អានតួអត្ថបទ
ឥណ្ឌូណេស៊ី-ភេរវកម្ម

ឥណ្ឌូណេស៊ី​ចាប់ខ្លួន​ក្រុមជីហាតអ៊ីស្លាម​៥៩នាក់ ដែលរៀបគម្រោងធ្វើ​ភេរវកម្ម​ក្នុងពេលបោះឆ្នោត

នៅថ្ងៃអង្គារទី៣១តុលា សមត្ថកិច្ចឥណ្ឌូណេស៊ី បានប្រកាសឲ្យដឹងថា គេបានចាប់ឃាត់ខ្លួនមនុស្ស​ចំនួន​៥៩នាក់ ដែលសុទ្ធតែជាសមាជិក​ក្រុមជីហាតអ៊ីស្លាមជ្រុលនិយម។ សមត្ថកិច្ចឥណ្ឌូណេស៊ី អះអាងថាជនសង្ស័យទាំងនេះ មានគម្រោងផែនការ ធ្វើភេរវកម្ម​បំផ្ទុះគ្រាប់បែកសម្លាប់មនុស្ស នៅក្នុង​អំឡុងពេល​បោះឆ្នោត​ប្រធានាធិបតី​ នៅខែកុម្ភៈឆ្នាំក្រោយ​។

លោក Aswin Siregar (ស្តាំ) ជាមួយ​នាយនគរបាលឥណ្ឌូណេស៊ី  Ahmad Ramadhan (ឆ្វេង) លើកបង្ហាញរូបថតជនជីហាតអ៊ីស្លាមជ្រុលនិយម ដែលសមត្ថកិច្ចចាប់ខ្លួនបាន​។ ចាកាតា ថ្ងៃទី ៣១តុលា ២០២៣
លោក Aswin Siregar (ស្តាំ) ជាមួយ​នាយនគរបាលឥណ្ឌូណេស៊ី Ahmad Ramadhan (ឆ្វេង) លើកបង្ហាញរូបថតជនជីហាតអ៊ីស្លាមជ្រុលនិយម ដែលសមត្ថកិច្ចចាប់ខ្លួនបាន​។ ចាកាតា ថ្ងៃទី ៣១តុលា ២០២៣ via REUTERS - ANTARA FOTO
ផ្សាយពាណិជ្ជកម្ម

ផ្អែកតាមការបញ្ជាក់ ពីលោក Aswin Serigar អ្នកនាំពាក្យ​នគរបាលបង្ក្រាបភេរវកម្ម​ឥណ្ឌូណេស៊ី គឺជនសង្ស័យទាំង​៥៩នាក់ ត្រូវបានចាប់ខ្លួនកាលពីដើមខែតុលា។ សមត្ថកិច្ចបានប្រមូល​បាន​នូវ​សម្ភារៈជាច្រើន មានដូចជាអាវុធ សម្ភារៈផលិត​ផ្សព្វផ្សាយ​ការឃោសនា ព្រមទាំងសម្ភារៈដើម្បី​ផលិត​គ្រាប់ផ្ទុះផងដែរ​។

ក្នុងចំណោមជនសង្ស័យដែលគេចាប់ខ្លួនបាន គឺមាន​៤០នាក់ជាសមាជិករបស់ចលនា Jamaah Ansharud Daulah (JAD)។ ចលនាអ៊ីស្លាមនេះ បាន​លេចមុខឡើងនៅរវាងឆ្នាំ​២០១៥ នៅឥណ្ឌូណេស៊ី ហើយមានទំនោរគាំទ្រក្រុមជីហាតអង្គការរដ្ឋអ៊ីស្លាម​។ ចំណែក​ជនសង្ស័យ​​១៩នាក់ទៀត គឺជាសមាជិករបស់ក្រុម Jamaah Islamiyah ដែលមានទំនោរដើរតាម​ក្រុម​អាល់កៃដា។

យោងតាមការស៊ើបអង្កេតរបស់សមត្ថកិច្ចឥណ្ឌូណេស៊ី​ ក្រុម​ជីហាត JAD មានគម្រោង​វាយប្រហារភេរវកម្មទ្រង់ទ្រាយធំ ទៅលើសមត្ថកិច្ច​ការពារសន្តិសុខ ក្នុងអំឡុងពេល​ឃោសនា​ការបោះឆ្នោត​ខាងមុខ។ ក្រុមជីហាតអ៊ីស្លាមនេះ ចាត់ទុកការបោះឆ្នោតនិងលទ្ធិប្រជាធិបតេយ្យ ថាជារឿងមិនត្រឹមត្រូវ​។​ ផ្អែកតាម​សមត្ថកិច្ច​ឥណ្ឌូណេស៊ី កន្លងមកក្រុមជីហាតអ៊ីស្លាម​ Jamaah Ansharud Daulah ធ្លាប់បានធ្វើសកម្មភាព​​ភេរវកម្មច្រើនដងហើយ ជាក់ស្តែងនៅឆ្នាំ​២០១៨ ដែលក្រុមនេះបានវាយ​ប្រហារទៅ​លើវិហារកាតូលិក ព្រមទាំង​ទីតាំងបញ្ជាការដ្ឋាននគរបាល នៅទីក្រុង​ស៊ូរ៉ាបាយ៉ា ទីក្រុងធំទី​២របស់ឥណ្ឌូណេស៊ី​។​ សមត្ថកិច្ចឥណ្ឌូណេស៊ីក៏ធ្លាប់បានចុះចាប់​សមាជិក​ក្រុមនេះ ច្រើនដងមកហើយដែរ។​

ដោយឡែក ក្រុមជីហាត Jamaah Islamiyah ត្រូវគេស្គាល់ថា គឺជា​ម្ចាស់ស្នាដៃ​ភេរវកម្មដ៏សាហាវ នៅ​​​កោះបាលី កាលពីឆ្នាំ​២០០២។ ការវាយ​ប្រហារដែលបាន​ផ្តាច់ជីវិតមនុស្ស​ ២០២នាក់ ក្នុងនោះមានអ្នកទេសចរណ៍​​ជនជាតិអូស្ត្រាលីជាច្រើននាក់។​ កាលពីខែមិថុនាឆ្នាំ​២០២២ សមត្ថកិច្ចឥណ្ឌូណេស៊ី បានចាប់ខ្លួនមេក្រុមជីហាតដ៏សំខាន់​ម្នាក់ ឈ្មោះ Abdul Qadir Hasan Baraja។ ជននេះត្រូវគេស្គាល់ថា ជាអ្នកផ្សព្វផ្សាយ​ ឃោសនាឲ្យប្រជាជនឥណ្ឌូណេស៊ីរើបំរះ​ ផ្តួលរំលំសាធារណរដ្ឋឥណ្ឌូណេស៊ី ដើម្បីបង្កើត​រដ្ឋអ៊ីស្លាមផ្តាច់ការ​។

គួរបញ្ជាក់ដែរ​ថា ឥណ្ឌូណេស៊ីដែលមានប្រជាជនប្រមាណ​ ២៧៤លាននាក់ គឺជាប្រទេសឥស្លាម ធំជាងគេបង្អស់ក្នុងពិភពលោក។ តែយ៉ាងណា រដ្ឋាភិបាលឥណ្ឌូណេស៊ីអះអាងថា របបនយោបាយឥណ្ឌូណេស៊ី ជាសាធារណរដ្ឋ​មិន​ប្រកាន់សាសនាណាមួយ ពោលគឺបើកទូលាយ ដល់​ការគោរពសាសនាផ្សេងៗទាំងអស់ ទោះមិនមែនជាសាសនាអ៊ីស្លាម​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ