អានតួអត្ថបទ
ឥណ្ឌា

លោកម៉ូឌីសន្យា​ដាក់ទោស​អ្នកធ្វើឲ្យមានលើ​គ្រោះថ្នាក់រថភ្លើងបុកគ្នាដែលសម្លាប់មនុស្ស​ជាង៣០០នាក់

នៅ​ទីក្រុង​Balasore ភាគខាងកើត​ប្រទេស​ឥណ្ឌា នៅមួយថ្ងៃក្រោយ គ្រោះថ្នាក់រថភ្លើងបុកគ្នាដែលសម្លាប់មនុស្ស​ប្រមាណ ២៨០នាក់ និងរបួស ជាង ៩០០នាក់ កាលពីថ្ងៃ​សៅរ៍ គ្រួសារ​ជនរងគ្រោះ​នៅតែបន្តស្វែងរក​សាច់ញាតិ​របស់ខ្លួន ដែលកំពុងបាត់ខ្លួន។ នៅក្នុង​ដំណើរទៅកាន់កន្លែងកើតហេតុ និងនៅមន្ទីរពេទ្យ​ដើម្បី ជួបជនរងគ្រោះ នាយករដ្ឋមន្រ្តីឥណ្ឌា លោក​ណារិនដ្រា ម៉ូឌី​បាន​សន្យា​ដាក់ទោស​អ្នកដែលទទួលខុសត្រូវ លើហេតុការណ៍​គ្រោះថ្នាក់រថភ្លើងបុកគ្នា កាលពីថ្ងៃ​សៅរ៍ម្សិលមិញ។

ក្រុមជួយសង្រ្គោះបិទបញ្ចប់​ការស្វែងរកជនរងគ្រោះនៅថ្ងៃអាទិត្យ នៅ​មួយថ្ងែក្រោយ រថភ្លើងដឹកអ្នកដំណើរ២គ្រឿង បុកគ្នា​នៅថ្ងៃសុក្រ​ឈានចូលថ្ងៃសៅរ៍ទី​៣​មិថុនា​២០២៣ នៅ​រដ្ឋភាគខាងកើតឥណ្ឌា
ក្រុមជួយសង្រ្គោះបិទបញ្ចប់​ការស្វែងរកជនរងគ្រោះនៅថ្ងៃអាទិត្យ នៅ​មួយថ្ងែក្រោយ រថភ្លើងដឹកអ្នកដំណើរ២គ្រឿង បុកគ្នា​នៅថ្ងៃសុក្រ​ឈានចូលថ្ងៃសៅរ៍ទី​៣​មិថុនា​២០២៣ នៅ​រដ្ឋភាគខាងកើតឥណ្ឌា AP - Arabinda Mahapatra
ផ្សាយពាណិជ្ជកម្ម

មួយថ្ងៃក្រោយ គ្រោះថ្នាក់រថភ្លើងបុកគ្នា ដែលបានសម្លាប់អ្នកដំណើរ​យ៉ាងហោច ២៨០នាក់ និងរបួស ជាង៩០០នាក់ រដ្ឋមន្រ្តីក្រសួងដឹកជញ្ជូនផ្លូវដែកឥណ្ឌា លោក Ashwini Vaishnaw​បាននិយាយប្រាប់អ្នកកាសែត​ថា នៅក្រោយការស៊ើបអង្កេតបឋម គេបានរកឃើញមូលហេតុ និងកំណត់បានអត្តសញ្ញាណ​អ្នក​ដែលទទួលខុសត្រូវ ធ្វើឲ្យកើតមាន​គ្រោះថ្នាក់​រថភ្លើង​បុកគ្នា កាលពីថ្ងៃ​សៅរ៍។ រដ្ឋមន្រ្តីឥណ្ឌា​មិនបានលម្អិតច្រើន ដោយ​ប្រាប់ឲ្យគេរង់ចាំ​របាយការណ៍ចុងក្រោយ ដែលត្រូវ​ប្រកាស​នាពេលខាងមុខ។ ប៉ុន្តែ នៅក្នុងសន្និសីទ នៅថ្ងៃ​អាទិត្យនេះ រដ្ឋមន្រ្តីក្រសួង​ដឹកជញ្ជូនផ្លូវដែក​និយាយថា ការផ្លាស់ប្តូរប្រព័ន្ធអេឡិចត្រូនិក​interlocking ដែលមាននាទី​គ្រប់គ្រង​បញ្ជូន​សញ្ញា​នៅលើផ្លូវដែក ជាមូលហេតុនៃគ្រោះថ្នាក់​បុករថភ្លើង កាលពីថ្ងៃសៅរ៍។

នៅក្នុងដំណើរចុះត្រួតពិនិត្យនៅ​កន្លែង​កើតហេតុ កាលពីថ្ងៃ​សៅរ៍ នាយករដ្ឋមន្រ្តី​ឥណ្ឌា លោក​ណារិនដ្រា ម៉ូឌី​បាន​សន្យាចាត់វិធានការ ដាក់ពិន័យ​រាល់​អ្នកដែល​ទទួលខុសត្រូវលើសោកនាដកម្ម​បុករថភ្លើង ដែលបានសម្លាប់មនុស្ស ដ៏ច្រើនមិនធ្លាប់មាន នៅ​ឥណ្ឌា នៅ​២០​ឆ្នាំចុងក្រោយនេះ។

អ្វីដែលគេកំពុងចោទសួរនៅពេលនេះគឺ​ថា ហេតុអ្វីបានជារថភ្លើង​ដឹកអ្នកដំណើរ​ចរាចរ បរ នៅលើ​ខ្សែផ្លូវ​របស់​រថភ្លើង​ដឹកទំនិញ។ នៅយប់​ថ្ងៃ​សុក្រ ឈាន​ចូល​ដល់ថ្ងៃ​សៅរ៍   រថភ្លើងដឹកពេញដោយអ្នកដំណើរ​ពី​ទីក្រុង​Calcutta ទៅ Chinnai បានងាក បត់​ចេញពី​ខ្សែរផ្លូវរថភ្លើង​ដើម ទៅ​បើក​លើ​ខ្សែផ្លូវ​របស់​រថភ្លើងដឹកទំនិញ។ រត់ក្នុងល្បឿន ១៣០គីឡូម៉ែត្រ​ក្នុងមួយម៉ោង រថភ្លើង​ដឹកអ្នកដំណើរ​បើកបុកមួយទំហឹង​រថភ្លើង​ដឹកទំនិញ​ដែលកំពុងសំចត​នៅ​ស្ថានីយ៍រថភ្លើង។ ភ្លាមៗ ទូររថភ្លើងដឹកអ្នកដំណើរពេញៗ ​ចំនួន៣​បានខ្ទាត ប៉ើង​ទៅបុកទូរចុងក្រោយ​របស់​រថភ្លើងដឹកអ្នកដំណើរ​មួយគ្រឿងទៀត ដែលធ្វើដំណើរបញ្ច្រាសទិស សំដៅចូលក្រុង​ Calcutta។

គ្រោះថ្នាក់បុករថភ្លើង​បីខ្សែ ដែលពីរខ្សែ​ជារថភ្លើង​ដឹកអ្នកដំណើរ​បាន​បណ្តាល​ឲ្យមនុស្ស​ស្លាប់​យ៉ាងតិច ២៨០នាក់។ តាមអនុប្រធានប៉ូលិសផ្លូវដែក​ឥណ្ឌា រហូតមកដល់ពេលនេះ គេអាច​កំណត់អត្តសញ្ញាណ​របស់​ជនរងគ្រោះ​តែ​ជាង​៤០នាក់ប៉ុណ្ណោះ ដូច្នេះប៉ូលិស អំពាវនាវ​ឲ្យគេធ្វើធ្វើតេស្ត​ADN ដើម្បី​សម្រួល​ដល់​ការស្វែងរកសាច់ញាតិ​ដែលបាត់បង់ជីវិត​នៅក្នុងគ្រោះថ្នាក់លើកនេះ។

គ្រោះថ្នាក់បុករថភ្លើង​កាលពីថ្ងៃសៅរ៍ ជាសោកនាដកម្ម​សម្លាប់មនុស្សដ៏ច្រើន បន្ទាប់ពីគ្រោះថ្នាក់រថភ្លើងបុកគ្នា កាលពី​ឆ្នាំ ១៩៩៥ នៅ​ក្បែរ​ទីក្រុង​Agra ដែលបានសម្លាប់មនុស្ស​ជាង​៣០០នាក់។ គ្រោះថ្នាក់រថភ្លើងបុកគ្នា ដែលសម្លាប់មនុស្សច្រើនជាងគេ​នៅក្នុងប្រវត្តិសាស្រ្ត​ឥណ្ឌា គឺ​គ្រោះថ្នាក់​នៅ​រដ្ឋ ប៊ីហា ភាគខាងកើតឥណ្ឌា នៅឆ្នាំ ១៩៨១ នៅពេល​ទូររថភ្លើងដឹកអ្នកដំណើរចំនួន​៧ធ្លាក់ចុះទៅក្នុងទឹកទន្លេ សម្លាប់​មនុស្សពី​៨០០ទៅ ១០០០នាក់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ