អានតួអត្ថបទ
តាលីបង់-ស្រ្តីអាហ្វហ្កានីស្ថាន

អង្គការ​អន្តរជាតិ២​ទាមទារ​ឲ្យ​តុលាការICCស៊ើបអង្កេត​លើ​ការធ្វើទុកបុកម្នេញ​លើស្រ្តី​អាហ្វហ្កានីស្ថាន

សេចក្តីថ្លែងការណ៍រួម ចុះផ្សាយ​នៅថ្ងៃសុក្រនេះ អង្គការ​ការពារសិទ្ធិមនុស្សអន្តរជាតិ ២ គឺ​អង្គការ​Amnesty International និង​គណៈកម្មការអន្តរជាតិ​ដើម្បី​យុត្តិធម៌ ICJ បាន​ចោទប្រកាន់​រដ្ឋាភិបាល​តាលីបង់​ថា កំពុងធ្វើទុកបុកម្នេញ សង្កត់សង្កិន រឹតត្បិត សិទ្ធិសេរីភាព របស់​មនុស្សស្រី​អាហ្វហ្កានីស្ថាន។ សម្រាប់​អង្គការ​ការពារសិទ្ធិមនុស្សទាំងពីរ ការធ្វើទុក្ខបុកម្នេញ​របស់​អាជ្ញាធរ​តាលីបង់​ដោយ​ផ្អែកលើយេនឌ័រ គឺ​ជា​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ​ដែល​តុលាការព្រហ្មទណ្ឌអន្តរជាតិ ICC គួរស៊ើបអង្កេត និង​ចាត់វិធានការផ្លូវច្បាប់។

ទាហានតាលីបង់​ឈរត្រួតពិនិត្យស្រ្តីអាហ្វហ្កានីស្ថានដែលតម្រង់ជួរ​ទទួលរបបអាហារ នៅទីក្រុង​កាប៊ូល នៅថ្ងៃទី ២៣​ឧសភា ២០២៣
ទាហានតាលីបង់​ឈរត្រួតពិនិត្យស្រ្តីអាហ្វហ្កានីស្ថានដែលតម្រង់ជួរ​ទទួលរបបអាហារ នៅទីក្រុង​កាប៊ូល នៅថ្ងៃទី ២៣​ឧសភា ២០២៣ AP - Ebrahim Noroozi
ផ្សាយពាណិជ្ជកម្ម

របាយការណ៍ថ្មី​របស់​អង្គការ​ការពារសិទ្ធិមនុស្ស​អន្តរជាតិ Amnesty International រួមជាមួយ​គណៈកម្មការអន្តរជាតិ​ដើម្បី​យុត្តិធម៌ សង្កត់ធ្ងន់​ទៅលើ​ការធ្វើទុក្ខបុកម្នេញ​របស់​ពួកតាលីបង់ ទៅ​លើ​ស្រ្តីអាហ្វហ្កានីស្ថាន តាមរយៈ ការចាប់ដាក់ពន្ធនាគារ ការបាត់ខ្លួនដោយបង្ខំ ការធ្វើទារុណកម្ម ការរៀបការដោយបង្ខំ និង​ការបំពារបំពាន​ផ្សេងទៀត។

ចាប់តាំង​ដណ្តើម​អំណាច​គ្រប់គ្រង​អាហ្វហ្កានីស្ថាន នៅក្រោយ​ការដកទ័ពដោយប្រថុចញ៉ុច​របស់អាមេរិក និងអូតង់ នៅ​ពាក់កណ្តាល​ឆ្នាំ ២០២១ រដ្ឋាភិបាល​តាលីបង់ធ្លាប់​បាន​សន្យា​ថា នឹង​អនុវត្ត​នយោបាយ​យោគយល់ គោរពសិទ្ធិសេរីភាព។ ប៉ុន្តែ អាជ្ញាធរតាលីបង់​មិនបាន​គោរពការសន្យា ផ្ទុយទៅវិញ បាន​ត្រលប់ទៅ​ប្រើ​ច្បាប់អ៊ីស្លាមតឹងរ៉ឹង ដោយសម្រេច​ហាមឃាត់ លែង​ឲ្យក្មេងស្រី​ទៅរៀន បិទ​សិទ្ធិ​មនុស្ស​ស្រី​មិនឲ្យ​ទៅ​ធ្វើការ ឬចេញ​ទៅសួនសាធារណៈ និង​ចាប់ដាក់​ពន្ធនាគារ ធ្វើទារុណកម្ម ស្រ្តី​ដែលចូលរួម​ធ្វើបាតុកម្ម​តវ៉ា​ប្រឆាំង​អំណាចផ្តាច់ការ​តាលីបង់។

សម្រាប់​អគ្គលេខាធិការអង្គការ​ Amnesty International លោកស្រី Agnès Callamard អ្វីដែលកំពុងកើតឡើង​នៅអាហ្វហ្កានីស្ថាន គឺជាសង្រ្គាមប្រឆាំង​មនុស្សស្រី ដែលជា​ឧក្រិដ្ឋកម្មអន្តរជាតិ ដែល​ត្រូវបានរៀបចំ ជាប្រព័ន្ធ និងបែករីកសាយ ទៅគ្រប់ទីកន្លែង​ក្នុងប្រទេសអាហ្វហ្កានីស្ថាន។

នៅក្នុងរបាយការណ៍ដែលមានឈ្មោះថា តាលីបង់ធ្វើសង្រ្គាមប្រឆាំង​ស្រ្តី អង្គការការពារ​សិទ្ធិមនុស្ស​ Amnesty International និង​គណៈកម្មការអន្តរជាតិ​ដើម្បី​យុត្តិធម៌ ដកស្រង់​លក្ខន្តិកៈ​របស់​តុលាការព្រហ្មទណ្ឌអន្តរជាតិដែលថា ការធ្វើទុក្ខបុកម្នេញ​ដោយផ្អែកទៅលើ​យេនឌ័រ គឺជាឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ។ អង្គការ​ទាំងពីរ​ខាងលើ​បាន​ទាមទារ​សុំ​ឲ្យ​តុលាការ​ព្រហ្មទណ្ឌអន្តរជាតិ នៅទីក្រុង​ឡាអេ ស៊ើបអង្កេត​ទៅលើការធ្វើទុក្ខបុកម្នេញ​លើ​មនុស្សស្រី​នៅអាហ្វហ្កានីស្ថាន ដើម្បី​អូសក​អ្នកទទួលត្រូវ​មក​កាត់ទោស​តាមច្បាប់អន្តរជាតិ។

តាមរបាយការណ៍​របស់​អង្គការ​ការពារសិទ្ធិមនុស្ស រដ្ឋាភិបាលផ្តាច់ការ​តាលីបង់​សព្វថ្ងៃ កំពុង​រំលោភសិទ្ធិមនុស្ស​ធ្ងន់ធ្ងរ​នៅអាហ្វហ្កានីស្ថាន ដូចជា ប្រហារជីវិត​មនុស្ស​ក្រៅតុលាការ ធ្វើទារុណកម្ម សងសឹក​បាញ់​សម្លាប់អ្នកដែលធ្លាប់ធ្វើការ​ឲ្យរដ្ឋាភិបាល​មុន និងតាមប្រមាញ់ ធ្វើបាប​ក្រុមអ្នកស្រឡាញ់ភេទដូចគ្នា និង​សកម្មជនសិទ្ធិមនុស្ស។

គួរបញ្ជាក់ថា អាហ្វហ្កានីស្ថាន​មិន​បាន​ផ្តល់​សច្ចាប័ន​លើសន្ធិសញ្ញា​អន្តរជាតិ ក្រុង​រ៉ូម ដែល​ បង្កើត​​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ប៉ុន្តែ បាន​ទទួល​ស្គាល់​សមត្ថកិច្ច​របស់​តុលាការ នៅ​ឆ្នាំ ២០០៣ ដែល​បាន​បើកផ្លូវ​ឲ្យ​មាន​ការស៊ើបអង្កេត​ទៅលើ​ករណី​ឧក្រិដ្ឋកម្ម​សង្រ្គាម ដែល​ប្រព្រឹត្ត​ឡើង តាំង​ពីឆ្នាំ ២០០៣ នៅ​អាហ្វហ្កានីស្ថាន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ