អានតួអត្ថបទ
បង់ក្លាដែស-ភូមា-ព្យុះ

ព្យុះ ​ម៉ូខា ដ៏​​កំណាច កំពុង​បោកបក់​លើ​​​បង់ក្លាដែស​និង​ភូមា

​ស៊ីក្លូន​ម៉ូខា បាន​ចាប់​វាយបោក​បក់​លើ​ឆ្នេរ​បង់ក្លាដែស និង​ភូមា នៅ​រសៀល​ថ្ងៃអាទិត្យនេះ។  ម៉ូខា បាន​គាស់​រំលើង​ដើម​ឈើ បាន​គួចយក​ជម្រក​របស់​ជនជាតិ​ភាគ​តិច​រ៉ូហ៊ីងយ៉ា និង​បង្ក​ឱ្យ​សមុទ្ទ​ជន់ជោរ​យ៉ាង​ខ្លាំង លើ​តំបន់​ឆ្នេរ។ បើ​តាម​អ្នក​ជំនាញ​​អាកាសធាតុ​ត្រូពិកអាមេរិក កាន់​តែ​ខិត​មក​ជិត​ដល់​ដី ម៉ូខា កាន់​តែ​កំណាច​ខ្លាំង​​ឡើង ដែលអាច​​​ប្រៀបនឹង​​​ខ្យល់​ព្យុះ​អ៊ូរ៉ាហ្កង់​កំរិត​ទី​៥បាន។

ព្យុះ​ Mocha បង្ក​ឱ្យ​មាន​ខ្យល់​និង​ភ្លៀង​ខ្លាំង នៅ​ភូមា
ព្យុះ​ Mocha បង្ក​ឱ្យ​មាន​ខ្យល់​និង​ភ្លៀង​ខ្លាំង នៅ​ភូមា via REUTERS - OBTAINED BY REUTERS
ផ្សាយពាណិជ្ជកម្ម

​ជាមួយ​នឹងកម្លាំង​ខ្យល់បោក​គួច​ដល់​ ២៥៩​គីឡូម៉ែត្រ​ក្នុង​ម៉ោង  និង​ចុះ​ថយ​មក​ត្រឹម​១៩៥​គីឡូម៉ែត្រ​ក្នុង​ម៉ោង នៅពេល​ប៉ះ​ដែន​ទ្វីប ព្រមទាំង​ផ្ទាំង​រលក​សមុទ្ទ​កម្ពស់​ដល់​៤ម៉ែត្រ ព្យុះ​ម៉ូខា គឺ​ស៊ីក្លូន​ដ៏​កំណាច​បំផុត ស្មើ​នឹង​ព្យុះ​អ៊ូរ៉ាហ្កង់​កំរិត៥ កំរិត​អតិបរិមា បើ​គិត​តាម​​មាត្រដ្ឋានSaffir-simpson។ នេះ​បើ​តាម​ភ្នាក់ងារ​អាកាសធាតុ​ត្រូពិក​អាមេរិក​​។

ម៉ូខា ត្រូវ​បន្ត​ដំណើរបក់​​ឆ្ពោះ​ទៅ​ទិស​ខាង​ជើង ឆៀង​ឦសាន ក្នុង​ប្រវែង​អង្កត់​ផ្ចិត​៧៥គីឡូម៉ែត្រ​ ពោល​គឺ​ចន្លោះ​រវាង​តំបន់​ Cox’s Bazar នៅ​បង់ក្លាដែស ទី​ដែល​មាន​ជនភៀស​ខ្លួន​រ៉ូហ៊ីងយ៉ា ១លាន​នាក់​រស់​នៅ និង​ តំបន់ ស៊ីតវេ ប្រទេស​ភូមា ។

បើ​តាម​រូបភាព​បង្ហោះ​តាម​បណ្តាញ​សង្គម ផ្លូវ​ថ្នល់​បាន​ក្លាយ​ជាទឹក​​ជ្រោះ​ ទឹក​ចាប់​ជន់​ឡើង ដើម​ឈើ​ត្រូវ​រលើង​ដួល ចរាចរណ៍​ត្រូវ​ផ្អាក រលក​សមុទ្ទ​ទាំង​ផ្ទាំងៗ​កំពុង​វាយ​បោកនិង​ជន់ជោរ​​លើ​តំបន់​ឆ្នេរ ប្រជាពលរដ្ឋ​ត្រូវ​បង្ខំ​ចិត្ត​រត់​រក​កន្លែងជម្រក​ការពារ​ខ្លួន។ ​នៅ​រដ្ឋ​រ៉ាក់ឃីន​ ប្រទេស​ភូមា​ លំនៅដ្ឋាន​របស់​ជនភៀស​ខ្លួន​រ៉ូហ៊ីងយ៉ា ត្រូវ​ប៊ើងកួច​ទៅ​តាម​កម្លាំង​ខ្យល់​ ប្រជាជន​រាប់​សិប​នាក់​ប៉ង​​នាំគ្នា​រត់​គេច​ព្យុះ តែ​មិន​មែន​ជា​ការ​ងាយ​ទេ ព្រោះ​តំបន់​នេះ​បាន​ធ្លាក់​ក្នុង​ភាព​វឹកវរ​ខ្លាំង​ តាំង​ពី​ក្រុមយោធា​ឡើង​កាន់​អំណាច​មក​។ កម្មវិធី​ស្បៀង​អាហារ​ពិភពលោក ធានា​ត្រៀម​ជួយ​សង្គ្រោះ​ពលរដ្ឋ​ប្រមាណ​ ៤សែន​នាក់។ អង្គការ​កាកបាទ​ក្រហម​​ភូមា​សេចក្តី​ថ្លែងការណ៍​ត្រៀម​ធ្វើ​សកម្មភាព​ប្រឈម​នឹង​ភាព​បន្ទាន់​ខ្លាំង​នេះ​ដែរ។

នៅ​​បង់ក្លាដែស អាជ្ញាធរ​បាន​​ជម្លៀស​ប្រជាពលរដ្ឋប្រមាណ១សែន​៩ម៉ឺន​នាក់ពី​ជំរំ Cox’s Bazar និង​ជិត​១សែន​នាក់​ចេញ​ពី​ក្រុង​មួយ​ទៀត​ជិតនោះ​ ​ទៅ​រកទី​ទួល​មាន​សុវត្ថិភាព​  គេច​ពី​ខ្យល់​ព្យុះ​ស៊ីក្លូន​ ម៉ូខា តាំងពី​ថ្ងៃ​សៅរ៍​មក។ ប៉ុន្តែផុត​ពី​កម្លាំង​បោកបក់​របស់​ស៊ីក្លូន ដែល​បង្ក​ឱ្យ​មាន​​ភ្លៀង​ធ្លាក់​យ៉ាង​ជោគជាំនោះ តំបន់​រងគ្រោះ​បង់ក្លាដែស​នេះ​​ត្រូវ​គ្រោះ​ហូរ​បាក់ដី​ សង្កត់​លើ​ជំរំ​ជនភៀស​ខ្លួន​រ៉ូហ៊ីងយ៉ា ដែល​សង់​លើ​ជម្រាល​កូន​ភ្នំ និង​ដែល​ធ្លាប់​រង​គ្រោះ​បែប​នេះ​ជា​ញឹកញយ​ស្រាប់​ហើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ