អានតួអត្ថបទ
ថៃ-ថាក់ស៊ីន

អតីតនាយករដ្ឋមន្រ្តីថៃ លោក​ថាក់ស៊ីន នឹង​ត្រូវ​ដោះលែង​ឲ្យមានសេរីភាពក្នុងពេលឆាប់ៗ

បន្ទាប់ពី​ត្រូវ​ព្រះមហាក្សត្រ​ថៃ​បន្ធូរបន្ថយ​ទោសជាប់ពន្ធនាគារ ពី​៨ឆ្នាំ មកនៅ​១ឆ្នាំ អតីត​នាយករដ្ឋមន្រ្តី លោកថាក់ស៊ីន ស៊ីណាវ៉ាត្រ​នឹង​ត្រូវ​ដោះលែង​ឲ្យមានសេរីភាព​ក្នុង​ប៉ុន្មានថ្ងៃ​ខាងមុខ។ នេះបើតាម​ការប្រកាស​របស់​រដ្ឋមន្រ្តី​ក្រសួងយុត្តិធម៌ថៃ នៅថ្ងៃ​អង្គារ​ទី ១៣​កុម្ភៈ។ រត់និរទេសខ្លួន​នៅបរទេស​ជាង​១៥ឆ្នាំ ដើម្បីគេចចេញពីការដាក់ទោសពន្ធនាគារ នៅក្រោយ​រដ្ឋប្រហារ​យោធាឆ្នាំ ២០០៦ លោកថាក់ស៊ីន ស៊ីណាវ៉ាត្រ មហាសេដ្ឋី​វ័យ​៧៤ ទើប​ត្រលប់ចូល​ប្រទេស​វិញ នៅ​ក្នុងខណៈពេលដែល​​គណបក្ស​ភឿថៃ​របស់លោក​ឈ្នះឆ្នោត ដឹកនាំ​រដ្ឋាភិបាលថៃ​ថ្មី។ ប៉ុន្តែ ចាប់តាំង​ពី​ត្រលប់ចូល​ប្រទេស​ថៃ លោក​ថាក់ស៊ីន​ចំណាយ​ពេលវេលា នៅ​មន្ទីរពេទ្យ ច្រើនជាង​នៅ​ក្នុង​ពន្ធនាគារ។ 

អតីត​នាយករដ្ឋមន្រ្តី លោកថាក់ស៊ីន ស៊ីណាវ៉ាត្រ​នឹង​ត្រូវ​ដោះលែង​ឲ្យមានសេរីភាព​ក្នុង​ប៉ុន្មានថ្ងៃ​ខាងមុខ។
អតីត​នាយករដ្ឋមន្រ្តី លោកថាក់ស៊ីន ស៊ីណាវ៉ាត្រ​នឹង​ត្រូវ​ដោះលែង​ឲ្យមានសេរីភាព​ក្នុង​ប៉ុន្មានថ្ងៃ​ខាងមុខ។ AP - Sakchai Lalit
ផ្សាយពាណិជ្ជកម្ម

ចាប់​តាំង​ពី​វិលត្រលប់​ចូលប្រទេស​ថៃ នៅ​៦ខែ​មកនេះ លោក​ថាក់ស៊ីន ស៊ីណាវ៉ាត្រ​ដែលត្រូវ​អនុវត្តទោស​ជាប់​ពន្ធនាគារ​៨ឆ្នាំ ក្នុង​សំណុំរឿងប្រព្រឹត្តអំពើពុករលួយ និង​រំលោភអំណាច ស្គាល់រសជាតិ​ពន្ធនាគារ​តែប៉ុន្មានម៉ោង​ប៉ុណ្ណោះ។ ប៉ុន្មានម៉ោង ព្រោះថា នៅថ្ងៃ​វិលចូល​មាតុប្រទេស ថ្ងៃទី ២២​សីហា បន្ទាប់ពី​និរទេសគេចខ្លួន ទៅនៅ​បរទេស​អស់ ១៥ឆ្នាំ លោក​ថាក់ស៊ីន ត្រូវ​ប៉ូលិសដឹក​ទៅ​ដាក់​ពន្ធនាគារ​បាន​តែមួយភ្លែត ក៏ស្រាប់តែ​ត្រូវ​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​យោធា។

កាសែត​ក្នុង​ស្រុកថៃ រាយការណ៍ថា នៅពេល​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ លោក​ថាក់ស៊ីន​មាន​អាការៈ​ចុកណែនទ្រូង និង​មាន​បញ្ហា​លើសឈាម ចំណែកក្រុមគ្រួសារ​របស់​លោក និយាយថា លោក​ថាក់ស៊ីន​ទទួលវះកាត់​២ដង។

នៅក្នុង​អំឡុង​ពេល​សម្រាក​ព្យាបាល នៅ​មន្ទីរពេទ្យ លោក​ថាក់ស៊ីន​បាន​បញ្ជូន​លិខិត​សុំការលើកលែង​ទោស​ពីព្រះមហាក្សត្រ​មហាវិជ្ជរ៉ាឡុងកន ប៉ុន្តែ ព្រះមហាក្សត្រថៃ បាន​សម្រេចត្រឹម​បន្ធូរបន្ថយ​ទោស​ជាប់ពន្ធនាគារ​របស់​លោកថាក់ស៊ីន ពី​៨ឆ្នាំ មកនៅ​មួយឆ្នាំ។

ជា​អ្នកទោស​ជាប់ព្យាបាល​ក្នុងមន្ទីរពេទ្យ លោក​ថាក់ស៊ីន ស៊ីណាវ៉ាត្រ​នឹង​ត្រូវ​ដោះលែង​ឲ្យមាន​សេរីភាព​ក្នុងពេល​ឆាប់ៗ ចាប់តាំងពី​ថ្ងៃសៅរ៍​ចុង​សប្តាហ៍នេះ។

តាម​ការប្រកាស​របស់​រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ លោក​ថាវី សាសង នៅថ្ងៃ​អង្គារទី ១៣​កុម្ភៈនេះ ក្នុង​វ័យ ៧៤ឆ្នាំ លោកថាក់ស៊ីន ស្ថិតក្នុងចំណោម​អ្នកទោស ៩៣០​នាក់ ដែលត្រូវ​ដោះលែង​ឲ្យមានសេរីភាព នៅក្នុង​ហេតុផល​បញ្ហា​សុខភាពធ្ងន់ធ្ងរ និង​អាយុច្រើន​ជាង​៧០ឆ្នាំ។

បើតាម​រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ថៃ លោក​ថាក់ស៊ីន​នឹង​ត្រូវ​ដោះលែង ជាស្វ័យប្រវត្តិ នៅ​បន្ទាប់ពី​ជាប់ពន្ធនាគារ​៦ខែ។ គេ​មិនទាន់​ដឹងលម្អិត​ពីលក្ខខណ្ឌ​ដោះលែងលោក​ថាក់ស៊ីន ប៉ុន្តែ អ្នកជំនាញ​ច្បាប់​ថៃ​បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន​បារាំង AFP ថា ពេលនៅ​ក្រៅឃុំ លោក​ថាក់ស៊ីន​អាចត្រូវ​ពាក់ខ្សែអេឡិចត្រូនិក​តាមដាន នៅ​កដៃ ឬធ្វើដំណើរ​ដោយមានកំណត់។

ការសម្រេច​របស់​ព្រះមហាក្សត្រ​ក្នុង​ការបន្ថយទោស​របស់​លោកថាក់ស៊ីន ពី​៨ឆ្នាំ មកនៅ​១ឆ្នាំ ដើម្បី​ឲ្យលោកថាក់ស៊ីន​ចែករំលែក​បទពិសោធន៍ ដើម្បី​អភិវឌ្ឍ​ប្រទេស។ ជាប់ទោសមិនទាន់​បាន​ប៉ុន្មានខែ​ផង លោកថាក់ស៊ីន​ក៏ត្រូវ​ដោះលែង​ឲ្យមាន​សេរីភាព ក្នុង​ហេតុផលជរា និង​បញ្ហា​សុខភាព។ ការណ៍​នេះរឹតតែ​ទៅពង្រឹង​ពាក្យចចាមអារ៉ាម​ស្តីពីការចងសម្ព័ន្ធភាព​រវាង​គណបក្ស​ភឿថៃ របស់​ក្រុមលោកថាក់ស៊ីន និង​ក្រុមយោធា​ដែល​ធ្លាប់ជា​គូប្រជែង ជាអ្នក​ធ្វើរដ្ឋប្រហារ​ទម្លាក់​រដ្ឋាភិបាល​របស់​ត្រកូល​លោកថាក់ស៊ីន។ ដើម្បីជំនះ​ទៅ​បង្កើត​រដ្ឋាភិបាល​ថ្មី គណបក្ស​ភឿថៃ​ដឹកនាំ​ដោយ​កូនស្រី​របស់​លោក​ថាក់ស៊ីន បាន​ងាក​ទៅ​ចាប់ដៃ ជាមួយ​គណបក្ស គាំទ្រ​ដោយ​ពួកយោធាថៃ​ ដោយ​សុខចិត្ត​ដោះដៃ​ពី​គណបក្ស Move Forward ​របស់​លោក​ភិថា លីមចៈរើនរ៉ាត់ ដែល​ជាគណបក្ស​ចម្រើននិយម និង​ទទួលបាន​សំឡេងច្រើន​នៅក្នុងការបោះឆ្នោតជាតិ។

ប៉ុន្តែ លោក​នាយករដុ្ឋមន្រ្តី សេដ្ឋា ថៈវីស៊ីន មកពី​គណបក្ស​ភឿថៃ​របស់​លោកថាក់ស៊ីន អះអាង បញ្ជាក់សាជាថ្មី​ថា ការសម្រេចដោះលែង​លោកថាក់ស៊ីន​ធ្វើឡើង​ទៅតាម​ច្បាប់​របស់​នាយកដ្ឋាន​ពន្ធនាគារ។ ម្យ៉ាង​បើតាម សេដ្ឋា ថៈវីស៊ីន លោក​ថាក់ស៊ីន​ដែល​ធ្លាប់​ជា​នាយករដ្ឋមន្រ្តីថៃជាច្រើនឆ្នាំ នៅ​តែ​មាន​ប្រជាប្រិយភាព​នៅក្នុង​ចំណោម​ប្រជាជន។ ដូច្នេះ លោក​ជឿជាក់ថា លោក​ថាក់ស៊ីនអាច​ផ្តល់​យោបល់ ប្រឹក្សា​ល្អ​សម្រាប់​រដ្ឋាភិបាល។

ទោះត្រូវ​ដោះលែង​ឲ្យមានសេរីភាពលើកនេះ លោកថាក់ស៊ីន​នៅមិនទាន់លាងខ្លួនជ្រះរួច​ផុតពី​សំណុំរឿងតុលាការ ព្រោះលោក​កំពុងជាប់ក្នុងបញ្ជីខ្មៅ​របស់​ព្រះរាជអាជ្ញា​ថៃ ដែល​ចោទ​លោក​ពី​បទ​ជេរប្រមាថព្រះមហាក្សត្រ នៅ​ឆ្នាំ ២០១៥ នៅពេល​លោកកំពុងស្ថិត​នៅ​បរទេស៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ