អានតួអត្ថបទ
កូរ៉េខាងជើង

កូរ៉េខាងជើងបាញ់​បង្ហោះ “មីស៊ីល​បណ្តែតយុទ្ធសាស្ត្រ​” មុនពេល​អាមេរិកនិងកូរ៉េខាងត្បូងធ្វើសមយុទ្ធ​យោធា

មេដឹកនាំរបបផ្តាច់ការ​កូរ៉េខាងជើង គីម ជុងអ៊ុន បាន​ទៅ​ត្រួតពិនិត្យ​មើល កងពលទាហានជើងទឹក ព្រមទាំងបាន​មើល​ការបាញ់​បង្ហោះសាកល្បង​ នូវ “មីស៊ីលបណ្តែតយុទ្ធសាស្ត្រ” ដ៏ទំនើបចុងក្រោយ​បង្អស់។ នេះបើផ្អែកតាមចុះផ្សាយ របស់បណ្តាញ​ព័ត៌មាន​ផ្លូវការ​កូរ៉េខាងជើង KCNA នៅថ្ងៃចន្ទទី​២១សីហា។ ជាការបាញ់សាកល្បងមីស៊ីលរបស់កូរ៉េខាងជើង មុនពេលដែល​កងទ័ពកូរ៉េខាងត្បូង និងកងទ័ពអាមេរិក ចាប់ផ្តើម​បើកសមយុទ្ធយោធាដ៏ធំ​ប្រចាំឆ្នាំ។

រូបភាពផ្សព្វផ្សាយ​របស់​រដ្ឋាភិបាល​កូរ៉េខាងជើង៖ លោកគីម ជុងអ៊ុន ឈរមើលការបាញ់​សាកល្បង មីស៊ីលបណ្តែតយុទ្ធសាស្ត្រ ក្នុងសមុទ្រខាងកើត (សមុទ្រជប៉ុន)
រូបភាពផ្សព្វផ្សាយ​របស់​រដ្ឋាភិបាល​កូរ៉េខាងជើង៖ លោកគីម ជុងអ៊ុន ឈរមើលការបាញ់​សាកល្បង មីស៊ីលបណ្តែតយុទ្ធសាស្ត្រ ក្នុងសមុទ្រខាងកើត (សមុទ្រជប៉ុន) AP
ផ្សាយពាណិជ្ជកម្ម

ដោយ​មិនបញ្ជាក់ កាលបរិច្ឆេទ​ឲ្យច្បាស់ ទីភ្នាក់ងារ​ព័ត៌មានកូរ៉េខាងជើង បានផ្សាយថា លោក​ប្រមុខដឹកនាំ​ គីម ជុងអ៊ុន បានចុះទៅពិនិត្យ​មើល​កងទ័ព នៅលើនាវាចម្បាំង​ក្នុងសមុទ្រ​ខាងកើត ព្រមទាំងបាន​មើលការ​រៀបចំបាញ់​សាកល្បងមីស៊ីលបណ្តែតយុទ្ធសាស្ត្រជាច្រើនគ្រាប់​។ ការបាញ់សាកល្បង ដែលទីភ្នាក់ងារនេះអះអាងថា បានជោគជ័យយ៉ាងត្រចះត្រចង់ ដោយបាន​បាញ់ចំគោលដៅគ្រោងទុក​ មិន​ឲ្យខុសសូម្បីបន្តិចណាឡើយ។

ដោយឡែក យោងតាម​ភាគីកូរ៉េខាងត្បូង គឺកូរ៉េខាងជើងបំផ្លើសព័ត៌មានបន្តិចហើយ ព្រោះការពិតជាក់ស្តែង​ គឺ វាមិនអស្ចារ្យនិងជោគជ័យ ដូច​អ្វីដែលទីភ្នាក់ងារព័ត៌មានកូរ៉េខាងជើងអួតនោះទេ។ លោកអគ្គបញ្ជការអន្តរកងទ័ពកូរ៉េខាងត្បូង បាន​អះអាងថា កងទ័ពកូរ៉េខាងត្បូងនិងអាមេរិក បាន​តាមដានប្រមូលទិន្នន័យយ៉ាងម៉ដ្ឋចត់បំផុត ស្តីអំពីសកម្មភាពបាញ់សាកល្បងសព្វា​វុធ របស់កូរ៉េខាងជើង។ លោកអគ្គបញ្ជការកូរ៉េខាងត្បូងដដែល បានអះអាងថា កងទ័ពអាមេរិកនិងកូរ៉េខាងត្បូង នឹងបន្តរក្សាគោលជំហរ ត្រៀម ប្រុងប្រយ័ត្ន ហាត់សម យ៉ាងម៉ដ្ឋចត់បំផុត ដើម្បីឆ្លើយតបចំពោះការគំរាម​កំញើញពីសំណាក់ របបផ្តាច់ការព្យុងយ៉ាង។

សូមបញ្ជាក់ថា ការប្រកាស​របស់​​កូរ៉េខាងជើង ថាបានបាញ់មីស៊ីលបណ្តែតយុទ្ធសាស្ត្រ បានជោគជ័យនេះ គឺចំពេលដែលកងទ័ពអាមេរិកនិងកូរ៉េខាងត្បូងចាប់ផ្តើមបើកការធ្វើសមយុទ្ធយោធាប្រចាំឆ្នាំ ឈ្មោះ Ulchi Freedom Shield ពីពេលនេះរហូតដល់ថ្ងៃទី​៣១សីហា។ សម្រាប់កូរ៉េខាងជើង សមយុទ្ធនេះគឺគ្មានអ្វីក្រៅតែពីការត្រៀមហាត់សមចូលឈ្លានពាន​កូរ៉េខាងជើងប៉ុណ្ណោះទេ​ ហើយដែលតម្រូវឲ្យខ្លួនត្រូវតែ​គំរាមតបវិញ។ យ៉ាងណាមិញ នរគបាល​​កូរ៉េខាងត្បូងបានឲ្យដឹងថា ប៉ុន្មានថ្ងៃមកនេះ កូរ៉េខាងជើងបាន​បើកការវាយ​ប្រហារតាមប្រព័ន្ធបច្ចេកវិទ្យាអ៊ីនធ័រនិត មកលើ​ក្រុមហ៊ុន​កូរ៉េខាងត្បូងដែលចូលរួម នៅក្នុង​មជ្ឈមណ្ឌល​ហាត់សមធ្វើ​សង្គ្រាម។

គួរកត់សំគាល់ដែរថា ការគំរាមជាថ្មីរបស់ព្យុងយ៉ានេះ គឺ​ធ្វើឡើង៣ថ្ងៃ បន្ទាប់ពី​លោក​ចូ បៃដិន បានជួប​លោក​ប្រធានាធិបតីកូរ៉េខាងត្បូង​និង​លោក​នាយករដ្ឋមន្ត្រីជប៉ុន នៅក្នុងជំនួបកំពូលត្រីភាគីជាប្រវត្តិសាស្ត្រ។ ជាជំនួបដ៏កម្រ ដែលភាគីទាំង៣ អះអាងថានឹងរួមកម្លាំងសហការគ្នាក្នុងវិស័យសន្តិសុខ ការពារជាតិ​​ តាមរយៈការ​បែងចែកទិន្នន័យគ្នា ការធ្វើសមយុទ្ធយោធារួម​គ្នា​ជាប្រចាំ និងបើកបណ្តាញទាក់ទងគ្នាដោយ​ផ្ទាល់ ក្នុងករណី​មានវិបត្តិ​។

លោក Leif Eric Easley សាស្ត្រាចារ្យនៅ​ សកលវិទ្យាល័យ​Ewha ក្រុងសេអ៊ូល បានលើកឡើងថា ការរួមកម្លាំងគ្នា​កាន់តែស្អិតរមួត រវាងអាមេរិក កូរ៉េខាងត្បូង និងជប៉ុន វាអាចជះឥទ្ធិពលល្អ ជំរុញការចរចាការទូត ព្រោះ​វានឹងបង្ខំឲ្យចិនគ្មានជម្រើសផ្សេង ក្រៅពីដាក់សំពាធលើ​កូរ៉េខាងជើង ឲ្យ​បើកផ្លូវចរចា។ តែយ៉ាងណា សម្រាប់ពេលនេះ កូរ៉េខាងជើងនឹងបន្ត​គម្រាមកំញើញសិន តាមរយៈការបាញ់សាកល្បងមីស៊ីលជាបន្តបន្ទាប់ ដើម្បីទារថ្លៃខ្លួន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ