អានតួអត្ថបទ
ម៉ាឡេស៊ី

អាជ្ញាធរម៉ាឡេស៊ី សង្ស័យថា នាវាចិនចូលលួចសម្ភារៈនៅក្នុងខ្មោច​នាវាចម្បាំងអង់គ្លេសដែលលិចក្នុងសមុទ្រ

កាលពីថ្ងៃសៅរ៍ទី២៧ឧសភា កងឆ្មាំសមុទ្រម៉ាឡេស៊ី បានចាប់ឃាត់​នាវាមួយគ្រឿងចុះបញ្ជីនៅចិន ដែល​ចូលចត​ដោយ​គ្មានការអនុញ្ញាតនៅក្នុងដែនទឹកម៉ាឡេស៊ី។ ពេលចូលទៅឆែកឆេរ គេបានប្រទះឃើញ នូវគ្រាប់កាំភ្លើងត្បាល់ ព្រមទាំងសម្ភារៈជាច្រើនផ្សេងទៀត ដែលគេសង្ស័យថា នាវាចិននោះ ទំនងជាបានទៅលួចយកពីចេញពី​ខ្មោចនាវាចម្បាំងរបស់កងទ័ពអង់គ្លេស ដែលលិចក្នុងសមុទ្រ តាំងតែពីសម័យសង្គ្រាម​លោក​លើកទី​២។

រូបថយ​ផ្សាយ​ដោយ​អាជ្ញាធរឆ្មាំសមុទ្រម៉ាឡេស៊ី៖ នាវាមួយគ្រឿងចុះបញ្ជីនៅចិន ដែលអាជ្ញាធរម៉ាឡេស៊ី សង្ស័យថាបានចូលមកលួច​សម្ភារៈ នៅក្នុងខ្មោចនាវាចម្បាំងអង់គ្លេស ដែលលិចក្នុងសមុទ្រ តាំងពីសម័យសង្គ្រាម​លោក​លើកទី​២។
រូបថយ​ផ្សាយ​ដោយ​អាជ្ញាធរឆ្មាំសមុទ្រម៉ាឡេស៊ី៖ នាវាមួយគ្រឿងចុះបញ្ជីនៅចិន ដែលអាជ្ញាធរម៉ាឡេស៊ី សង្ស័យថាបានចូលមកលួច​សម្ភារៈ នៅក្នុងខ្មោចនាវាចម្បាំងអង់គ្លេស ដែលលិចក្នុងសមុទ្រ តាំងពីសម័យសង្គ្រាម​លោក​លើកទី​២។ AFP - HANDOUT
ផ្សាយពាណិជ្ជកម្ម

លោក Nurul Hizam Zakaria ប្រធាន​ទីភ្នាក់ងារយាមល្បាតសមុទ្រ ប្រចាំរដ្ឋ Johor របស់ម៉ាឡេស៊ី បានឲ្យដឹងថា សមត្ថកិច្ចម៉ាឡេស៊ី បានឃាត់នាវាចិន​មួយគ្រឿង ដែលបានធ្វើដំណើរចេញពីកំពង់ផែ ក្រុងហ្វូចូវ។ សមាជិកនាវិក ចំនួន​៣២នាក់ ២១នាក់ជាជនជាតិចិន ១០នាក់ជាជាតិបង់ក្លាដែស និង​១នាក់ជនជាតិម៉ាឡេស៊ី ត្រូវបាន​ឃាត់ខ្លួន​បណ្តោះអាសន្ន ដើម្បីសួរចម្លើយ​។

មន្រ្តី​ម៉ាឡេស៊ីខាងលើ បានបញ្ជាក់ថា ការស៊ើបអង្កេត នឹងផ្តោតសំខាន់ទៅលើ​ការ​ស្វែងរកប្រភព នៃគ្រាប់កាំភ្លើងត្បាល់មិនទាន់​ផ្ទុះ​ ជាច្រើនគ្រាប់ ដែលគេបានប្រទះឃើញ នៅលើ​នាវាចិននេះ។ លោក​បានប្រាប់អ្នកយកព័ត៌មានបារាំង AFP ថាមន្ត្រីមានសមត្ថកិច្ច និងអ្នកជំនាញម៉ាឡេស៊ីជាច្រើននាក់ កំពុងតែពិនិត្យ​ឆែកឆេរបន្ត​លើ​នាវានេះ​។

ដោយឡែក ​មន្ត្រី​កិច្ចការសមុទ្រម៉ាឡេស៊ីម្នាក់ ដោយ​សុំមិនបញ្ជេញ​ឈ្មោះ បានប្រាប់អ្នកកាសែតថា តាមការសង្ស័យ គឺ​គ្រាប់កាំភ្លើងត្បាល់ទាំងនោះ ប្រហែលជាត្រូវបាន​ក្រុមនាវិកចិន ចុះទៅយក​ពីក្នុង​ខ្មោចនាវាចម្បាំងអង់គ្លេសចំនួន​២គ្រឿង ដែលលិចក្នុងសមុទ្រ តាំងតែពី​សម័យសង្គ្រាម​លោកលើកទី​២។

សូមបញ្ជាក់ថា យោងតាមរូបភាព​ជាច្រើន ដែល​ផ្សព្វផ្សាយ​ដោយ​កងឆ្មាំសមុទ្រម៉ាសឡេស៊ី នៅលើនាវាចិននោះ គេ​ឃើញមាន បំណែកដែក​ច្រែសជាច្រើនដុំ​ គ្រាប់កាំភ្លើងត្បាល់ជាច្រើនគ្រាប់​ ព្រមទាំង​ឧបករណ៍​ម៉ាស៊ីនស្ទូចដ៏ធំមួយ និង​សម្ភារៈផ្សេងទៀត ដែលប្រើប្រាស់​ក្នុងការអារផ្តាច់ដែក។

 

រូបភាពប្រគល់ឲ្យដោយ​អាជ្ញាធរឆ្មាំសមុទ្រម៉ាឡេស៊ី (MMEA) ថ្ងៃចន្ទ ទី​២៩ ឧសភា ២០២៣ ៖ គ្រាប់កំភ្លើងត្បាល់មិនទាន់ផ្ទុះ ដែលគេប្រទះឃើញ នៅលើនាវារបស់ចិន ដែលគេបានឃាត់ទុកនៅរដ្ឋ Johor។
រូបភាពប្រគល់ឲ្យដោយ​អាជ្ញាធរឆ្មាំសមុទ្រម៉ាឡេស៊ី (MMEA) ថ្ងៃចន្ទ ទី​២៩ ឧសភា ២០២៣ ៖ គ្រាប់កំភ្លើងត្បាល់មិនទាន់ផ្ទុះ ដែលគេប្រទះឃើញ នៅលើនាវារបស់ចិន ដែលគេបានឃាត់ទុកនៅរដ្ឋ Johor។ AP

 

អាជ្ញាធរម៉ាឡេស៊ីបានអះអាងថា ខ្លួន​មិនអាច​អត់ឱន​ជាដាច់ខាត នូវការសកម្មភាព​ចូល​ទៅលួច លុកលុយបំផ្លេចបំផ្លាញបេតិកភណ្ឌជាតិ សល់ពីសម័យ​សង្គ្រាម​។ ដូចគ្នា បណ្តាញព័ត៌មាន BBC បានចុះផ្សាយកាលពីថ្ងៃសៅរ៍ថា លោករដ្ឋមន្ត្រី​ក្រសួងការពារ​ជាតិអង់គ្លេស ថ្កោលទោសចំពោះការចូលទៅ​ទន្រ្ទានបំផ្លាញ ដល់ខ្មោចនាវាចម្បាំងរបស់អង់គ្លេស ពីសំណាក់ជនខិលខូ​ច។

សូមរំលឹកថា កាលពីថ្ងៃទី​១០ធ្នូ ​ឆ្នាំ​១៩៤១ នាវាចម្បាំងដ៏​ធំ២គ្រឿង របស់កងទ័ពអង់គ្លេស ត្រូវបាន​កងទ័ពជប៉ុនវាយ​ប្រហារបណ្តាលឲ្យ​លិច នៅក្បែរតំបន់សមុទ្រចិនខាងត្បូង បណ្តាលឲ្យ​ស្លាប់ទាហានជើងទឹកអង់គ្លេសជាច្រើន​រយនាក់​​។ ថ្មីៗនេះ កាសែតម៉ាឡេស៊ីមួយឈ្មោះ New Straits Times បានចុះផ្សាយថា សម្ភារៈជាច្រើននៅលើនាវា​ចម្បាំងទាំងនេះ ដែលដែលធ្វើពី​លោហៈអាលុយមីញ៉ូម និង​ស្ពាន់ជាដើម កំពុងត្រូវបាន​ក្រុមចោរសមុទ្រ​សំឡឹងចង់បាន​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ