អានតួអត្ថបទ
ឥណ្ឌា-អវកាស

អវកាស៖ បន្ទាប់​ពី​ព្រះចន្ទ ឥណ្ឌា​បង្ហោះ​យាន​​ទៅ​សង្កេតព្រះអាទិត្យ

ឥណ្ឌា​បាន​បោះជើង​មួយ​​ជំហានថ្មី​ទៀតដ៏សំខាន់​ក្នុង​វិស័យ​អវកាស។ ១០​ថ្ងៃ​ក្រោយ​ពី​បាន​បង្ហោះដោយជោគជ័យ​នូវ​​យាន​គ្មាន​មនុស្ស​ទៅកាន់​​ប៉ូល​ខាង​ត្បូងរបស់​​ព្រះ​ចន្ទ​ នៅថ្ងៃ​សៅរ៍ទី​២​កញ្ញា​នេះ ឥណ្ឌា​បាន​បង្ហោះ​យាន​ទៅសិក្សា​​ប្រព័ន្ធ​ព្រះ​អាទិត្យ​ម្តង។ “Adithya-L1” ត្រូវ​ធ្វើ​ដំណើរ​រយៈ​ពេល​បួន​ខែ​ទើប​ទៅ​ដល់​ទិសដៅ​ គឺ​ភព​អាទិត្យ។

ឥណ្ឌា​បង្ហោះ​យាន​ Aditya-L1 នៅថ្ងៃ​សៅរ៍ទី ២ កញ្ញា ២០២៣ ទៅ​សិក្សា​ប្រព័ន្ធ​ព្រះអាទិត្យ.
ឥណ្ឌា​បង្ហោះ​យាន​ Aditya-L1 នៅថ្ងៃ​សៅរ៍ទី ២ កញ្ញា ២០២៣ ទៅ​សិក្សា​ប្រព័ន្ធ​ព្រះអាទិត្យ. AP
ផ្សាយពាណិជ្ជកម្ម

បន្ទាប់​ពី​ទទួល​បាន​ជោគ​ជ័យ​ក្នុង​ការ​បង្ហោះ​យានទៅ​​ព្រះ​ចន្ទ​ នៅ​ថ្ងៃសៅរ៍​ទី ២​កញ្ញា​២០២៣​នេះ ឥណ្ឌា​បាន​បង្ហោះ​កាំជ្រួច​មួយ​ទៀត មាន​ពាំ​ឧបករណ៍​វិទ្យាសាស្ត្រ​សម្រាប់​ទៅ​សិក្សា​ស្រទាប់​ខាង​ក្រៅ​នៃ​ភព​អាទិត្យ។ បង្ហោះ​​ចេញ​ពី​ផែន​ដី​នៅ​វេលាម៉ោង​១១​និង​៥០នាទី​ម៉ោង​នៅក្នុង​ស្រុក ផ្កាយ​រណប​ដែល​គេ​ប្រសិទ្ធិនាម​ថា ​“Aditya-L1” ត្រូវ​ធ្វើ​ដំណើរ​​៤​ខែ​ទើបទៅ​ដល់​ទិស​ដៅ ​ដែល​មាន​ចម្ងាយ​១,៥លានKm។

“ជា​បេសកកម្ម​ប្រកប​ដោយមហិច្ឆតា​របស់​ឥណ្ឌា” នេះ​ជា​ប្រសាសន៍​របស់​លោក សូម៉ាក រៃចូឌុរី Somak Raychaudhury តារាវិទូរូបវិទ្យា​ ដោយ​ពន្យល់​លម្អិត​ថា ផ្កាយរណប​Adithya-L1នឹង​ទៅ​សិក្សា​អំពី​បាតុភូតដែលបង្កើត​ជា​​​ភ្លើង​និង​ថាមពល​ម៉ាញ៉េទិក​ ដ៏​ខ្លាំង​ក្លា​ ​នៅក្នុង​បរិយាកាស​នៃភព​អាទិត្យ​តែ​ជះ​ដល់​ភព​ផែនដី និង​អាចរំខាន​ដល់​ដំណើរ​ការ​របស់​​ផ្កាយ​រណប​។ ឧបករណ៍ “Adithya-L1” នឹង​ជួយ​ព្យាករ​បាតុភូត​នោះ និង​ដាស់​ពញ្ញាក់​ប្រាប់​គ្រប់​គ្នា​ជា​មុន។ នេះ​បើ​តាម​ការ​ពន្យល់​របស់​អ្នក​វិទ្យាសាស្ត្រ​ឥណ្ឌា​ដដែល។

ណាសា និង​ភ្នាក់ងារ​អវកាស​អឺរ៉ុប​ធ្លាប់​បាន​បង្ហោះ​យាន​ទៅ​ដាក់​ក្នុង​គន្លង​តារាវិថី​របស់​ភព​អាទិត្យ ដើម្បី​សិក្សា​​​ព្រះអាទិត្យ​ តាំងពី​ឆ្នាំ​១៩៦០​ ប៉ុន្តែ​នេះបេសកកម្ម​​លើក​ទី​មួយ​បង្អស់​សម្រាប់​ប្រទេស​ឥណ្ឌា។ ប្រសិន​បើ​បេសកកម្មរបស់​​“Adithya”​​បាន​ទទួល​ជោគជ័យ​ នោះ​ឥណ្ឌា​នឹង​ក្លាយ​ជា​ប្រទេសដំបូងគេ​ប្រចាំ​​តំបន់អាស៊ី​ដែល​អាច​យក​ផ្កាយ​រណប​ទៅ​ដាក់​ក្នុង​គន្លង​តារាវិថី​ភព​អាទិត្យ​។ ចិន​និងជប៉ុន​ ក៏​មាន​​បេសកកម្ម​សង្កេត​ព្រះ​អាទិត្យ​ដែរ តែ​ជា​ផ្កាយរណបអង្កេត​ពី​គន្លង​តារាវិថី​នៃ​ភព​ផែនដី។

ជាង​នេះទៅ​ទៀត បើ​តាម​អ្នក​ជំនាញ​ ឥណ្ឌា​មាន​សមត្ថភាព​អវកាសផ្ទាល់​របស់​ខ្លួន​​ហើយ ក្នុង​តម្លៃ​ដ៏​ទាប​ទៀត។ កាំជ្រួច​ដែល​ពាំ​ផ្កាយ​រណប​Adithya-​L1 មាន​ទម្ងន់​៣២០​តោន​ ផលិត​ដោយ​អង្គការ​​អ្នក​ស្រាវជ្រាវ​វិទ្យាសាស្ត្រ​អវកាស​ឥណ្ឌា​ផ្ទាល់ ដែល​មាន​វិស្វករ​ជំនាញ​មាន​សមត្ថភាព​ខ្ពស់​និង​ទទួល​ប្រាក់​ខែ​ទាប​ជាង​អវកាសយានិកបរទេស។ អង្គការ​ជាសរសរ​ទ្រូង​​នៃ​កម្មវិធី​អវកាស​ឥណ្ឌា​ ដែល​បាន​បង្ហោះ​ដោយ​ជោគជ័យ​យាន​អវកាស​ទៅ​កាន់​ឋាន​ព្រះចន្ទ​និង​ភព​អង្គារ។ ការ​បង្ហោះ​យាន​គ្មាន​មនុស្ស​ទៅ​​ព្រះ​ចន្ទ​ដែលពីមុន​​មាន​តែ​រុស្ស៊ី​ សហរដ្ឋ​អាមេរិក និង​ចិនធ្វើ​បាន​ ចំណាយ​ថវិកា​មិន​ដល់​៧៥លាន​ដុល្លារ​ផង។

កាលពី​ឆ្នាំ​២០១៤ ឥណ្ឌា​ជា​ប្រជាជាតិ​អាស៊ី​ដំបូងគេ​បង្អស់​ដែល​សម្រេច​បញ្ជូន​ផ្កាយ​រណប​ទៅ​ភព​អង្គារ​។ ឥណ្ឌា​គ្រោង​បញ្ជូន​បេសកកម្ម​យាន​មាន​មនុស្ស​ជិះ​ ហោះ​បី​ថ្ងៃ​ជុំ​វិញ​ផែនដី នៅ​ឆ្នាំ​ក្រោយ។ បេសកកម្ម​រួម​ជាមួយ​ជប៉ុន ក្នុងការ​បញ្ជូន​ឧបករណ៍​សិក្សា​​ទៅ​ឋាន​ព្រះ​ចន្ទ​ គ្រោង​ធ្វើ​នៅ​ឆ្នាំ​២០២៥ ឬ​ទៅ​ភព​វេណុស្ស​នៅ​រវាង​ពីរ​ឆ្នាំទៀត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ