អានតួអត្ថបទ
កូរ៉េខាងត្បូង-យន្តហោះដែនអាកាស

សេអ៊ូល​បញ្ជូនយន្តហោះចម្បាំង នៅពេល​យន្តហោះយោធាចិន និងរុស្ស៊ីហោះចូលដែនអាកាសកូរ៉េខាងត្បូង

កងទ័ពកូរ៉េខាងត្បូង​បាន​ប្រកាស​ ថា ខ្លួន​បាន​បញ្ជូន​យន្តហោះចម្បាំង​ទៅ​ហោះល្បាត បន្ទាប់ពី​យន្តហោះ​របស់​កងទ័ព​ចិន និង​រុស្ស៊ី​ចំនួន​៦គ្រឿង​ហោះចូលក្នុង​តំបន់​ការពារ​អាកាស​របស់​កូរ៉េខាងត្បូង នៅថ្ងៃ​ព្រហស្បតិ៍ទី​១៤​ធ្នូ។ ជាសម្ព័ន្ធមិត្ត​ដ៏សំខាន់​របស់​អាមេរិក នៅក្នុងតំបន់ កូរ៉េខាងត្បូង​តវ៉ាជាញយដង​ពីរឿងដែលថា យន្តហោះចម្បាំងចិន និង​រុស្ស៊ី ឧស្សាហ៍​ហោះចូល​ទៅក្នុង​តំបន់​ការពារ​ដែនអាកាស​របស់ខ្លួន។

យន្តហោះចម្បាំងរបស់អាមេរិក និងកូរ៉េខាងត្បូង​ក្នុងសមយុទ្ធរួមគ្នា
យន្តហោះចម្បាំងរបស់អាមេរិក និងកូរ៉េខាងត្បូង​ក្នុងសមយុទ្ធរួមគ្នា AP
ផ្សាយពាណិជ្ជកម្ម

កងទ័ពកូរ៉េខាងត្បូង​បាន​បញ្ជូនភ្លាមភ្លែត​យន្តហោះចម្បាំង​របស់ខ្លួន​ទៅ​ហោះល្បាតនៅក្នុង​ដែនអាកាស នៅថ្ងៃព្រហស្បតិ៍នេះ ពោលគឺ​នៅបន្ទាប់ពី​សេនាធិការដ្ឋាន​អន្តរកងទ័ព ចាប់បាន​សញ្ញា​យន្តហោះចម្បាំងរបស់​ចិន ២គ្រឿង និង​យន្តហោះចម្បាំង​រុស្ស៊ី​៤គ្រឿង​ហោះចូល​ក្នុង​តំបន់​ការពារ​ដែនអាកាស​របស់​កូរ៉េខាងត្បូង។

យោងតាម​សេនាធិការដ្ឋានអន្តរកងទ័ព នៅសេអ៊ូល គ្មាន​ការឈ្លានពាន​ដែនអាកាស ព្រោះថា យន្តហោះចម្បាំង​របស់​ចិន និង​រុស្ស៊ី​ហោះ​ចូលតំបន់​ការពារដែនអាកាស​របស់​កូរ៉េខាងត្បូង នៅត្រង់​សមុទ្រ​ជប៉ុន តែ​ប្រមាណ ១៧នាទីប៉ុណ្ណោះ មុន​នឹង​ហោះ​ចេញ​ទៅវិញ។

នៅថ្ងៃ​ព្រហស្បតិ៍ កងទ័ព​កូរ៉េខាងត្បូង​ចាប់​បាន​សញ្ញា​យន្តហោះ​ចម្បាំង​របស់​ចិន និង​រុស្ស៊ី នៅមុនវា​ហោះចូល​ក្នុង​តំបន់​ការពារ​ដែនអាកាស និង​បាន​បញ្ជូន​យន្តហោះចម្បាំង​ទៅហោះល្បាត​នៅ​ទីនោះ ដើម្បីត្រៀមទប់ទល់​នឹង​ហេតុការណ៍​ណាមួយ។

គិត​ចាប់តាំង​ពី​ចុងឆ្នាំ ២០២២ នេះជាលើកទី៣​ដែលកូរ៉េខាងត្បូង​តវ៉ាប្រឆាំង ចិន និង​រុស្ស៊ី ដែលបាន​បញ្ជូន​យន្តហោះចម្បាំង​របស់ខ្លួន​ទៅហោះចូលក្នុង​តំបន់ការពារ​ដែនអាកាស​របស់​កូរ៉េខាងត្បូង។

នៅ​ខែ មិថុនា​កន្លងទៅ សេអ៊ូល​បាន​បញ្ជូន​យន្តហោះចម្បាំង​ដូចគ្នានេះ បន្ទាប់ពី​យន្តហោះ​របស់​កងទ័ព​ចិន និង​រុស្ស៊ី​ហោះទៅក្បែរ​តំបន់​ការពារ​ដែនអាកាស​របស់​កូរ៉េខាងត្បូង នៅក្នុងអំឡុង​សមយុទ្ធកងទ័ពជើងអាកាស​របស់​ប្រទេសចិន និង​រុស្ស៊ី នៅសមុទ្រជប៉ុន ឬ​សមុទ្រ​ចិនខាងកើត។

វត្តមានយន្តហោះចម្បាំង​ចិន និង​រុស្ស៊ី ហោះចូល​តំបន់​ការពារ​ដែនអាកាស​កូរ៉េខាងត្បូង កើតឡើង​នៅ​មួយសប្តាហ៍​ក្រោយដែល កូរ៉េខាងត្បូង ជាមួយ​សម្ព័ន្ធមិត្ត​របស់​អាមេរិក និង​ជប៉ុន ប្រកាសចាប់ដៃគ្នា​ដើម្បី ធានា​ស្ថិរភាព​នៅ​ច្រកសមុទ្រតៃវ៉ាន់ ដែល​នេះមិនមែនជា​ដំណឹងល្អ​សម្រាប់​ប៉េកាំង។ ជា​សម្ព័ន្ធមិត្ត​របស់​កូរ៉េខាងជើង​ដែលជាបងប្អូន​សត្រូវ​របស់​កូរ៉េខាងត្បូង ចិនបង្កើនការធ្វើសមយុទ្ធ​យោធា​ជាមួយ​រុស្ស៊ី នៅសមុទ្រ នៅ​សមុទ្រ​ចិន​ខាងកើត នៅក្នុងគោលដៅ​បង្ហាញ​សាច់ដុំ ឆ្លើយតប​សមយុទ្ធរបស់​អាមេរិក​ជាមួយ​សម្ព័ន្ធមិត្ត នៅតំបន់​អាស៊ីប៉ាស៊ីហ្វិក។ ថ្មីៗនេះ កូរ៉េខាងត្បូង​ក៏បាន​ចេញមុខ​ចោទប្រកាន់​រុស្ស៊ីដែរថា បាន​ចូលរួម​ជួយ​ជំរុញ​ឲ្យ​កូរ៉េខាងជើង ដែលទើបក្លាយជា​មហាអំណាច​នុយក្លេអ៊ែរ អាច​បាញ់​បញ្ជូន​ដោយ​ជោគជ័យ​ផ្កាយរណបចារកិច្ចយោធា​ទៅក្នុង​គន្លងតារាវិថី កាលពី​វិច្ឆិកាកន្លងទៅ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ