អានតួអត្ថបទ
អូស្ត្រាលី-ធ្លាក់យន្តហោះ

អូស្ត្រាលី​គ្មាន​​សង្ឃឹម​រកឃើញអ្នក​​រួច​ពី​ស្លាប់​ក្នុង​គ្រោះ​ធ្លាក់​ឧទ្ធម្ភាគចក្រយោធា

អាជ្ញាធរ​អូស្ត្រាលី​ បាន​ប្រកាសនៅ​ថ្ងៃ​ចន្ទទី ៣១​កក្កដា​២០២៣​នេះ ​ថា​លែង​មាន​សង្ឃឹម​នឹង​អាច​រ​ក​ឃើញអ្នក​រួច​ពី​ស្លាប់​ក្នុងគ្រោះ​ធ្លាក់​ឧទ្ទម្ភាគចក្រ​ ដែល​កើត​ឡើង​​នៅ​យប់​ថ្ងៃ​សុក្រ​ឆ្លង​ចូល​ថ្ងៃ​សៅរ៍ហើយ​។ ឧទ្ធម្ភាគចក្រយោធា​នោះ​មាន​ផ្ទុក​ទាហាន​បួន​នាក់ ​និងបានជួប​គ្រោះ​ថ្នាក់​ធ្លាក់​នៅពេល​កំពុង​ធ្វើ​សមយុទ្ធដ៏​ធំ​ជាមួយ​សហរដ្ឋ​អាមេរិក ជប៉ុន បារាំង អាល្លឺម៉ង់​និង​កូរ៉េខាង​ត្បូង។

អាជ្ញាធរ​អូស្ត្រាលី គ្មាន​សង្ឃឹម​រក​ឃើញ​អ្នករួច​ពី​ស្លាប់​ក្នុង​គ្រោះ​ធ្លាក់​ឧទ្ធម្ភាគចក្រ
អាជ្ញាធរ​អូស្ត្រាលី គ្មាន​សង្ឃឹម​រក​ឃើញ​អ្នករួច​ពី​ស្លាប់​ក្នុង​គ្រោះ​ធ្លាក់​ឧទ្ធម្ភាគចក្រ AP - LSEW Hannah Linsley
ផ្សាយពាណិជ្ជកម្ម

ការ​រក​ឃើញ​បំណែក​ឧទ្ធម្ភាគចក្រ បាន​មក​លុប​បំបាត់​ក្តី​សង្ឃឹមដែល​​ថា​នឹង​អាចរក​ឃើញទាហាន​នៅ​មាន​ជីវិត។ ប៉ុន្តែ​ដោយហេតុ​តែជា​​​គ្រោះថ្នាក់ដ៏​ធំ យើង​សូម​បង្វែរ​ប្រតិបត្តិការ​សង្គ្រោះ​ទៅ​ជា​ប្រតិបត្តិការ​ប្រមូល​បំណែក​វិញ។ នេះ​ជា​ប្រសាសន៍​របស់​លោក​រដ្ឋមន្ត្រី​ការពារ​ជាតិអូស្ត្រាលី លោក Richard Marles។ លោក​រដ្ឋមន្ត្រី​បាន​អះអាង​បន្ថែម​ទៀត​ថា កងពលទ័ព​អាកាស​ដែល​មាន​ឧទ្ធម្ភាគចក្រ​ជាង​៤០​គ្រឿង និង​ដែល​ត្រូវ​ធ្វើ​កំណែទម្រង់​នៅ​ចុង​ឆ្នាំ​២០២៤ មិន​ចេញ​ហោះហើរ​ មិន​ប្តូរផ្លាស់​ ឬ​បញ្ចេញ​សកម្មភាព​អ្វី​លើសនេះ​ទេ ដរាបណា​ក្រុម​អ្នក​អង្កេត​មិន​ទាន់​រក​ឃើញ​មូលហេតុ​នៃ​គ្រោះ​ថ្នាក់​ធ្លាក់​ឧទ្ធម្ភាគចក្រ​នោះ។

ឧទ្ធម្ភាគចក្រ​ ប្រភេទ​Taipan MRH-90 ផលិត​ដោយ​ក្រុមហ៊ុន​អឺរ៉ុប បាន​ធ្លាក់​ពេល​កំពុង​ធ្វើ​សមយុទ្ធTalisman Sabre ​ជាមួយ​កងទ័ព​សម្ព័ន្ធមិត្តអាមេរិក ជប៉ុន បារាំង អាល្លឺម៉ង់ និង​កូរ៉េខាង​ត្បូង។ ជា​សមយុទ្ធ​ទ្រង់ទ្រាយ​ធំ ដែល​មានកងពល​យោធា​ជើង​គោក កងប្រតិបត្តិការ​​អាកាស និងកងពល​នាវា​មុជ​​ទឹក​​​ចូល​រួម​សរុប​ប្រមាណ​បី​ម៉ឺន​នាក់។ តាមគម្រោង សមយុទ្ធ​ក្នុង​កម្មវត្ថុ​បង្អួត​កម្លាំង​យោធា​របស់​ក្រុមសម្ព័ន្ធ​មិត្ត​លោក​ខាង​លិច​ មាន​រយៈ​ពេល​ពីរ​សប្តាហ៍ ពោល​គឺ​នៅថ្ងៃ​ទី​៤​សីហា ប៉ុន្តែ​​គ្រោះ​ធ្លាក់​ឧទ្ធម្ភាគចក្រ បាន​មក​ព្យួរ​ផ្អាក​សមយុទ្ធ​ភ្លាម​មួយ​រំពេច។

អ្នក​ទទួល​ខុស​ត្រូវ​អូស្ត្រាលី​ធ្លាប់​បាន​រអ៊ូ ជា​ច្រើន​លើកច្រើនសាមក​ហើយអំពី​ការ​បញ្ឈប់​ ​ការ​ហោះហើរ​​ឧទ្ធម្ភាគចក្រ​Taipanដើម្បី​​ជួសជុលនិង​ប្តូរ​​គ្រឿង​បន្លាស់។ ជាក់ស្តែង​កាលពី​ដើម​ឆ្នាំ កងឧទ្ធម្ភាគចក្រ​ត្រូវ​សំចត​យាន​យន្ត​របស់​ខ្លួនចោល​​រយៈ​ពេល​មួយ​ខែ​ក្រោយ​ពី​មាន​ឧទ្ធម្ភាគចក្រ​មួយ​គ្រឿង​ខូចម៉ាស៊ីន។

មុន​គ្រោះ​ថ្នាក់​បន្តិច អូស្ត្រាលី​បាន​ប្រកាស​ចេតនា​ចង់​បំពាក់​ឧទ្ធម្ភាគចក្រថ្មី​ ប្រភេទ​Black Hawks ​របស់​អាមេរិក​ ជំនួស​ឧទ្ធម្ភាគចក្រ​Taipan​ដែល​ចាស់​ខ្លាំង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ