អានតួអត្ថបទ

នាយករដ្ឋមន្រ្តីចិន រិះគន់ប្រទេសលោកខាងលិចដែលចង់កាត់បន្ថយការពឹងផ្អែកលើសេដ្ឋកិច្ចចិន

ថ្ងៃអង្គារ​ ទី​២៧ ខែមិថុនា​ លោក លី ឈាំង នាយករដ្ឋមន្រ្តីចិន ​រិះគន់​ចំពោះចេតនា​របស់​ថ្នាក់ដឹកនាំ​ប្រទេស​លោក​ខាងលិច ដែល​ចង់​កាត់បន្ថយការពឹងផ្អែកលើសេដ្ឋកិច្ចចិន ថា​ជា​«សំណើ​មិន​ត្រឹមត្រូវ»។ ក្រៅពី​​ឆ្លើយ​តបបែបនេះ ថ្នាក់ដឹកនាំ​លេខ​២​ចិន បាន​ពន្យល់ទៀត​ថា ពិភពលោក​ចាំបាច់​ត្រូវ​សហការគ្នា និង​​ពឹង​ពាក់​គ្នាទៅវិញទៅមក​ ដើម្បី ​ការ​រីកចម្រើន​រួម​គ្នា។​​

នាយករដ្ឋមន្រ្តីចិន លី ឈាំង  ធ្វើសុន្ទរកថា បើកវេទិកាសេដ្ឋកិច្ចពិភពលោករដូវក្តៅ នៅទីក្រុងធានជីន (Tianjin) នាថ្ងៃអង្គារ​ ទី​២៧ ខែមិថុនា​។
នាយករដ្ឋមន្រ្តីចិន លី ឈាំង ធ្វើសុន្ទរកថា បើកវេទិកាសេដ្ឋកិច្ចពិភពលោករដូវក្តៅ នៅទីក្រុងធានជីន (Tianjin) នាថ្ងៃអង្គារ​ ទី​២៧ ខែមិថុនា​។ REUTERS - TINGSHU WANG
ផ្សាយពាណិជ្ជកម្ម

​​​សេដ្ឋកិច្ចប្រទេស​ក្នុង​​ពិភព​ គឺជា​សហគមន៍សេដ្ឋកិច្ច​រួម​គ្នា ដែល​ត្រូវ​សហការពឹង​ផ្អែក​គ្នា​ទៅវិញមក ដើម្បី​​វិបុលភាព​ និង​ការ​អភិវឌ្ឍ​រួម​គ្នា​។ ​​នេះជា​មូលដ្ឋាន​ល្អត្រឹមត្រូវ និងគ្មាន​អ្វី​អាក្រក់​សោះ។ ទាំង​នេះខ្លឹមសារ​ប្រសាសន៍​របស់​ នាយករដ្ឋមន្រ្តីចិន លី ឈាំង នៅពេល​ធ្វើ​សុន្ទរកថា បើកវេទិកាសេដ្ឋកិច្ចពិភពលោករដូវក្តៅ នៅ​​ទីក្រុងធានជីន (Tianjin)

ពី​ប៉ែក​ខាង​ជើង​ប្រទេស​ចិន​​នេះហើយ ដែល​ ​​នាយករដ្ឋមន្ត្រីចិន បាន​ស្តីបន្ទោស​រិះគន់​ត្រង់ៗ​ចំពោះ​ប្រទេស​លោកខាង​លិច​ ថា មាន​មនុស្សមួយ​ចំនួន​នៅ​​ប្រទេស​បច្ចិមលោក​ បញ្ចេញ​ទ្រឹស្តី​និង​បង្ហាញ​ចេតនា​ចង់​កាត់បន្ថយ​ការ​ពឹង​ផ្អែកផ្នែក​សេដ្ឋកិច្ច​​ ដើម្បី​កាត់​បន្ថយ​ហានិភ័យ​។ ការ​យល់ឃើញ​បែបនេះ គឺមិន​ត្រឹម​ត្រូវ​សោះ។ នាយករដ្ឋមន្រ្តីចិន ​លី ឈាំង បាន​ចង្អុរ​បង្ហាញ​ជា​ច្រើន​លើកច្រើន​សា ដោយ​សង្កត់​ធ្ងន់​លើពាក្យ «ត្រូវ​សហការគ្នា​ៗ»។​

ប្រសាសន៍​​ឆ្លើយ​តប​និង​ការ​ពន្យល់​ទាំង​នេះ គឺ​​​ឆ្លើយ​តប​ទៅ​នឹងសហភាព​អឺរ៉ុប​ ដែល​កាលពី​សប្តាហ៍​មុន​នេះ ​ប្រទេស​សមាជិក​ក្រុម​ប្រឹក្សា​សហភាពអឺរ៉ុប បាន​បង្ហាញ​យុទ្ធសាស្ត្រ​របស់​ខ្លួន ដើម្បី​បញ្ជៀសហានិភ័យ​ជុំវិញ​សុវត្ថិភាពស្ថិរភាព​សេដ្ឋកិច្ច​។ ដែល​​ក្នុងនោះ គឺ​ សហភាព​អឺរ៉ុប បាន​ព្រមាន​ដាស់​តឿន​ឲ្យ​ប្រយ័ត្នប្រយែង​ខ្ពស់​ក្នុងការ​ដឹកនាំ​សេដ្ឋកិច្ច​ដែល​ពឹង​ផ្អែកខ្លាំង​ជ្រុល​​ពេក​នឹង​សេដ្ឋកិច្ច​របស់​ ចិន។​

ចរន្ត​ផ្នត់​គំនិត​របស់​សម្ព័ន្ធ​មិត្ត​លោក​ខាង​លិច គឺ​ដើរ​តាម​លំនាំ​របស់​​សហរដ្ឋអាមេរិក​ដែរ ដែល​ពួក​ប្រទេស​លោក​ខាង​លិច បាន​ទាញ​សញ្ញា​អាសន្ន​ព្រមៗគ្នា ចំពោះ​ការទាក់ទង់​រកស៊ី​ជួញដូរ​សេដ្ឋកិច្ច​ពាណិជ្ជកម្ម​ជាមួយ​ចិន ជា​ពិសេស​ក្នុងវិស័យ​បច្ចេកវិទ្យា​ គឺ​ត្រូវ​តែ​ប្រយ័ត្នខ្លាំង​។ ត្រូវតែប្រុងប្រយ័ត្នខ្លាំង គឺ​ដើម្បី​រក្សា​សន្តិសុខសុវត្ថិភាព​ជាតិ​ខ្លួន​។​

​សូម​ជ្រាបថា វេទិកា​សេដ្ឋកិច្ច​ពិភពលោក​រដូវ​ក្តៅ​នៅ​ក្រុង​ធានជីន ត្រូវ​បន្ត​ពិភាក្សា​គ្នា​រហូត​ដល់​ថ្ងៃ​ព្រហស្បតិ៍​។ ​ថ្ងៃ​​ថ្លែង​បើក​វេទិកា នាយករដ្ឋមន្ត្រី​ចិន​​ បាន​គូស​បង្ហាញ​ជាថ្មីទៀត ពី​កំណើន​សេដ្ឋកិច្ច​ក្នុង​ស្រុកចិន​​សរុប ថា​បាន​កើនឡើង ​៣% កាលពី​ឆ្នាំ​ទៅមិញ។ នេះគឺ​តិច​ជាង​និង​ខុស​ពី​ការ​រំពឹង​ទុក​ ថា​៥,៥% នៅឆ្នាំ២០២២។ ទោះ​ជា​ម្តេច​ក្តី រដ្ឋ​អំណាច​ចិន បាន​​កំណត់​ព្យាករនិង​ដាក់​កម្មវត្ថុ​ជាថ្មី​​ចំពោះ​កំណើនសេដ្ឋកិច្ចក្នុងស្រុកចិនសរុប នា​​ឆ្នាំ២០២៣​​នេះ ថា​ប្រហែលនឹង​អាច​​កើនឡើង​ ប្រមាណ​៥%៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ