អាមេរិកសម្រេចឱ្យប្រើយន្តហោះOspreysវិញ ក្រោមក្រសែភ្នែកព្រួយបារម្ភរបស់ពលរដ្ឋជប៉ុន
ជប៉ុនកំពុងទទួលយកសេចក្តីសម្រេចចិត្តរបស់អាមេរិកយ៉ាងលំបាកបំផុត។ កាលពីថ្ងៃសុក្រទី៨មីនា មន្ទីរបញ្ចកោណអាមេរិកបានសម្រេចអនុញ្ញាតឱ្យយន្តហោះយោធាជប៉ុន ប្រភេទ Bell Boeing V-22 Ospreys ដែលមានទម្រង់ចម្លែកអាចហោះឡើងដូចឧទ្ធម្ភាគចក្រ អាចចេញហោះហើរធ្វើប្រតិបត្តិការវិញ។ យន្តហោះប្រភេទនេះ បានជាប់បម្រាមបញ្ឈរទុកចោលក្នុងចំណតចោលតាំងពីខែចុងខែវិច្ឆិកាមក ក្រោយមានគ្រោះថ្នាក់ធ្លាក់ស្លាប់ទាហាន៨នាក់នៅសមុទ្ទជប៉ុន។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ស្តាប់ - ០២:៣៣
ជាសរុប យោធាជប៉ុនមានយន្តហោះ Ospreys ចំនួន១៤គ្រឿង ដែលមិនអាចធ្វើការហោះហើរបាននិងចតបញ្ឈរចោលនៅមូលដ្ឋានទ័ពKisarazu ក្បែរទីក្រុងតូក្យូ តាំងពីចុងខែវិច្ឆិកាមក ព្រោះក្រោយឧប្បត្តិហេតុធ្លាក់យន្តហោះប្រភេទនេះមួយគ្រឿងនៅក្នុងសមុទ្ទជប៉ុន ស្លាប់មនុស្ស៨នាក់ទីបញ្ជាការដ្ឋានអាមេរិកបានចេញបម្រាមឱ្យផ្អាកការហោះហើរយន្តហោះប្រទេសនេះទាំងអស់។
មិនបានប៉ុន្មានខែផង យោធាអាមេរិកបានផ្តល់ការអនុញ្ញាតជាថ្មីឱ្យជប៉ុនប្រើប្រាស់ V-22 Osprey វិញ។ បន្ទាប់ពីបានជួលជុលប្តូរគ្រឿងបន្លាស់ខូចៗចេញ តាមរយៈការសិក្សាលើទិន្នន័យយ៉ាងល្អិតល្អន់ យន្តហោះអាចហោះហើរវិញបានដោយសុវត្ថិភាព។ នេះបើតាមការលម្អិតរបស់ទីបញ្ជាការដ្ឋានអាកាសចរណ៍អាមេរិកដដែល។
ប៉ុន្តែអាមេរិកបដិសេធមិនបង្ហាញជាសាធារណៈអំពីមូលហេតុនៃគ្រោះថ្នាក់ទេ ទើបត្រូវបានពលរដ្ឋជប៉ុនទទួលយកដោយលំបាក។ នៅចំពោះមុខការគំរាមកំហែងរបស់ចិន រុស្ស៊ី និងកូរ៉េខាងជើង ជប៉ុនមិនអាចប្រហែសបានទេ។ យន្តហោះ V-22 Osprey ត្រូវតែមានដំណើរការវិញ។ នេះជាទស្សនៈរបស់ពលរដ្ឋជប៉ុនដែលយល់ស្របតាមសេចក្តីសម្រេចអាមេរិក តែពលរដ្ឋជប៉ុនមួយចំនួនទៀតបានបញ្ជាក់ក្តីព្រួយបារម្ភថាយន្តហោះនោះហាក់ដូចជាគ្មានសុវត្ថិភាព។ ខ្លះទៀតថាគ្មានទំនុកចិត្តសោះ បើមិនមែនជាហានិភ័យទទួលគ្រាប់មីស៊ីលកូរ៉េខាងជើងទេ គឺហានិភ័យយន្តហោះអាមេរិកOsprey ធ្លាក់លើក្បាល។ នេះជាប្រតិកម្មរបស់ប្រជាជនជប៉ុនក្រោយពីបានឮសេចក្តីសម្រេចរបស់យោធាជើងអាកាសអាមេរិកព្រមឱ្យយន្តហោះ V-22 Osprey មានដំណើរការឡើងវិញ។
V-22 Osprey ជាយន្តហោះកូនកាត់ មានរាងចម្លែក ស្លាបទាំងសងខាងមានបំពាក់កង្ហា ហើយអាចហោះឡើងលើ និងហោះចុះ ដោយត្រង់ ដូចឧទ្ធម្ភាគចក្រ។ ឡើងចុះដូចឧទ្ធម្ភាគចក្រ តែហោះហើរដូចយន្តហោះធម្មតា V-22 Osprey មានប្រវត្តិគ្រោះថ្នាក់ធ្លាក់ជាបន្តបន្ទាប់ស្ទើរជារៀងរាល់ឆ្នាំ។ កាលពីខែសីហា យោធាអាមេរិកបីនាក់បានបាត់បង់ជីវិតនៅក្នុងការធ្លាក់នៅអូស្ត្រាលី និងនៅឆ្នាំ២០២២នៅន័រវែសស្លាប់បួននាក់។ កាលពីឆ្នាំ ២០១៦ក្រោយគ្រោះថ្នាក់ធ្លាក់នៅក្បែរអូគីណាវ៉ា ដែលជំរុញឱ្យពលរដ្ឋជប៉ុនខឹងសម្បារយ៉ាងខ្លាំង អាមេរិកធ្លាប់បានហាមឃាត់មិនឱ្យយន្តហោះ Osprey ហោះហើរជាបណ្តោះអាសន្នម្តងហើយ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ