អានតួអត្ថបទ
បណ្តាញសង្គម-ពាណិជ្ជកម្មអនឡាញ

ប្រធានាធិបតី​ឥណ្ឌូណេស៊ី​ ប្រកាសរឹត​បន្តឹង​​ពាណិជ្ជកម្ម​តាម​បណ្តាញ​សង្គម

ដើម្បី​កុំ​ឱ្យ​​បណ្តាញ​សង្គម​ក្លាយ​ជា​កន្លែង​ធ្វើ​ពាណិជ្ជកម្ម​អនឡាញ លោក ចូកូ វីដូដូ ប្រធានាធិបតី​ឥណ្ឌូណេស៊ី បាន​ប្រកាស​នៅ​ថ្ងៃ​ចន្ទទី ២៥​កញ្ញា​២០២៣​ ថា​ វិធាន​​គ្រប់គ្រងការ​រក​ស៊ី​តាម​បណ្តាញ​សង្គម នឹង​ត្រូវ​ប្រកាស​ឱ្យ​ដឹង​​នៅក្នុង​សប្តាហ៍​នេះតែ​ម្តង។ ​

ប្រធានាធិបតី​ឥណ្ឌូណេស៊ី​ ប្រកាសរឹត​បន្តឹង​​ពាណិជ្ជកម្ម​តាម​បណ្តាញ​សង្គម​
ប្រធានាធិបតី​ឥណ្ឌូណេស៊ី​ ប្រកាសរឹត​បន្តឹង​​ពាណិជ្ជកម្ម​តាម​បណ្តាញ​សង្គម​ AP - Rick Rycroft
ផ្សាយពាណិជ្ជកម្ម

ឥណ្ឌូណេស៊ី​ទើប​បាន​សម្រេចចិត្ត​ នៅក្នុង​ជំនួប​ប្រជុំ​ស្តីពី​ការ​ប្រើបណ្តាញ​សង្គម​សម្រាប់​ធ្វើ​ពាណិជ្ជកម្ម​អនឡាញ ដាក់​ប្រើប្រាស់​​ច្បាប់ឃុំ​​គ្រង​ការ​ធ្វើ​ពាណិជ្ជកម្ម​នៅ​លើ​បណ្តាញ​សង្គម ប្រហែល​ចាប់​ពី​​ថ្ងៃ​ស្អែក​(ថ្ងៃអង្គារ​ទី ២៦​កញ្ញា)​ទៅ​តែ​ម្តង។ នេះ​បើ​តាម​សារ​វីដេអូ​របស់​លោក​ប្រធានាធិបតី​ឥណ្ឌូណេស៊ី លោក ចូកូ វីដូដូ ដោយ​មិន​ដៅ​ចំ​ឈ្មោះ​ថា​ជា​បណ្តាញ​សង្គម​មួយ​ណា​ទេ។ ច្បាប់​ថ្មី​ដែល​ជា​ការ​ធ្វើ​វិសោធនកម្ម​​ច្បាប់​ឆ្នាំ​២០២០​ អាច​មាន​សុពលភាព​ភ្លាម ក្រោយ​ពី​ប្រធានាធិបតី​ចុះ​ហត្ថលេខា និង​មិន​ចាំ​បាច់​ឆ្លង​កាត់​ការ​អនុម័ត​ពី​សភាឡើយ។

បើ​តាម​ប្រសាសន៍​របស់​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ក្រោយ​ជំនួប​ប្រជុំ​ជាមួយ​ប្រធានាធិបតី​រួច ពាណិជ្ជកម្ម​លើ​​បណ្តាញ​សង្គម​មាន​សិទ្ធិ​​ត្រឹម​សម្រួលការ​ឃោសនា​បញ្ចុះ​តម្លៃ​ពិសេស​ឬសម្រួល​​​សេវា​ ប៉ុន្តែ​មិនមែន​ជា​កន្លែង​​ទិញ​ដូរ​ទូទាត់​ទំនិញ​ដោយ​ផ្ទាល់​បាន​ឡើយ។ បណ្តាញ​សង្គម និង​ពាណិជ្ជកម្មអនឡាញ ត្រូវ​តែ​ចែក​ឱ្យ​ដាច់​ពីគ្នា។

សេចក្តី​សម្រេច​នេះ ធ្វើ​ឡើង​ ក្រោយ​ពី​មាន​សម្រែក​អំពាវនាវ​របស់​អ្នក​ទទួល​ខុស​ត្រូវ​ក្នុងរដ្ឋាភិបាលឥណ្ឌូណេស៊ី​​ជា​ច្រើន​រូប សុំ​​ឱ្យ​មាន​ការ​បែង​ចែក​ឱ្យ​ដាច់​ពី​គ្នា​រវាង​សកម្មភាព​របស់​បណ្តាញ​សង្គម​និង​ពាណិជ្ជកម្ម​អនឡាញ​ ព្រោះ​​យល់​ថា​ការ​ដោះដូរ​ទិញ​លក់​តាម​បណ្តាញ​សង្គម​ធំៗ​ដូច​យ៉ាង​Tiktok កំពុង​គំរាម​កំហែង​ពាណិជ្ជកម្ម​និង​ការរក​ស៊ី​តូច​តាច​ក្នុង​មូលដ្ឋាន​ខ្លាំង​ណាស់។ ពាណិជ្ជករ​និង​អតិថិជន​​សុទ្ធ​តែ​ខាត​ប្រយោជន៍​ដូច​គ្នា បើ​គ្មាន​ការ​បែង​ចែក​បណ្តាញ​សង្គម​ឱ្យ​ដាច់​ពី​ការ​ធ្វើ​ពាណិជ្ជកម្ម​តាម​អន​ឡាញ​ទេ។

ពលរដ្ឋ​ឥណ្ឌូណេស៊ី​ ​និយម​ប្រើប្រាស់​បណ្តាញ​សង្គម​Tiktok របស់​ក្រុមហ៊ុន​ចិន​ណាស់ និង​ ​ជា​អ្នកប្រើប្រាស់​Tiktok ចម្បង​គេ​នៅ​ក្នុង​តំបន់។ បើ​តាម​ក្រុមហ៊ុន​Tiktok ឥណ្ឌូណេស៊ី​ជា​ទីផ្សារ​ធំសំខាន់​​ទី​ពីរ​របស់​ខ្លួន ជាមួយ​អ្នក​ប្រើប្រាស់​ចំនួន​ជាង​១២៥លាន​នាក់។ Tiktok មិន​ធ្វើ​ពាណិជ្ជកម្ម​តែម្នាក់​ឯង​នៅ​ឥណ្ឌូណេស៊ី​ទេ​ ក្រុមហ៊ុន​អាមេរិកMeta ក៏​មាន​សេវា​ពាណិជ្ជកម្ម​អន​ឡាញ​នៅ​ឥណ្ឌូណេស៊ី​ដែរ តាម​រយៈ​បណ្តាញ​​Facebookនិង​ Instagram។

អគ្គនាយក​ក្រុមហ៊ុន​ByteDance ឈ្មោះ​ក្រុមហ៊ុន​របស់​Tiktok បាន​ប្រកាស​កាលពី​ខែ​មិថុនា​ ពេល​មក​បំពេញ​ទស្សនកិច្ច​នៅ​ក្រុង​ហ្សាការតា ថា​ក្រុមហ៊ុន​គ្រោង​ចំណាយ​​វិនិយោគរាប់​ពាន់​លាន​ដុល្លារ​នៅអាស៊ីអាគ្នេយ៍ ដែល​មានអ្នក​ប្រើប្រាស់​ Tiktok សរុប​៣២៥​លាន​នាក់។ ​​​​ Tiktok ធ្លាប់​បាន​អំពាវនាវ​ឱ្យ​ឥណ្ឌូណេស៊ី​ផ្តល់​សមភាព​ដល់​ក្រុមហ៊ុន ​តែគ្មាន​ប្រតិកម្ម​អ្វី​តប​នឹងច្បាប់​ថ្មី​របស់​ឥណ្ឌូណេស៊ី​ទេ សម្រាប់​ពេល​ភ្លាមៗ​នេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ