កូរ៉េខាងជើងប្រារព្ធខួប៧៥ឆ្នាំយ៉ាងឱឡារិក ជាមួយវត្តមានរបស់ថ្នាក់ដឹកនាំចិន និងរុស្ស៊ី
ថ្ងៃទី៨កញ្ញា របបផ្តាច់ការកុម្មុយនីស្តកូរ៉េខាងជើង បានប្រារព្ធបុណ្យខួប៧៥ឆ្នាំ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ។ ក្នុងទឹកមុខញញឹមស្រស់ស្រាយ មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន ជាមួយនឹងកូនស្រីសំណព្វ អង្គុយមើលការដើរព្យុហយាត្រា ដ៏ដំមហិមា នៅទីលានគីមអ៊ីលស៊ុង កណ្តាលក្រុងព្យុងយ៉ាង ក្រោមសំឡេងស្រែកហ៊ោរទ្រហឹង នៃប្រជាជនកូរ៉េខាងជើង ដែលគេកេណ្ឌឲ្យមកចូលរួម។
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៣:២០
កម្មវិធីនេះ គឺជាវេទិកាអួតបង្ហាញនូវភាពរុងរឿងអស្ចារ្យ ព្រមទាំងកម្លាំងសព្វាវុធ ដ៏ខ្លាំងក្លា របស់របបកុម្មុយនីស្តកូរ៉េខាងជើង។ អ្វីដែលគួរឲ្យកត់សំគាល់នោះ គឺកម្មវិធីដ៏ឱឡារិកនេះ មានការចូលរួមផងដោយ ដោយថ្នាក់ដឹកនាំជាន់ខ្ពស់ចិន ព្រមទាំងគណប្រតិភូមន្ត្រីការទូតជាន់ខ្ពស់ របស់រុស្ស៊ី។
ផ្អែកតាមរូបភាពផ្សាយដោយបណ្តាញព័ត៌មានផ្លូវការកូរ៉េខាងជើង គឺលោកឧបនាយករដ្ឋមន្ត្រីចិន លីវ ហ្គួជុង បានទៅចូលរួមដោយផ្ទាល់ក្នុងកម្មវិធីបុណ្យនៅព្យុងយ៉ាង និងបានជួបប្រជុំសំណេះសំណាលយ៉ាងរាក់ទាក់ ជាមួយលោកគីម ជុងអ៊ុន។ ប្រភពដដែលបញ្ជាក់ថា លោកប្រធានាធិបតីចិន ស៊ី ជីនពីង បានទាំងទូរស័ព្ទទៅលោកគីម ជុងអ៊ុង ដើម្បីអបអរសរសើរ និងជូនពរផងដែរ កាលពីថ្ងៃសុក្រទី៨កញ្ញា។
ពីខាងរុស្ស៊ីវិញ វិមានក្រឹមឡាំង បានបញ្ជាក់ថា គណប្រតិភូការទូតជាន់ខ្ពស់ មានវត្តមាននៅព្យុងយ៉ាង ដើម្បីពង្រឹងទំនាក់ទំនងសហប្រតិបត្តិការឲ្យកាន់តែរឹងមាំ រវាងមហាមិត្តទាំង២។ ក្នុងឱកាសខួប៧៥ឆ្នាំនៃការកកើតរបបផ្តាច់ការកូរ៉េខាងជើងនេះដែរ លោកពូទីន បានផ្ញើសារទៅកាន់ លោកគីម ជុងអ៊ុន ដោយបានលើកឡើងថា រុស្ស៊ីនិងកូរ៉េខាងជើង នឹងបន្តចាប់ដៃគ្នា យ៉ាងណែនក្នុងគ្រប់វិស័យ ដើម្បីការពារផលប្រយោជន៍ប្រជាជាតិទាំង២ និងរក្សាស្ថិរភាពសន្តិសុខតំបន់។
គួរបញ្ជាក់ថា ផ្អែកតាមប្រភពពីសេតវិមានអាមេរិក គឺរុស្ស៊ីទំនងជាកំពុងតែចរចាទិញអាវុធ ពីកូរ៉េខាងជើង។ ប្រភពដដែលអះអាងថា ក្នុងពេលឆាប់ៗនេះ មេដឹកនាំផ្តាច់ការកូរ៉េខាងជើង នឹងធ្វើដំណើរទៅជួបលោកពូទីន ដើម្បីនិយាយពីរឿងនេះ។
គួរកត់សំគាល់ថា វត្តមានចូលរួម ព្រមទាំងការផ្ញើសារជូនពរ សរសើរយ៉ាងល្អូកល្អឺន របស់ថ្នាក់ដឹកនាំចិន និងរុស្ស៊ី នៅក្នុងឱកាសខួប៧៥ឆ្នាំរបស់កូរ៉េខាងជើងនេះ គឺវាសបង្ហាញឲ្យឃើញអំពី សម្ព័ន្ធភាពរវាងចិន រុស្ស៊ី និងកូរ៉េខាងជើង ដែលកាន់តែមានរូបរាង្គល្អផូរផង់ ក្នុងបរិបទដែលពិភពលោកយើង កាន់តែប្រឈមមុខដាក់គ្នា រវាងក្រុមប្រទេសលោកខាងលិច និងក្រុមប្រទេសផ្តាច់ការកុម្មុយនីស្ត។ ការប្រឈមមុខ បែកបាក់គ្នា ដែលស្តែងឡើងផងដែរ តាមរយៈអវត្តមានរបស់ លោកស៊ី ជីនពីង និងលោកពូទីន នៅក្នុងជំនួបកំពូលG20 ដែលកំពុងដំណើរការទៅនៅប្រទេសឥណ្ឌា។
យោងតាមការវិភាគ របស់លោក Andrei Lankov តាមរយៈវត្តមានទៅព្យុងយ៉ាង របស់ថ្នាក់ដឹកនាំបក្សកុម្មុយនីស្តចិនជាច្រើននាក់ នាពេលកំឡុងពេលនេះ គឺវាជាការបញ្ជាក់ថា កូរ៉េខាងជើងអាចពឹងផ្អែកលើចិនបានជានិច្ច។ បន្ថែមពីនេះ មិត្តភាពស្អិតរមួតជាមួយរុស្ស៊ី និងអនុញ្ញាតឲ្យកូរ៉េខាងជើង មានលេសសំឡុតអាមេរិក ឲ្យប្រុងប្រយ័ត្ន ត្រូវឈប់មើលស្រាលកម្លាំងខ្លួនតទៅទៀត។ បើតាមប៉ាន់ស្មាន កូរ៉េខាងជើង អាចនឹងរៀបចំការធ្វើសមយុទ្ធយោធា ក្នុងសមុទ្រជាមួយរុស្ស៊ី ដើម្បីគំរាមអាមេរិក និងកូរ៉េខាងត្បូង៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ