អានតួអត្ថបទ
តាលីបង់-អង្គការ​សហប្រជាជាតិ

អាហ្វហ្កានីស្ថានសាទរ​ការ​បន្តជំនួយ​របស់​អង្គការ​សហប្រជាជាតិ​ ហើយសង្ឃឹម​ភ្ជាប់​ទំនាក់ទំនង​អន្តរជាតិ

អាជ្ញាធរ​តាលីបង់ បាន​ថ្លែង​អបអរ​សាទរ​ថ្ងៃសៅរ៍ ​​ទី១៦មីនា ក្រោយ​ពី​អង្គការ​សហប្រជាជាតិ សម្រេច​​​​​​បន្តជំនួយ​ជួយ​អាហ្វហ្កានីស្ថាន។ ថ្នាក់ដឹកនាំ​តាលីបង់  ក៏​សង្ឃឹមដែរ ថា​វត្តមាន​របស់​បេសកម្ម​​ជំនួយ​របស់​អង្គការសហប្រជាជាតិ នឹងជួយ​ភ្ជាប់​ទំនាក់ទំនង​​​​អាហ្វហ្កានីស្ថាន ទៅ​នឹង​សហគម​​អន្តរជាតិ។ ដ្បិត​ថា តាំងពី​វាយប្រហារ​ប្រយុទ្ធ​យក​អំណាចរដ្ឋនិង​បណ្តេញ​សហរដ្ឋអាមេរិក​ឲ្យ​ចេញពីស្រុកមក, រហូត​ទល់​ពេលនេះ គ្មា​នប្រទេស​ណា​ទទួល​ស្គាល់​រដ្ឋាភិបាល​តាលីបង់ ស្របច្បាប់​ជាផ្លូវការ​នៅឡើយទេ។​

ថ្នាក់ដឹកនាំ​តាលីបង់​ ថតនៅខែមករា ឆ្នាំ២០២២។
ថ្នាក់ដឹកនាំ​តាលីបង់​ ថតនៅខែមករា ឆ្នាំ២០២២។ AP
ផ្សាយពាណិជ្ជកម្ម

អ្នក​នាំពាក្យ​អាជ្ញាធរ​​តាលីបង់ លោក ហ្សាប៊ីហូឡាស់ មូចាហីដ បាន​អបអរ​សាទរ​ចំពោះ​​ការ​ពន្យារ​ពេល១ឆ្នាំទៀត ដើម្បី​​បន្ត​បេសកម្ម​​​ជំនួយ​​អង្គការសហប្រជាជាតិ​នៅ​អាហ្វហ្កានីស្ថាន​​។ ថ្លែង​តាម​វិទ្យុ​ជាតិ​RTA នៅថ្ងៃសៅរ៍ ទី១៦មីនា​ ថ្នាក់ដឹកនាំ​តាលីបង់​រូបនេះ សង្កត់ធ្ងន់ថា ប្រទេស​អាហ្វហ្កានីស្ថាន ត្រូវការ​​ទាក់ទង​ជាមួយ​សហគមអន្តរជាតិ។ អាស្រ័យ​ហេតុដូច្នេះ ទើប ​​អាជ្ញាធរ​​តាលីបង់ ថ្លែង​ក្តីសង្ឃឹមថា បេសកម្ម​​​អង្គការ​សហ​ប្រជាជាតិនេះ នឹង​ជួយ​ដេរភ្ជាប់ទំនាក់ទំនង រវាង តាលីបង់ និង ឆាកអន្តរជាតិ ដែលបាន​ដាច់ជាច្រើនឆ្នាំមកហើយ​។

ក្រុមប្រដាប់តាលីបង់ បានត្រឡប់មកកាន់អំណាចនៅអាហ្វហ្កានីស្ថាន ក្រោយពីបានវាយបណ្តេញទ័ពសហរដ្ឋអាមេរិក ចេញពីប្រទេស នៅសីហា ឆ្នាំ២០២១។ ជាផ្លូវការរហូតទល់ពេលនេះ គ្មានប្រទេសណាទទួលស្គាល់រដ្ឋាភិបាលតាលីបង់ ស្របច្បាប់នោះឡើយ។ បញ្ហាមួយ​ក្នុងចង្កោម​​បញ្ហា​ជាច្រើន​ដែល​បរទេស​មិន​ទទួល​ស្គាល់​របប​តាលីបង់​ គឺ​ការជាន់ឈ្លី​រំលោភ​បំពាន​​បំបិទ​​សិទ្ធិ​ស្ត្រី​និងកុមារី​​។

នៅ​អាហ្វហ្កានីស្ថាន បេសកម្ម​​ជំនួយ​​អង្គការសហប្រជាជាតិ មានវត្តមាន​ ជាង​២ទសវត្សរ៍​មកហើ​យ តាំងតែពីឆ្នាំ​២០០២មកម្ល៉េះ​។ កាលពីថ្ងៃសុក្រ​ ក្រុមប្រឹក្សា​សន្តិសុខ​អង្គការសហប្រជាជាតិ បាន​សម្រេច​បោះឆ្នោតអនុម័ត​ជាឯកច្ឆន្ទឲ្យ​​​បន្ត​បេសកម្មជំនួយនេះ ​រហូត​ដល់ថ្ងៃទី​ ១៧ មីនា ឆ្នាំ​២០​២៥​។​ ក្នុងឱកាសនោះ​ អ្នក​តំណាង​ប្រទេស​ជប៉ុន ជាប្រធាន​អង្គ​ប្រជុំ​ បាន​គូស​បង្ហាញ​ថា វត្តមាន​អង្គការសហប្រជាជាតិនៅ​អាហ្វហ្កានីស្ថាន មាន​សារៈ​សំខាន់​ចាំបាច់ ដើម្បី​នឹង​អាចបន្ត​​ដើរ​តួនាទី​ជ្រោម​​ជ្រែង​សន្តិភាព​និងស្ថិរភាព​នៅ​អាហ្វហ្កានីស្ថាន ស្របពេល​ដែល​សហគម​អន្តរជាតិចង់​ចូល​រួម​ជួយអាហ្វហ្កានីស្ថានឲ្យ​ស៊ីជម្រៅ ហើយ​និង​ចង់​កសាង​ទំនុក​ចិត្ត​ជាមួយ​​ក្រុម​តាលីបង់ ​។

ទោះជា​យ៉ាងនេះក្តី អង្គការសហប្រជាជាតិ និង​ថ្នាក់ដឹកនាំ​តាលីបង់​ នៅមាន​ចំណុចខ្វែងគ្នា ​មិនយល់​ស្រប​គ្នា​ច្រើន​ណាស់។ ជាក់ស្តែង ​ការ​តែងតាំង​ បេសកជនពិសេស​នៃ​អង្គការសហប្រជាជាតិ ប្រចាំ​​អាហ្វហ្កានីស្ថាន កាលពីខែធ្នូ ដើម្បីធ្វើ​ជា​អ្នក​តំណាង​ចរចា ហើយនិង​សម្របសម្រួល​ផ្តល់​ជំនួយ​ឲ្យ​មាន​ប្រសិទ្ធភាព​​។ ក៏ប៉ុន្តែ ក្នុងខែ​មករាកន្លងទៅ​ ​ថ្នាក់ដឹកនាំ​តាលីបង់​ តាមរយៈ​រដ្ឋមន្ត្រី​ការបរទេសអាហ្វហ្កានីស្ថាន Amir Khan Muttaqi យល់ឃើញ​ថា​ តួនាទី​នោះគ្មាន​ការ​ចាំបាច់​ទេ​ ព្រោះថា ​​អាហ្វហ្កានីស្ថានគ្មាន​សង្គ្រាម​ទៀតទេ។​ ហេតុនេះ អាជ្ញាធរ​អាច​បំពេញ​កិច្ចការ​បាន​ដោយខ្លួន​ឯង​៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ