អានតួអត្ថបទ
អំពើហិង្សា​លើអ្នកនយោបាយកូរ៉េខាងត្បូង

ប្រធានបក្ស​ប្រឆាំង​កូរ៉េខាងត្បូង​ត្រូវ​ខ្មាន់កាំបិត​ចាក់​ឲ្យ​របួស​ត្រង់ ក

នៅ​កូរ៉េខាងត្បូង ប្រធានបក្សប្រឆាំង លោក លី ចែម្ញុង​ត្រូវ​ខ្មាន់កាំបិតម្នាក់ចាក់​ឲ្យរបួស​នៅត្រង់ក នៅថ្ងៃ​អង្គារ​ទី​២​មករា ក្នុងអំឡុង​ពេល​លោក​ធ្វើ​ទស្សនកិច្ច​នៅ​ទីតាំង ដែលជា​អនាគត​ព្រលាន​យន្តហោះថ្មី​នៅ​ទីក្រុង​ប៊ូសាន ភាគអាគ្នេយ៍ ​ទីក្រុងសេអ៊ូល។ ឃាតករត្រូវ​ប៉ូលិសសង្កត់​ចាប់ខ្លួន​ភ្លាមៗ ប៉ុន្តែ បដិសេធ​មិន​ឆ្លើយប្រាប់មូលហេតុ​ដែលធ្វើ​ឲ្យ​រូបគេ​ចាក់សម្លាប់ប្រធានបក្ស​ប្រឆាំង​កូរ៉េខាងត្បូង។

លោកលី ចែម្ញុង ប្រធានបក្សប្រឆាំងកូរ៉េខាងត្បូងត្រូវខ្មាន់កាំបិតចាក់ឲ្យរបួសត្រង់ ក នៅទីក្រុង​ប៊ូសាន នៅថ្ងៃទី ២​មករា ២០២៤
លោកលី ចែម្ញុង ប្រធានបក្សប្រឆាំងកូរ៉េខាងត្បូងត្រូវខ្មាន់កាំបិតចាក់ឲ្យរបួសត្រង់ ក នៅទីក្រុង​ប៊ូសាន នៅថ្ងៃទី ២​មករា ២០២៤ AP - Ha Kyung-min
ផ្សាយពាណិជ្ជកម្ម

លោក​លី ចែម្ញុង ​ប្រធាន​គណបក្ស​ប្រជាធិបតេយ្យ​ត្រូវ​ឃាតករ​រុល​ចូល​ទៅ​ចាក់សម្លាប់​ នៅពេលលោកកំពុង​ឆ្លើយសំនួរ​របស់​អ្នកកាសែត​​ នៅក្នុងពេល​​ធ្វើទស្សនកិច្ច​នៅទីតាំង​ដែលជា​អនាគត​ការដ្ឋានសាងសង់​ព្រលានយន្តហោះ ក្រុង​ប៊ូសាន។

តាម​សាក្សី​នៅកន្លែងកើតហេតុ ខ្មាន់កាំបិត​ក្នុង​វ័យ​ប្រមាណ ៦០ឆ្នាំ​បាន​និយាយ​សុំ​ហត្ថលេខា​ពី​លោក​លី ចែម្ញុង មុន​នឹង​ហក់​ទៅ​ចាក់លោក​ទាំងកម្រោល។ ភ្លាមៗ មនុស្ស​ជុំវិញ លោក​លី ចែម្ញុង ដែលនៅក្នុងនោះ មាន​ប៉ូលិស​ឯកសណ្ឋានស៊ីវិល​បានសង្រ្គុប ផ្តួលផ្ទុចឃាតករ​ទៅនឹងដី ចំណែក​លោក​លី ចែម្ញុង បិទភ្នែក​ត្រូវ​គេ​ផ្តេកទៅ​លើដី ដោយ​មាន​អ្នកយកកន្សែងខ្ទប់​ឃាត់ឈាម។

យោង​តាម​ប៉ូលិស​កូរ៉េខាងត្បូង លោក​លី ចែម្ញុង​ត្រូវ​ឃាតករ​ចាក់​ឲ្យរបួស​នៅត្រង់ក ជម្រៅ​១សង់ទីម៉ែត្រ។ បន្ទាប់​ពី​ដឹក​ទៅ​សង្រ្គោះបន្ទាន់​នៅ​មន្ទីរពេទ្យ​ប៊ូសាន លោក​លី ចែម្ញុង ដែល​ត្រូវ​ឃាតករ​ចាក់​ចំ​សរសៃរ​ឈាម​នៅត្រង់ក ត្រូវ​គេបញ្ជូន តាម​ឧទ្ធម្ភាគចក្រ ទៅកាន់​មន្ទីរពេទ្យ នៅ​សេអ៊ូល។ អ្នកតំណាង​គណបក្ស​ប្រជាធិបតេយ្យ​របស់​លោក​លី ចែម្ញុង​បាន​និយាយ​ប្រាប់អ្នកកាសែត​នៅថ្ងៃអង្គារ​ថា នៅ​ក្រោយ​ការវះកាត់​២ម៉ោង លោក​លី ចែម្ញុង រួចផុតពី​គ្រោះថ្នាក់​ដល់​ជីវិត និង​កំពុង​ទទួល​បាន​ការព្យាយាមយ៉ាងយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យ។

និយាយ​ពី​ឃាតករ​វិញ ដែល​ប៉ូលិស​អះអាងថា មានអាយុ​៦៧ឆ្នាំ បាននិយាយ​សារភាពថា គេបានទិញ​កាំបិត​តាម​អ៊ីនធ័រនែត ប៉ុន្តែ បដិសេធ​មិន​ឆ្លើយ​ប្រាប់​ប៉ូលិស​ពី​មូលហេតុ​ដែលធ្វើ​ឲ្យ​គេ​លើកដៃ​ចាក់​សម្លាប់​លោក​លី ចេម្ញុង។

នៅក្រោយ​ទទួល​ដំណឹងចាក់សម្លាប់មេបក្សប្រឆាំង លោក​ប្រធានាធិបតី យូន សុខយោល​សំដែង​ក្តីបារម្ភ​ពី​សុវត្ថិភាព​របស់​លោក​លី ចែម្ញុង និង​ថ្កោលទោស​ការវាយប្រហារ​ទៅលើមេដឹកនាំ​បក្ស​ប្រឆាំង។

មាន​អាយុ ៥៩​ឆ្នាំ លោក​លី ចែម្ញុង​ធ្លាប់​ជា​បេក្ខជនប្រជែង​យ៉ាង​កៀកកិត ដោយ​ចាញ់​លោក​ប្រធានាធិបតី យូន សុខយោល​តែ​ប៉ុន្មាន​សំឡេង​ប៉ុណ្ណោះ នៅ​ក្នុង​ការបោះឆ្នោត​ប្រធានាធិបតី កាល​ពី​ឆ្នាំ​២០២២។ ម្យ៉ាង ដោយ​មក​ពី​លោក​លី ចែម្ញុង រួបរឹត​ដោយរឿងអាស្រូវ​ពុករលួយ​ជាច្រើន នៅក្នុង​ពេល​លោក​កាន់​តំណែង ជា​ចៅហ្វាយក្រុង Gyonggi។

នៅ​ខែកញ្ញា​ឆ្នាំមុន ប្រធានបក្ស​ប្រឆាំង​កូរ៉េខាងត្បូងរូបនេះ បាន​រួចផុត​ដោយ​ប្រផិតប្រផើយ​ពី​ការចាប់ខ្លួន បន្ទាប់ពី​ចៅក្រម​បដិសេធ​មិន​ចេញដីកា​ចាប់ខ្លួន​តាមការទាមទារ​របស់​អាយ្យការ។ រងបទចោទប្រកាន់​ប្រព្រឹត្តអំពើពុករលួយ និងមានទំនាក់ទំនង​ជាមួយ​ម៉ាហ្វា រហូតធ្វើ​ឲ្យ​ក្រុមហ៊ុន​រដ្ឋ​ខាតបង់​ប្រាក់​ជាង ១៥លាន​ដុល្លារ លោក​លី ចែម្ញុង​កំពុង​ប្រឈម​នឹងការជំនុំជម្រះ​នៅ​តុលាការ ខណៈពេល​ភរិយារបស់លោក ជាប់ចោទ​ពីបទ​គៃបន្លំលុយរដ្ឋ។

ទោះ​បរាជ័យ នៅក្នុង​ការបោះឆ្នោត​ប្រធានាធិបតី និង​ជាប់សំណាញ់តុលាការ​ដោយសារ​រឿងអាស្រូវពុករលួយ លោក​លី ចែម្ញុង នៅតែមាន​ប្រជាប្រិយភាព នៅ​កូរ៉េខាងត្បូង ដោយមកពី​គោលនយោបាយ​របស់​លោក​ដែល​ចង់​បង្កើន​ប្រាក់ចំណូល​សកល​ជា​អប្បបរមា​សម្រាប់​ប្រជាជន​កូរ៉េខាងត្បូង។ តាម​ការស្ទង់មតិចុងក្រោយ​នៅ​កូរ៉េខាងត្បូង លោក​លី ចែម្ញុង​សង្ឃឹម​ទទួល​សំឡេង​ច្រើន នៅក្នុងការបោះឆ្នោត ប្រធានាធិបតី​អាណត្តិក្រោយ នៅ​ឆ្នាំ ២០២៧។ ម្យ៉ាង ដំណើរ​ទស្សនកិច្ច​របស់លោក​នៅ​ទីតាំងអនាគត​ការដ្ឋាន​សាងសង់ព្រលាន​យន្តហោះ ពោល​គឺ​មុនត្រូវខ្មាន់កាំបិត​ចាក់ឲ្យរបួស ធ្វើឡើង​នៅក្នុងបរិបទ​ដែល​កូរ៉េខាងត្បូង​ត្រៀម​រៀបចំការបោះឆ្នោតសភា នៅ​ខែមេសាខាងមុខ៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ