អានតួអត្ថបទ
ជប៉ុន-ព្រះចន្ទ

ជប៉ុន​កា្លយជាប្រទេស​ទី​៥ក្នុងពិភពលោក ដែលបញ្ជូនយានទៅចុះចតដោយជោគជ័យលើឋានព្រះចន្ទ

ផ្ទុយពីក្រុមហ៊ុនអាមេរិកដែលបរាជ័យក្នុង​បេសកកម្មបញ្ជូនយាន​ទៅឋាន ព្រះចន្ទនៅខែមករានេះ ជប៉ុន​នៅថ្ងៃសៅរ៍ទី​២០ មករា ២០២៤ អបអរយានរបស់ខ្លួន​ដែលចុះចត​ដោយ​ជោគជ័យ​លើដីព្រះចន្ទ។ ការណ៍នេះ​ធ្វើ​ឲ្យ​ជប៉ុន​ក្លាយជា​ប្រទេស​ទី​៥​ក្នុង​ពិភពលោក​ដែលមាន​សមត្ថភាព បញ្ជូនយាន​ទៅ​ចុះចត​នៅឋានព្រះចន្ទ បន្ទាប់ពី​អាមេរិក រុស្ស៊ី​ចិន និងឥណ្ឌា។ ម្យ៉ាង វា​ឆ្លុះបញ្ចាំង​ផង​ដែរ​ពីសមត្ថភាពរបស់​ជប៉ុន នៅក្នុងការប្រកួតប្រជែងបច្ចេកវិទ្យានៅក្នុង​បេសកកម្ម​អវកាស​អន្តរជាតិ។ 

ផ្ទុយពីក្រុមហ៊ុនអាមេរិកដែលបរាជ័យក្នុង​បេសកកម្មបញ្ជូនយាន​ទៅឋាន ព្រះចន្ទ ជប៉ុន​នៅថ្ងៃសៅរ៍នេះ អបអរយានរបស់ខ្លួន​ឈ្មោះ SLIM​ដែលចុះចត​ដោយ​ជោគជ័យ​លើដីព្រះចន្ទ។
ផ្ទុយពីក្រុមហ៊ុនអាមេរិកដែលបរាជ័យក្នុង​បេសកកម្មបញ្ជូនយាន​ទៅឋាន ព្រះចន្ទ ជប៉ុន​នៅថ្ងៃសៅរ៍នេះ អបអរយានរបស់ខ្លួន​ឈ្មោះ SLIM​ដែលចុះចត​ដោយ​ជោគជ័យ​លើដីព្រះចន្ទ។ REUTERS - KIM KYUNG-HOON
ផ្សាយពាណិជ្ជកម្ម

នៅថ្ងៃសៅរ៍ ទី ២០​មករា ជប៉ុន​ត្រូវកត់ត្រា​ជា​ប្រទេស​ទី​៥ ក្នុង​ប្រវត្តិសាស្រ្ត​ពិភពលោក ដែល​បញ្ជូន​ដោយ​ជោគជ័យ​យាន​ទៅ​ចុះចតនៅលើ​ឋាន​ព្រះចន្ទ។ កូនយានតូច SLIM(Smart Lander for Investigation Moon)​ចុះចត​បាន​សម្រេច នៅលើដី​ព្រះចន្ទ នៅ​វេលាម៉ោង ០០ និង២០នាទី ម៉ោង​នៅប្រទេស​ជប៉ុន និង​ចាប់ផ្តើម​ផ្តល់ព័ត៌មានមក​ផែនដី។ នេះបើតាម​ការប្រកាស​របស់​មជ្ឈមណ្ឌល​អវកាស​ជប៉ុន Jaxa។

ចុះចត​ដោយ​ជោគជ័យ​លើដីព្រះចន្ទមែន ប៉ុន្តែ កូនយាន ឬ​ម៉ូឌុល​SLIM អាច​ខ្វះថាមពល ដោយសារ​បញ្ហា​ផ្ទាំងសូឡា។ បើតាម​លោក Hitoshi Kuninaka អ្នកទទួលខុសត្រូវម្នាក់​របស់​មជ្ឈមណ្ឌល Jaxa ដោយសារ​តែ​ផ្ទាំងស្រូបពន្លឺព្រះអាទិត្យ​ជួបបញ្ហា មិនដំណើរការ​តាមការគ្រោងទុក កូនយាន​ SLIM​នៅតែ​មាន​អាគុយ​សម្រាប់​ធ្វើការប្រមូលទន្នន័យ​ប៉ុន្មាន​ម៉ោងដែរ នៅលើ​ឋានព្រះចន្ទ។ យ៉ាងណាក៏ដោយ អ្នកទទួលខុសត្រូវ​ខាងលើ នៅតែមានសុទិដ្ឋិនិយម និង​សង្ឃឹមថា ផ្ទាំងសូឡា​អាច​ដំណើរការឡើងវិញ។

ទោះកូនយាន​ SLIM អាច​​ខ្វះថាមពល ដោយសារ​បញ្ហា​ផ្ទាំងស្រូបពន្លឺព្រះអាទិត្យ នាយករដ្ឋមន្រ្តីជប៉ុន លោក​ហ្វូមីអូ គីស៊ីដា បានសរសេរសារ​ចាត់ទុក​ការចុះចត​យាន​ SLIM ​នៅលើដីព្រះចន្ទ ជាដំណឹងគួរឲ្យស្វាគម។ ចំណែក ប្រធានទីភ្នាក់ងារ​អវកាស ណាសា លោក​Bill Nelson បាន​ផ្ញើសារអបអរ​ជប៉ុន​ដែលបាន​ក្លាយជា​ប្រទេស​ទី​៥​ក្នុងពិភពលោក បន្ទាប់ពី​អាមេរិក រុស្ស៊ី ចិន និង​ឥណ្ឌា ដែល​បានបញ្ជូនយានទៅចុះចត​ដោយ​ជោគជ័យ លើដីព្រះចន្ទ។

សម្រាប់​មជ្ឈមណ្ឌល​អវកាសជប៉ុន បេសកកម្ម​ទៅឋាន​ព្រះចន្ទ​អាច​ចាត់ទុកថា ជោគជ័យពេញលេញ ដរាបណា​គេសម្រេចគោលដៅ​ដែលគេ​ចង់បាន ពោល គឺ​កូនយាន​ SLIM​ត្រូវ​ចុះចត​នៅលើ​ទីតាំង ដែល​គេបាន​ដៅកំណត់ទុក។ ជាមួយ​ទិន្នន័យ​ដែល​កូនយាន​ SLIM​កំពុងបញ្ជូនមកផែនដី អ្នកវិទ្យាសាស្រ្ត​ជប៉ុន​កំពុង​វិភាគ ដើម្បី​ដឹងថា តើ​យាន​ SLIM​បាន​ចុះចត​នៅ​ក្នុង​រង្វង់ ១០០ម៉ែត្រ​ពី​ចំណុច​ដែលគេដៅទុកឬទេ។ ១០០ម៉ែត្រ​នេះ​ជា​ចម្ងាយជិតមែនទែន ព្រោះកន្លងមក ការចុះចត​យាន ស្ថិតនៅឆ្ងាយ​ពីកន្លែងកំណត់ ដល់ទៅ​រាប់សិបគីឡូម៉ែត្រ។ ក្នុងករណី​ដែល​យាន​ SLIM របស់​ជប៉ុន ចុះចត​មិនឆ្ងាយ​ប៉ុន្មាន​ពីកន្លែងដៅទុក នោះ​ជប៉ុន មិនត្រឹម​គេចាត់ចូលក្នុង​ក្រុមប្រទេស​៥ដែលមាន​សមត្ថភាព​បញ្ជូន​យាន​ទៅចុះចត​នៅឋាន​ព្រះចន្ទតែប៉ុណ្ណោះទេ ប៉ុន្តែ ជប៉ុន​ជា​ប្រទេស​ទី​១ លើកដំបូងគេ ដែលមាន​បច្ចេកវិទ្យាឈានមុខ ដើម្បី​បញ្ជូន​យាន​ទៅចុះចត​នៅកន្លែងជាក់ច្បាស់មួយ។

យោងតាម​មជ្ឈមណ្ឌល​អវកាសជប៉ុន Jaxa បេសកកម្មបញ្ជូន​យាន SLIM ទៅឋាន​ព្រះចន្ទ​លើកនេះ គឺជា​ការធ្វើតេស្តសាកល្បង​បច្ចេកវិទ្យា ដែល​នឹង​អនុញ្ញាត​ឲ្យគេ​ចុះចត​នៅកន្លែងដែលគេចង់ចុះចត នៅលើឋានព្រះចន្ទ ពោលគឺ​មិនមែនចុះចត ដោយសារ​ស្ថានភាពដី​អនុគ្រោះ ងាយស្រួលចុះចតនោះ​ទេ។

ក្រៅតែពីតេស្តសមត្ថភាព បច្ចេកវិទ្យាចុះចត​នៅលើកន្លែងជាក់ច្បាស់ណាមួយ បេសកកម្ម​ទៅ​ឋាន​ព្រះចន្ទ​របស់​ជប៉ុន​លើកនេះ នឹង​អាច​ឲ្យគេដឹង​កាន់​តែ​ច្បាស់​ពី​រចនាសម្ព័ន្ធ​របស់​ព្រះចន្ទ ការកកើត​ឡើង​នូវ​ផ្កាយរណប​របស់ផែនដី​មួយ​នេះ តាមរយៈ​ការវិភាគដីរ៉ែ​ដោយប្រើកាម៉េរ៉ាពិសេស។

ចាប់ផ្តើម​ចេញពីផែនដី នៅខែកញ្ញា និង​ចូលទៅក្នុង​គន្លងតារាវិថី​របស់​ព្រះចន្ទ​នៅ​ចុងខែ​ធ្នូកន្លងទៅ យានជប៉ុន​សំដៅ​ឋានព្រះចន្ទ បានក្លាយជា​ចំណាប់អារម្មណ៍ បន្ទាប់ពី​យាន​អវកាស​របស់​ក្រុមហ៊ុនអវកាស​អាមេរិក មួយទៀត ទើប​បរាជ័យ ដោយសារ​បញ្ហា​លេចប្រេង។ព្រះចន្ទ​បានក្លាយជា​គោលដៅ​ចុះចត​របស់​ប្រទេស​មហាអំណាច​អវកាស។ នៅខែ​សីហា​ឆ្នាំ​មុន ឥណ្ឌា​ទើប​បញ្ជូន​យាន​ចល័ត ទៅ​ចុះចតដោយជោគជ័យ​លើ​ដី​ព្រះចន្ទ​លើក​ទី១ក្នុងប្រវត្តិសាស្រ្ត​របស់ខ្លួន។ នៅ​មុន​ឥណ្ឌា គឺ​មាន​តែ​សហរដ្ឋអាមេរិក សហភាពសូវៀត និង​ប្រទេស​ចិន​ដែល​ទទួល​បាន​ជោគជ័យ​ក្នុង​ការបញ្ជូន​យាន​ទៅ​ចុះ​លើ​ដី​ព្រះចន្ទ។

ជប៉ុន​ប្រាកដណាស់​មានមោទនភាព បន្ទាប់ពី​បរាជ័យពីរលើក​នៅក្នុងបេសកកម្ម​បញ្ជូន​យានទៅ​ឋាន​ព្រះចន្ទ កាលពី​ឆ្នាំ ២០២២ និង​ឆ្នាំ ២០២៣។ សម្រាប់អ្នកជំនាញជប៉ុន ក្នុងករណី​ដែល​កូនយាន​ SLIM ចុះចត​នៅមិនឆ្ងាយប៉ុន្មាន​ពីកន្លែងដៅកំណត់ទុក ជប៉ុន​នឹង​មានមោទនភាព​មួយទៀត​ដើម្បីបង្ហាញ​ដល់​ពិភពលោក​ថា ជប៉ុនមាន​បច្ចេកវិទ្យាឈានមុខ ដែលគេ​មិនអាច​បដិសេធបាន ហើយដែលគេត្រូវ​បញ្ចូលជប៉ុន​ទៅក្នុងក្រុមប្រទេស​ដែលអភិវឌ្ឍកម្មវិធីសម្រាប់បេសកកម្ម​ឋានព្រះចន្ទ។ បេសកកម្ម​ឋានព្រះចន្ទ សំខាន់​ណាស់​ដើម្បី​រុករកធនធាន។ ម្យ៉ាង​ព្រះចន្ទ​នឹងត្រូវគេប្រើ​ជា​ទីតាំង មូលដ្ឋានដើម្បី​ធ្វើដំណើរ​បន្ត​ទៅ​កាន់​ភពព្រះអង្គារ ឬភពផ្សេងទៀត​ក្នុងប្រព័ន្ធព្រះអាទិត្យ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ