តុលាការកូរ៉េខាងត្បូងកាត់ទោសជប៉ុនឲ្យសងជំងឺចិត្តដល់ទាសករផ្លូវភេទក្នុងសម័យសង្រ្គាមលោកលើកទី២
នៅកូរ៉េខាងត្បូង តុលាការជាន់ខ្ពស់ក្រុងសេអ៊ូលបានសម្រេច បញ្ជាឲ្យជប៉ុនបង់សងជំងឺចិត្តដល់ស្រ្តីកូរ៉េខាងត្បូង១៦នាក់ ដែលត្រូវបានចាប់បង្ខំឲ្យបម្រើផ្លូវភេទក្នុងសម័យសង្រ្គាមលោកលើកទី២។ ការសម្រេចរបស់តុលាការជាន់ខ្ពស់ក្រុងសេអ៊ូល កាលពីថ្ងៃព្រហស្បតិ៍ ទី២៣វិច្ឆិកានឹងទៅរំលាយ ចាត់ទុកជាមោឃៈ ការសម្រេចកន្លងមករបស់តុលាការជាន់ទាបក្រុងសេអ៊ូល។ កាលពីខែមេសា ឆ្នាំ ២០២១ តុលាការជាន់ទាបកូរ៉េខាងត្បូងបានលើកហេតុផល អភ័យឯកសិទ្ធិរដ្ឋ ដើម្បីបដិសេធមិនទទួលយកពាក្យបណ្តឹងរបស់ស្រ្តីរងគ្រោះ។ ជប៉ុនតាមរយៈ រដ្ឋមន្រ្តីការបរទេសបានប្រតិកម្មចាត់ទុកការសម្រេចចិត្តរបស់តុលាការកូរ៉េខាងត្បូងថា ផ្ទុយនឹងច្បាប់អន្តរជាតិ និងមិនអាចទទួលយកបាន។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ស្តាប់ - ០៤:១៩
៨០ឆ្នាំក្រោយចប់សង្រ្គាមលោកលើកទី២ ទើបស្រ្តីរងគ្រោះកូរ៉េខាងត្បូងទទួលបានយុត្តិធម៌ពីតុលាការ នៅក្នុងសំណុំរឿងទាសករផ្លូវភេទ។ នៅថ្ងៃព្រហស្បតិ៍ ទី ២៣ វិច្ឆិកា តុលាការជាន់ខ្ពស់ក្រុងសេអ៊ូលបានសម្រេចកាត់ក្តី បញ្ជាឲ្យជប៉ុនត្រូវបង់សងជំងឺចិត្ត ទៅឲ្យស្រ្តីរងគ្រោះជាតិកូរ៉េខាងត្បូង ១៦នាក់ ដែលជាម្ចាស់ដើមបណ្តឹង ក្នុងម្នាក់ៗ ២០០លានវ៉ុន ដែលស្មើនឹង១៥៤ ០០០ដុល្លារ។
ការសម្រេចកាលពីថ្ងៃព្រហស្បតិ៍ របស់តុលាការជាន់ខ្ពស់ក្រុងសេអ៊ូលនឹងទៅរំលាយជាមោឃៈ ការសម្រេចរបស់តុលាការជាន់ទាបរបស់កូរ៉េខាងត្បូងមួយទៀត ដែលបានសម្រេចកាលពី២ឆ្នាំមុន មិនទទួលពាក្យបណ្តឹងទាមទារសំណងពីស្រ្តីរងគ្រោះ ក្នុងហេតុផលអភ័យឯកសិទ្ធិរដ្ឋ។ បើតាមតុលាការជាន់ទាបក្រុងសេអ៊ូល កាលណោះ ពាក្យបណ្តឹងទាមទារសំណងរបស់ស្រ្តីរងគ្រោះអាចអុជអាលបង្កឲ្យមានបញ្ហាការទូតជាមួយប្រទេសជប៉ុន។
ប៉ុន្តែ នៅក្នុងសេចក្តីសម្រេច នៅថ្ងៃព្រហស្បតិ៍ តុលាការជាន់ខ្ពស់ក្រុងសេអ៊ូលយល់ថា គេអាចមិនគោរពអភ័យឯកសិទ្ធិរដ្ឋ ក្នុងករណីដែលមានការរំលោភច្បាប់។ យោងតាមសេចក្តីសម្រេចរបស់តុលាការជាន់ខ្ពស់ក្រុងសេអ៊ូល ជនរងគ្រោះត្រូវបានគេចាប់ជំរិត ឬចាប់បង្ខំឲ្យធ្វើជាទាសករផ្លូវភេទក្នុងសម័យសង្រ្គាមលោកលើកទី២។ ជាលទ្ធផល ស្រ្តីរងគ្រោះនៅតែឈឺចាប់ មិនអាចរស់នៅធម្មតាឡើង នៅក្រោយចប់សង្រ្គាម។
បើតាមក្រុមអ្នកប្រវត្តិសាស្រ្ត មានស្រ្តីដល់ទៅ ២០០ ០០០នាក់ដែលភាគច្រើនជាជនជាតិកូរ៉េ និងជនជាតិអាស៊ីផ្សេងទៀត ដូចជាចិន តៃវ៉ាន់ ហ្វីលីពីន ត្រូវបានទាហានជប៉ុនចាប់បង្ខំឲ្យធ្វើជាស្រ្តីបម្រើផ្លូវភេទ ក្នុងសម័យដែលឧបទ្វីបកូរ៉េ ស្ថិតក្រោមអាណានិគមនិយមជប៉ុនពីឆ្នាំ ១៩១០ ដល់ឆ្នាំ ១៩៤៥។
នៅកូរ៉េខាងត្បូង មានស្រ្តីរងគ្រោះមិនច្រើនទេ ដែលបានស្តាប់លឺការសម្រេចរបស់តុលាការដែលផ្តល់យុត្តិធម៌ដល់ពួកគេ ព្រោះថា ស្រ្តីរងគ្រោះជាច្រើននាក់បានស្លាប់មុនការសម្រេចរបស់តុលាការ។ នៅថ្ងៃព្រហស្បតិ៍ មានតែលោកស្រី លី យុងសូតែម្នាក់គត់ អាយុ ៩៥ឆ្នាំ ដែលត្រេកអរ ពេញចិត្តការសម្រេចរបស់តុលាការ។
ភាគីជប៉ុនវិញ ដូចជាលើកមុនៗ បានប្រកាសទាត់ចោលការសម្រេចរបស់តុលាការកូរ៉េខាងត្បូង។ នៅថ្ងៃព្រហស្បតិ៍ រដ្ឋមន្រ្តីការបរទេសជប៉ុន លោកស្រី Yoko Kamikawa ថ្កោលទោសការសម្រេចរបស់តុលាការកូរ៉េខាងត្បូង ដែលលោកស្រីចាត់ទុកធ្វើឡើងដោយផ្ទុយនឹងច្បាប់អន្តរជាតិ និងរំលោភកិច្ចព្រមព្រៀងរវាងប្រទេសទាំងពីរ។
តាមរដ្ឋាភិបាលក្រុងតូក្យូ ជម្លោះសល់ពីសម័យសង្រ្គាមលោកលើកទី២ មួយនេះត្រូវបានដោះស្រាយចប់សព្វគ្រប់តាមរយៈសន្ធិសញ្ញាឆ្នាំ ១៩៦៥ ដែលនៅក្នុងនោះ ជប៉ុនបានចំណាយប្រាក់ ៨០០លានដុល្លារ ក្នុងរូបភាពជាសំណង និងប្រាក់កម្ចីជាមួយការប្រាក់ទាប សម្រាប់ទូទាត់សងការខូចខាត ដោយសារអាណានិគមជប៉ុន។ ប៉ុន្តែ មេធាវីម្នាក់របស់ក្រុមស្រី្តរងគ្រោះបានអះអាងថា សន្ធិសញ្ញាឆ្នាំ ១៩៦៥ មិនបាននិយាយពីសំណុំរឿងទាសករផ្លូវភេទទេ។
នៅកូរ៉េខាងត្បូង សំណុំរឿងទាសករផ្លូវភេទក្នុងសម័យសង្រ្គាមលោកលើកទី២ មានការប្រែប្រួល អាស្រ័យទៅតាមក្បាលម៉ាស៊ីនដឹកនាំរដ្ឋាភិបាល។ ជាក់ស្តែង រដ្ឋាភិបាលរបស់លោកស្រី ផាក គុនហេ នៅឆ្នាំ ២០១៥ធ្លាប់បានចុះកិច្ចព្រមព្រៀង ជាមួយជប៉ុនដើម្បីបិទបញ្ចប់រឿងក្តី បន្ទាប់ពីជប៉ុនយល់ព្រមសុំទោសដោយស្មោះស្ម័គ្រ និងសុខចិត្តផ្តល់លុយសងជំងឺចិត្តជាង ៧លានដុល្លារ សម្រាប់មូលនិធិជួយស្រ្តីរងគ្រោះផ្លូវភេទដែលកំពុងមានជីវិត។ ប៉ុន្តែ រដ្ឋាភិបាលក្រោយមកទៀត ដែលដឹកនាំដោយលោកមូន ចៃអ៊ីន បានរំលាយចោលកិច្ចព្រមព្រៀង ក្នុងហេតុផលថា ស្រ្តីរងគ្រោះមិនត្រូវបានគេហៅឲ្យចូលរួមក្នុងការចរចា។
ពេលនេះ គេកំពុងរង់ចាំមើលជំហររបស់រដ្ឋាភិបាលរបស់លោកយូន ស៊ុកយោលវិញម្តងដែលបានព្យាយាមកប់អនុស្សាវរីយ៍អាក្រក់ៗ ក្នុងអតីតកាល និងងាកទៅរឹតចំណងសម្ព័ន្ធភាព ជាមួយជប៉ុន ក្នុងកាលៈទេសៈដែលប្រទេសទាំងពីរ ត្រូវតទល់នឹងការគំរាមកំហែងរបស់សត្រូវរួម គឺ អាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង។
តើការសម្រេចរបស់តុលាការកូរ៉េខាងត្បូងនឹងទៅធ្វើឲ្យទំនាក់ទំនងកូរ៉េខាងត្បូង និងជប៉ុនល្អក់កករដែរឬទេ? រឿងនេះអាស្រ័យទៅលើការសម្រេចចិត្តតែមួយគត់របស់លោកប្រធានាធិបតីកូរ៉េខាងត្បូង យូន ស៊ុកយោល៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ