អានតួអត្ថបទ
កូរ៉េខាងត្បូង-អវកាស

កូរ៉េខាងត្បូង​បាញ់បង្ហោះរ៉ុកកែតអវកាស​ នាំយក​ផ្កាយរណបទៅលើ បានដោយជោគជ័យ

បន្ទាប់ពីបានពន្យាពេលមួយថ្ងៃ ដោយសារបញ្ហាបច្ចេកទេស ទីបំផុតកូរ៉េខាងត្បូង បានបាញ់បង្ហោះរ៉ុកកេតអវកាសរបស់ខ្លួន បានដោយជោគជ័យ កាលពីថ្ងៃព្រហស្បតិ៍ទី​២៥ឧសភា។ រ៉ុកកែតអវកាស ដែលជាបច្ចេកវិទ្យាសុទ្ធសាធរបស់កូរ៉េខាងត្បូងនេះ បាននាំយកនូវផ្កាយរណបជាច្រើនគ្រឿងឡើងទៅលើ ដែលនេះគឺជាលើកទីមួយហើយ សម្រាប់វិស័យអវកាសរបស់កូរ៉េខាងត្បូង​។

រូបភាព​ផ្តល់ឲ្យដោយ​ Korea Aerospace Research Institute៖ យានរ៉ុកកែតអវកាស Nuri កំពុងតែហោះចេញ​ពីជើងទម្របាញ់ នៅ​ស្ថានីយអវកាស Naro Space Center នៅតំបន់​ Goheung។ ថ្ងៃទី​២៥ ឧសភា ២០២៣
រូបភាព​ផ្តល់ឲ្យដោយ​ Korea Aerospace Research Institute៖ យានរ៉ុកកែតអវកាស Nuri កំពុងតែហោះចេញ​ពីជើងទម្របាញ់ នៅ​ស្ថានីយអវកាស Naro Space Center នៅតំបន់​ Goheung។ ថ្ងៃទី​២៥ ឧសភា ២០២៣ AP
ផ្សាយពាណិជ្ជកម្ម

រ៉ុកកែតអវកាស ឈ្មោះ Nuri ដែលស្ថាបនាឡើងដោយ​បច្ចេកវិទ្យារបស់កូរ៉េខាងត្បូង​ទាំងស្រុង ត្រូវបាន​បាញ់បង្ហោះសាកល្បងលើកទី១ ដោយ​បរាជ័យកាលពីប៉ុន្មានឆ្នាំមុន មុន​នឹងបានជោគជ័យនៅឆ្នាំ​២០២២ ជាមួយនឹង​ការភ្ជាប់ដាក់យកទៅជាមួយ​នូវ​ផ្ការណប​សាកល្បង។ លើកនេះគឺជាលើកទី​៣ ដែល​កូរ៉េខាងត្បូង បានបាញ់បង្ហោះរ៉ុកកែតអវកាស Nuri ហើយការបាញ់បង្ហោះនេះបានជោគជ័យ។ ក្រុមអ្នកជំនាញ​កូរ៉េ បានចំណាយ​ពេល​ប្រមាណជាង​១០ឆ្នាំ និងប្រាក់​ចំនួន​ ២០០០ពាន់លានវុន ស្មើនឹង ១៤០០លានដុល្លារ ដើម្បីអាច​ស្ថាបនា យានរ៉ុកកែត Nuri ដែលមាន​ទំងន់​២០០តោន និងប្រវែង៤៧ម៉ែត្រ។

យោងតាម​រូបភាព​ផ្សព្វផ្សាយ​ទីភ្នាក់ងារស្រាវជ្រាវអវកាសកូរ៉េខាងត្បូង រ៉ុកកែត Nuri បានហោះចេញពីស្ថានីយអវកាស Naro បានប្រមាណ​៥នាទី ក្នុងរយៈកំពស់ ៣០០គីឡូម៉ែត្រ ហើយ​បន្ទាប់មក បានផ្តាច់​ខ្លួនចេញពីផ្នែកទី​២នៃតួខ្លួនរ៉ុកកែត។ យ៉ាងហោចណាស់ ប្រជាជនកូរ៉េខាងត្បូង​ ចំនួន​​២សែននាក់ បានតាមដានការផ្សាយបន្តផ្ទាល់នៃការបាញ់បង្ហោះ ជាទីមោទនភាពជាតិនេះ​។

លោក Ko Jeong Hwan នាយក​កម្មវិធី​ស្រាវជ្រាវរ៉ុកកែត នៅវិទ្យាស្ថាន​ស្រាវជ្រាវ​អវកាសកូរ៉េ បាន​ឲ្យដឹងថា រ៉ុកកែត Nuri បានហោះនាំយកផ្កាយរណប​ចំនួន​៨គ្រឿងឡើងទៅលើខ្សែអកប៊ីត។ ក្នុងចំណោមនេះ គឺមានផ្កាយរណបមួយជាប្រភេទផ្កាយរណបពាណិជ្ជកម្ម ដែលជាបច្ចេកវិទ្យារបស់កូរ៉េខាងត្បូងសុទ្ធសាធតែម្តង ស្ថាបនាឡើង​ដោយវិទ្យាស្ថាន​ជាន់ខ្ពស់កូរ៉េផ្នែក​វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា។ ផ្កាយរណបនេះ មានឈ្មោះថា NEWTSat 2 ទំងន់​១៨០គីឡូក្រាម ដែលត្រូវ​ដាក់ឲ្យអណ្តែតលើខ្សែអកប៊ីត ដែលមានរយៈកំពស់ប្រមាណ ៥៥០គីឡូម៉ែត្រពីផែនដី។ ផ្កាយរណបពាណិជ្ជកម្មនេះ បំពាក់ដោយ​ប្រព័ន្ធរ៉ាដាទំនើបចុងក្រោយបំផុត ដែលអាចថតរូបភាព​យ៉ាងច្បាស់ក្រៃ ទោះបីជាស្ថិតក្នុង​លក្ខខណ្ឌ​ឧុតុនិយម​យ៉ាងណាក៏ដោយ​។

គួរកត់សំគាល់ថា កូរ៉េខាងត្បូងជាប្រទេសឈានមុខគេមួយ ផ្នែកបច្ចេកវិទ្យាទំនើបជាទូទៅ។ ក៏ប៉ុន្តែ ទាក់ទិននឹងវិស័យ​ស្រាវជ្រាវអវកាសវិញ កូរ៉េខាងត្បូងហាក់ដើរក្រោយ​គេ​ឆ្ងាយ។ ការបាញ់បង្ហោះយានរ៉ូកែត Nuri ដែលជោគជ័យនាពេលនេះ​ គឺជាការបោះជំហានថ្មីសម្រាប់ប្រទេសមហាអំណាច​អាស៊ីមួយនេះ នៅក្នុងវិស័យបច្ចេកវិទ្យាអវកាស៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ