ផ្ទុះអាវុធនៅទីក្រុងភូមាជាប់ព្រំដែន៖ ថៃព្រមានកុំឲ្យរំលោភឆ្លងចូលក្នុងទឹកដីថៃ
ថៃពង្រាយរថពាសដែក និងពង្រឹងទាហាននៅព្រំដែនជាមួយប្រទេសភូមា ខណៈពេលដែលមានការប្រយុទ្ធគ្នាកាន់តែខ្លាំងរវាងកងទ័ពភូមា និងក្រុមឧទ្ទាមនៅទីក្រុងជាប់ព្រំដែនភូមាថៃ។ នៅក្នុងទស្សនកិច្ចទៅកាន់តំបន់ជាប់ព្រំដែនកាលពីថ្ងៃសុក្រទី១២មេសា រដ្ឋមន្រ្តីការបរទេសថៃ លោក Parnpree Bahiddha-Nukaraនិយាយប្រាប់អ្នកកាសែតថា ថៃមិនអនុញ្ញាតឱ្យអ្នកណាម្នាក់រំលោភចូលដីរបស់ខ្លួនទេ។ ប្រមុខការបរទេសថៃលើកឡើងយ៉ាងដូច្នេះ ដោយសារតែមានក្តីបារម្ភថា កងទ័ពភូមាអាចវាយប្រហារសងសឹកក្រុមឧទ្ទាម ក្រុមប្រឆាំងភូមាដែលទើបវាយចូលកាន់កាប់ទីក្រុងយុទ្ធសាស្រ្តMyawaddy ជាប់ព្រំដែនថៃកាលពីថ្ងៃព្រហស្បតិ៍។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ស្តាប់ - ០៤:២២
នៅតាមបណ្តោយព្រំដែនភូមា ថៃ ត្រង់ច្រក Mae Sot រថពាសដែកចំនួន៧គ្រឿងដែលដឹកទាហានថៃ បានទៅដល់ព្រំដែនតាំងពីព្រឹកថ្ងៃសុក្រ។ ភាគីថៃបានពង្រឹងសន្តិសុខ និងដាក់ពង្រាយកងទ័ពនៅតំបន់ជាប់ព្រំដែនជាមួយភូមា នៅខណៈពេលដែលការប្រយុទ្ធគ្នានៅទឹកដីភូមាដែលជាប់ព្រំដែនជាមួយថៃ កាន់តែមានសន្ទុះខ្លាំងឡើង ពីមួយ ទៅមួយថ្ងៃ។
នៅថ្ងៃព្រហស្បតិ៍ ក្រុមប្រដាប់អាវុធជនជាតិភាគតិចការ៉ែន ដែលរួមគ្នាជាមួយក្រុមប្រឆាំងបានប្រកាសថា គេបានវាយបណ្តេញកងទ័ពចេញពីទីក្រុងយុទ្ធសាស្រ្ត Myawaddy ដែលជាច្រកពាណិជ្ជកម្មសំខាន់របស់របបសឹកជាមួយប្រទេសថៃ។ តាមអ្នកនាំពាក្យរបស់សហភាពជាតិការ៉ែន ទាហានរបស់រដ្ឋាភិបាលសឹកភូមាប្រមាណ ២០០នាក់បានបាក់ទ័ព ដកថយចេញពីមូលដ្ឋានទ័ព និងរត់ទៅជ្រកពួន នៅត្រង់ស្ពានដែលតភ្ជាប់ទៅទីក្រុង Mae Sotក្នុងទឹកដីថៃ។
អ្នកនាំពាក្យរបស់របបសឹក លោក ច មីនទុន បាននិយាយប្រាប់កាសែតក្នុងស្រុកភូមាថា កងទ័ពពិតជាបានដកខ្លួនចេញពីមូលដ្ឋានទ័ពនៅទីក្រុង Myawaddy ដើម្បីសុវត្ថិភាព សន្តិសុខក្រុមគ្រួសាររបស់ពួកគេ។ នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍អង់គ្លេសBBC ផ្នែកភាសាភូមា អ្នកនាំពាក្យរបបសឹកបញ្ជាក់ថា ភូមាកំពុងចរចាជាមួយភាគីថៃដើម្បីអាចចូលទៅរំដោះយកទាហានទាំងនោះតាមរយៈទឹកដីថៃ។ មន្រ្តីភូមានៅបានទទួលស្គាល់ថា សមាជិកក្រុមប្រឆាំងមួយចំនួនចាប់ផ្តើមដើរចូលក្នុងទីក្រុង Myawaddyហើយ នៅថ្ងៃសុក្រទី ១២មេសា។ បើតាមមន្រ្តីយោធាភូមាវិញ ដែលស្រង់សំដីដោយទីភ្នាក់ងារព័ត៌មានបារាំង AFP របបសឹកកំពុងគ្រោងបញ្ជូនទ័ពបន្ថែមដើម្បីជួយប្រយុទ្ធនៅសមរភូមិ Myawaddy។
ការផ្ទុះអាវុធប្រយុទ្ធគ្នានៅទីក្រុងកៀកជាប់នឹងព្រំដែនភូមា ថៃយ៉ាងដូច្នេះ មិនមែនជារឿងល្អទេសម្រាប់ថៃ ដែលមានព្រំដែនជាមួយភូមាដល់ទៅ២៤០០គីឡូម៉ែត្រ។ នៅក្នុងដំណើរចុះទៅត្រួតពិនិត្យមើលស្ថានការណ៍នៅព្រំដែនកាលពីថ្ងៃសុក្រ រដ្ឋមន្រ្តីការបរទេសថៃ លោក ប៉ានព្រី ផាហ៊ីថានុកន (Parnpree Bahiddha-Nukara) បាននិយាយប្រាប់អ្នកកាសែតថា លោកបានស្នើសុំខាងកងទ័ពភូមាកុំឲ្យវាយប្រហារសងសឹកទៅលើក្រុមប្រឆាំង ក្រុមឧទ្ទាមដែលទើបវាយដណ្តើមកាន់កាន់ទីក្រុង Myawaddy។
ភាគីថៃបារម្ភថា ការប្រយុទ្ធវាយបករបស់កងទ័ពភូមា មិនត្រឹមបង្កឱ្យមានរលកប្រជាជនភៀសខ្លួនភូមាដែលរត់ឆ្លងដែនមកជ្រកសុវត្ថិភាពក្នុងទឹកដីតែប៉ុណ្ណោះទេ ប៉ុន្តែ ថៃខ្លាចថា ការវាយប្រហារសងសឹករបស់កងទ័ពភូមានឹងអាចរាលដាលឆ្លងចូលក្នុងដីថៃ។ នៅក្នុងបទពិសោធន៍ កាលពីឆ្នាំ២០២២ កងទ័ពថៃបានបញ្ចេញយន្តហោះចម្បាំងរបស់ខ្លួន នៅបន្ទាប់ពីកងទ័ពជើងអាកាសភូមាហោះរំលោភចូលក្នុងដែនអាកាសថៃ ដើម្បីអាចទម្លាក់គ្រាប់ វាយប្រហារទៅលើកងកម្លាំងរបស់ក្រុមប្រឆាំងនឹងរដ្ឋប្រហារ។
លើកនេះ រដ្ឋមន្រ្តីការបរទេសថៃ បានបញ្ជាក់ថា ភាគីថៃបានបញ្ជាក់ហើយថា ថៃ នឹងមិនអនុញ្ញាតឲ្យអ្នកណាម្នាក់រំលោភចូលក្នុងដីថៃនោះ។ ការពង្រាយកងទ័ពថៃឲ្យឈរជើងនៅព្រំដែនបង្ហាញយ៉ាងច្បាស់ថា ថៃត្រៀមខ្លួនដើម្បីការពារ មិនឱ្យអ្នកណារំលោភដែនអធិបតេយ្យភាពរបស់ថៃ។
សម្រាប់ប្រមុខការបរទេសថៃ លោកប៉ានព្រី ផាហ៊ីថានុកន ថៃអាចចូលខ្លួនជាអ្នកសម្របសម្រួល ប្រសិនបើភាគីជម្លោះភូមាយល់ព្រម ព្រោះថា ថៃមិនចង់ឃើញការប្រយុទ្ធគ្នាដ៏ហិង្សានៅទីក្រុង Myawaddyដែលជាប់ជាមួយក្រុងMae Sot ហើយដែលជាច្រកពាណិជ្ជកម្មតភ្ជាប់រវាងប្រទេសទាំងពីរ ថៃភូមា។
ប្រសិនបើទីក្រុងMyawaddyធ្លាក់ទៅក្នុងដៃគ្រប់គ្រងទាំងស្រុងរបស់ក្រុមឧទ្ទាមជនជាតិភាគតិចការ៉ែនដែលជាសម្ព័ន្ធមិត្តរបស់ក្រុមប្រឆាំងនឹងរដ្ឋប្រហារ នោះ វាជាការចាញ់សង្រ្គាមដ៏អាម៉ាស់មុខមួយទៀតរបស់របបសឹកភូមា ដែលចាប់របូតបាត់ទីក្រុងធំៗជាច្រើននៅជាប់ព្រំដែនជាមួយ ចិន ឥណ្ឌា ហើយនិងចុងក្រោយនេះ គឺនៅព្រំដែនជាមួយថៃ។ កាលពីថ្ងៃពុធទី១០មេសា កងកម្លាំងជនជាតិភាគតិចអារ៉ាខាន នៅក្នុងរដ្ឋរ៉ាឃីន ភាគខាងលិចភូមាជាប់ជាមួយបង់ក្លាដែសបានអំពាវនាវឲ្យប្រជាជនក្នុងរដ្ឋធានី Sittweរត់មកជ្រកក្នុងតំបន់រំដោះ ព្រោះថាពួកគេកំពុងត្រៀមបើកការប្រយុទ្ធផ្តាច់ព្រ័ត្រ ជាមួយកងទ័ពភូមា។ កងទ័ពភូមាកំពុងគ្រប់គ្រងរដ្ឋធានី Sittweនៅឡើយទេប៉ុន្តែ នៅប៉ុន្មានសប្តាហ៍មកនេះកម្លាំងទ័ពអារ៉ាខានបានវាយលុកដណ្តើមយកបានស្រុកជាច្រើននៅជុំវិញ និងឡោមព័ទ្ធរដ្ឋធានី Sittweរបស់របបសឹកភូមា៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ