អានតួអត្ថបទ
ជប៉ុន-ឥណ្ឌូណេស៊ី

ព្រះ​ចៅ​អធិរាជ​ជប៉ុន​ យាង​បំពេញ​ទស្សនកិច្ច​ផ្លូវរដ្ឋ​ ជាលើកទីមួយ នៅឥណ្ឌូណេស៊ី

​តាំង​ពី​ឡើង​គ្រង​រាជ​ នៅ​ឆ្នាំ​២០១៩មក នេះ​ជា​លើក​ទីមួយ ដែលព្រះចៅ​អធិរាជ​ជប៉ុន ណារ៉ូហ៊ីតូ ​យាង​ទៅបំពេញ​ទស្សនកិច្ច​ ផ្លូវរដ្ឋ​នៅបរទេស គឺ​ ឥណ្ឌូណេស៊ី ដែល​ជា​មហា​អំណាច​សេដ្ឋកិច្ច​ដ៏​ធំជាង​គេ​ប្រចាំ​តំបន់​អាស៊ីអាគ្នេយ៍។ ​ទទួល​ស្វាគមន៍​ដោយប្រធានាធិបតី​ឥណ្ឌូណេស៊ី ចូកូ វីដូដូ ​ព្រះចៅ​អធិរាជ និង​អធិរាជិនីជប៉ុន ​ត្រូវ​​គង់​នៅក្នុង​ប្រទេស​ឥណ្ឌូណេស៊ី ​ ពី​ថ្ងៃទី ១៧ -២៣​ មិថុនា​។

Japan's Emperor Naruthito Indonesian President Joko Widodo
Japan's Emperor Naruthito Indonesian President Joko Widodo AP - Willy Kurniawan
ផ្សាយពាណិជ្ជកម្ម

ទស្សនកិច្ច​របស់​ព្រះ​ចៅ​អធិរាជ​និង​អធិរាជិនី នៅ​ក្នុង​ប្រទេស​ឥណ្ឌូណេស៊ី ជា​ការ​ពង្រឹង​មិត្តភាព​រវាង​ប្រជាពលរដ្ឋ​ទាំងពីរ​ប្រទេស។ ពង្រឹង​មិត្តភាព​ ជា​មូលដ្ឋាន​គ្រឹះ​ដ៏​ចាំបាច់​​សម្រាប់​អភិវឌ្ឍ​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​​រវាង​ជប៉ុន​និង​ឥណ្ឌូណេស៊ី ជា​ពិសេស​ក្នុង​វិស័យ​សេដ្ឋកិច្ច។ នេះ​ជា​ប្រសាសន៍​របស់​លោកប្រធានាធិបតី​ឥណ្ឌូណេស៊ី ចូកូ វីដូដូ ទៅ​កាន់​អ្នក​សារព័ត៌មាន មុន​​ផ្តើម​កម្មវិធី​​ពិសាភោជនីអាហារ​ថ្ងៃ​ត្រង់​ នៅវិមាន​ប្រធានាធិបតី Bogor។

តូក្យូ​និង​ហ្សារកាតា ទើប​បាន​រឹត​ចំណង​ទំនាក់ទំនង​ថែម​ទៀត ព្រោះ​ជប៉ុន​សំឡឹង​ឃើញ​​ភាព​សំខាន់កាន់​តែ​ខ្លាំងឡើងៗ​​របស់​ឥណ្ឌូណេស៊ី នៅក្នុង​តំបន់ មិន​ថា​ក្នុង​ផ្នែក​សេដ្ឋកិច្ចដែល​កំពុង​លូត​លាស់ ឬ​ដោយហេតុ​​​ទីតាំង​ភូមិសាស្ត្រ​ប្រកប​ដោយយុទ្ធសាស្ត្រ​របស់​ប្រទេស​ឥណ្ឌូណេស៊ី ដែល​ស្ថិត​នៅ​ចំ​កណ្តាល​ផ្លូវ​ដឹកជញ្ជូន​អន្តរជាតិ។

ឥណ្ឌូណេស៊ី​ធ្លាប់​ស្ថិត​នៅ​ក្រោម​ការគ្រប់គ្រង​របស់​ជប៉ុន​ រយៈ​ពេល​ជាង​បី​ឆ្នាំ​ ពោលគឺ​ចាប់​ពី​ឆ្នាំ​១៩៤២ រហូត​ដល់​ថ្ងៃ​ជប៉ុន​ចាញ់​សង្គ្រាម​លោកលើក​ទីពីរ​។ អំឡុង​ពេល​ត្រួត​ត្រា​ឥណ្ឌូណេស៊ី យោធា​ជប៉ុន​បានច្បាំង​​ប្រយុទ្ធជាមួយ​ហូឡង់ ដែល​ដាក់​អាណានិគម​លើ​ប្រទេស​ប្រជុំ​កោះ​នៅ​អាស៊ីអាគ្នេយ៍​នេះ​អស់​រយៈ​ពេល​៣០០ឆ្នាំ ដើម្បី​បាន​ឯករាជ្យ។ ហេតុ​ដូច្នេះហើយ​បាន​ជា​ព្រះចៅ​អធិរាជ និ​ងអធិរាជិនី នឹង​យាង​ទៅ​ដាក់​កម្រង​ផ្កា​នៅ​ផ្នូរ​យុទ្ធជន​ជប៉ុន​ពលី​ ទាំង​២៨នាក់​ នៅ​ក្រុង​ហ្សារកាតា នាថ្ងៃអង្គារ​ស្អែក និង​យាង​ទៅទស្សនា​​ស្ថានីយ៍​ចំណត​រថភ្លើង​ក្រោម​ដី​ថ្មី ​ដែល​ជប៉ុន​ជា​អ្នក​ផ្តល់​ជំនួយ​សាង​សង់​ ព្រមទាំង​​ស្ថានីយ៍​បូម​ទឹក​ ដើម្បី​បញ្ចៀសទឹក​ជំនន់។

ក្នុង​ដំណើរ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​ជា​លើក​ទីមួយ​នេះ ព្រះ​ចៅ​អធិរាជ​ជប៉ុន​ ក៏នឹង​យាង​ទៅ​ក្រុង​Yogyakrta និង​ប្រាសាទ​ បូរ៉ូបូដូ ប្រាសាទ​ឧទ្ទិសដល់​ព្រះពុទ្ធសាសនា​ដ៏​ធំ​ជាង​គេ​នៅ​លើ​ពិភពលោក​។

ក្រោយ​វិបត្តិ​កូវីដ អធិរាជ​ជប៉ុន​ផ្តើម​សកម្មភាព​សាធារណៈ​បន្តិច​ម្តងៗ​ឡើងវិញ។ កាលពី​ឆ្នាំ​ទៅ ព្រះ​អង្គ​បាន​ធ្វើ​ដំណើរ​ទៅ​បរទេស​ ជា​ផ្លូវការ​ម្តង ដើម្បី​ចូល​រួម​ក្នុង​កម្មវិធី​បញ្ចុះ​សព​ព្រះ​មហាក្សត្រីយានីអង់គ្លេស​ អេលីហ្សាប៊ែត ទីពីរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ