អានតួអត្ថបទ
ផ្ទុះ​ភ្នំភ្លើង

ភ្នំភ្លើងបីនៅ​ជប៉ុន ឥណ្ឌូណេស៊ី និង​អ៊ីស្លង់ ​បាន​ផ្ទុះ​ ក្នុង​ថ្ងៃ​តែ​មួយ​ដូច​ណាត់​គ្នា

បន្ទាប់​ពី​ជប៉ុន ភ្នំភ្លើង​ម៉ារ៉ាពី​ ដែលស្ថិត​នៅលើ​កោះ​ស៊ូម៉ាត្រា​ប្រទេស​ឥណ្ឌូណេស៊ី បាន​ផ្ទុះ​ជា​ថ្មី​នៅព្រឹក​​ថ្ងៃ​អាទិត្យ​ទី​១៤​មករា​នេះ ដោយជះ​​​ផ្សែង​ផេះគ្រប​​ពេញមេឃ។ អាជ្ញាធរ​ឥណ្ឌូណេស៊ី​បាន​ជម្លៀស​ប្រជាពលរដ្ឋ​ ​តាំងពី​ប៉ុន្មាន​ថ្ងៃ​មុន ប៉ុន្តែ​នៅ​អ៊ីស្លង់​ ភ្នំភ្លើង​មាន​សកម្មភាព​លឿន​ខ្លាំង​ហួស​ពីការ​ព្យាករ​ ទើប​ជំរុញ​ឱ្យ​មាន​ការ​ជម្លៀស​ប្រជាជន​ជា​បន្ទាន់​ និង​ទាំង​យប់។

ភ្នំភ្លើងបីនៅ​ជប៉ុន ឥណ្ឌូណេស៊ី និង​អ៊ីស្លង់ ​បាន​ផ្ទុះ​ ក្នុង​ថ្ងៃ​តែ​មួយ​ដូច​ណាត់​គ្នា
ភ្នំភ្លើងបីនៅ​ជប៉ុន ឥណ្ឌូណេស៊ី និង​អ៊ីស្លង់ ​បាន​ផ្ទុះ​ ក្នុង​ថ្ងៃ​តែ​មួយ​ដូច​ណាត់​គ្នា © REUTERS/Protection civile d'Islande
ផ្សាយពាណិជ្ជកម្ម

ដូច​ណាត់​គ្នា នៅ​ថ្ងៃ​អាទិត្យ​នេះ​ មានគ្រោះ​​ភ្នំភ្លើង​ធំៗបី​​បាន​ផ្ទុះ​ឡើង។ ផ្តើម​ដំបូង​គេ គឺ​ភ្នំភ្លើង​អូតាកេ​របស់​ជប៉ុន។​​ តែ​ជា​សំណាង​ល្អ ភ្នំភ្លើង​មិន​បង្ក​ឱ្យ​មាន​ជន​រងគ្រោះ​របួស ឬ​ការ​ខូច​ខាត​អ្វី​ទេ ហើយ​ក៏​គ្មាន​ការ​ជម្លៀស​ប្រជាជន​ដែរ។

នៅឥណ្ឌូណេស៊ី​វិញ ភ្នំភ្លើង​ម៉ារ៉ាពី ដែល​ចាប់​ផ្តើម​សកម្មខ្លាំង​តាំងពី​ជា​ច្រើន​សប្តាហ៍​មក​ហើយ បាន​ផ្ទុះ​នៅ​ព្រឹក​ថ្ងៃ​អាទិត្យ​ទី ១៤​មករា​វេលាម៉ោង​៦​និង​២១​នាទី​ ម៉ោង​នៅក្នុង​ស្រុក ដោយ​បញ្ចេញ​ផ្សែង​និង​ផេះ​ក្រាសឃ្មឹក​ ពេញ​ផ្ទៃ​មេឃក្នុង​​កម្ពស់​ជាង​១៣០០០ម៉ែត្រ​ ពី​មាត់​ភ្នំភ្លើង។

ប៉ុន្តែ​ភ្នាក់ងារ​​គ្រប់គ្រង​ភ្នំភ្លើង​និង​ហានិភ័យ​ភូគព្ភសាស្ត្រឥណ្ឌូណេស៊ី​ បានត្រៀម​លក្ខណៈ​ជាមុន។ ​ប្រជាពលរដ្ឋ​ដែល​រស់​នៅ​តាម​ជ្រលង​ភ្នំ​និង​ទំនាប​មាត់​ស្ទឹង​ ជើង​ភ្នំម៉ារ៉ាពី បាន​ទទួល​ដំណឹង​ស្តី​អំពីគ្រោះ​ផ្ទុះ​ភ្នំភ្លើង​ និងហានិភ័យ​​មាន​ទឹក​ជំនន់​។ ជា​ទឹក​ជំនន់​បង្ក​ឡើង​ដោយ​កំអែរ​ភ្នំភ្លើង​ចូល​ទៅ​ក្នុង​ស្ទឹង ដែល​កំពុង​ជន់ជោរ​ដោយ​ទឹក​ភ្លៀង​រដូវ​វស្សាស្រាប់។

អាជ្ញាធរ​ឥណ្ឌូណេស៊ី​បាន​ដំឡើង​អាសន្ន​ដល់​កំរិតទី​បី តាំងពី​នៅ​ថ្ងៃ​អង្គារ​មក ហើយ​ពង្រីក​រង្វង់​សុវត្ថិភាព​​ដល់​៤គីឡូម៉ែត្រ​កន្លះ​ពី​មាត់​ភ្នំភ្លើង​ ព្រមទាំង​បាន​ជម្លៀស​ប្រជាជន១៥៨​នាក់​​ចេញ​ពី​តំបន់​នោះ តាំងពី​ថ្ងៃ​សុក្រ​។ ​កាលពី​ខែមុន​ភ្នំភ្លើង​នេះ​បាន​ផ្ទុះ​សម្លាប់​ទេសចរអ្នក​ដើរ​ភ្នំ ២៤​នាក់រួច​ហើយ។

​មាន​ទីតាំង​ស្ថិត​នៅ​ចំខ្សែក្រវ៉ាត់​ភ្នំភ្លើង​ប៉ាស៊ីហ្វិក ដែល​មាន​សកម្មភាព​ភ្នំភ្លើង​និង​រញ្ជួយ​ដី​ខ្លាំង ឥណ្ឌូណេស៊ីមាន​ភ្នំភ្លើង​សកម្ម​ប្រមាណ​ជិត​១៣០។ កាលពី​ថ្ងៃពុធ ឥណ្ឌូណេស៊ី​បាន​ចេញ​ក្រិត្យ​ប្រកាស​អាសន្ន​ខ្ពស់​បំផុត​មួយ​ហើយ​ដោយហេតុ​ភ្នំភ្លើង​ Lewotobi Laki-Laki ​កោះនៅ​ខាង​កើត​ប្រទេស​ បាន​ផ្ទុះ​ដែរ។

ប៉ុន្មាន​ម៉ោង​ក្រោយ​មក នៅ​វេលា​ម៉ោង​៨ព្រឹក​ម៉ោង​នៅក្នុង​ប្រទេសអ៊ីស្លង់ ​ភ្នំភ្លើងក្បែរ​កំពង់​ផែ​នេសាទ​ Grindavick ​​បាន​ផ្ទុះ​ឡើង និង​បង្ក​ការ​ខូច​ខាត​យ៉ាង​ខ្លាំង។ បើ​តាម​រូបភាព​ផ្តល់​ដោយ​ភ្នាក់ងារ​ឧតុនិយម​អ៊ីស្លង់ ដី​ចាប់​គ្រហឹម​​រញ្ជួយ​រង្គើយ៉ាង​ខ្លាំងនៅ​ពេល​យប់ និង​យ៉ាង​លឿន​ ប្រេះខ្ជាក់​កំអែរ​ភ្លើង​បាន​ហូរ​ចេញ​មក​តាម​ស្នាម​ដី​ប្រេះ ​​ជា​ហេតុ​បង្ក​ឱ្យ​មាន​ការ​ជម្លៀស​ប្រជាជន​​ជា​បន្ទាន់​ទាំង​កណ្តាល​អាធ្រាត្រ។ ប្រជាជន​ក្នុង​ក្រុង​Grindavickនេះ ទើបបាន​ទទួល​ការ​អនុញ្ញាត​ឱ្យ​មក​រស់​នៅ​ជា​ធម្មតា​ឡើង​វិញ​បន្ទាប់​ជម្លៀស​ខ្លួន​​បង្ការ​តាំងពី​ថ្ងៃទី​១១​វិច្ឆិកា ​គេច​ពី​ការ​រញ្ជួយ​ដីផ្ទុះ​ភ្នំភ្លើង។ នេះ​ជា​ការ​ផ្ទុះ​ភ្នំភ្លើង​​លើក​ទី​៥​ហើយសម្រាប់​អ៊ីស្លង់​​ក្នុង​រយៈ​ពេលមិន​ដល់​​បី​ឆ្នាំ​ផង។ ការផ្ទុះ​ភ្នំភ្លើង​លើក​ទី​មុន​បានកើត​ឡើង​នៅ​ថ្ងៃ​ទី​១៨​ធ្នូ ក្នុង​តំបន់Grindavickនេះ​ដដែល​ដែល​ស្ថិត​នៅចម្ងាយ​ប្រមាណ​តែ​៤០គីឡូម៉ែត្រ​ពី​រដ្ឋ​ធានី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ