អានតួអត្ថបទ
អាស៊ាន-សមុទ្រចិនខាងត្បូង

ក្រុមប្រទេសអាស៊ាន សម្រេចធ្វើសមយុទ្ធ​យោធារួមគ្នាជាលើកទី១ ក្នុងសមុទ្រចិនខាងត្បូង

ក្រុមប្រទេសសមាជិកទាំង១០របស់​អាស៊ាន រួមជាមួយទីម័រខាងកើត បានសម្រេចរួមគ្នា ថានឹងរៀបចំកម្មវិធី​សមយុទ្ធយោធារួមគ្នា នៅរវាង​ខែកញ្ញាខាងមុខ។ សមយុទ្ធ ដែលនឹងធ្វើនៅក្នុងសមុទ្រចិនខាងត្បូងនេះ នឹងផ្តោត​ជាពិសេស ទៅលើ​ប្រតិបត្តិការការពារសន្តិសុខ និងការសង្គ្រោះ​ផ្លូវសមុទ្រ។

តំណាងកងទ័ព នៃប្រទេសអាស៊ានទាំង​១០  និងទីម័រខាងកើត ចាប់ដៃគ្នា ក្នុង​​ឱកាសជំនួបកំពូល នៅ​ Nusa Dua កោះបាលី ថ្ងៃទី ៧ មិថុនា ២០២៣​
តំណាងកងទ័ព នៃប្រទេសអាស៊ានទាំង​១០ និងទីម័រខាងកើត ចាប់ដៃគ្នា ក្នុង​​ឱកាសជំនួបកំពូល នៅ​ Nusa Dua កោះបាលី ថ្ងៃទី ៧ មិថុនា ២០២៣​ AP - Firdia Lisnawati
ផ្សាយពាណិជ្ជកម្ម

យោងតាមការចុះផ្សាយ របស់បណ្ដាញព័ត៌មាន Antara លោក​អគ្គមេបញ្ជាការកងទ័ពជើងទឹក​​ឥណ្ឌូណេស៊ី ​Yudo Margono បានឲ្យដឹងថា បន្ទាប់ពីបាន​ជួបប្រជុំគ្នានៅបាលី​ តំណាងកងទ័ព​ប្រទេសទាំង១០របស់អាស៊ាន រួមជាមួយ​ទីម័រខាងកើត បានសម្រេចថា​នឹង​ធ្វើសមយុទ្ធយោធារួមគ្នា នៅខែកញ្ញា​។ សមយុទ្ធនេះ​ នឹងប្រព្រឹត្តិធ្វើទៅ នៅ​តំបន់សមុទ្រ Natuna ដែនទឹករបស់​ឥណ្ឌូណេស៊ី។ លោកអគ្គមេបញ្ជាការ​​ឥណ្ឌូណេស៊ី បាន​បញ្ជាក់បន្ថែមថា សមយុទ្ធនេះ មិនមែនជាការហាត់សមប្រយុទ្ធអ្វីទេ តែជា​ការហាត់​សមក្នុងការយាមល្បាតការពារសន្តិសុខក្នុងសមុទ្រ និង​ហាត់សម​ក្នុងការជួយ​សង្គ្រោះ​តាមផ្លូវសមុទ្រ។

គួរកត់សំគាល់ថា ជានិច្ចជាកាល ប្រទេសសមាជិក​អាស៊ានខ្លះ តែងបានចូលរួមធ្វើសមយុទ្ធយោធារួមគ្នា ជាមួយ​កងទ័ពអាមេរិក។ តែនេះជាលើកទី​១ហើយ ដែល​ប្រទេសអាស៊ានទាំង​១០ រួមគ្នាធ្វើ​សមយុទ្ធកងទ័ពជើងទឹក ដាច់ដោយឡែក ក្នុង​ក្របខណ្ឌអាស៊ាន​។

ការប្រកាសពីសមយុទ្ធនេះ​ ត្រូវបាន​ធ្វើឡើង បន្ទាប់ពី​អាមេរិក បានអំពាវនាវឲ្យ​ចិន ត្រូវតែបញ្ឈប់ជាបន្ទាន់ នូវសកម្មភាពវាតទីអាងយ៉ាង និងរករឿង​ នៅក្នុងតំបន់សមុទ្រចិនខាងត្បូង។ កាលពីពេលថ្មីៗនេះ វិះតែនឹងមានការប៉ះទង្គិចគ្នា រវាងឆ្មាំសមុទ្រហ្វ៊ីលីពីន និង​កងទ័ពជើងទឹកចិន ហើយនិង​មានករណី ​យន្តហោះចម្បាំងចិន ហោះមកប្រកៀក ចង់សំឡុតយន្តហោះ​ស៊ើបការណ៍​របស់អាមេរិក​។

សូមរំលឹកថា ប្រទេសអាស៊ាន មានដូចជា ឥណ្ឌូណេស៊ី ម៉ាឡេស៊ី វៀតណាម និងហ្វ៊ីលីពីន សុទ្ធតែមានវិវាទដែនទឹក​ជាមួយ​ចិន នៅក្នុងតំបន់សមុទ្រចិនខាងត្បូង។ យ៉ាងណាមិញ តំបន់ប្រជុំកោះ Natuna របស់ឥណ្ឌូណេស៊ី តែងតែត្រូវបាន​នាវាកងទ័ពចិនចូល​មក​ជារឿយៗ។ នៅក្នុងក្របខណ្ឌជំនួបកំពូលកាលពីខែឧសភាកន្លងទៅ ក្រុមប្រទេសអាសាន បាន​និយាយគ្នាអំពី​ ការប៉ះទង្គិចគ្នាធ្ងន់ធ្ងរ និង​រិះរកវិធានការ ដើម្បី​បង្កើតជាបទបញ្ជាផ្ទៃក្នុង ដែលត្រូវគោរព ដើម្បី​បញ្ចៀស​បញ្ហា​ជម្លោះវិវាទនៅក្នុងតំបន់នេះ​។ ច្រកសមុទ្រតំបន់នេះ គឺជាច្រកផ្លូវឆ្លងកាត់ដ៏សំខាន់​បំផុត របស់នាវាដឹកទំនិញអន្តរជាតិ។ បរិបទតានតឹងជុំវិញកោះតៃវ៉ាន់ ក៏បានធ្វើ​ឲ្យ​ប្រទេសអាស៊ានត្រូវបង្កើនការប្រុងប្រយ័ត្នផងដែរ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ