អានតួអត្ថបទ
ឥណ្ឌូណេស៊ី

ឥណ្ឌូណេស៊ីបញ្ជាទិញរ៉ាដាកងទ័ពការពារផ្លូវអាកាស ពីក្រុមហ៊ុន​បារាំង ចំនួន​១៣គ្រឿង

ឥណ្ឌូណេស៊ី បានបញ្ជាទិញ​ប្រព័ន្ធរ៉ាដាកងទ័ព ដើម្បីការពារផ្លូវអាកាស ចំនួន​១៣គ្រឿង ពីក្រុមហ៊ុន​បច្ចេកវិទ្យា​បារាំង Thales International។ ប្រព័ន្ធរ៉ាដាទំនើបទាំងនេះ នឹងជាមធ្យោបាយ​ដ៏សំខាន់សម្រាប់ឥណ្ឌូណេស៊ី នៅក្នុងការការពារផ្លូវអាកាស លើលំហរដ៏ធំមហិមា នៃទឹកដីខ្លួន ដែលផ្តុំដោយកោះជំនួន​១៧០០០កោះ។

រ៉ាដា Ground Master 400 (GM400) ផលិត​ដោយ​ក្រុមហ៊ុន​បារាំង  Thales នៅរោងចក្រក្នុងតំបន់ Limours ថ្ងៃទី ៣កុម្ភៈ ២០២៣
រ៉ាដា Ground Master 400 (GM400) ផលិត​ដោយ​ក្រុមហ៊ុន​បារាំង Thales នៅរោងចក្រក្នុងតំបន់ Limours ថ្ងៃទី ៣កុម្ភៈ ២០២៣ AFP - EMMANUEL DUNAND
ផ្សាយពាណិជ្ជកម្ម

យោងតាមលិខិតប្រកាសរួមគ្នា ចេញផ្សាយ​ថ្ងៃអាទិត្យ ទី​១៨មិថុនា គឺក្រុម​ហ៊ុនរដ្ឋឥណ្ឌូណេស៊ី PT Len Industri បានចុះកិច្ចសន្យាទិញរ៉ាដាការពារផ្លូវអាកាស ចំនួន​១៣គ្រឿង ពីក្រុមហ៊ុ​នបារាំង Thales International។ លិខិតនេះ បញ្ជាក់ថា រ៉ាដាដែលឥណ្ឌូណេស៊ីទិញ គឺជាប្រភេទរ៉ាដា Ground Master 400 alpha (GM400α) ដែលនឹងបំពាក់​ដោយ​បច្ចេកវិទ្យាទំនើប អាចចាប់យករូបភាពយ៉ាងច្បាស់នៅលើអាកាស ស្តីពី​សកម្មភាពគំរាមកំហែងគ្រប់ទម្រង់​ទាំងអស់ មិនថាយន្តហោះប្រតិកម្ម ជាមីស៊ីល ជាដ្រូន ឬជាឧត្ថម្ភាគចក្រហោះសំកាំងជាដើម។

ទឹកប្រាក់សរុបនៃកិច្ចសន្យានេះ មិនត្រូវបាន​បញ្ជាក់ឲ្យដឹង នៅក្នុងលិខិតប្រកាសនេះទេ​។ ផ្អែកតាមប្រភពផ្សេងទៀត រ៉ាដានីមួយៗ អាចមានតម្លៃ​ច្រើនសិបលាន​ដុល្លារ ហើយ​ដែល​ភាគី​ឥណ្ឌូណេស៊ី នឹងបង់ប្រាក់​ជាដំណាក់កាលច្រើនឆ្នាំ​។

យោងតាមលោកស្រី​ Pascale Sourisse អគ្គនាយិកាក្រុមហ៊ុន​ Thales International ប្រព័ន្ធរ៉ាដា GM400αគឺជារ៉ាដាចល័ត ដែលមាន​សមត្ថភាព​ចាប់រូបភាព និង​រលកសញ្ញានានា ក្នុង​ចម្ងាយដល់ទៅ​​៥១៥គីឡូម៉ែត្រ។ រ៉ាដានេះ គឺមានបំពាក់ដោយ​បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតទំនើបចុងក្រោយ​បំផុត​ ដែលអាច​ប្រមូល និង​​វិភាគ​ទិន្នន័យ​ដ៏ច្រើនសន្ធឹក។ លោកស្រីបន្ថែមថា ការទិញរ៉ាដាការពារផ្លូវអាកាស ដ៏ទំនើបចុងក្រោយ​បំផុត​ចំនួន​១៣គ្រឿងនេះ គឺបង្ហាញថាឥណ្ឌូណេស៊ី កំពុងតែព្រួយបារម្ភខ្លាំង អំពី​សន្តិសុខផ្លូវអាកាសរបស់ខ្លួន។ ជាប្រទេសប្រជុំកោះធំជាគេបំផុតក្នុងពិភពលោក ឥណ្ឌូណេស៊ីមានដែនលំហសមុទ្រធំល្វឹងល្វើយ ហើយស្ថិតនៅក្នុងស្ថានការណ៍​តំបន់ឥណ្ឌូប៉ាស៊ីហ្វិក ជាទី​ដែល​ចិន​កំពុងតែបញ្ចេញ​សាច់ដុំកំញើញ។

សូមបញ្ជាក់ថា កិច្ចសន្យានេះបានកំណត់ថា គឺក្រុមហ៊ុន Thales ដែលជាអ្នក​ផលិតរ៉ាដាទាំងស្រុង ហើយជាអ្នកបង្កើត​ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានវិទ្យាសម្រាប់​គ្រប់គ្រង​ទិន្នន័យរបស់រ៉ាដានេះ។ ដោយឡែក ក្រុមហ៊ុនឥណ្ឌូ​ណេស៊ី PT Len Industri គឺជាអ្នក​ស្ថាបនា​ជើងទម្រ សម្រាប់ដាក់បញ្ឈររ៉ាដា ព្រមទាំង​គ្រឿងផ្សំមួយចំនួន​ផង សម្រាប់រ៉ាដានេះ​។

ផ្អែកតាល​លោកស្រី Pascale Sourisse ស្ថានភាពភូមិសាស្ត្រនយោបាយបច្ចុប្បន្ន​កាន់តែតានតឹង ធ្វើឲ្យ​ប្រទេសជាច្រើនព្រួយបារម្ភពីសន្តិសុខ ហើយ​ដែល​បានជំរុញ ឲ្យតម្រូវការ​ប្រព័ន្ធរ៉ាដាការពារកាន់តែស្ទុះខ្លាំងឡើង។ ក្រុមហ៊ុន Thales International បាន​លើក​ការ​ផលិត​ផ្នែកខ្លះ ទៅក្រៅ​ប្រទេសបារាំង ដើម្បីឆ្លើយតប​ទៅនឹង​ទំហំនៃការផលិតផង ព្រមទាំង​ឆ្លើយតបទៅនឹងការចង់បានរបស់​ប្រទេសអតិថិជន​ផង។ ប្រទេសខ្លះចង់​ទទួលផល​ផ្នែកសេដ្ឋកិច្ចខ្លះពីកិច្ចសន្យាទិញរ៉ាដា ហើយថែមទាំងអាចទទួលបានចំណេះជំនាញ​បច្ចេកវិទ្យា ពី​ក្រុមហ៊ុន​បារាំងផងដែរ។ ផ្អែកតាម Thales គិតមកទល់ពេលនេះ រ៉ាដាប្រភេទGM400ទាំងសេរីចាស់ និងសេរីថ្មីAlpha ត្រូវបាន​លក់អស់ ជាង​៨០គ្រឿងហើយ ទៅកាន់​ប្រទេសចំនួន​១៩​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ