ចិនចោទអាមេរិកថាកូរវឹកបញ្ហាក្នុងសមុទ្ទចិនខាងត្បូង បារាំងសុំឱ្យប៉េកាំងកុំបន្ថែមវិបត្តិ
សម្រាប់ចិន អាមេរិកបានកូរឱ្យមានភាពតានតឹងនៅក្នុងសមុទ្ទចិនខាងត្បូងដោយចេតនា តាមរយៈការបញ្ជូននាវាសង្គ្រាមទៅក្នុងតំបន់ដែនទឹកជាប់ជម្លោះរវាងចិននិងបណ្តាប្រទេសជិតខាង។ ចំណែកឯលោកស្រីរដ្ឋមន្ត្រីការបរទេសបារាំង ដែលកំពុងស្ថិតនៅក្នុងប្រទេសអូស្ត្រាលីវិញ បានអំពាវនាវឱ្យចិនកុំបញ្ចេញសកម្មបែបបង្ករឿងបន្ថែមទៀត។
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០២:២៤
នៅថ្ងៃចន្ទទី៤ធ្នូនេះ ចិនបានអះអាងថាអាមេរិកបានបង្កើនភាពតានតឹង ដោយបញ្ជូននាវាចម្បាំងUSS Gabrielle Giffords ដោយខុសច្បាប់ និងដោយគ្មានការយល់ព្រមពីរដ្ឋាភិបាលចិន ទៅចូលកៀកតំបន់ដែនថ្មប៉ប្រះទឹកRen’ai នៃតំបន់ណាន់ស្ហារបស់ចិន ក្នុងសមុទ្ទចិនខាងត្បូង។ នេះបើតាមសំដីរបស់អ្នកនាំពាក្យនៃទីបញ្ជាការដ្ឋានយោធាចិនភាគខាងត្បូង ដោយព្រមានថា ការធ្វើឱ្យស្ថានភាពនៅតំបន់សមុទ្ទចិនខាងត្បូងឡើងតានតឹងដោយចេតនា ពីសំណាក់សហរដ្ឋអាមេរិកនេះ គឺជាការរំលោភបូរណភាពដែនដីនិងសន្តិសុខរបស់ចិនដ៏ធ្ងន់ធ្ងរ។
តំបន់ថ្មប៉ប្រះទឹក Ren’ai ហៅតាមចិន ឬជាតំបន់ថ្មប៉ប្រះទឹកSecond Thomas សម្រាប់ហ្វីលីពីន ស្ថិតនៅចម្ងាយប្រមាណ២០០គីឡូម៉ែត្រពីកោះប៉ាឡាវ៉ាន់របស់ហ្វីលីពីន និងដល់ទៅជាង១០០០គីឡូម៉ែត្រពីកោះហៃណាន់ ដែនដីចិនដ៏ជិតបំផុត។ តែចិនតែងបង្ហាញមហិច្ឆតាចង់គ្រប់គ្រងតំបន់សមុទ្ទចិនខាងត្បូងស្ទើរទាំងស្រុង រាប់ទាំងតំបន់ដែនទឹក និងកូនកោះតូចៗនៅជិតឆ្នេរប្រទេសជិតខាងដូចជាហ្វីលីពីន ព្រុយណេ ម៉ាឡេស៊ី តៃវ៉ាន់ ឬវៀតណាម ដោយមិនខ្វល់នឹងសេចក្តីសម្រេចរបស់តុលាការអន្តរជាតិកាលពីឆ្នាំ២០១៦ទេ។ ជាងនេះទៅទៀត ចិនបានបង្កើនការល្បាតកំញើញទូកនេសាទរបស់ប្រទេសជិតខាងពិសេសហ្វីលីពីន នៅក្នុងតំបន់ជាប់ជម្លោះនិងពង្រីកវត្តមានយោធាដល់តំបន់អាស៊ីប៉ាស៊ីហ្វិក ដែលជាហេតុនាំឱ្យភាពតានតឹងដល់ជាមួយប្រទេសអូស្ត្រាលីថែមទៀត។ កាលពីខែវិច្ឆិកាកន្លងទៅ នាវាសង្គ្រាមចិនបានធ្វើឱ្យក្រុមអ្នកមុជទឹកអូស្ត្រាលីរងរបួសផង។
ក្នុងស្ថានភាពបែបនេះ លោកស្រី កាទ្រីន កូឡូណា រដ្ឋមន្ត្រីការបរទេសបារាំងដែលកំពុងបំពេញទស្សនកិច្ចនៅក្នុងប្រទេសអូស្រ្តាលី បានអំពាវនាវនៅថ្ងៃចន្ទនេះដែរឱ្យចិនកុំធ្វើសកម្មភាពបង្កហេតុនៅក្នុងសមុទ្ទចិនខាងត្បូង ព្រោះពិភពលោកកំពុងមានវិបត្តិច្រើនណាស់ ច្បាស់ជាមិនត្រូវការបន្ថែមវិបត្តិមួយទៀតឡើយ។ សម្រាប់លោកស្រីរដ្ឋមន្ត្រីបារាំង ចិនមានសិទ្ធិបន្តពង្រីកឥទ្ធិពលសេដ្ឋកិច្ចរបស់ខ្លួនដោយសេរី តែចិនក៏ត្រូវគោរពច្បាប់អន្តរជាតិនិងរក្សាភាពស្ងប់ស្ងាត់ព្រមទាំងស្ថិរភាពក្នុងតំបន់៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ