អានតួអត្ថបទ
ជប៉ុន-អវកាស

ជប៉ុនបានបាញ់បង្ហោះយាន H-IIA ទៅកាន់ឋានព្រះចន្ទដោយជោគជ័យ

នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី៧ កញ្ញា ជប៉ុន​បាន​បាញ់​បញ្ជូន​យាន H-IIA ទៅ​កាន់​ឋាន​ព្រះចន្ទ​ដោយ​ជោគជ័យ។ យាន​នេះ​បាន​នាំ​ទៅ​ជាមួយ​នូវ​កូន​យាន​តូច​មួយ​ឈ្មោះ SLIM ដើម្បី​ទៅ​ចុះ​នៅ​លើ​ឋានព្រះចន្ទ។ តាម​គម្រោង យាន SLIM នឹង​ទៅ​ដល់​ដី​ព្រះចន្ទ​នៅ​ចន្លោះ​ពី ៤ខែ​ទៅ ៦ខែ​ខាង​មុខ។ គួរ​បញ្ជាក់​ថា ការ​បាញ់​បង្ហោះ​យាន​ទៅ​កាន់​ឋានព្រះចន្ទ​នេះ​ត្រូវ​បាន​ជប៉ុន​លើក​ពេល​ចំនួន ៣ដង​តាំង​ពី​ដំណាច់​ខែ​សីហា​ដោយ​សារ​បញ្ហា​អាកាសធាតុ។

ជប៉ុនបានបាញ់បង្ហោះយាន H-IIA ទៅកាន់ឋានព្រះចន្ទដោយជោគជ័យនាថ្ងៃព្រហស្បតិ៍ ទី៧ កញ្ញា ២០២៣។
ជប៉ុនបានបាញ់បង្ហោះយាន H-IIA ទៅកាន់ឋានព្រះចន្ទដោយជោគជ័យនាថ្ងៃព្រហស្បតិ៍ ទី៧ កញ្ញា ២០២៣។ via REUTERS - KYODO
ផ្សាយពាណិជ្ជកម្ម

ការ​បាញ់​បង្ហោះ​យាន H-IIA ទៅ​កាន់​ឋានព្រះចន្ទ​បាន​ធ្វើ​ឡើង​នៅ​មជ្ឈមណ្ឌល​អវកាស​ជប៉ុន Jaxa ស្ថិត​ប៉ែក​និរតី​ប្រទេស។ យាន H-IIA បាន​នាំ​កូន​យាន​តូច​មួយ​ឈ្មោះ SLIM ដើម្បី​ទៅ​ចុះ​នៅ​លើ​ដី​ព្រះចន្ទ។ បន្ទាប់​ពី​បាន​បង្ហោះ​ចេញ​ពី​ដី​រយៈ​ពេល​ប្រមាណ​ជា ៤៧នាទី កូនយាន​តូច SLIM បាន​ផ្តាច់​ខ្លួន​ចេញ​ពី​យាន H-IIA ប្រកប​ដោយ​ជោគជ័យ។ ការ​ផ្តាច់​ខ្លួន​របស់​កូនយាន​តូច SLIM ចេញ​ពី​យាន H-IIA ដោយ​ជោគជ័យ​នេះ​បាន​ធ្វើ​ឲ្យ​ក្រុម​ការងារ​នៅ​មជ្ឈមណ្ឌល​អវកាស Jaxa សម្តែង​ភាព​សប្បាយ​រីករាយ​ដោយ​ទះដៃ​សាទរ​យ៉ាង​ទ្រហឹង​អឺង​កង។

តែ​នេះ​គ្រាន់​ជា​ជំហាន​ទី១ ប៉ុណ្ណោះ​ព្រោះ​បើ​អ្វីៗ​នឹង​មាន​ដំណើរ​ទៅ​មុខ​ដូច​ដែល​បាន​គ្រោង​ទុក​មែន កូន​យាន​តូច SLIM នឹង​ទៅ​ដល់​ដី​ព្រះចន្ទ​នៅ​ក្នុង​រង្វង់​ពី ៤ខែ​ទៅ ៦ខែ​ខាង​មុខ។ តាម​គម្រោង កូន​យាន​តូច SLIM នឹង​ចុះ​នៅ​ឆ្ងាយ​ពី​កន្លែង​ដែល​បាន​កំណត់​តែ​ប្រមាណ​ជា ១០០ម៉ែត្រ​ប៉ុណ្ណោះ។ នេះ​ជា​ចម្ងាយ​ជិត​មែនទែន​ព្រោះ​តាម​ធម្មតា គឺ​ត្រូវ​ឆ្ងាយ​ពី​កន្លែង​កំណត់​រហូត​ដល់​រាប់​សិប​គីឡូម៉ែត្រ​ឯ​ណោះ។ មជ្ឈមណ្ឌល​អវកាស Jaxa បាន​ពន្យល់​នៅ​លើ​គេហទំព័រ​របស់​ខ្លួន​ថា គម្រោង​ចុះ​ជិត​កន្លែង​កំណត់​អនុញ្ញាត​ឲ្យ​បេសកកម្ម​រុករក​របស់​កូន​យាន​តូច SLIM នៅ​លើ​ដី​ព្រះចន្ទ​ទទួល​បាន​ប្រសិទ្ធិភាព​នា​ពេល​អនាគត។

តាម​មជ្ឈមណ្ឌល​អវកាស Jaxa ដដែល តំបន់​នៃ​បេសកកម្ម​រុករក​របស់​កូន​យាន​តូច SLIM នៅ​លើ​ដី​ព្រះចន្ទ​ត្រូវ​បាន​កាត់​បន្ថយ។ តាម​រយៈ​បេសកកម្ម​ទៅ​ឋាន​ព្រះចន្ទ​របស់​ជប៉ុន​ពេល​នេះ គេ​នឹង​អាច​ដឹង​កាន់​តែ​ច្បាស់​ពី​រចនាសម្ព័ន្ធ​របស់​ព្រះចន្ទ រួម​ទាំង​ការ​កកើត​ឡើង​នូវ​ឋាន​មួយ​នេះ។ គួរ​បញ្ជាក់​ថា ជប៉ុន​មិនមែន​ជា​ប្រទេស​ទី១ ដែល​បាន​ផ្តើម​បេសកកម្ម​ទៅ​កាន់​ឋាន​ព្រះចន្ទ​ទេ។ ក្នុង​ខែ​សីហា​ថ្មីៗ​នេះ ឥណ្ឌា​បាន​បញ្ជូន​យានចល័ត​ទៅ​ចុះ​លើ​ដី​ព្រះចន្ទ​លើក​ទី១ ដោយ​ជោគជ័យ។ នៅ​មុន​ឥណ្ឌា គឺ​មាន​តែ​សហរដ្ឋអាមេរិក សហភាពសូវៀត និង​ប្រទេស​ចិន​ដែល​ទទួល​បាន​ជោគជ័យ​ក្នុង​ការ​បញ្ជូន​យាន​ទៅ​ចុះ​លើ​ដី​ព្រះចន្ទ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ