អានតួអត្ថបទ
បោះឆ្នោតនៅរុស្ស៊ី

រុស្ស៊ី៖៣ថ្ងៃនៃការបោះឆ្នោតប្រធានាធិបតីដោយគ្មានសំឡេងប្រឆាំងទល់នឹងលោកពូទីន

ថ្ងៃសុក្រទី ១៥ មីនា ប្រជាពលរដ្ឋរុស្ស៊ី ចាប់ផ្តើមនាំគ្នាទៅបោះឆ្នោត ដើម្បីជ្រើសរើស ប្រធានាធិបតីថ្មី។ តែសម្រាប់មតិទូទៅ គឺគ្មានបុគ្គលណាផ្សេង ក្រៅពីលោក វ៉្លាឌីមៀរ ពូទីន ដែលនឹងត្រូវជាប់ឆ្នោត បន្តកាន់តំណែងកំពូលនេះ មួយអាណត្តិថ្មីទៀត ពោលគឺជាប់ដោយគ្មានការប្រកួតប្រជែង ពីសំឡេងប្រឆាំងជាផ្លូវការ ណាមួយឡើយ។ សូមបញ្ជាក់ថា ការបោះឆ្នោតនៅរុស្ស៊ី នឹងប្រព្រឹត្តទៅក្នុងអំឡុងពេល ៣ ថ្ងៃ ពោលគឺចាប់ពីថ្ងៃទី ១៥​ ដល់ថ្ងៃទី ១៧ ខែមីនា។ រីឯ អ៊ុយក្រែនឯណោះវិញ ដែលប្រឈមនឹងប្រតិបត្តិការវាយលុករបស់រុស្ស៊ី អស់រយៈពេលជាង ២ ឆ្នាំមកនេះ កំពុងខំបង្កើនសន្ទុះ វាយប្រហារបកវិញ ទៅលើរុស្ស៊ី បើទោះបីថា​ ផ្លូវនៅខាងមុខលំបាក​ និងវែងឆ្ងាយ ដោយសារកង្វះជំនួយគ្រឿងសព្វាវុធ​ ជាពិសេសពីសហរដ្ឋអាមេរិក​ ដែលត្រូវជាប់គាំង​។ 

រុស្ស៊ី៖៣ថ្ងៃនៃការបោះឆ្នោតប្រធានាធិបតីដោយឥតសំឡេងប្រឆាំងទល់នឹងលោកពូទីន
រុស្ស៊ី៖៣ថ្ងៃនៃការបោះឆ្នោតប្រធានាធិបតីដោយឥតសំឡេងប្រឆាំងទល់នឹងលោកពូទីន AP - Dmitri Lovetsky
ផ្សាយពាណិជ្ជកម្ម

ម៉ោង ៨ ព្រឹក ការិយាល័យបោះឆ្នោត បានចាប់បើកទ្វារជាបន្តបន្ទាប់ នៅគ្រប់ខេត្តក្រុង ដែលចំណុះឲ្យសហព័ន្ធរុស្ស៊ី បូករួមទាំងដែនដីអ៊ុយក្រែន ដែលធ្លាក់ក្រោមការកាន់កាប់ដោយរុស្ស៊ី។

ជាផ្លូវការ បេក្ខជន ៣ រូប បានចូលខ្លួនឈរឈ្មោះ ប្រកួតជាមួយលោក ពូទីន។ តែបុគ្គលទាំង ៣ នេះ ត្រូវគេស្គាល់ថា ស្ទើរតែគ្មានសក្តានុពល និង ជាពិសេស គឺឥតសម្តែងការជំទាស់លើ ការវាយលុកចូលអ៊ុយក្រែន ឬ វិធានការបង្ក្រាបយ៉ាងហិង្សាលើអ្នកជំទាស់នានា ក្នុងប្រទេសរុស្ស៊ី នោះទេ។ ដោយឡែក​ អ្នកប្រឆាំងពិតប្រាកដតែម្នាក់គត់ ដែលបានសាកល្បងឈរឈ្មោះចូលប្រកួត គឺលោក Boris Nadejdine តែត្រូវបាន គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ច្រានចោលបេក្ខភាពរបស់គាត់។​ ក្រោមក្រសែភ្នែក​អាមេរិក​ និងសម្ព័ន្ធមិត្ត​ ការបោះឆ្នោតនៅរុស្ស៊ីពេលនេះ​​​ គឺត្រឹមជា រូបភាពប្រជាធិបតេយ្យបំភាន់ភ្នែក ដ្បិតអាជ្ញាធររុស្ស៊ី បានប្រើមធ្យោបាយដែលប្រាកចាកពី​មូលដ្ឋាននៃលទ្ធិប្រជាធិបតេយ្យ​ពិតប្រាកដ តួយ៉ាងការកំចាត់រាល់សកម្មជនប្រឆាំង​ ដូចមានរូបលោក​ ណាវ៉ាល់នី ដែលបានស្លាប់ក្នុងគុក​ ក្នុងខែកុម្ភៈកន្លងទៅ។​ 

ភរិយាមេម៉ាយ របស់លោក អាឡិកសី ណាវ៉ាល់នី គឺ លោកស្រី Youlia Navalnaya  ដែលបានស្បថថា នឹងបន្តប្រយុទ្ធ បានអំពាវនាវទៅពលរដ្ឋរុស្ស៊ី ឲ្យរក្សាគោលជំហរប្រឆាំងរបស់ខ្លួន ដោយទៅបោះឆ្នោតគាំទ្របេក្ខជនរូបណាក៏ដោយ លើកលែង តែរូបលោកពូទីន ចេញ។ លោកស្រីក៏បានអំពាវនាវ ឲ្យប្រជាជនរុស្ស៊ីណាដែលគាំទ្រសំឡេងប្រឆាំង ត្រូវនាំគ្នាទៅកាន់ការិយាល័យបោះឆ្នោត នៅថ្ងៃអាទិត្យទី ១៧ មីនា វេលាម៉ោង ១២ ថ្ងៃត្រង់ ក្នុងពេលជាមួយគ្នាតែម្តង ដើម្បីបង្ហាញឲ្យឃើញពីចំនួនច្រើន នៃអ្នកដែលពុំពេញចិត្តនូវរបបដឹកនាំរបស់លោកពូទីន​ ក្នុងប្រទេសរុស្ស៊ី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ