អានតួអត្ថបទ
រ៉ូហ៊ីងយ៉ា-ម៉ាឡេស៊ី

អាជ្ញាធរ​ម៉ាឡេស៊ីចាប់​​ជនភៀសខ្លួនរ៉ូហ៊ីងយ៉ាជាង​៤០នាក់​ ដែលបាន​រត់គេចពីមណ្ឌល​ឃុំឃាំង

យ៉ាងហោចណាស់ មានជនភៀសខ្លួន​រ៉ូហ៊ីងយ៉ា ចំនួន​ជាង​៤០នាក់ ដែលត្រូវបាន​នគរបាល​ម៉ាឡេស៊ី ចាប់ឃាត់ខ្លួន និង​យក​មកដាក់មណ្ឌលឃុំឃាំងវិញ បន្ទាប់ពី​ពួកគេ​បាន​រត់គេចចេញ ​កាលពីថ្ងៃព្រហស្បតិ៍​។ យោងតាមអាជ្ញាធរម៉ាឡេស៊ី ជនរ៉ូហ៊ីងយ៉ាទាំងនោះ មានអាការស្លេកស្លាំង ហេវហត់ខ្លាំង ព្រោះគ្មានចំណីអាហារបរិភោគ។​ ប្រភពដដែល​អះអាងថា នៅ​​មានជនភៀសខ្លួនរ៉ូហ៊ីងយ៉ា ប្រមាណ​ជិត​១០០នាក់ទៀត ដែលបាន​រត់គេចពីមណ្ឌលឃុំឃាំង ហើយកំពុងសំងំពួននៅក្នុងព្រៃ​។

អ្នកយាមនៅច្រកចូល​មណ្ឌលឃុំឃាំង Bidor ភាគខាងជើងម៉ាឡេស៊ី ​ដែលអាជ្ញាធរម៉ាឡេស៊ីបង្ឃាំងជនភៀសខ្លួនរ៉ូហ៊ីងយ៉ា ជាច្រើនរយនាក់។
អ្នកយាមនៅច្រកចូល​មណ្ឌលឃុំឃាំង Bidor ភាគខាងជើងម៉ាឡេស៊ី ​ដែលអាជ្ញាធរម៉ាឡេស៊ីបង្ឃាំងជនភៀសខ្លួនរ៉ូហ៊ីងយ៉ា ជាច្រើនរយនាក់។ REUTERS - HASNOOR HUSSAIN
ផ្សាយពាណិជ្ជកម្ម

កាលពីថ្ងៃព្រហស្បតិ៍ ទី​១កុម្ភៈ មានករណី​ផ្ទុះអំពើហិង្សាចលាចល នៅក្នុង​មណ្ឌលឃុំឃាំងមួយ នៅភាគខាងជើងម៉ាឡេស៊ី ក្នុងក្រុង Bidor រដ្ឋ​ Perak ជាមណ្ឌល​ដែលម៉ាឡេស៊ី​ឃាត់បង្ឃាំងទុក នូវ​ជនភៀសខ្លួនរ៉ូហ៊ីងយ៉ា ជាច្រើនរយនាក់​។ ផ្អែកតាមអាជ្ញាធរម៉ាឡេស៊ី ក្រោយ​ហេតុការណ៍តវ៉ាចលាចលនេះ មានជនភៀសខ្លួនរ៉ូហ៊ីងយ៉ា ចំនួន១៣១នាក់ បាន​រត់គេចចេញពីមណ្ឌលឃុំឃាំងនេះ។

ឆ្លងកាត់​ប្រតិបត្តិការរុករក ដោយមានការចូលរួមពីនគរបាលច្រើនរយនាក់ និង​មន្ត្រី​អន្តោប្រវេសន៍ផង ​ នៅព្រឹកថ្ងៃអាទិត្យទី​៤កុម្ភៈ គេបាន​ឃាត់បានត្រលប់មកវិញ​​ នូវ​ជនភៀសខ្លួនរ៉ូហ៊ីងយ៉ា ចំនួន​៤១នាក់ នៅក្នុងចំការដូចប្រេងនិងក្នុងព្រៃ មិនឆ្ងាយប៉ុន្មានពីក្រុង Tapah និងក្រុង​ Bidor ។ នគរបាល​ម៉ាឡេស៊ី បញ្ជាក់ថា ជនរ៉ូហ៊ីងយ៉ាដែលគេចាប់បានមកវិញនេះ គឺសុទ្ធតែភេទប្រុស ហើយ​មានអាការ​ហេវហត់ ស្លេងស្លាំងអស់កម្លាំងខ្លាំងណាស់ ដោយ​សារតែពួកគេ គ្មានអ្វីបរិភោគច្រើនថ្ងៃហើយ​។

លោកនាយស្នងការនគរបាល​រដ្ឋPerak បានអះអាងថា នៅមានជនភៀសខ្លួនរ៉ូហ៊ីងយ៉ា ជិត១០០នាក់ទៀត ដែល​ទំនងជាពួនសំងំនៅក្នុងព្រៃ ហើយដែលសមត្ថកិច្ចកំពុងតែស្វែងរកពួកគេ ដើម្បីចាប់យកមទុកក្នុងមណ្ឌល​វិញ។ ដោយឡែក កាលពីយប់ថ្ងៃ​ព្រហស្បតិ៍ គេបានប្រទះឃើញសាកសពបុរសរ៉ូហ៊ីងយ៉ាម្នាក់ ដែលត្រូវបាន​រថយន្តមួយបុកស្លាប់ ក្នុងពេលបុរសនេះ ដើរឆ្លងផ្លូវល្បឿនលឿនក្នុងយប់ងងឹត។

ផ្អែកតាមអង្គការ​ការពារសិទ្ធិមនុស្ស គឺស្ថានភាព​រស់នៅរបស់​ជនភៀសខ្លួនរ៉ូហ៊ីងយ៉ា នៅតាមមណ្ឌលឃុំឃាំងម៉ាឡេស៊ី មានការលំបាកខ្លាំងណាស់។ ក្រៅពីមិនអាចចេញក្រៅមានសេរីភាព ពួកគេត្រូវរស់នៅកកកុញប្រជ្រៀតគ្នា គ្មានចំណីអាហារគ្រប់គ្រាន់ និងគ្មានលក្ខខណ្ឌអនាម័យត្រឹមត្រូវ។ ហេតុដូចឆ្នេះហើយ បានជាមានការផ្ទុះការតវ៉ា ឈានទៅកើតអំពើហិង្សា ហើយ​មានអ្នកខ្លះរត់គេចចេញពីមណ្ឌល។

កាលពីឆ្នាំ​២០២២ មានជនភៀសខ្លួនរ៉ូហ៊ីងយ៉ា ចំនួន​៥២៨នាក់ បានរត់គេចពីមណ្ឌលឃុំឃាំង នៅក្នុងរដ្ឋប៉េណាំង ភាគខាងជើងម៉ាឡេស៊ី។ ហើយនៅក្នុងឆ្នាំ​២០២២ដែរ ផ្អែកតាមអង្គការUNHCR យ៉ាងហោច​ណាស់ មាន​ជនភៀសខ្លួនរ៉ូហ៊ីងយ៉ា ចំនួន​៣៥០០នាក់ បានធ្វើដំណើរតាមទូកផ្សងជីវិត ឆ្ពោះទៅកាន់ប្រទេសអាស៊ីអាគ្នេយ៍មួយចំនួន​ ហើយ​ក្នុងនោះ យ៉ាងហោចជិត​១០០០នាក់ ដែលបានស្លាប់ឬបាត់ខ្លួន​។

គិតរវាងពីខែវិច្ឆិកាឆ្នាំមុន ដល់ខែមករា​ឆ្នាំ​២០២៤នេះ មានជនភៀសខ្លួនរ៉ូហ៊ីងយ៉ា ចំនួន​១៧៥២នាក់ បានធ្វើដំណើរមកដល់ឥណ្ឌូណេស៊ី។ វត្តមានជនភៀសខ្លួនរ៉ូហ៊ីងយ៉ា បានបង្កឲ្យ​ផ្ទុះការតវ៉ាពីសំណាក់​ប្រជាជនឥណ្ឌូណេស៊ីខេត្តអាឆេ អមជាមួយនឹង​​​ពាក្យ​ពេជន៍​ជេរប្រមាថ ស្អប់ខ្ពើមរើសអើង យ៉ាងព្រោងព្រាតពេញបណ្តាញសង្គម។ នៅម៉ាឡេស៊ីវិញ យោងតាមតួលេខផ្លូវការ គឺ​មាន​ជនភៀសខ្លួន​​រ៉ូហ៊ីងយ៉ាប្រមាណ​១សែននាក់រស់នៅ ដែលជាទូទៅ គឺពួកគេរស់នៅក្រៅសង្គម ត្រូវបានគេរើសអើងមើលងាយ ហើយភាគច្រើនធ្វើការ​ជាកម្មករខុសច្បាប់ ក្នុងវិស័យសំណង់ និង​ការងារប្រើកម្លាំងផ្សេងទៀត ដែលបានប្រាក់កម្រៃទាបបំផុត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ