អានតួអត្ថបទ
ភូមា-វិបត្តនយោបាយ

អតីតរដ្ឋមន្ត្រីមហាផ្ទៃនៃរបបសិកភូមា​ ត្រូវតុលាការផ្តន្ទាទោស​ជាប់ពន្ធនាគារ​៥ឆ្នាំ

អតីតរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជា​មនុស្ស​ដ៏ស្និទ្ធម្នាក់នឹងមេដឹកនាំរបបសិកភូមា ត្រូវបានតុលាការផ្តន្ទាទោស ឲ្យ​ជាប់ពន្ធនាគារ​ចំនួន​៥ឆ្នាំ​ ពីបទប្រព្រឹត្តិអំពើ​ពុករលួយ​។ នេះបើផ្អែកតាមការផ្សាយ​ របស់​បណ្តាញព័ត៌មានផ្លូវការ​ភូមា នៅថ្ងៃសៅរ័​​ទី​១១វិច្ឆិកា​។

លោកSoe Htut ដែលទើបតែត្រូវបានតែងតាំងថ្មីៗ ជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅក្នុងថ្ងៃបុណ្យខួបលើកទី​៧៣ 73rd នៃសហភាពភូមា។ ក្រុងណៃពីដាវ ថ្ងៃទី​១២ កុម្ភៈ ២០២០
Myanmar new appointed Home Affair Minister Soe Htut attends a ceremony to mark the Myanmar's 73rd anniversary of Union Day in Naypyitaw, Myanmar, Wednesday, Feb. 12, 2020. (AP Photo/Aung Shine Oo) AP - Aung Shine Oo
ផ្សាយពាណិជ្ជកម្ម

យោងតាម​សារព័ត៌មាន Global New Light of Myanmar លោក Soe Htut ត្រូវបាន​គេដកហូតចេញពីតំណែង ពី​សមាជិក​ក្រុមប្រឹក្សាគ្រប់គ្រងជាតិ កាលពីខែ​កញ្ញា ដោយសារតែ​លោក បានក្លាយជាកម្មវត្ថុនៃ​ការស៊ើបអង្កេតមួយ ស្តីអំពីករណីពុករលួយ​។ ការដកតំណែង ដោយអនុឡោមតាម​ច្បាប់​ ហើយតុលាការយោធាភូមា បានបើកសវនាការកាត់ទោសលោក ឲ្យជាប់ពន្ធនាគារ៥ឆ្នាំ​។

បណ្តាញព័ត៌មាន​ខាងលើ​បាន​ចុះផ្សាយ​ថា  កាលពីពេលធ្វើជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក Soe Htut បាន​ធ្វើបំពាន​នឹង​មុខនាទីការងារខ្លួន ដោយ​​បាន​បញ្ជាឲ្យ​មន្ត្រីក្រោមបង្គាប់ ចេញលិខិតឆ្លងដែនជាច្រើនច្បាប់ ទៅឲ្យ​ក្រុមហ៊ុនដែលរកស៊ីក្នុងវិស័យនេះ។ មិនត្រឹមតែប៉ុណ្ណោះ លោកបានទទួល​ប្រាក់សំណូក ហើយផ្ទុយទៅវិញ បែរជាគ្មានសមត្ថភាព ​តាមដានត្រួតពិនិត្យសកម្មភាពធ្វើជំនួញរបស់ក្រុមហ៊ុនទាំងនោះ ថាតើវាស្របឬមិនស្រប ទៅនឹងវិធានច្បាប់​ហិរញ្ញវត្ថុស្តីពី​បុគ្គលិក​ក្រសួងមហាផ្ទៃ។

គួរកត់សំគាល់ថា ប៉ុន្មាន​ខែមកនេះ របបសិកភូមា ដឹកនាំដោយ​លោក មីញ អ៊ុងឡាំង បានចាប់ឃាត់ខ្លួន​ថ្នាក់ដឹកនាំធំៗជាច្រើននាក់។ ការឃាត់ខ្លួន ដែលអាចមានទម្រង់ជាការ​ជម្រុះចោល នូវ​មនុស្ស​ដែល​មិនស្មោះនឹងរបបសិក ស្របពេល​ដែល​កងទ័ពភូមា កំពុងតែរងការលំបាកខ្លាំងឡើង ទប់ទល់នឹងការវាយប្រយុទ្ធរបស់​កងកម្លាំងបះបោរ សឹងតែលែងជាប់​។​

គួរបញ្ជាក់ថា​ ប៉ុន្មានថ្ងៃមកនេះ ភូមាហាក់កំពុងឈានជើងចូលទៅក្នុងសង្គ្រាម​ស៊ីវីល កាន់តែខ្លាំងឡើង ដោយកងកម្លាំង​បះបោរជនជាតិភាគតិចជាច្រើនក្រុមនៅភាគខាងជើង បាន​បើកការវាយប្រហារ និងបានកាត់ផ្តាច់ផ្លូវចរាចរណ៍សំខាន់ៗ រវាងភូមា​និងចិន​។ ការ​កាត់ផ្តាច់ចរាចរណ៍ដឹកទំនិញនេះ បានធ្វើ​ឲ្យទំនិញឡើងថ្លៃ មិនថាអង្ករ បន្លែផ្លែឈើ។ ច្រកព្រំដែន​មួយចំនួន​រវាងភូមា និង​ខេត្តយូណានរបស់ចិន ត្រូវបិទទ្វារទាំងស្រុង ដោយសារតែបាញ់​ប្លោងគ្រាប់។ កងទ័ពភូមាបានទទួលស្គាល់ថា ខ្លួនបានបាត់បង់​ការគ្រប់​គ្រង​ទីក្រុង Chinshwehaw ដែលជាច្រកព្រំដែនដ៏សំខាន់​បំផុតមួយជាមួយខេត្តយូណាន។ 

យោងតាម​លោក Richard Horsey អ្នកវិភាគម្នាក់​នៅអង្គការ​ International Crisis Group ប្រសិនបើ​ផ្លូវចរាចរណ៍ទំនិញរវាងភូមា​និងចិន ត្រូវបិទរាំងខ្ទប់យូរខែទៀត នោះវានឹងបង្កការលំបាកខ្លាំង ដល់របបសិកភូមា។ បញ្ហា​នេះ នឹង​វាយបំបាក់ជញ្ជីងពាណិជ្ជកម្មភូមា​ ធ្វើឲ្យរបបសិកភូមាគ្មានប្រាក់ចំណូល ​ដើម្បី​ចំណាយធ្វើសង្គ្រាម​ជាមួយ​កងកម្លាំងបះបោរជនជាតិភាគតិច៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ