អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ហេតុអ្វីចិន និងឥណ្ឌាជំរុញកំណើនសេដ្ឋកិច្ចសកលឆ្នាំ២០២៣?

ចុះផ្សាយ​នៅ​ថ្ងៃ៖

វិបត្តិនៅក្នុងវិស័យហិរញ្ញវត្ថុ និងធនាគារ បានក្លាយជាប្រធានបទក្ដៅ ក្នុងការវាយតម្លៃអំពីស្ថានភាពសេដ្ឋកិច្ចពិភពលោកនាពេលបច្ចុប្បន្ន បន្ថែមពីលើបញ្ហាសកលនានាដែលពិភពលោកកំពុងប្រឈមស្រេចស្រាប់។ ដូច្នេះ ភាពមិនច្បាស់នៅតែមាន ក៏ប៉ុន្តែ អាស៊ីគឺជាតំបន់គន្លឹះក្នុងការជំរុញការស្ទុះងើបឡើងវិញនៃកំណើនសេដ្ឋកិច្ចពិភពលោក សម្រាប់ឆ្នាំ២០២៣នេះ។ ក្នុងនោះ ប្រទេសចិន និងឥណ្ឌានឹងរួមចំណែកប្រហែលពាក់កណ្តាលនៃកំណើនសេដ្ឋកិច្ចពិភពលោក។

ហេតុអ្វីចិន និងឥណ្ឌាជំរុញកំណើនសេដ្ឋកិច្ចសកលឆ្នាំ២០២៣?
ហេតុអ្វីចិន និងឥណ្ឌាជំរុញកំណើនសេដ្ឋកិច្ចសកលឆ្នាំ២០២៣? India's Press Information Bureau/Handout via REUTERS
ផ្សាយពាណិជ្ជកម្ម

តំបន់អាស៊ី និងប៉ាស៊ីហ្វិក គឺជាតំបន់គន្លឹះ ក្នុងការជំរុញការស្ទុះងើបឡើងវិញនៃកំណើនសេដ្ឋកិច្ចពិភពលោក សម្រាប់ឆ្នាំ២០២៣នេះ នៅពេលដែលពិភពលោកបច្ចុប្បន្ននៅបន្ដប្រឈមបរិបទសេដ្ឋកិច្ចយ៉ាប់យ៉ឺននៅឡើយ។ នេះបើផ្អែកតាមការព្យាកររបស់ មូលនិធិរូបិយវត្ថុអន្ដរជាតិ (IMF)

តំបន់អាស៊ីនឹងរួមចំណែកប្រហែល ៧០ភាគរយនៃកំណើនសេដ្ឋកិច្ចពិភពលោកនៅឆ្នាំ២០២៣ ស្របពេលដែលតំបន់អឺរ៉ុបរួមចំណែកប្រមាណតែ ៧ភាគរយ និងតំបន់អាមេរិកតំណាងប្រហែល ១៤ភាគរយ។ ក្នុង​នោះ ចិន​តំណាង​ឱ្យ​ជិត ៣៥ភាគរយ ហើយ​ឥណ្ឌា​តំណាង​ឱ្យ​ជាង ១៥ភាគរយ។ ដូច្នេះ ប្រទេសធំទាំងពីរ គឺ ចិន និងឥណ្ឌាគឺជាសេចក្ដីសង្ឃឹមនៃដង្ហើមសេដ្ឋកិច្ចសកល។

របាយការណ៍ ទស្សនវិស័យសេដ្ឋកិច្ចក្នុងតំបន់ចុងក្រោយបំផុតរបស់ស្ថាប័នអន្ដរជាតិ IMF បានពិពណ៌នាថា តំបន់អាស៊ីគឺជាតំបន់ដែលមានភាពធន់ និងមានថាមពលសេដ្ឋកិច្ចប្រសើរជាងគេបំផុតរបស់ពិភពលោក នាពេលបច្ចុប្បន្ន។ កំណើនសេដ្ឋកិច្ច​នៅ​អាស៊ី និង​ប៉ាស៊ីហ្វិក​ត្រូវ​​គេ​ព្យាករ​ណ៍ថា​នឹង​កើន​ឡើង​ដល់ប្រមាណ ៤,៦ភាគរយ​នៅ​ឆ្នាំ​នេះ ពី ៣,៨ភាគរយ​កាល​ពី​ឆ្នាំ​មុន។

ហេតុអ្វីតំបន់អាស៊ីរួមចំណែកខ្ពស់បែបនេះ?

មូលហេតុចម្បងដែលអាស៊ីរួមចំណែកខ្លំាងដល់កំណើនសេដ្ឋកិច្ចពិភពលោក គឺការបើកដំណើរការឡើងវិញនៃសេដ្ឋកិច្ចរបស់ប្រទេសចិន។ ការបើកចំហរនេះនឹងធ្វើឱ្យមានការកើនឡើងនៃការប្រើប្រាស់ទូទៅ ហើយវាអាចជំរុញដល់កំណើននៃការប្រើប្រាស់នៅទូទាំងតំបន់អាស៊ីទាំងមូល និងពិភពលោកផងដែរ។ នាប៉ុន្មានឆ្នាំចុងក្រោយ តម្រូវការ និងការប្រើប្រាស់សកលមានការធ្លាក់ចុះច្រើន នៅក្នុងកម្រិតពិភពលោក។

ទោះជាយ៉ាងណា ​តំបន់អាស៊ី​ក៏​ត្រូវប្រឈម​ជាមួយបញ្ហា​សំខាន់ៗផង​ដែរ។ នៅក្នុងរយៈពេលខ្លី ការព្យាយាមដោះស្រាយបញ្ហាអតិផរណា ឬការឡើងថ្លៃទំនិញជាទូទៅ តាមរយៈការអនុវត្តយោបាយរូបិយវត្ថុ និងនយោបាយសារពើពន្ធដែលកាន់តែមានកម្រិតតឹងតែង អាចនឹងធ្វើឱ្យកំណើនសេដ្ឋកិច្ចធ្លាក់ចុះ។ ជាភាសាសាមញ្ញ នៅពេលដែលប្រទេសមួយអនុវត្តនយោបាយតឹងតែង គឺគេសំដៅ ដល់ការចាយវាយរបស់រដ្ឋ និងទីផ្សារមានការប្រយ័ត្នប្រយែងខ្ពស់ ឬគេចាយតែទៅលើអ្វីដែលចាំបាច់ប៉ុណ្ណោះ។ ធនាគារកណ្ដាលនៃបណ្ដាប្រទេសលើពិភពលោកធ្វើបែបនេះដើម្បីព្យាយាមរក្សាកម្រិតអតិផរណាគោលដៅប្រមាណ ២ភាគរយ និងរក្សាស្ថិរភាពបំណុលសាធារណៈ ពោលគឺដើម្បីកុំឱ្យទំនិញឡើងថ្លៃពេក ហើយប៉ះពាល់ខ្លាំងដល់សេដ្ឋកិច្ច និងសុខុមាលភាពរបស់ប្រជាជន។

នាពេលបច្ចុប្បន្ន ប្រព័ន្ធហិរញ្ញវត្ថុនៅក្នុងតំបន់អាស៊ីមិនសូវរងផលប៉ះពាល់ធំដុំនោះទេ ប្រឈមជាមួយភាពចលាចលនៅក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុដែលបានកើតឡើងនាពេលថ្មីៗនេះ នៅក្នុងសហរដ្ឋអាមេរិក និងអឺរ៉ុប។ ជាឧទាហរណ៍ បញ្ហារបស់ធនាគារស៊្វីស និងធនាគារនៅអាមេរិក។ ក៏ប៉ុន្តែ តំបន់អាស៊ីត្រូវប្រុងប្រយ័ត្នខ្លាំងផងដែរពាក់ព័ន្ធនឹងបញ្ហានៃការកើនឡើងនូវបំណុលគ្រួសារ និងបំណុលសហគ្រាសដែលមានកម្រិតកាន់តែខ្ពស់។

ក្នុងរយៈពេលវែងជាងនេះ សេដ្ឋកិច្ចចិននឹងបន្ដជាប្រភពនៃកំណើនសេដ្ឋកិច្ចពិភពលោក ក៏ប៉ុន្តែភាគរយរួមចំណែកអាចនឹងធ្លាក់ចុះ ហើយប្រទេសឥណ្ឌាកាន់តែរួមចំណែកខ្ពស់។ អស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ សេដ្ឋកិច្ចចិនគឺជាក្បាលម៉ាស៊ីនដ៏ចម្បងនៃកំណើនសេដ្ឋកិច្ចនៅក្នុងតំបន់ និងសម្រាប់សេដ្ឋកិច្ចសកលលោកទាំងមូល។ ក៏ប៉ុន្ដែ សេដ្ឋកិច្ចចិនអាចនឹងថយចុះជាងនេះ ព្រោះថាចិនត្រូវប្រឈមមុខជាមួយបញ្ហាប្រជាសាស្រ្តដែលប្រជាជនចិនកាន់តែមានវ័យចំណាស់ច្រើន អត្រាកំណើតធ្លាក់ចុះ កម្លាំងពលកម្មនៃមនុស្សពេញស័យធ្លាក់ចុះ ហើយនិងការធ្លាក់ចុះនៃផលិតភាពក្នុងប្រទេសចិន។

សេដ្ឋកិច្ចពិភពលោក៖ វិបត្តិហិរញ្ញវត្ថុបង្ហាញភាពផុយស្រួយ

ងាកទៅមើលស្ថានភាពសេដ្ឋកិច្ចពិភពលោកជារួមវិញ ពិភពលោកគឺនៅមានស្ថានភាពមិនច្បាស់លាស់នៅឡើយ ចំពេលដែលពិភពលោកត្រូវបន្ដប្រឈមភាពចលាចលក្នុងវិស័យហិរញ្ញវត្ថុ អតិផរណាខ្ពស់ ឥទ្ធិពលនៃសង្គ្រាមរុស្ស៊ី និងអ៊ុយក្រែននៅតែបន្ដមានវត្តមាន និងវិបត្តិជំងឺកូវីដ១៩ដែលមានរយៈពេលបីឆ្នាំមកហើយ។ នេះបើយោងតាមការវាយតម្លៃនៅក្នុង របាយការណ៍ចេញផ្សាយថ្មីរបស់មូលនិធិរូបិយវត្ថុអន្ដរជាតិ។

ក្រៅពីបញ្ហាដែលមានស្រេចស្រាប់ដូចរៀបរាប់ខាងលើ អ្វីដែលពិភពលោកត្រូវប្រឈមថ្មីគឺ វិបត្តិនៅក្នុងវិស័យហិរញ្ញវត្ថុ និងធនាគារ។ របាយការណ៍បានបង្ហាញអំពីភាពងាយរងគ្រោះក្នុងវិស័យធនាគារ ដែលបានក្លាយជាចំណុចត្រូវផ្តោតជាសំខាន់ ហើយការភ័យខ្លាចនៃការឆ្លងវិបត្តិនេះទៅប្រព័ន្ធហិរញ្ញវត្ថុទាំងមូល រួមទាំងស្ថាប័នហិរញ្ញវត្ថុមិនមែនធនាគារ ក៏បានក្លាយជាប្រធានបទក្ដៅផងដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ