដែល​ហ្ស៊កហ្ស៊ី​ប្រាថ្នា​ចង់​ចូល​ជា​សមាជិក។

ក្រុម​បាតុករ​បាន​យល់​ឃើញ​ថា គម្រោង​ច្បាប់​ស្តីពី « ភ្នាក់ងារ​បរទេស » នេះ​ត្រូវ​បាន​រដ្ឋាភិបាល​ចម្លង​តាម​ច្បាប់​រុស្ស៊ី​ដែល​វិមាន​ក្រេមឡាំង​បាន​ប្រើ​តាំង​ពី​រាប់សិប​ឆ្នាំ​ដើម្បី​បំបិទមាត់​ក្រុម​ប្រឆាំង។ « សង្គមហ្ស៊កហ្ស៊ី​មាន​កម្លាំង​គ្រប់គ្រាន់​ដើម្បី​ទប់​ប្រទេស​កុំ​ឲ្យ​រអិល​ចូល​ក្នុង​របប​ផ្តាច់ការ​ដូច​រុស្ស៊ី » នេះ​ជា​ការ​ថ្លែង​របស់​លោក Saba Gotoua បាតុករ​ម្នាក់​ដែល​ជា​ស្ថាបត្យករ​វ័យ ៤៨ឆ្នាំ និង​បន្ថែម​ថា « យើងនឹង​មិន​ទុក​បណ្តោយ​ឲ្យ​សុបិន្ត​ហ្ស៊កហ្ស៊ី​ដែល​ចង់​ក្លាយ​ជា​សមាជិក​សហភាព​អឺរ៉ុប​របូត​ចេញ​ពី​ដៃ​ជា​ដាច់​ខាត »។ កាល​ពី​សប្តាហ៍​កន្លង​ទៅ​ក្នុង​ក្រុង Tbilissi មាន​ពលរដ្ឋ​ប្រមាណ​ជា ៨ ០០០នាក់​ធ្លាប់​បាន​ចុះ​ផ្លូវ​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​គម្រោង​ច្បាប់​ស្តីពី « ភ្នាក់ងារ​បរទេស » នេះ។

គួរ​បញ្ជាក់​ថា អស់​រយៈពេល​ជា​កន្លង​មក​ដែល​ហ្ស៊កហ្ស៊ី​មាន​មហិច្ឆតា​បង្កើន​ទំនាក់ទំនង​ស៊ីជម្រៅ​ជាមួយ​បស្ចិមលោក។ តែ​ផ្ទុយ​ទៅ​វិញ គណបក្ស​កាន់​អំណាច​បាន​ជាប់​ចោទ​ពី​បទ​មាន​ទំនោរ និង​ចង់​បង្ខិត​ហ្ស៊កហ្ស៊ី​ដែល​ជា​អតីត​សាធារណរដ្ឋសូវៀត​ទៅ​រក​រុស្ស៊ី។ គម្រោង​ច្បាប់​ស្តីពី « ភ្នាក់ងារ​បរទេស » ដែល​បក្សកាន់អំណាច​ចង់​បាន​ពេល​នេះ​ជា​សក្ខីកម្ម​មួយ​ដែល​មិន​អាច​ប្រកែក​បាន។ អត្ថបទ​នៅ​ក្នុង​គម្រោង​ច្បាប់​នេះ​បាន​តម្រូវ​ឲ្យ​អង្គការ​ណា​ដែល​ទទួល​បាន​ហិរញ្ញប្បទាន​ពី​បរទេស​ជាង ២០% ត្រូវ​ចុះ​បញ្ជី​ក្រោម​ស្លាក​សញ្ញា​ថា អង្គការ​នោះ​បម្រើ​ផលប្រយោជន៍​របស់​មហាអំណាច​បរទេស និង​ដែល​ត្រូវ​ជាប់​ពិន័យ។

រដ្ឋអំណាច​ហ្ស៊កហ្ស៊ី​ប្តេជ្ញា​ការពារ​គម្រោង​ច្បាប់​ដែល​តម្រូវ​ឲ្យ​អង្គការ​ទាំង​នោះ​បង្ហាញ​ពី​តម្លាភាព​នៃ​មូលនិធិ​របស់​ខ្លួន។ តែ​ក្រុម​ប្រឆាំង​បាន​មើល​ឃើញ​ថា គម្រោង​ច្បាប់​នេះ​ជា​ឧបករណ៍​ដើម្បី​បំភិតបំភ័យ​អង្គការ​ក្រៅ​រដ្ឋាភិបាល និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ណា​ដែល​ឯករាជ្យ។ នយោបាយវិទូ​លោក Ghia Nodia បាន​គូសបញ្ចាក់​ថា គណបក្ស​កាន់អំណាច​តែង​អះអាង​ពី​ការ​នាំ​ហ្ស៊កហ្ស៊ី​ចូល​សហភាពអឺរ៉ុប តែ​តាម​ពិត​ទៅ គណបក្ស​នេះ​កំពុង​បំផ្លាញ​ផ្លូវ​អឺរ៉ុប​ពី​ហ្ស៊កហ្ស៊ី​ទៅ​វិញ​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ