អានតួអត្ថបទ
ម៉ាឡេស៊ី-សិង្ហបុរី

ម៉ាឡេស៊ី​ផ្តល់​សន្ទុះឡើង​វិញ​ដល់​គម្រោង​សង់ផ្លូវ​រថភ្លើងល្បឿន​លឿន​​ភ្ជាប់​ទៅសិង្ហបុរី

បន្ទាប់​ពីផ្អាក​អស់​ពេល​ជាង​ពីរ​ឆ្នាំ​ ដោយ​ហេតុ​តែ​មាន​ចំណុច​ខ្ទាស់​គ្នា​ច្រើន គម្រោង​ផ្លូវដែក​ល្បឿនលឿន ម៉ាឡេស៊ី-សិង្ហបុរី ចាប់​បន្ត​ដំណើរការ​ទៅមុខ​ទៀត។ នៅសប្តាហ៍​នេះ រដ្ឋាភិបាល​ម៉ាឡេស៊ី បាន​ប្រកូកប្រកាស​ហៅក្រុមហ៊ុន​ឯកជន​ឱ្យ​មក​ដេញ​ថ្លៃ​ ​គម្រោង​​វិនិយោគការ​សាងសង់​ផ្លូវ​រថភ្លើង​ល្បឿនលឿន តភ្ជាប់​ពី​ក្រុង​កូឡាឡាំពួរ ទៅ​សិង្ហបុរី។

រថភ្លើង​ KTM មកពី​ម៉ាឡេស៊ី​ដល់​ស្ថានីយ៍​ Tanjong Pagar ប្រទេស​សិង្ហបុរី
រថភ្លើង​ KTM មកពី​ម៉ាឡេស៊ី​ដល់​ស្ថានីយ៍​ Tanjong Pagar ប្រទេស​សិង្ហបុរី AP - Wong Maye-E
ផ្សាយពាណិជ្ជកម្ម

​ក្តី​សង្ឃឹម​របស់​ប្រជាពលរដ្ឋ​ម៉ាឡេស៊ី ចង់​​មាន​រថភ្លើង​ល្បឿន​លឿន​មួយ​ខ្សែ​ដំបូង​​តភ្ជាប់​ទៅ​ប្រទេស​សិង្ហបុរី អាច​លេច​ជា​រូប​រាងពិត​​នៅថ្ងៃ​ណា​មួយឬទេ ?​ គម្រោង​ផ្លូវដែកល្បឿនលឿន ​តភ្ជាប់​រដ្ឋធានី​នៃ​ប្រទេស​ទាំងពីរ ត្រូវ​បាន​ផ្អាក​អស់រយៈ​ពេល​ពីរ​ឆ្នាំ​ហើយ ដោយ​ម៉ាឡេស៊ី បានផ្តល់​សំណងជំងឺ​ចិត្ត​​ជា​​ប្រាក់​១០២​លាន​ដុល្លារ​ដល់​សិង្ហបុរី​ដែល​បាន​ចំណាយពេល​សិក្សា​គម្រោង​នេះ​ផង។ បើតាម​ក្រសួង​ដឹកជញ្ជូន រដ្ឋាភិបាល​ម៉ាឡេស៊ី​​ ត្រូវការ​​ពិចារណា​រក​មធ្យោបាយ​និង​យន្តការ​ហិរញ្ញប្បទាន​ថ្មី​ ដែល​ទំនង​ជា​យន្តការ​រដ្ឋ​សហការ​ជាមួយដៃគូ​ជា​​ក្រុមហ៊ុន​ឯកជន។

កាលពី​ខែ​មីនា រដ្ឋាភិបាល​បាន​ជួប​ពិភាក្សា​ជាមួយ​ក្រុមហ៊ុន​ឯកជន​ជា​ច្រើន​ដើម្បី​វាយតម្លៃ​​​គម្រោង​សាងសង់​ផ្លូវរថភ្លើងល្បឿនលឿន​ ដែល​មាន​ឈ្មោះ​ថា “HSR” តម្លៃ​១៧ពាន់​លាន​ដុល្លារ​អាមេរិក។ ក្រុមហ៊ុន​ទាំងនោះ​គឺ MMC Corporation, Berjaya Group ou encore Malaysian Resources Corporation

នៅសប្តាហ៍​នេះ រដ្ឋាភិបាល​ម៉ាឡេស៊ី​បាន​ប្រកាស​ជា​ផ្លូវការ​បើក​ចំហឱ្យ​​ក្រុមហ៊ុន​ក្នុង​ស្រុក​និង​ក្រុមហ៊ុន​អន្តរជាតិ​ចូល​ដេញ​ថ្លៃ ដើម្បី​វាយតម្លៃ​អំពី​សមត្ថភាព​ឧស្សាហកម្ម​នៃ​ការ​វិនិយោគ​លើ​គម្រោង​ដ៏​ធំ​មួយ​នេះទាំង​ស្រុង​។ ចំណែក​ខាង​សិង្ហបុរី​វិញ ក្រសួង​ដឹកជញ្ជូនប្រកាស​​រក្សា​ទ្វារ​បើក​ចំហ​ទទួល​គ្រប់​សំណើ​ថ្មី​ ទាក់ទង​នឹងគម្រោង​HSR មក​ពី​ខាង​​ម៉ាឡេស៊ីជា​និច្ច។

សូម​បញ្ជាក់​ថា ចម្ងាយ​ផ្លូវ​តភ្ជាប់​ពីក្រុង​កូឡាឡាំពួរ ទៅ​សិង្ហបុរី មាន​ប្រវែង​ជិត​៣៥០គីឡូម៉ែត្រ។ បច្ចុប្បន្ននេះ មធ្យោបាយ​ធ្វើ​ដំណើរ​ដែល​លឿន​បំផុត គឺជិះ​​យន្តហោះ ​ឬជិះ​រថយន្ត។ ​ ឯផ្លូវ​ដែក​ក៏​មាន​ដែរ តែជា​មរតកសល់​ពី​សម័យ​អាណានិគម​អង់គ្លេស និង​​ត្រូវ​ចុះ​ប្តូរ​ផ្លាស់​រថភ្លើង​ជា​ច្រើន​ដំណាក់​ ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​ការ​ធ្វើ​ដំណើរ​ត្រូវ​ចំណាយ​ពេល​វែង​ជាង​ជិះ​ឡាន​ក្រុង​ទៅ​ទៀត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ