អានតួអត្ថបទ
ភូមា-ប្រេងឥន្ធនៈ

ភូមាកំពុង​លង់​ក្នុង​វិបត្តិ​ខ្វះ​​ប្រេង​ឥន្ធនៈ​ប្រើប្រាស់?

រង់ហ្គូន​រដ្ឋធានី​សេដ្ឋកិច្ច​របស់​ភូមា និង​តំបន់​ជុំ​វិញ​ក្រុង​កំពុង​ឆ្លង​កាត់​វិបត្តិ​ខ្វះ​ប្រេង​ឥន្ធនៈ​ប្រើប្រាស់​យ៉ាង​ខ្លាំង​។ ពលរដ្ឋ​នាំគ្នា​​សម្រុក​ទៅ​តម្រង់​ជួរ​រង់ចាំ​ទិញ​ប្រេង​នៅ​តាម​ស្ថានីយ៍។ ​នេះ​បើ​តាម​សារព័ត៌មាន​រដ្ឋ​និង​ពលរដ្ឋ​។

ភូមា​៖ កំពុង​ជាប់​គាំង​សេដ្ឋកិច្ច​ដោយ​គ្មាន​ប្រេង​ឥន្ធនៈ​ប្រើប្រាស់?
ភូមា​៖ កំពុង​ជាប់​គាំង​សេដ្ឋកិច្ច​ដោយ​គ្មាន​ប្រេង​ឥន្ធនៈ​ប្រើប្រាស់? REUTERS/Jo Yong-Hak/Files
ផ្សាយពាណិជ្ជកម្ម

ភូមា​កំពុង​ប្រឈម​នឹង​វិបត្តិខ្វះ​​ប្រេងឥន្ធនៈ​​។ ស្ថានីយ៍​ខ្លះ​ស្ងួត​ប្រេង​និង​ត្រូវ​បិទ​ទ្វារអស់​មួយ​សប្តាហ៍​ហើយ។ ស្ថានីយ៍​ខ្លះ​ទៀត ដែល​នៅ​សល់​ប្រេង​ខ្លះ ​បាន​កំរិត​បរិមាណ​លក់​​ត្រឹម​តែ​២០​លីត្រ​ប៉ុណ្ណោះ​សម្រាប់​អតិថិជន​ម្នាក់ៗ។ នេះ​បើ​តាម​ការ​សម្គាល់​របស់​អ្នក​ឆ្លើយ​ឆ្លង​ព័ត៌មាន​របស់​ទី​ភ្នាក់ងារ​សារព័ត៌មាន​បារាំង​AFP ដោយ​រៀប​រាប់​​ទៀត​ថានៅ​ព្រឹក​​ថ្ងៃពុធ​នេះ មានរថយន្ត​ម៉ូតូ​ច្រើន​ណាស់​បាន​មក​បន្ត​កន្ទុយ​គ្នា​នៅ​តាម​ស្ថានីយ៍​ក្នុង​ក្រុង​រ៉ង់ហ្គូនដែល​មាន​ប្រជាពលរដ្ឋ​រស់​នៅ​ជាង​៥លាន​នាក់​ដើម្បី​រង់​ចាំ​ចាក់​សាំង។

​ជា​ផ្លូវការ​បើ​តាម​សារព័ត៌មាន​រដ្ឋ​ភូមា Globel New Light of Myanmar កង្វះ​ប្រេង​ឥន្ធនៈ​នៅ​ក្រុង​រ៉ង់ហ្គូន​និង​តំបន់​ជុំ​វិញ​ក្រុង ​ បណ្តាល​មក​ពី​បញ្ហា​ចរាចរណ៍។ ការ​ដឹក​ជញ្ជូន​ប្រេង​ពីកំពង់ផែ​ទៅ​ផ្គត់​ផ្គង់​ស្ថានីយ៍​នីមួយៗ​ជួប​ការ​យឺត​យ៉ាវ​ខ្លាំង ទើប​កន្លែង​ខ្លះ​គ្មាន​ប្រេងសម្រាប់​​លក់។

​ប្រេង​ឥន្ធនៈ ដែល​​លក់​នៅ​តាម​ស្ថានីយ៍​ក្នុង​ក្រុង​រ៉ង់ហ្គូន​ មួយ​ភាគធំ ​ត្រូវ​ដឹក​មក​ពីកំពង់ផែធីឡាវ៉ា និង​ជា​ប្រេង​នាំ​ចូល។ ប៉ុន្តែតម្លៃ​ប្រេង​នាំ​ចូល​បាន​ហក់​ឡើង​យ៉ាង​ខ្លាំង​ ព្រោះ​​​លុយ​ភូមា​ធ្លាក់​ថ្លៃ​ជា​លំដាប់​តាំងពី​រដ្ឋប្រហារ​មក​។ រដ្ឋប្រហារ​ថ្ងៃ​ទី ១កុម្ភៈ​២០២១ បាន​បិទ​បញ្ចប់​សករាជ​នៃ​ការ​បើក​ចំហ​នយោបាយ​និង​សេដ្ឋកិច្ច​របស់​រដ្ឋាភិបាលស៊ីវិល​ដឹកនាំ​ដោយ​លោកស្រី​អ៊ុងសានស៊ូជី។ ​ហើយ​តាំង​ពី​ពេល​នោះ​មក ​ជម្លោះ​ហិង្សា​រវាងរដ្ឋាភិបាល​សិក​និង​បក្ស​ប្រឆាំង​នយោបាយ​ ​ និង​​កងទ័ព​ភូមាជា​មួយ​​ពួក​ឧទ្ទាម​ប្រដាប់​អាវុធ​ជនជាតិ​ភាគ​តិច​ក៏​បាន​ផ្ទុះ​ឡើង នៅ​តាម​តំបន់​ជា​ច្រើន​ជា​មាន​អាទិ៍​តំបន់​ភាគ​ខាង​ជើង​ជាប់​ព្រំដែន​ចិន ឥណ្ឌា និង​ថៃ។

​ភូមា​រាប់​មាន​ក្រុម​ប្រដាប់​អាវុធ​​ជា​ជនជាតិ​ភាគ​តិច​រាប់​សិប​ក្រុម ខ្លះ​ប្រយុទ្ធ​ប្រឆាំង​នឹង​កងទ័ព​រដ្ឋាភិបាល​សឹក​ភូមា​តាំង​ពី​ឆ្នាំ​១៩៤៨ ឆ្នាំ​ដែល​ភូមា​បាន​ទទួល​ឯករាជ្យ​ពី​​អង់គ្លេស។ កាលពី​ខែ​តុលា​ សម្ព័ន្ធ​ជនជាតិ​ភាគ​តិច​បី​ក្រុម​បាន​សហការ​គ្នា​បើក​យុទ្ធនាការ​ប្រឆាំង​យោធា​របប​សឹក​ នៅ​រដ្ឋ​Shan ដោយ​ដណ្តើម​កាន់​កាប់​បាន​ក្រុង​យុទ្ធ​សាស្ត្រដែល​ជា​​ដណ្តើម​សេដ្ឋកិច្ចដ៏​សំខាន់​សម្រាប់​ពាណិជ្ជកម្ម​ភូមា​-ចិន។ ប្រឈម​នឹង​ស្ថានភាពកាន់​តែ​ហិង្សា​ឡើងៗ​នេះ ​ម្សិលមិញ​ មេដឹកនាំ​សឹក​ភូមា​ លោក មីន អ៊ុងឡាំង បាន​អំពាវនាវ​ឱ្យ​ក្រុមប្រដាប់​អាវុធ​ជនជាតិ​ភាគ​តិច​ ដោះស្រាយ​ជម្លោះ​តាម​ផ្លូវ​នយោបាយ។

សម្រាប់​អ្នក​វិភាគនៃ​ធនាគារ​ពិភពលោក​ ជម្លោះ​ប្រដាប់អាវុធ​​នៅ​តាម​ព្រំដែន​ជា​ការ​គំរាម​កំហែង​ខ្លាំង​សម្រាប់​របប​សឹក​ភូមា បូក​ថែម​នឹង​វិបត្តិ​អតិផរណា និង​ការ​ផ្តាច់​ភ្លើងញយៗ បន្ត​ញាំញីសេដ្ឋកិច្ច​​ភូមា​ងើប​ឡើង​បាន​ទេ។ សេដ្ឋកិច្ច​ភូមា​បាន​ដាំ​ក្បាល​ចុះ​តាំង​ពី​មាន​រដ្ឋប្រហារ​មក។ បើ​ទោះ​បី​ជា​ប្រទេស​មាន​កំណើន​សេដ្ឋកិច្ច​ប្រមាណ​៣%​មែន តែ​ផលិតផល​សរុប​ក្នុង​ស្រុក​បាន​ធ្លាក់ចុះ​អស់​ប្រមាណ​១០%​ ក្នុង​រយៈ​ពេល​បួន​ឆ្នាំ​នេះ​។ នេះ​បើ​តាម​របាយការណ៍​របស់​ធនាគារ​ពិភពលោកកាលពី​ខែ​មិថុនា​កន្លង​ទៅ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ