អានតួអត្ថបទ
ចិន

អាកាសចរណ៍៖ចិនបានបើកសម្ពោធការហោះហើរយន្តហោះដឹកអ្នកដំណើរ « Made in China » ជាផ្លូវការ

នៅ​ក្នុង​ប្រទេស​ចិន ក្រុមហ៊ុនអាកាសចរណ៍ China Eastern Airlines បាន​បើក​សម្ពោធ​ការ​ហោះហើរ​យន្តហោះ​ដឹកអ្នកដំណើរ « Made in China » លើកទី១ នា​ថ្ងៃ​អាទិត្យ ទី២៨ ឧសភា​នេះ។ យន្តហោះ​ដឹកអ្នកដំណើរ « Made in China » មាន​ឈ្មោះ C919 បាន​ហោះ​ចេញ​ពី​អាកាសយានដ្ឋាន​ក្រុង​សៀងហៃ​ឆ្ពោះ​ទៅ​កាន់​អាកាសយានដ្ឋាន​ក្រុង​ប៉េកាំង​ជាមួយ​នឹង​អ្នកដំណើរ​ប្រមាណ​ជា ១៣០នាក់។ ព្រឹត្តិការណ៍​នេះ​ជា​សក្ខីកម្ម​ដែល​បញ្ជាក់​ពី​ការ​បោះជំហាន​ទៅ​មុខ​របស់​វិស័យ​អាកាសចរណ៍​ចិន​ប្រឈម​នឹង​គូប្រជែង​អាមេរិក និង​អឺរ៉ុប។

ចិនបានបើកសម្ពោធការហោះហើរយន្តហោះដឹកអ្នកដំណើរ « Made in China » លើកទី១
ចិនបានបើកសម្ពោធការហោះហើរយន្តហោះដឹកអ្នកដំណើរ « Made in China » លើកទី១ AP - Ding Ting
ផ្សាយពាណិជ្ជកម្ម

ហោះ​ចេញ​ពី​អាកាសយានដ្ឋាន​ក្រុង​សៀងហៃ​នៅ​ម៉ោង ១០ និង ៣២នាទី​ម៉ោង​ក្នុង​ស្រុក C919 ដែល​មាន​ដឹក​អ្នកដំណើរ​ប្រមាណ​ជា ១៣០នាក់​បាន​ចុះ​ចត​ដោយ​ជោគជ័យ​នៅ​អាកាសយានដ្ឋាន​ក្រុង​ប៉េកាំង​នៅ​ប្រមាណ​ជា ២ម៉ោង​ក្រោយ​មក។ រូបភាព​នៃ​ការ​ហោះហើរ​លើក​ដំបូង​របស់ C919 ជាមួយ​នឹង​អ្នកដំណើរ​ត្រូវ​បាន​ផ្សព្វផ្សាយ​ដោយ​ទូរទស្សន៍​រដ្ឋ CCTV។ គួរ​បញ្ជាក់​ថា យន្តហោះ​ដឹកអ្នកដំណើរ « Made in China » C919 ត្រូវ​បាន​ផលិត​ដោយ​ក្រុមហ៊ុន​ផលិត​យន្តហោះ​ចិន​ឈ្មោះ Comac ដែល​ជា​ក្រុមហ៊ុន​រដ្ឋ។ តាំង​ពី ១៥ឆ្នាំ​មក​ម្ល៉េះ​ដែល Comac បាន​ចាប់​ផ្តើម​ផលិត​យន្តហោះ​ដឹកអ្នកដំណើរ C919

តែ​ជាមួយ​នឹង​ការ​យឺតយ៉ាវ​ច្រើន​ឆ្នាំ​ក្រោម​ហេតុផល​ផ្សេងៗ ការ​ហោះហើរ​សាកល្បង​លើក​ទី១ បាន​ធ្វើ​ឡើង​ក្នុង​ឆ្នាំ ២០១៧ និង​​ក្រោយ​មក ការ​ហោះហើរ​សាកល្បង​បាន​ធ្វើ​ច្រើន​ដង​រហូត​ដល់​ថ្ងៃ​បើក​សម្ពោធ​ហោះហើរ​ជា​ផ្លូវការ​ក្នុង​ថ្ងៃ​អាទិត្យ ទី២៨ ឧសភា ឆ្នាំ ២០២៣ នេះ។ ជាមួយ​នឹង​វត្តមាន​យន្តហោះ​ដឹកអ្នកដំណើរ « Made in China » C919 នៅ​ក្នុង​អាកាស​របស់​ចិន​ពេល​នេះ ក្រុង​ប៉េកាំង​សង្ឃឹម​ចូល​ប្រកួតប្រជែង​ជាមួយ​យន្តហោះ​ដឹកអ្នកដំណើរ​របស់​បរទេស ពិសេស​ប៊ូអ៊ីង 737 MAX របស់​អាមេរិក និង អ៊ែរប៊ូស A320 របស់​អឺរ៉ុប។

ពិត​ណាស់ យន្តហោះ​ដឹកអ្នកដំណើរ C919 ជា​ស្នាដៃ​របស់​ចិន ១០០%។ តែ​គេ​មិន​ត្រូវ​ភ្លេច​និយាយ​ទេ​ថា មាន​គ្រឿងបន្លាស់​សំខាន់ៗ​ជា​ច្រើន​ដែល​បំពាក់​នៅ​ក្នុង C919 ជា​គ្រឿងបន្លាស់​នាំ​ចូល​ពី​បរទេស ពិសេស​ម៉ូទ័រ និង​គ្រឿងអេឡិចត្រូនិក​ដែល​ផលិត​ដោយ​ក្រុមហ៊ុន​អាមេរិក General Electric និង Honeywell ឬ​មួយ​ក៏​ក្រុមហ៊ុន​បារាំង Safran។ ក្រុមហ៊ុន China Eastern Airlines ដែល​បាន​កម្ម៉ង់ទិញ C919 ចំនួន ៥គ្រឿង​ក្នុង​ខែ​មីនា ឆ្នាំ ២០២១ បាន​បញ្ជាក់​ថា ក្រុមហ៊ុន​នឹង​ផ្តើម​ធ្វើ​ចរាចរណ៍ C919 ពី​ក្រុង​សៀងហៃ​ទៅ​ក្រុង​ឆេនឌូ​ចាប់​ពី​ថ្ងៃ​ចន្ទ ទី២៩ ឧសភា។

ចំណែក​ក្រុមហ៊ុន​ផលិត​យន្តហោះ​ចិន Comac បាន​បញ្ជាក់​ពី​ទទួល​បាន​ការ​កម្ម៉ង់ទិញ C919 ជាង ១ ២០០គ្រឿង​ពី​ក្រុមហ៊ុន​អាកាសចរណ៍​ប្រមាណ​ជា ៣០ក្រុមហ៊ុន។ Comac សង្ឃឹម​ផលិត​យន្តហោះ C919 ចំនួន ១៥០គ្រឿង​ក្នុង​មួយ​ឆ្នាំ​ពី​ពេល​នេះ​ទៅ ៥ឆ្នាំ​ខាង​មុខ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ