អានតួអត្ថបទ
ស្រីលង្កា-ឆ្នាំថ្មី-អ្នក​ទោស

ស្រីលង្កាដោះលែង​អ្នក​ទោស​ជិត​៨០០នាក់ ក្រោយពី​គ្រូ​ហោរា​ខ្វែង​គំនិត​គ្នាក្នុងការ​រៀបចំ​​បុណ្យ​ឆ្នាំថ្មី

ក្នុង​ឱកាស​បុណ្យ​ជាតិ​សំខាន់ៗ ការ​ផ្សាយ​មេត្តា​ធម៌​ដល់​ជន​កម្សត់ និង​ផ្តល់​សេរីភាព​ ដោះលែង​​អ្នក​ជាប់ឃុំ ជា​ទម្លាប់​​ប្រពៃណីមួយ​របស់​ប្រទេសតំបន់​អាស៊ីខាង​ត្បូង​ បែប​​យ៉ាង​ ស្រីលង្ហា ដែល​និយម​ប្រកាន់​ពុទ្ធ​សាសនា​ថេរវាទ​​​យ៉ាងខ្ជាប់ខ្ជួន។ ដើម្បី​ជាការ​អបអរ​ក្នុង​ឱកាស​​​​បុណ្យ​ចូលឆ្នាំថ្មីនេះ ​ប្រមុខ​រដ្ឋ​ស្រីលង្កាបាន​ចេញ​ក្រឹត្យ​​​​​​ប្រធានាធិបតី​លើក​លែង​ទោស​​ដល់​ទណ្ឌិត ចំនួន​​ជិត ​៨០០ នាក់។ ការ​ប្រោសមេត្តាផ្តល់​សេរីភាព​ដល់​អ្នក​ទោសទាំង​នេះ បន្ទាប់ពីក្រុម​គ្រូ​ហោរា​​ស្រីលង្ហា ឈ្លោះទាស់ទែង​​ខ្វែង​គំនិត​គ្នា ពាក់ព័ន្ធ​នឹង«​ពេលា»​រៀបចំ​ពិធី​បុណ្យ​ឆ្លង​ឆ្នាំ។​

ប្រធានាធិបតី​ស្រីលង្កា​​ Ranil Wickremesinghe ក្នុង​បទសម្ភាស​ជាមួយ​កាសែតបរទេស​១ ជុំវិញ​វិបត្តិ​សេដ្ឋកិច្ចក្នុងស្រុក។​
ប្រធានាធិបតី​ស្រីលង្កា​​ Ranil Wickremesinghe ក្នុង​បទសម្ភាស​ជាមួយ​កាសែតបរទេស​១ ជុំវិញ​វិបត្តិ​សេដ្ឋកិច្ចក្នុងស្រុក។​ REUTERS - DINUKA LIYANAWATTE
ផ្សាយពាណិជ្ជកម្ម

នៅរដ្ឋធានី​កូឡុំបូ ថ្ងៃ​សៅរ៍​ ទី​១៣មេសា ក្រឹត្យ​ប្រធានាធិបតី​ស្រីលង្កា​​ Ranil Wickremesinghe បា​នសម្រេច​ដោះលែង​អ្នក​ទោស​ចំនួន ៧៧៩ នាក់​ ដើម្បីជា​​ការ​អបអរ​ក្នុង​ឱកាស​​​​បុណ្យ​ចូលឆ្នាំថ្មី របស់​ក្រុមជនជាតិ​​តាមូលនិង​សិង្ហាឡា។ កាល​ពីអំលុង​ឱកាស​​បុណ្យ​ចូល​ឆ្នាំ​សកល២០២៤​ រដ្ឋាភិបាល​​ស្រីលង្កា​ ក៏បាន​អនុញ្ញាត​ដោះលែងអ្នក​ទោស​ ចំនួន ប្រមាណ​ ១ ពាន់​នាក់​ រួច​ហើយ​ដែរ។ ការ​ដោះលែង​ទណ្ឌិត​ផ្ទួនៗបែបនេះ ជាការ​សម្រាល​បន្ទុក​របស់​មន្ទីរ​ឃុំ​ឃាំង បាន​យ៉ាងច្រើន​ដែរ​​។​ ដ្បិតថា ក្នុង​ពន្ធនាគារ​ស្រីលង្កា​ កំពុងតែ​ជួប​បញ្ហា​កក​ស្ទះ​​ជាខ្លាំង។ ជនអ្នក​ជាប់ឃុំគរជើងនិង ត្រូវ​រស់​នៅ​បញ្ជ្រៀត​គ្នាយ៉ាង​ណែនណាន់​តាន់​តាប់​​។ នេះបើតាម​អ្នក​ទទួលខុសត្រូវ​មន្ទីរឃុំឃាំង​ស្រីលង្កា ដែល​បាន​ថ្លែងប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន​​បារាំង​ អាអេហ្វប៉េ ដោយ​ឆ្លៀត​បន្ថែមថា ​​គិត​ត្រឹមថ្ងៃ​សុក្រ​ ទី​១២មេសា ​ជាមធ្យម​ អត្រា​​អ្នក​ទោស​ ៣០ ០០០​នាក់ មាន​កន្លែង​តែ​ ១១ ០០០​កន្លែង។

ក្រឹត្យ​លើកលែងទោស​ធ្លាក់​មក​វេលា​នេះ អាច​ចាត់ទុក​ជាការ​រំដោះគ្រោះ​មួយ។ ដ្បិត​ថា បណ្តាពួក​គ្រូ​ហោរា​​​បរោហិតស្រីលង្ហា មាន​​គំនិត​​មិន​មូល​ជា​ធ្លុង​មួយ​សោះ។ ក្នុង​ចំណោមបណ្តាហោរា ៤២ រូប ដែល​បាន​តាំង​តាំងដោយ​ក្រសួង​វប្បធម៌​និងកិច្ចការសាសនា​ មាន​គំនិត​ខ្វែង​គ្នា​ចំពោះ​«ពេលា​»​រៀបចំបុណ្យ​ឆ្លង​ឆ្នាំ។ ទោះ​យ៉ាង​នេះ​ក្តី ហោរាស្រីលង្កា​​ក្នុង​សំឡេង​ភាគច្រើន ហើយ​និង​រដ្ឋាភិបាល​ ក៏​​យល់​ស្រប​តាមដែរ បាន​អនុម័ត​សម្រេច​ជ្រើស​រើសវេលាឲ្យ​ឆ្លង​ឆ្នាំ​ នៅពេលាយប់​ថ្ងៃទី​១៣ឈាន​ចូល​ថ្ងៃទី​១៤មេសា ហើយ​ការ​ទទួល​ទាន​អាហារ​ទី១ សម្រាប់​ឆ្នាំថ្មី គឺ​ចាប់ផ្តើម​នៅវេលារំលង​​​ពាក់កណ្តាល​អធ្រាត្រ​។

ផ្ទុយ​ទៅវិញ​ គ្រូហោរា​ផ្សេងទៀត​ ជាក្រុម​ជំទាស់ បាន​ប្រកាន់គំនិត​ថា គួរតែ​​ត្រូវ​រៀបចំបុណ្យឆ្លង​ឆ្នាំ​ នៅ​ព្រឹក​ថ្ងៃអាទិត្យ ទី​១៤ វិញ​ ទើប​មាន​សិរីមង្គល​ និង​ជៀសវៀង​ឆ្ងាយ​ពីភាព​ចង្រៃឧបទ្រព​​អពមង្គល​ទាំងពួង​។ ចំណែកឯ ការ​ធ្វើ​ពិធី​យប់​រំលង​អធ្រាត្រ​នោះ ច្បាស់​ជា​នាំ​គ្រោះ​មហន្តរាយ​ហើយ ខណៈ​ពេល​ដែល​ប្រទេស​ស្រី​លង្កា កំពុងតែ​ជួប​វិបត្តិ​សេដ្ឋកិច្ច​ធ្ងន់ធ្ងរ​ស្រាប់​ផង​។​ នេះបើតាម​មតិ​ហោរា​ជំទាស់ នឹងការ​ធ្វើពិធីឆ្លងឆ្នាំ​​នៅវេលាយប់​រំលងអធ្រាត្រ​ នៅស្រីលង្កា។​

​នៅស្រីលង្កា មិនថា​​ក្នុង​សហគមន៍ហិណ្ឌូ​ ​ឬសហគមន៍​ពុទ្ធសាសនានោះឡើយ គឺ​ ទំនាយហោរា ត្រូវ​គេ​និយម​ប្រកាន់​ខ្ជាប់​សម្បើម​ណាស់។ រាល់ការធ្វើអ្វីនីមួយៗ គេរមែង​រត់​ទៅរក​គ្រូហោរា​គន់គូរ​ទូទាត់​ទស្សន៍​ទាញ​​មើល​ជានិច្ច ជាក់ស្តែង ការ​រើស​វេលាថ្ងៃល្អ​សម្រាប់​ប្រារព្ធកិច្ចពិធីអ្វីមួយ, ការ​រៀបមង្គល​អាពាហ៍ពិពាហ៍, និង​ចុះ​កិច្ចព្រមព្រៀង​ជំនួយ​ជួញដូរ​ ផ្សេងៗ រហូត​ដល់​ ការ​រៀបចំ​បោះឆ្នោត​ជាតិ ក៏​អ្នក​នយោបាយ​ស្រីលង្កា​សុំ​ហោរា​ឲ្យ​ទាយ​និង​កំណត់រកថ្ងៃពេលា​​ល្អដែរ​។​ កាលពីឆ្នាំ២០១៥ អតីត​ប្រធានាធិបតី​ស្រីលង្កា​​ Mahinda Rajapaksa មានៈ​ចង់​រៀបចំ​ការ​បោះឆ្នោត​មុន​អាណត្តិ​ និង​បានជ្រើស​រើស​ថ្ងៃ​ល្អពរជ័យ​សម្រាប់​រៀបចំ​ការបោះឆ្នោត​។ គ្រូ​ហោរាប្រចាំ​ខ្លួន​របស់​​លោក បាន​រើសថ្ងៃ​ពិសិទ្ធិពរ​សម្រាប់​បោះឆ្នោត​ជាន់​នោះដែរ​ តែ​ទីបំផុត លោក Mahinda Rajapaksa បែរជា​បរាជ័យ​ចាញ់​ឆ្នោត​យ៉ាង​អាម៉ាស​ទៅវិញ។ ចំណេរ​ពេលកន្លងផុតទៅ គ្រូ​ហោរាផ្ទាល់ខ្លួន​របស់ Rajapaksa បាន​សារភាព​ថា គ្រានោះ ពុំមែន​ជា​វេលា​​ល្អទេ ដែល​ត្រូវ​រៀបចំ​បោះឆ្នោត​មុនអាណត្តិ​​ តែ​លោក​មិនហ៊ាន​ជម្រាបទៅ​លោក​ប្រធានាធិបតី​៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ