អានតួអត្ថបទ
ចិន-សិទ្ធិមនុស្ស

ចិនត្រូវក្រុមប្រទេស​លោក​ខាងលិច ​​រិះគន់ខ្លាំងៗ នៅ​ក្រុមប្រឹក្សាសិទ្ធិមនុស្ស

នៅក្រុមប្រឹក្សាសិទ្ធិមនុស្ស នៃ​​អង្គការសហប្រជាជាតិ កាលពីថ្ងៃអង្គការទី​២៣មករា ចិនត្រូវបាន​ក្រុមប្រទេសលោក​ខាងលិច សម្តែងមតិរិះគន់ខ្លាំងៗ។ ជាការរិះគន់ ដែល​ទាក់ទិននឹងការរំលោភបំពានសិទ្ធិមនុស្ស​ សិទ្ធិសេរីភាព​បញ្ចេញមតិ និង​ជាពិសេសនោះ គឺទាក់ទិននឹង​ការធ្វើទុក្ខបុក​ម្នេញធ្ងន់ធ្ងរ ទៅលើប្រជាជន​អ៊ុយហ្គួរ​ នៅខេត្តស៊ីនជាំង​​។

លោក Chen Xu អគ្គរដ្ឋទូតចិនប្រចាំនៅ​អង្គការសហប្រជាជាតិ​ទីក្រុងហ្សឺណែវ ​លើកដៃជូតថ្ងាស ពេល​កំពុងស្តាប់​ការរិះគន់ របស់ប្រទេសផ្សេងៗទៀត ស្តីពីបញ្ហាសិទ្ធិមនុស្ស​នៅចិន។ ក្រុមប្រឹក្សាសិទ្ធិមនុស្ស ក្រុងហ្សឺណែវ ថ្ងៃទី​២៣មករា២០២៤
លោក Chen Xu អគ្គរដ្ឋទូតចិនប្រចាំនៅ​អង្គការសហប្រជាជាតិ​ទីក្រុងហ្សឺណែវ ​លើកដៃជូតថ្ងាស ពេល​កំពុងស្តាប់​ការរិះគន់ របស់ប្រទេសផ្សេងៗទៀត ស្តីពីបញ្ហាសិទ្ធិមនុស្ស​នៅចិន។ ក្រុមប្រឹក្សាសិទ្ធិមនុស្ស ក្រុងហ្សឺណែវ ថ្ងៃទី​២៣មករា២០២៤ AP - Salvatore Di Nolfi
ផ្សាយពាណិជ្ជកម្ម

ចិនបាន​បញ្ជូនគណៈប្រតិភូ មានគ្នាច្រើនសន្ធឹកមកថ្លែងសារការពារខ្លួន ក្នុងក្រុមប្រឹក្សាសិទ្ធិមនុស្ស​។​ លោក Chen Xu ឯកអគ្គរដ្ឋទូតចិនប្រចាំនៅ​អង្គការសហប្រជាជាតិ ក្រុងហ្សឺណែវ បានឡើងថ្លែងថា ចិន​​បានបោះជំហាន​ទៅមុខយ៉ាងល្អអស្ចារ្យ​ ទាក់ទិននឹងការគោរពសិទ្ធិមនុស្ស។ ប៉ុន្មានឆ្នាំមកនេះ រដ្ឋាភិបាល​ចិន​បាន​ធ្វើ​ឲ្យជីវភាព​របស់ប្រជាជន ​កាន់តែល្អប្រសើរឡើង បានបិទបញ្ចប់​ភាពក្រីក្រ និងបានការពារ​ការ​គោរពសិទ្ធិមនុស្ស​។​ លោកអះអាងថា ចិនចាត់ទុក​ការគោរពសិទ្ធិមនុស្ស​ គឺជា​ការងារ​ដ៏សំខាន់បំផុត នៃអភិបាលកិច្ចរបស់រដ្ឋចិន​​។

ចប់ពីសុន្ទរកថាអួតសរសើរខ្លួនឯង របស់គណៈប្រតិភូចិននេះ ដល់វេនប្រទេសផ្សេងៗទៀត ដែលត្រូវ​ឡើងបញ្ចេញមតិ​ទៅលើសា្ថនភាពនៃការគោរពសិទ្ធិមនុស្សនៅចិន​។​ តំណាងអង្គទូត​​នៃក្រុម​​ប្រទេស​លោកខាងលិច​​ បាន​ឡើងថ្លែងសុន្ទរកថា​​បន្តបន្ទាប់គ្នា រិះគន់រដ្ឋអំណាចចិន​ថាបាន​រំលោភបំពាន​សិទ្ធិមនុស្ស សិទ្ធិសេរីភាពបញ្ចេញមតិ និង​សេរីភាពសាសនា​ថ​។ ក្រុមប្រទេសលោកខាងលិច ចោទចិនថា​បាននិងកំពុង លុបបំបាត់​ប្រពៃណីវប្បធម៌ និងសាសនា របស់​សហគមន៍​ជនជាតិភាគតិច ជាក់ស្តែងជនជនជាតិអ៊ុយហ្គួរ និងជនជាតិទីបេ។

ឯក​អគ្គរដ្ឋទូត​អៀរឡង់ បាន​លើកឡើងថា ប្រទេសលោក​មាន​ព្រួយបារម្ភណាស់ ស្តីពីការកៀបសង្កត់អង្គការសង្គមស៊ីវីល​​នៅចិន។ លោក​បានសង្កត់ធ្ងន់ ទៅលើ​សកម្មភាព​​ធ្វើទុក្ខបុកម្នេញ រារាំងសិទ្ធិសេរីភាពបញ្ចេញមតិនៅហុងកុង និងជាពិសេសនោះ គឺការ​រំលោភបំពាន​ដ៏ធ្ងន់ធ្ងរបំផុត ដែល​អាជ្ញាធរ​ចិន​ បានធ្វើទៅលើជនជាតិអ៊ុយហ្គួរ​ និងសហគមន៍អ្នកកាន់សាសនាអ៊ីស្លាមផ្សេងទៀត នៅខេត្តស៊ីនជាំង​។

សូមរំលឹកថា កាលពីឆ្នាំ​២០១៨ ចិនក៏ត្រូវបាន​គេរិះគន់ខ្លាំងៗដែរ នៅក្រុមប្រឹក្សាសិទ្ធិមនុស្ស ទាក់ទិននឹងការរំលោភសិទ្ធិមនុស្ស​នៅ​ខេត្ដស៊ីនជាំង​។ អង្គការក្រៅរដ្ឋាភិបាល​ជាច្រើន បានអះអាង ដោយ​មានភស្តុតាងជាក់ច្បាស់ ថាអាជ្ញាធរចិន​បាន​ចាប់ជនជាតិអ៊ុយហ្គួរ​ប្រមាណ​ជាង​១លាននាក់ ដាក់ឃុំ បង្ខំ​ឲ្យធ្វើការ ព្រមទាំង​ចាប់ក្រៀវឲ្យផុតពូជថែមទៀត។

នៅខែសីហា​ ឆ្នាំ​២០២២ ឧត្តមស្នងការដ្ឋាន​សិទ្ធិមនុស្ស​ នៃអង្គការសហប្រជាជាតិ បានចេញរបាយការណ៍ថ្មីមួយ​ ជាមួយ​ភស្តុតាងថ្មីៗបន្ថែមកាន់តែច្រើន។ យោងតាមរបាយការណ៍នេះ គឺចិនទំនងជា​បានធ្វើអំពើ ​ ឧក្រិដ្ឋកម្ម​ប្រឆាំងមនុស្សជាតិទៅលើជនជាតិអ៊ុយហ្គួរ​​។ តែយ៉ាងណា ចិនបានប្រើយុទ្ធសាស្ត្រដាក់សំពាធទៅលើប្រទេសជាច្រើន ដើម្បី​រារាំងមិនឲ្យ​មាន​ការជជែកដេញដោល ស្តីអំពី​របាយការណ៍​ថ្មីនេះ​។

លោក Dolkun Isa ប្រធាន​សមាជពិភពលោក​​ដើម្បី​ជនជាតិ​អ៊ុយហ្គួរ​​ ដែលបច្ចុប្បន្ន​រស់នៅ​ប្រទេសអាល្លឺម៉ង់ បាន​លើកឡើងថា យន្តការសួរឆ្លើយ​នៅ​ក្រុមប្រឹក្សាសិទ្ធិមនុស្ស​ថ្ងៃអង្គារទី​២៣មករា គឺជាឱកាសដែលប្រទេសទាំងអស់ ចោទសួរទៅកាន់ចិន និង​ប្រាប់​ចិនឲ្យច្បាស់ៗ ថាត្រូវតែ​បញ្ឈប់ជាបន្ទាន់ នូវផែនការ​ធ្វើអំពើប្រល័យពូជសាសន៍​ មកលើជនជាតិអ៊ុយហ្គួរ៕

គួរបញ្ជាក់ថា នៅក្រុមប្រឹក្សាសិទ្ធិមនុស្ស រៀងរាល់៥ឆ្នាំម្តង គេមាន​យន្តការពិសេសមួយ ដែល​​អនុញ្ញាតឲ្យ​ប្រទេសសមាជិកនីមួយៗ ឡើងថ្លែងអំពីលទ្ធផល​ដែលខ្លួនសម្រេចបាន ស្តីការ​បញ្ហាសិទ្ធិមនុស្ស មុននឹងមានការសួរដេញដោល បញ្ចេញមតិ​ ពីសំណាក់​ប្រទេសសមាជិក​ផ្សេងៗទៀត។ យ៉ាងណាក៏ដោយ​ មន្ត្រីទូតប្រទេសលោកខាងលិចម្នាក់ បាន​ត្អូញត្អែរថា ពេលវេលាមានតែកន្លះថ្ងៃទេ តែ​មានប្រទេស​១៦៣ ដែលបានចុះឈ្មោះឡើងថ្លែងសារ​ ម្នាក់​៤៥វិនាទី​​ ទាំងរិះគន់ចិន​ផង ទាំងគាំទ្រចិនផង។ ៤៥វិនាទី គឺវាខ្លីណាស់ ដើម្បី​លើកអំណះអំណាងឲ្យ​បានក្បោះក្បាយ ​ស្តីពីបញ្ហាសិទ្ធិមនុស្សនៅចិនមួយទាំងមូល​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ