អានតួអត្ថបទ
ឥណ្ឌូណេស៊ី-អ៊ីនធ័រនែត

ក្រុមជនជាតិដើមភាគតិច នៅកោះចាវ៉ា​ទាមទារ​ឲ្យរដ្ឋាភិបាល​កាត់ផ្តាច់បណ្តាញ​អ៊ីនធ័រនែត

ក្រុមជនជាតិដើមភាគតិចមួយ ប្រទេស​ឥណ្ឌូណេស៊ី​ទាមទារ​ឲ្យរដ្ឋាភិបាល​កាត់ផ្តាច់បណ្តាញអ៊ីនធ័រនែត នៅក្នុង​សហគមន៍របស់នៅ​របស់​ពួកគេ នៅ​នៅកោះចាវ៉ា។ ផ្ទុយអ្នកផ្សេងដែលទាមទារ​ចង់បាន​ប្រព័ន្ធអ៊ីនធ័រនែត សហគមន៍ជនជាតិដើមភាគតិច ឈ្មោះ Baduy ចង់​ឲ្យ​អាជ្ញាធរ​កាត់ផ្តាច់អ៊ីនធ័រនែត ដើម្បី​កាត់បន្ថយ​ផលប៉ះពាល់​អាក្រក់ ដែលកើតចេញមកពី​អ៊ីនធ័រនែត។

ក្មេងស្រីជនជាតិដើមBaduy រស់នៅតាមទម្លាប់ចាស់បុរាណ គ្មានភ្លើងនៅក្នុងភូមិក្នុងព្រៃនៅកោះចាវ៉ា​ប្រទេស​ឥណ្ឌូណេស៊ី
ក្មេងស្រីជនជាតិដើមBaduy រស់នៅតាមទម្លាប់ចាស់បុរាណ គ្មានភ្លើងនៅក្នុងភូមិក្នុងព្រៃនៅកោះចាវ៉ា​ប្រទេស​ឥណ្ឌូណេស៊ី AFP - DASRIL ROSZANDI
ផ្សាយពាណិជ្ជកម្ម

អាជ្ញាធរឥណ្ឌូណេស៊ី នៅលើ​កោះចាវ៉ា ស្តាប់មិនច្រលំនោះទេ។ ខណៈពេល​ប្រជាជន​ឥណ្ឌូណេស៊ី ជាង ៩០លាននាក់ គ្មានសេវាអ៊ីនធ័រនែត តាម​ទូរស័ព្ទដៃ ក្រុមជនជាតិដើមភាគតិច Baduy ក្នុងខេត្ត​Banten បែរជាទទូចសុំ​ឲ្យអាជ្ញាធរ​កាត់ផ្តាច់​បណ្តាញ​អ៊ីនធ័រនែត នៅក្នុង​តំបន់រស់នៅរបស់ពួកគេ។ នៅក្នុង​លិខិត​ស្នើសុំ​ទៅកាន់​អាជ្ញាធរ​មានសមត្ថកិច្ច នៅថ្ងៃ​ចន្ទ ដើមសប្តាហ៍ សហគមន៍​ជនជាតិដើមភាគតិច​Baduy បាន​ពន្យល់ថា ពួកគេ​ទាមទារ​ចង់​ឲ្យផ្តាច់អ៊ីនធ័រនែត ដើម្បី​កាត់បន្ថយ​ផលប៉ះពាល់​អាក្រក់​នៃ​ទូរស័ព្ទដៃ ស្មាតហ្វូន ទៅលើ​ប្រជាជនក្នុងសហគមន៍ Baduy។ តាម​អ្នកតំណាង​របស់​សហគមន៍ជនជាតិដើមភាគតិច បង្គោលខ្សែកាបអ៊ីនធ័រនែត អាច​គំរាមកំហែង​ជីវភាពរស់នៅ និង​សីលធម៌​របស់​យុវជន​ Baduy​ដែលងាយនឹង​ទាក់ទាញ ទៅប្រើអ៊ីនធ័រនែត។

មានសមាជិក ជាង​២៦០០០នាក់ សហគមន៍​ជនជាតិដើមភាគតិច Baduy​ រស់នៅ​ខេត្ត Banten ចម្ងាយជាង ៨០គីឡូម៉ែត្រ​ពី​ទីក្រុង​ហ្សាកាតា។ សហគមន៍​ Baduy ផ្ទាល់​បាន​បែងចែកគ្នា​ជាពីរក្រុម គឺ សហគមន៍​Baduy ខាងក្រៅ និង​សហគមន៍​Baduy​ខាងក្នុង ដែលរស់ជាប់នឹង​ធម្មជាតិ កាត់ផ្តាច់​ពី​ពិភពលោកខាងក្រៅ។ ជនជាតិដើម​Baduy ខាងក្នុង រស់នៅ​តាម​ទម្លាប់ចាស់បុរាណ គ្មានភ្លើង និង​បដិសេធ មិនទទួល​យកសេវាអប់រំរបស់​រដ្ឋាភិបាល និង​ជា​អ្នកទាមទារ​ឲ្យ​គេកាត់ផ្តាច់​អ៊ីនធ័រនែត។

នៅថ្ងៃ​សុក្រ មន្រ្តីស្រុក Lebak របស់​ខេត្ត​​Banten និយាយប្រាប់ទីភ្នាក់ងារ​ព័ត៌មានបារាំង AFP ថា រដ្ឋាភិបាល​ចង់ផ្គត់ផ្គង់​គ្រប់យ៉ាង ដែល​សហគមន៍​ជនជាតិដើមភាគតិច Baduy ចង់បាន និងត្រូវការ​ដើម្បី​ធានា​រក្សា​ទំនៀមទម្លាប់ និងសតិបញ្ញា​របស់​ប្រជាជនម្ចាស់ស្រុក។ តាម​មន្រ្តី​ឥណ្ឌូណេស៊ី ដដែល សហគមន៍ ជនជាតិដើមBaduy ខាងក្រៅ ត្រូវការ​អ៊ីនធ័នែត សម្រាប់​ការលក់ទំនិញ​តាមអនឡាញ ប៉ុន្តែ គេ​ក៏បារម្ភដែរថា អ្នកទេសចរ​អាចប្រើ​សេវាអ៊ីនធ័រនែត នៅ​ក្បែរ​ភូម និង​បង្ហាញរូបភាព​មិនសមរម្យ ដែលធ្វើ​ឲ្យប៉ះពាល់​ដល់​ជីវិតរស់នៅស្ងប់សុខ​របស់​ជនជាតិដើមភាគតិច Baduy ខាងក្នុង។

រស់នៅក្នុង​ភូមិ​ចំនួន​៣ ​ដែលមាន​ផ្ទៃដី ៤០០០ហិចតា ជនជាតិដើមភាគតិច Baduy ខាងក្នុងជ្រើសរើស​យកជីវិតរស់នៅ ក្នុងព្រៃ កាត់ផ្តាច់​ពី​លោកខាងក្រៅ និងបដិសេធ​មិនប្រើបច្ចេកវិទ្យា ចាយក្រដាសប្រាក់។

ឥណ្ឌូណេស៊ី​មានក្រុមជនជាតិដើមភាគតិច​ជាង ១៣០០​ក្រុម។ នៅឆ្នាំ ១៩៩០ រដ្ឋាភិបាល​បាន​ប្រកាស​ដាក់បញ្ចូល តំបន់​រស់នៅ​របស់​ជនជាតិដើមភាគតិច Baduy នៅក្នុង​តំបន់​អភិរក្ស​វប្បធម៌​របស់​ប្រទេសឥណ្ឌូណេស៊ី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ