អានតួអត្ថបទ

ប្រធានាធិបតីឥណ្ឌូណេស៊ីប្រកាសសងជំងឺចិត្តដល់​ជនរងគ្រោះដោយសារ​ការរំលោភសិទ្ធិមនុស្ស

នៅឥណ្ឌូណេស៊ី លោកប្រធានាធិបតី​ហ្សូកូ វីដូដូ​ស​ន្យាផ្តល់សំណងជំងឺចិត្ត​ដល់​ជនរងគ្រោះ ដោយសារ​​ការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ និងការសម្លាប់រង្គាល កាលពីអតីតកាល។ នៅក្នុង​ពិធីបុណ្យរំលឹកដល់​ជនរងគ្រោះ​ដោយសារ​ការបង្រ្កាបដ៏ហិង្សា​នៅ​ខេត្ត​អាឆេ កាលពីថ្ងៃ​អង្គារ ប្រមុខរដ្ឋាភិបាល​ឥណ្ឌូណេស៊ី​ប្រកាស​ចាប់ផ្តើម​ជាលើកទី១ មិនធ្លាប់មាន កម្មវិធី​សងជំងឺចិត្តដល់ជនរងគ្រោះដោយសារ​ការរំលោភសិទ្ធិមនុស្ស​ដែលបង្កឡើងដោយរដ្ឋអំណាចដឹកនាំប្រទេស

គ្រួសារជនរងគ្រោះនិស្សិតដែលស្លាប់ បាត់ខ្លួន នៅក្នុងការបង្រ្កាបហិង្សារបស់​ទាហាន​ក្នុងអំណាចដឹកនាំរបស់មេដឹកនាំផ្តាច់ការស៊ូហាតូឆ្នាំ ១៩៩៨
គ្រួសារជនរងគ្រោះនិស្សិតដែលស្លាប់ បាត់ខ្លួន នៅក្នុងការបង្រ្កាបហិង្សារបស់​ទាហាន​ក្នុងអំណាចដឹកនាំរបស់មេដឹកនាំផ្តាច់ការស៊ូហាតូឆ្នាំ ១៩៩៨ ASSOCIATED PRESS - Dita Alangkara
ផ្សាយពាណិជ្ជកម្ម

ប្រធានាធិបតី​ឥណ្ឌូណេស៊ីបានលើកឡើង​ពីការចាំបាច់ និងបន្ទាន់​ដើម្បីសងជំងឺចិត្ត​ដល់​ជនរងគ្រោះ ដិតដាមដោយរបួសផ្លូវចិត្ត ផ្លូវកាយដោយសារ​ការសម្លាប់រង្គាល និង​ការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរកាលពីអតីតកាល។

ឈ្នះឆ្នោត​ចូលកាន់តំណែងជាប្រធានាធិបតី​ឥណ្ឌូណេស៊ី នៅ​ឆ្នាំ ២០១៤ លោក​ហ្សូកូវីដូដូ​ធ្លាប់​សន្យាស្វែងរកដំណោះស្រាយ​ដើម្បីព្យាបាលស្នាមរបួសជាតិដែលជាលទ្ធផល​នៃការបង្រ្កាបហិង្សា ការរំលោភសិទ្ធិមនុស្សដ៏ធ្ងន់ធ្ងរ នៅឥណ្ឌូណេស៊ី កាលពី​ជាង​៣០ឆ្នាំមុន។

នៅខែ​មករា នៅពេល​ទទួលបាន របាយការណ៍​ពីគណៈកម្មការស៊ើបអង្កេតដែលលោកបានបង្កើតឡើង​នៅ​ឆ្នាំមុន  លោកប្រធានាធិបតី​ហ្សូកូវីនិយាយថា លោកសោកស្តាយដែល​ឃើញថា ក្នុងរយៈពេល​តែ ៣៥ឆ្នាំ ​ពី​ឆ្នាំ ១៩៦០​ដល់​២០០៥  ​ឥណ្ឌូណេស៊ី​បាន​ជួបព្រឹត្តិការណ៍សម្លាប់បង្ហូរឈាម ដល់ទៅ ១២លើក ដែលនៅក្នុងនោះមាន​យុទ្ធនាការរបស់កងទ័ព​ដើម្បី​កម្ចាត់សកម្មជនកុម្មុយនិស្ត នៅអំឡុងចូលកាន់អំណាច​របស់​មេដឹកនាំផ្តាច់ការសូហាតូឆ្នាំ ១៩៦៥ ដែលបានសម្លាប់មនុស្ស​ជាង​កន្លះលាននាក់។

របាយការណ៍​របស់​ក្រុមស៊ើបអង្កេត​លើ​ ប្រវត្តិសាស្រ្ត​បង្ហូរឈាម​នៅ​ឥណ្ឌូណេស៊ី​ រាប់បញ្ចូល​ផងដែរ ការបង្រ្កាបរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ​របស់​អាជ្ញាធរ នៅក្នុងការប្រយុទ្ធប្រឆាំង​នឹង​ក្រុមបំបែកទឹកដីនៅ​ខេត្ត​អាឆេ និង​ការសម្លាប់​ចាក់ដាក់ពន្ធនាគារ​និស្សិត​ដែល​ធ្វើបាតុកម្ម​ប្រឆាំង​អំណាចផ្តាច់ការ​៣ទសវត្សរ៍របស់មេដឹកនាំ​សូហាតូ នៅ​ឆ្នាំ ១៩៩៨។

ថ្លែងនៅក្នុងពិធី​បុណ្យរំលឹកដល់​ជនរងគ្រោះដោយសារ​ការសម្លាប់រង្គាល​របស់អាជ្ញាធរ​នៅ​ខេត្តអាឆេ កាលពីថ្ងៃអង្គារ ប្រធានាធិបតីឥណ្ឌូណេស៊ី​និយាយថា រដ្ឋាភិបាល​ចាប់ផ្តើម​កម្មវិធីសងជំងឺចិត្ត​ជនរងគ្រោះ ដោយសារ​ការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ​កាលពីអតីតកាល។

រដ្ឋាភិបាល​ឥណ្ឌូណេស៊ី​មិនបានបញ្ជាក់ចំនួន និងប្រភេទជនរងគ្រោះដែលត្រូវ​ទទួលបាន​សំណងជំងឺចិត្តពី​រដ្ឋាភិបាល។ សំណងជំងឺចិត្ត ដល់ជនរងគ្រោះ ដោយសារ​ព្រឹត្តិការណ៍​រំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ មានដូចជា ការផ្តល់អាហារូបករណ៍ សេវាសុខភាព ជំនួយសម្រាប់សំណង់ផ្ទះសម្បែង និងការផ្តល់​ទិដ្ឋាការដល់ជនរងគ្រោះដែលនិរទេសខ្លួនទៅបរទេស​ដើម្បីគេចចេញពីការធ្វើទុក្ខបុកម្នេញ​នយោបាយ។

សមាគមតំណាងជនរងគ្រោះ​នៃការសម្លាប់រង្គាលនៅ​ឆ្នាំ ១៩៦៥ ស្វាគម​ចំណាត់ការសងជំងឺចិត្តរបស់រដ្ឋាភិបាល ប៉ុន្តែ បារម្ភថា នឹងមានមនុស្សមួយក្រុមតូចដែលទទួលបានសំណងជំងឺចិត្ត។ ម្យ៉ាងកម្មវិធីសំដៅព្យាបាលស្នាមរបួស​របស់​រដ្ឋាភិបាលមិនឆ្លើយតបទាំងស្រុង​នឹង​ការទាមទារចង់បាន​របស់​ជនរងគ្រោះ។ ម្តាយរបស់​និស្សិតម្នាក់ដែលស្លាប់នៅក្នុងការបង្រ្កាបរបស់ទាហានទៅលើ​បាតុកម្ម​នៅឆ្នាំ ១៩៩៨ យល់ថា​សំណងជំងឺចិត្ត​គ្មានន័យ បើសិន​អ្នកទទួលខុសត្រូវលើការសម្លាប់រង្គាល​ និងអ្នកប្រព្រឹត្តអំពើហិង្សានៅតែរស់នៅមានសេរីភាព​ គ្មានការផ្តន្ទាទោសតាមផ្លូវច្បាប់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ