អានតួអត្ថបទ

ស្លាប់​មនុស្ស​៦នាក់ ដោយការ​វាយប្រហារ​ចាក់​នឹងកាំបិត នៅអូស្ត្រាលី

នៅទីក្រុង​ស៊ីដនី យ៉ាងហោច ស្លាប់មនុស្ស ៦ នាក់ និងរបួស​ជាច្រើន​នាក់​ ព្រោះតែការវាយប្រហារ​ចាក់​នឹងកាំបិត ថ្ងៃ​សៅរ៍​ ទី​១៣មេសា​។ ក្នុង​ចំណោម​មរណជន​ទាំង​ ៦ នាក់ ភាគច្រើន​ជាមនុស្ស​ស្រី​ គឺមាន​ ៥នាក់ ស្លាប់​នឹងកន្លែង ហើយ​ម្នាក់ទៀត​ បាន​ផុត​ដង្ហើម​នៅ​មន្ទីរពេទ្យ។​ បុរស​ខ្មាន់​កាំបិត បានត្រូវ​ប៉ូលិស​បាញ់​សម្លាប់នៅ​នឹងកន្លែងកើត​ហេតុ​​។ ​​ភ្លាមៗនេះ នគរបាល​អូស្ត្រាលី​ពុំ​ទាន់​ដឹង​ច្បាស់នៅឡើយទេ អំពី​ចេតនាពិត​របស់​ឃាតករ​។​ ចំណែក​នាយករដ្ឋមន្ត្រី​អូស្ត្រាលី បាន​បញ្ជាក់ថា ខ្មាន់​កាំបិត​ ​ធ្វើ​សកម្មភាព​តែម្នាក់​ឯង។​​

នៅទីក្រុងស៊ីដនី យ៉ាងហោច ស្លាប់មនុស្ស ៦ នាក់ និងរបួសជាច្រើននាក់ ព្រោះតែការវាយប្រហារចាក់នឹងកាំបិត ថ្ងៃសៅរ៍ ទី១៣មេសា។
នៅទីក្រុងស៊ីដនី យ៉ាងហោច ស្លាប់មនុស្ស ៦ នាក់ និងរបួសជាច្រើននាក់ ព្រោះតែការវាយប្រហារចាក់នឹងកាំបិត ថ្ងៃសៅរ៍ ទី១៣មេសា។ via REUTERS - AAP
ផ្សាយពាណិជ្ជកម្ម

ហេតុការ​ណ៍​ចាក់​នឹង​កាំបិត បណ្តាល​ឲ្យ​ស្លាប់​និង​របួស​ជាច្រើន​នាក់​នេះ បាន​កើតឡើង​នៅ​រសៀ​លថ្ងៃ​សៅរ៍ ក្នុង​ផ្សារ​ពាណិជ្ជកម្ម​មួយ​កន្លែង (Westfield Bondi Junction) ក្នុង​ទីក្រុង​ស៊ីដនី ​។​ តាមរូបភាព​កាំមេរ៉ា​ត្រួតពិនិត្យ​សុវត្ថិភាព និង​តាម​សាក្សី​នៅកន្លែងកើតហេតុ​, ជន​ដៃដល់​បាន​កាន់​កាំបិតធំ១​រត់​ចូល​ផ្សារ ហើយ​ធ្វើ​សកម្មភាព​ចាក់​គេ​ឯង​យ៉ាង​សាហាវ​។ រំពេចនោះ ​អ្នក​រង​របួស​ ក៏​ដេក​ដួល​រណូករណែល​។

ស្នងការនគរបាល​អូស្ត្រាលី បញ្ជាក់​ថា ប្រុស​ខ្មាន់​កាំបិត​ ត្រូវ​ប៉ូលិស​បាញ់​សម្លាប់​ និង​ថា​ ក្នុងចំណោម​អ្នក​របួស ៨ នាក់​ដែល​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ គឺ​ មាន​កូន​ក្មេង​អាយុ​ ៩ ខែ​ ម្នាក់​ផង។​ លោកស្នងការរង Anthony Cooke បន្ថែមថា នេះរឿង​ដ៏​ស្មុគស្មាញ។ សំណុំ​រឿង​ស៊ើប​អង្កេត​ទើបតែ​បើកដំណើរការ​ថ្មីថ្មោងពេក ប៉ូលិស​នៅមិនទាន់​ដឹង​នៅឡើយ​ពី​ចេតនា​ពិត​របស់​បុរស​ខ្មាន់​កាំបិត ហើយ​ប៉ូលិស​ក៏​កំពុងតែ​ពិនិត្យ​ពិច្ច័យ​ដើម្បី​កំណត់​អត្តសញ្ញាណ​ជន​ដៃដល់​ដែល​ស្លាប់​ទៅហើយ​។

ភ្លាមៗ នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក អង់តូនី អាល់បានីស៊ី ក៏​បាន​ថ្លែង​សារ​រំលែក​ទុក្ខ​ព្រួយ​ជាមួយ​នឹង​គ្រួសារ​ជន​រងគ្រោះ​ និង​បានចាត់ទុក​ព្រឹត្តិការណ៍​ វាយប្រហារ​នៅកណ្តាល​ផ្សារ​ នៅថ្ងៃ​សៅរ៍​ដ៏សាមញ្ញដូច្នេះ​ ថាជា​ ហេតុការណ៍​ដ៏​គួរ​ឲ្យ​រន្ធន់​ពន់ពេកក្រៃ ហើយ​និង ស្ទើរតែ​រក​យល់​ពុំ​ឃើញ និង​រក​ពាក្យ​សម្តី​ណា មក​ថ្លែង​រៀបរាប់ឲ្យ​ត្រូវ​​។​ ទោះ​យ៉ាងនេះក្តី លោកប្រមុខ​រដ្ឋាភិបាល​អូស្ត្រាលី បាន​​សង្កត់​ធ្ងន់តាម​ប្រភពប៉ូលិស​​ថា​ ខ្មាន់​កាំបិត ​​ធ្វើ​សកម្មភាព​ម្នាក់​ឯង។ ​ក៏ប៉ុន្តែ អាជ្ញាធរ​អូស្ត្រាលី ក៏​ពុំ​ទាន់​បិទ​លទ្ធភាព​ថា​វា​អាច​មានជាប់​ពាក់ព័ន្ធ​នឹងអំពើភេរវកម្ម​នោះដែរ។​

ក្រោយពីទ្រង់​ជ្រាប​ពី​ហេតុការណ៍ចាក់បង្ហូរឈាម​នៅ​ស៊ីដនី, ព្រះមហាក្សត្រ​អង់គ្លេស ព្រះអង្គ ឆាលស៍ ​ទី៣ និង​ព្រះមហេសី​ ស្តេច​បាន​សព្វព្រះទ័យ​ថ្លែង​សេចក្តី​រន្ធត់​ តក់​ស្លុត​ជាខ្លាំង។ បើតាម​សារលិខិត​របស់​រាជវាំង​អង់គ្លេស, ព្រះរាជា​ស្តេច​យាង​​ចូលរួម​រំលែក​ទុក្ខជាមួយ​និង​​ក្រុមគ្រួសារ​ជនរងគ្រោះ​ព្រោះតែខ្មាន់កាំបិត​​ដ៏​គ្មាន​ធម៌មេត្តា​នេះ​។

នៅអូស្ត្រាលី ច្បាប់​​គ្រប់គ្រង​ការ​ប្រើប្រាស់​អាវុធ បាន​​ត្រូវ​រឹង​បណ្តឹង​យ៉ាង​តឹងតែង។ ការ​វាយប្រហារ​ដោយ​អាវុធ​ ឬ​កាំបិត ជារឿង​កម្រ​កើតឡើងណាស់​។ នៅខែ​វិច្ឆិកា​ ឆ្នាំ​២០១៨ បុរស​ខ្មាន់​កាំបិត​ម្នាក់​ បាន​ចាក់​សម្លាប់​មនុស្ស​ ស្លាប់​ម្នាក់​របួស​២នាក់​ នៅផ្លូវ​មួយ​ ក្នុង​ក្រុង​ម៊ែលប៊ន​។ កាលណោះ ឃាតករ​ត្រូវ​នគរ​បាល​​អូស្ត្រាលី​បាញ់​សម្លាប់​ ហើយ​ពួក​អង្គការ​រដ្ឋ​អ៊ីស្លាម​ជីហាត​ បាន​អះអាង​ថា​ជា​ស្នាដៃ​របស់​ខ្លួន​​៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ