អានតួអត្ថបទ
ឥណ្ឌូណេស៊ី-រ៉ូហ៊ីងយ៉ា

និស្សិតឥណ្ឌូណេស៊ីនៅខេត្តអាឆេ ធ្វើបាតុកម្ម​បណ្តេញជនភៀសខ្លួនរ៉ូហ៊ីងយ៉ា

គ្មានឡើយ​ការអាណិតអាសូរ ក្នុងនាមជាអ្នកកាន់សាសនាអ៊ីស្លាមដូចគ្នា។ ក្រុមនិស្សិតឥណ្ឌូណេស៊ី នៅខេត្តអាឆេ (Aceh) ជាច្រើនរយនាក់ បានធ្វើបាតុកម្ម​ សំរុកចូលទៅ​បណ្តេញ​ជនភៀសខ្លួន​រ៉ូហ៊ីងយ៉ា ឲ្យចាកចេញពីកន្លែងស្នាក់នៅបណ្តោះអាសន្ន កាលពីថ្ងៃទី​២៧ធ្នូ​។ ក្នុងទឹកមុខភ័យតក់ស្លុត ជាមួយនឹងសំឡេងស្រែកទ្រហោយំ ជនភៀសខ្លួនរ៉ូហ៊ីងយ៉ា ដែលភាគច្រើនជាស្ត្រីនិងកុមារ​ ត្រូវបានគេចាប់​បញ្ជូន​យកទៅ​ទីតាំងអាជ្ញាធរអន្តោប្រវេសន៍ ដើម្បីរងចាំនីតិវិធីបណ្តេញចេញពីខេត្តអាឆេ។

Ethnic Rohingya women and children board a truck as they are being relocated from their temporary shelter at the basement of a community hall following a protest rejecting Rohingya refugees in Banda A
ស្ត្រីនិងកុមារជនភៀសខ្លួនរ៉ូហ៊ីងយ៉ា ត្រូវគេចាប់បញ្ជូនឡើងឡាន បណ្តេញចេញពីកន្លែងស្នាក់នៅបណ្តោះអាសន្ន បន្ទាប់ពីនិស្សិត​ឥណ្ឌូណេស៊ី ធ្វើបាតុកម្មបណ្តេញ។ ខេត្តអាឆេ ថ្ងៃទី​២៧ធ្នូ ២០២៣ AP - Reza Saifullah
ផ្សាយពាណិជ្ជកម្ម

និស្សិតឥណ្ឌូណេស៊ី នៅខេត្តអាឆេជាច្រើនរយនាក់ បាន​ប្រមូលផ្តុំគ្នា ធ្វើបាតុកម្ម​បណ្តេញ​ជនភៀសខ្លួនរ៉ូហ៊ីងយ៉ា។ ក្រុមនិស្សិតបានសំរុកចូលទៅក្នុងអគារមួយ ដែល​អាជ្ញាធរខេត្តបានអនុញ្ញាតឲ្យជនភៀសខ្លួនរ៉ូហ៊ីងយ៉ា ភាគច្រើនសុទ្ធតែជាស្ត្រីនិងកុមារ ចំនួន​១៣៧នាក់ ស្នាក់​នៅជាបណ្តោះអាសន្ន​។ យោងតាមវីដេអូថតក្នុងហេតុការណ៍នេះផ្ទាល់ គឺឃើញ​ក្រុមនិស្សិត​ឥណ្ឌូណេស៊ី ស្រែកជេរ​​បណ្តេញ ស្រែក​គំរាម​យ៉ាង​កម្រោល​បំផុត​។ ក្រុមនិស្សិតខ្លះទៀត បានយក​ជើងទាត់បង្វិចខោអាវ និង​​សម្ភារៈរបស់ជនភៀសខ្លូនរ៉ូហ៊ីងយ៉ា ដែលស្រែកទ្រហោរយំ ដោយ​ក្តី​ភិតភ័យរន្ធត់​។

ក្រុមនិស្សិតមកពីសាលាផ្សេងៗគ្នា​​​ បានដុតកង់ឡាន និងបានបញ្ជូន​រថយន្តកាមីញ៉ុងជាច្រើនគ្រឿង យកមកដឹក​ជនភៀសខ្លួន​។​ ផ្អែកតាម​អ្នកយកព័ត៌មានបារាំង AFP ដែលនៅទីតាំងផ្ទាល់ ក្រុមនិស្សិតបានវាយ​ប្រវាយ​ប្រតប់ ជាមួយ​អ្នកក្រុមនគរបាល ហើយ​នៅទីបំផុត នគរបាល​បាន​សម្រេចធ្វើតាម​ការទាមទាររបស់ពួក​និស្សិត ដោយ​បានបញ្ជូន​ជនជៀសខ្លួន​រ៉ូហ៊ីយ៉ាឡើងឡាន យកទៅទុកនៅ​ការិយាល័យអន្តោប្រវេសន៍ ដើម្បីរងចាំនីតិវិធី​បណ្តេញចេញ​។

ទីភ្នាក់ងារ​អង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន បាន​ចេញលិខិតប្រកាសមួយ ដោយ​បាន​ថ្លែងការសោកស្តាយនិង​បារម្ភបំផុត ចំពោះទង្វើនេះ​ដែលបាន​បង្ក​​ឲ្យ​​​ជនភៀសខ្លួន​​រ៉ូហ៊ីងយ៉ា មានការភ័យ​​តក់​ស្លុត​ជាខ្លាំង។ អង្គការUNHCR សូមអំពាវនាវឲ្យ​អាជ្ញាធរឥណ្ឌូណេស៊ី ត្រូវ​តែ​ចាត់វិធានការចាំបាច់ជាបន្ទាន់ ដើម្បីការពារសន្តិសុខ​ជនភៀសខ្លួន​ដែលកំពុងតែ​ស្ថិតនៅក្នុងស្ថានភាព​លំបាក​ តែលតោលអស់សង្ឃឹម​។ ​យោងតាមលិខិតរបស់ UNHCR គឺសកម្មភាពហិង្សា​របស់​ក្រុមនិស្សិតឥណ្ឌូណេស៊ីនៅខេត្តអាឆេ ជា​លទ្ធផល​នៃ​ការ​ឃោសនា​ផ្សព្វផ្សាយ​ព័ត៌មានមិនពិត និងពង្វក់នៅ​តាមបណ្តាញសង្គម អមដោយ​ពាក្យ​សំដីលាបពណ៌ ​ប្រមាថមើលងាយ រើសអើង​ជាតិសាសន៍ ចោទប្រកាន់ទៅលើ​ជនភៀសខ្លួន​រ៉ូហ៊ីងយ៉ា។

បាតុករស្ត្រីឥណ្ឌូណេស៊ី លើកផ្ទាំងបដាសរសេរថា "ត្រូវតែបណ្តេញ UNHCR IOM និងពួករ៉ូហ៊ីងយ៉ា ចេញពីខេត្តអាឆេ" ។ ក្រុង​ Sabang ខេត្ត​អាឆេ ថ្ងៃទី១៨ ធ្នូ២០២៣
បាតុករស្ត្រីឥណ្ឌូណេស៊ី លើកផ្ទាំងបដាសរសេរថា "ត្រូវតែបណ្តេញ UNHCR IOM និងពួករ៉ូហ៊ីងយ៉ា ចេញពីខេត្តអាឆេ" ។ ក្រុង​ Sabang ខេត្ត​អាឆេ ថ្ងៃទី១៨ ធ្នូ២០២៣ AP - Reza Saifullah

សូមបញ្ជាក់ថា ចាប់តាំងពីពាក់​កណ្តាលខែវិច្ឆិកាមក មានជនភៀសខ្លួនរ៉ូហ៊ីងយ៉ា យ៉ាងហោច១៥០០នាក់ ដែល​បាន​ផ្សងជីវិត ជិះទូកចេញពីជំរំនៅបង់ក្លាដែស ឆ្លងសមុទ្រអង់ដាម៉ាន់ ឆ្ពោះទៅកាន់​ខេត្តអាឆេ ភាគខាងលិចឥណ្ឌូណេស៊ី​។ វត្តមាន​របស់ជនភៀសខ្លួនរ៉ូហ៊ីងយ៉ា បានបង្កឲ្យ​មាន​មតិយល់ឃើញខុសគ្នា នៅក្នុងខេត្តអាឆេ ​ខ្លះអាណិត​អាសូរ ក្នុងនាមជាអ្នកកាន់សាសនាអ៊ីស្លាមដូចគ្នា ឯខ្លះទៀតបានប្រឆាំងដាច់ខាត ព្រោះខ្លាច​ក្រុមជនរ៉ូហ៊ីងយ៉ា​ មកដណ្តើម​ការងារនិងធនធានក្នុងខេត្តនេះ ដែលក្រីក្រស្រាប់ទៅហើយ​​។ និស្សិតម្នាក់ បាន​អះអាងថា​​ គេប្រឆាំងដាច់ខាត ចំពោះការមកតាំងទីរបស់ជនភៀសខ្លួនរ៉ូហ៊ីងយ៉ា​ ដែល​មកតាមរយៈពួកឈ្មួញទុច្ចរិត ​​រកស៊ីដឹកជញ្ជូន​​ជនភៀសខ្លួន​។​ ប៉ុន្មានថ្ងៃមកនេះ ប្រជាជនខេត្តអាឆេ បានធ្វើបាតុកម្មជាបន្តបន្ទាប់ ទាមទារឲ្យ​អាជ្ញាធរ​បណ្តេញ​ជនភៀសខ្លួនរ៉ូហ៊ីងយ៉ា។​

គួរបញ្ជាក់ដែរថា ឥណ្ឌូណេស៊ី មិនមែនជាប្រទេសហត្ថលេខី នៃសន្ធិសញ្ញា​អង្គការសហប្រជាជាតិ ស្តីពី​ជនភៀសខ្លួនឡើយ។ កន្លងមក រដ្ឋាភិបាលឥណ្ឌូណេស៊ី ធ្លាប់​បានអះអាងថា គេពុំ​មានកាតព្វកិច្ចអ្វី ត្រូវទទួលយកជនភៀសខ្លួនរ៉ូហ៊ីងយ៉ានោះទេ។ ទន្ទឹមគ្នានេះ ឥណ្ឌូណេស៊ី បាន​បរិហាររិះគន់ប្រទេសផ្សេងទៀតក្នុងតំបន់ ថា​​បាន​បិទទ្វារខ្ទប់ មិន​ឲ្យជនភៀសខ្លួនរ៉ូហ៊ីងយ៉ាចូលទៅស្នាក់នៅ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ