អានតួអត្ថបទ
កូរ៉េខាងជើង-កូរ៉េខាងត្បូង

តើ​កូរ៉េខាងជើង​កំពុង​ត្រៀមខ្លួន​ធ្វើ​សង្រ្គាម?

កូរ៉េខាងជើង​មិនបន្ថយដៃ​សាកល្បង​សមត្ថភាព​សព្វាវុធ។ នៅ​ថ្ងៃ​សុក្រទី​១៩​មករា​ថា ព្យុងយ៉ាង​បាន​ប្រកាសថា ខ្លួន​បានធ្វើ​តេស្ត​សាកល្បង​ប្រព័ន្ធអាវុធនុយក្លេអ៊ែរ​ក្រោមទឹក ដើម្បីឆ្លើយតប​ទៅនឹង​សមយុទ្ធ​ជើងទឹករួម ​របស់​កូរ៉េខាងត្បូង ​អាមេរិក និងជប៉ុន នៅ​សប្តាហ៍នេះ។ មានជំហរកាន់តែតឹងខ្លាំងជាមួយកូរ៉េខាងត្បូង ដែលមេដឹកនាំកូរ៉េខាងជើង​ចាត់ទុក​ជា​សត្រូវ​ចំបងរបស់​កូរ៉េខាងជើង ការធ្វើតេស្ត​សាកល្បង​ប្រព័ន្ធ​អាវុធ​នុយក្លេអ៊ែររបស់កូរ៉េខាងជើង​ធ្វើ​ឲ្យ​គេ​កាន់តែព្រួយបារម្ភ​ខ្លាច​ថា នឹង​អាច​មាន​ការប្រឈម​អាវុធ​ដាក់គ្នា នៅ​ឧបទ្វីបកូរ៉េ។ 

រូបថតបញ្ចូលគ្នា​បង្ហាញ​មីស៊ីលបាញ់ចេញពី​នាវាមុជទឹករបស់កូរ៉េខាងជើង
រូបថតបញ្ចូលគ្នា​បង្ហាញ​មីស៊ីលបាញ់ចេញពី​នាវាមុជទឹករបស់កូរ៉េខាងជើង AFP - STR
ផ្សាយពាណិជ្ជកម្ម

នៅក្នុង​សេចក្តីប្រកាស​ដែល​ទីភ្នាក់ងារព័ត៌មាន​រដ្ឋ KCNAចុះផ្សាយ​នៅថ្ងៃ​សុក្រនេះ ក្រសួងការពារ​ជាតិ​កូរ៉េខាងជើង​បាន​ប្រកាស​ថា កូរ៉េខាងជើង​បាន​ធ្វើការ​សាកល្បង​ប្រព័ន្ធ​អាវុធ​នុយក្លេអ៊ែរ​ក្រោមទឹក នៅ​សមុទ្រ​កូរ៉េ​ខាងកើត។ សម្រាប់​កងទ័ព​កូរ៉េខាងជើង ការសាកល្បង​ប្រព័ន្ធ​អាវុធនុយក្លេអ៊ែរក្រោមទឹក ជា​ការឆ្លើយតប​ទៅនឹង​សមយុទ្ធយោធា​របស់​អាមេរិក កូរ៉េខាងត្បូង និងជប៉ុន កាលពីថ្ងៃ​ពុធ ដែល​កូរ៉េខាងជើង​ចាត់ទុក​ថា ជា​សមយុទ្ធ​គំរាមកំហែង​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​កូរ៉េខាងជើង។

យោង​តាម​អ្នកនាំពាក្យ​របស់​ក្រសួង​ការពារ​ជាតិ​កូរ៉េខាងជើង ការធ្វើតេស្ត​លើក​នេះ​អនុញ្ញាត​ឲ្យ​កូរ៉េខាងជើង​ពង្រឹង​សមត្ថភាព​ប្រព័ន្ធ​អាវុធ​នុយក្លេអ៊ែរ ដើម្បី​វាយបក​ទៅលើ​សត្រូវ។ ប្រព័ន្ធ អាវុធនុយក្លេអ៊ែរក្រោមទឹក ដែលកងទ័ពកូរ៉េខាងជើង​សាកល្បង​នៅសប្តាហ៍នេះ មាន​ឈ្មោះ ថា​Haeil 5 23។ Haeil ដែល​មានន័យ​ជា​ភាសា​កូរ៉េ​ថា រលកយក្ស គឺ​ប្រភេទដ្រូនក្រោមទឹក ដែលមាន​បំពាក់​ដោយ​ក្បាល​គ្រាប់នុយក្លេអ៊ែរ។ នៅក្នុង​ការសាកល្បង​ជាលើកទី​១ នៅ​ឆ្នាំមុន កូរ៉េខាងជើង​ធ្លាប់អះអាង​ថា ប្រព័ន្ធ​ដ្រូន​ក្រោមទឹក​ មាន​សមត្ថភាព​វាយប្រហារ​នុយក្លេអ៊ែរ នៅ​ក្នុង​ដែនទឹក​របស់​សត្រូវ កម្ទេច​កងនាវាចម្បាំង ឬ​មូលដ្ឋាន​ប្រតិបត្តិការ​ទ័ព​សំខាន់ៗ តាមរយៈការបង្កើត​រលកយក្សវិទ្យុសកម្ម ដោយការបំផ្ទុះ​ក្រោមផ្ទៃទឹក។

សម្រាប់​លោក​Hong Min អ្នកវិភាគនៅវិទ្យាស្ថានកូរ៉េដើម្បីការផ្សះផ្សាជាតិ នៅ​សេអ៊ូល ការប្រកាសរបស់​កូរ៉េខាងជើង​ស្តីពី​សាកល្បងប្រព័ន្ធអាវុធនុយក្លេអ៊ែរក្រោមទឹក​ជាសញ្ញា​បញ្ជាក់ថា កូរ៉េខាងជើង​មានគម្រោង​ប្រើប្រាស់​ដ្រូនក្រោមទឹក​ឈ្មោះ Haeil ឬ​រលកយក្ស សម្រាប់​​ប្រតិបត្តិការ​កងទ័ពជើងទឹក​របស់​ខ្លួន។ ធ្លាប់រត់គេច​ចេញ ពី​កូរ៉េខាងជើង និង​ក្លាយជាអ្នកស្រាវជ្រាវ​សម្រាប់​វិទ្យាស្ថាន​ពិភពលោក​ស្តីពី​កូរ៉េខាងជើង លោក​Ahn Chan-il​ពន្យល់ថា ​គេ​ពិបាក​នឹង​ប៉ាន់ស្មាន​ពី​សមត្ថភាព​ពិតប្រាកដ​របស់​ប្រព័ន្ធ​នុយក្លេអ៊ែរ​ក្រោមទឹក​កូរ៉េខាងជើង ព្រោះថា កម្រិត​ចំណេះដឹង​វិទ្យាសាស្រ្ត​របស់​កូរ៉េខាងជើង​នៅក្នុង​ការផលិតអាវុធប្រភេទនេះ កំពុង​ស្ថិតនៅក្នុងដំណាក់កាល​អភិវឌ្ឍនៅឡើយ។

នៅមុនសាកល្បង​ដ្រូនក្រោមទឹក កូរ៉េខាងជើង ធ្លាប់បាញ់សាកល្បងជាញឹកញយ មីស៊ីលបាលីស្ទិក បាញ់ចេញពីនាវាមុជទឹក។ ក្លាយជា​មហាអំណាចនុយក្លេអ៊ែរ​កាលពីឆ្នាំមុន កូរ៉េខាងជើង​បានបោះជំហានកាន់តែលឿន នៅក្នុងបច្ចេកវិទ្យាផលិតសព្វាវុធ និង​បង្កើតយុទ្ធសាស្រ្ត​យោធា​ថ្មី ដើម្បីអាច​វាយប្រហារ​នៅទីកន្លែងឆ្ងាយៗ ដោយ​មិន​ឲ្យ​សត្រូវ​ដឹងខ្លួនមុន ឬ​ដើម្បីវាយបកវិញ ក្នុងករណី​មូលដ្ឋានទ័ពរបស់ខ្លួន​រងការវាយប្រហារ​ពីសត្រូវ។

នៅថ្ងៃ​អាទិត្យ​កន្លងទៅ ព្យុងយ៉ាង​បាន​បាញ់​សាកល្បង​មីស៊ីល​បាលីស្ទិក​ដែលមាន​បំពាក់​ដោយ​ក្បាលគ្រាប់​អ៊ីពែសូនិក ពោល​គឺ​នៅតែ​ប៉ុន្មានថ្ងៃ​ក្រោយ ដែល​កូរ៉េខាងជើង​ធ្វើ​សមយុទ្ធ​បាញ់គ្រាប់កាំភ្លើងពិត​នៅ​ក្បែរកោះរបស់​កូរ៉េខាងត្បូង។ ខណៈដែល​ស្ថានការណ៍​នៅឧបទ្វីបកូរ៉េ​កាន់តែតានតឹងខ្លាំង មេដឹកនាំ​កូរ៉េខាងជើង​លោកគីម ជុងអ៊ុន ដែល​ចាត់កូរ៉េខាងត្បូង​ជាសត្រូវ​ធំ ប្រឆាំង​ស្អប់ កូរ៉េខាងជើង បាន​ប្រាប់​ឲ្យសភានៅសប្តាហ៍នេះ​ឲ្យ​សើរើរដ្ឋធម្មនុញ្ញ ដើម្បី​កាត់យក​កូរ៉េខាងត្បូង​មកដាក់ក្នុងផែនទី​របស់កូរ៉េខាងជើង នៅក្នុងករណីផ្ទុះសង្រ្គាមនៅឧបទ្វីប៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ