សហរដ្ឋអាមេរិក ប្រកាសផ្តល់ជំនួយយោធាឲ្យតៃវ៉ាន់ ក្នុងទឹកប្រាក់ ៣៤៥លានដុល្លារ
រដ្ឋាភិបាលអាមេរិក ទើបតែបានប្រកាសឲ្យដឹងថា គេបានសម្រេចចិត្តផ្តល់ជំនួយយោធា ទៅឲ្យតៃវ៉ាន់ ក្នុងទំហំទឹកប្រាក់ ចំនួន៣៤៥លានដុល្លារ។ តាមធម្មតា កន្លងមកអាមេរិក ផលិតអាវុធលក់ឲ្យតៃវ៉ាន់ តែលើកនេះ ផ្អែកតាមប្រភពពីមន្រ្តីក្រសួងការពារជាតិអាមេរិក គឺអាមេរិកបានសម្រេចដកគ្រឿងសព្វាវុធរបស់ខ្លួន ដែលមានក្នុងស្តុកស្រាប់ យកទៅឲ្យតៃវ៉ាន់តែម្តង។
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០២:២៤
នៅក្នុងលិខិតប្រកាសរបស់សេតវិមាន ចេញផ្សាយល្ងាចថ្ងៃទី២៨កក្កដា គឺមិនបានលំអិតទេ ថាក្នុងចំណោមជំនួយយោធាគិតជាទឹកប្រាក់ ចំនួន៣៤៥លានដុល្លារ គឺមានជាអ្វីខ្លះជាក់ស្តែង។ គេគ្រាន់តែបានបញ្ជាក់ថា អាមេរិក នឹងជួយផ្នែកសម្ភារៈយោធា និងមានជួយផ្នែកបណ្តុះបណ្តាលបង្វឹកកងទ័ពតៃវ៉ាន់ផងដែរ។
ដោយឡែក ផ្អែកតាមមន្ត្រីអាមេរិកម្នាក់ ដោយសុំមិនបញ្ចេញឈ្មោះ បានអះអាងកាលពីថ្ងៃសុក្រថា ក្នុងទំហំទឹកប្រាក់នេះ គឺមានជាអាទិ៍ ប្រព័ន្ធអង្កេតតាមដានប្រមូលទិន្នន័យកងទ័ព គ្រាប់កាំភ្លើងគ្រប់ប្រភេទ គ្រឿងបន្លាស់ និងសម្ភារៈជាច្រើនមុខផ្សេងទៀត ដែលកងទ័ពតៃវ៉ាន់ត្រូវការ។
គួររំលឹកថា ជានិច្ចជាកាល អាមេរិកយល់ព្រមផលិតលក់អាវុធទៅឲ្យតៃវ៉ាន់ ទៅតាមការបញ្ជទិញ។ តែអ្វីដែលពិសេស នៅលើកនេះ គឺរដ្ឋាភិបាលអាមេរិកបានសម្រេចដកគ្រឿងសម្ភារៈ និងគ្រាប់ ដែលមាននៅក្នុងស្តុករបស់ក្រសួងការពារជាតិ យកទៅឲ្យតៃវ៉ាន់តែម្តង។ ពោលគឺ ដូចករណីជំនួយយោធា ដែលអាមេរិកបានជួយអ៊ុយក្រែនដែរ ក្នុងរវាងជាង១ឆ្នាំមកនេះ។ អ្នកនាំពាក្យម្នាក់នៃមន្ទីរបញ្ចកោណ បានលើកឡើងថា ជំនួយយោធាថ្មីរបស់អាមេរិកនេះ នឹងអនុញ្ញាតឲ្យតៃវ៉ាន់ អាចមានលទ្ធភាពការពារខ្លួនបានភ្លាមៗ ក្នុងពេលនេះនិងក្នុងពេលអនាគត មិនថាផ្នែកស្តុកអាវុធការពារខ្លួន ផ្នែកសមត្ថភាពប្រឆាំងរថក្រោះ និងផ្នែកការពារផ្លូវអាកាសជាដើម។
សូមរំលឹកថា តាមច្បាប់មួយអនុម័តដោយសភាខុនហ្ក្រេសអាមេរិក គឺរដ្ឋាភិបាលអាចដកស្តុកគ្រឿងសព្វាវុធ ពីក្នុងស្តុករបស់ក្រសួងការពារជាតិ យកទៅជួយតៃវ៉ាន់បាន ក្នុងទំហំទឹកប្រាក់ មិនឲ្យលើស១ពាន់លានដុល្លារ។ ជាវិធានការ ដើម្បីបង្អាក់ ចេតនាចង់ឈ្លានពានរបស់ចិន ឲ្យខ្លាចរអា។
គួរកត់សំគាល់ដែរថា ការប្រកាសផ្តល់ជំនួយយោធាទៅឲ្យតៃវ៉ាន់នេះ គឺវាស្ថិតក្នុងបរិបទមួយ ដែលសហរដ្ឋអាមេរិក ក៏កំពុងប្រឹងប្រែង បើកផ្លូវចរចាផ្នែកការទូតជាមួយចិនដែរ។ មន្ត្រីអាមេរិកធំៗជាបន្តបន្ទាប់ បានបន្តកន្ទុយគ្នាទៅប៉េកាំង ដើម្បីជួបជាមួយថ្នាក់ដឹកនាំចិន។ កាលពីពាក់កណ្តាលខែមិថុនា លោកប្រមុខការទូតអាមេរិក បានទៅជួបសមភាគីចិន តែលទ្ធផលបានត្រឹមតែការមានះរក្សាជំហររឹងរៀងខ្លួន។ យ៉ាងណាក៏ដោយ ភាគីទាំង២អះអាងថា សង្ឃឹមរក្សាបើកច្រកផ្លូវទំនាក់ទំនងនិយាយគ្នានេះបន្តទៀត ដើម្បីបញ្ចៀសកុំឲ្យបញ្ហាឈានទៅក្លាយជាប្រឈមមុខដាក់គ្នាដោយកម្លាំងទ័ព៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ