អានតួអត្ថបទ
បង់ក្លាដែស-ភូមា-ព្យុះ

តើ​អ្វី​ខ្លះ​​ជាគ្រោះថ្នាក់នៃ​ ​ព្យុះ​ស៊ីក្លូន​ ដែល​បង់ក្លាដែស និង​ភូមា កំពុង​ត្រៀម​ប្រឈម​ ?

អាជ្ញាធរ​ភូមានិង​បង់ក្លាដែស បាន​រួសរាន់​ជម្លៀស​ប្រជាពលរដ្ឋ​ទៅ​រកទី​ទួល​មាន​សុវត្ថិភាព​  គេច​ពី​ខ្យល់​ព្យុះ​ស៊ីក្លូន​ ម៉ូខា (Mocha) ដែល​ នឹង​វាយ​បោកបក់​លើ​បង់ក្លាដែស និង​ភូមា នៅ​រសៀល​​ថ្ងៃអាទិត្យ​ទី ១៤​ឧសភា​ ក្នុង​ល្បឿន​ប្រមាណ​២២០​គីឡូម៉ែត្រ​ក្នុង​ម៉ោង។ នៅភូមា រដ្ឋាភិបាល​សឹក​ភូមាមាន​ចំណាត់ការ​ជម្លៀស​ប្រជាពលរដ្ឋ​រស់​នៅ​តាម​ឆ្នេរ​ប្រមាណ មួយ​សែន​នាក់​កន្លះ ... តាំងពី​ថ្ងៃ​សៅរ៍​មក។ ជើង​ហោះហើរ​អន្តរជាតិ​ត្រូវផ្អាក​រហូត​ដល់​ថ្ងៃ​ចន្ទ។ ចំណែក​នៅ​បង់ក្លាដែស អាជ្ញាធរ​បាន​ចាត់​វិធានការ​ប្រមូល​ជនភៀសខ្លួន​រ៉ូហ៊ីងយ៉ា ចេញ​ពី​ជំ​រំរខេករខាក​ដែល​ ​ស្ថិត​នៅ​ចំ​ផ្លូវ​ខ្យល់​ព្យុះ សំដៅ​ទៅ​កាន់មជ្ឈមណ្ឌល​របស់​សហគមដែល​មាន​រចនា​សម្ព័ន្ធ​រឹង​មាំល្អ។​ បើ​តាម​ឧតុនិយម​ឥណ្ឌា​ ម៉ូខា ជា​ខ្យល់​ព្យុះ​ស៊ីក្លូន ដ៏​មហា​កំណាច​បំផុត​មួយ​ ដែល​គេ​មិន​ធ្លាប់​ជួប​ប្រទះ​អស់​ជា​ច្រើន​ឆ្នាំ​មក​ហើយ និង​ជា​ព្យុះ​ដំបូង​ប្រចាំ​រដូវ​តែ​ប៉ុណ្ណោះ។

CYCLONE MOCHA Image satellite provided by india meteorological
CYCLONE MOCHA Image satellite provided by india meteorological AP
ផ្សាយពាណិជ្ជកម្ម

ឈ្មោះ​ជាព្យុះ​ស៊ីក្លូន ​កកើត​ឡើង​នៅ​មហា​សមុទ្ទ​ឥណ្ឌា ម៉ូខាបាន​ពាំនាំ​មក​ជាមួយ​នូវ​កម្លាំង​ខ្យល់​បោកបក់​ក្នុង​ល្បឿន​២២០​គីឡូម៉ែត្រ​ក្នុង​មួយ​ និ​ង​អាច​ចុះ​ថយ​កម្លាំង​បន្តិច​នៅ​ពេលមកប៉ះ​​ដីគោក​។ ប៉ុន្តែ​ក្រៅ​អំពី​កម្លាំង​ខ្យល់​ដ៏​កំណាច គ្រប់​ស៊ីក្លូនសុទ្ធ​តែ​​អាច​បង្ក​ឱ្យ​មាន​មហន្តរាយ​ទឹក​ជំនន់មរណៈ​ដ៏​ខ្លាំងក្លា។ ស៊ីក្លូន​ខ្លះ​អាច​ធ្វើ​ទឹក​សមុទ្ទ​ជោរ​ឡើង​ និង​មាន​រលក​ជា​ផ្ទាំង​ៗ​កម្ពស់​រាប់​​ម៉ែត្រ​វាយ​ចូល​មក​លើ​តំបន់​ឆ្នេរ​ ជា​ច្រើន​សិប​គីឡូម៉ែត្រ​។ បើ​តាម​ឧតុនិយម​ឥណ្ឌា ស៊ីក្លូន​ ម៉ូខា នឹង​បង្កឱ្យ​មាន​​រលក​ព្យុះ​ អាច​ដល់​បីម៉ែត្រ​ វាយ​បោក​លើ​តំបន់​ទំនាប​ឆ្នេរ​ខាង​លិច​ភូមា និង​បង់ក្លាដែស​។

តំបន់​រង​ការគំរាមកំហែង​ព្យុះ​ស៊ីក្លូន​ម៉ូខា ជា​កន្លែង​ងាយ​រងគ្រោះព្យុះ​ភ្លៀង​ស្រាប់ ពី​ខែ​មេសា​ដល់​ខែ​ធ្នូ ព្រោះ​មាន​រយៈ​កម្ពស់ស​ទាប មាន​​ស្ថានភាព​មាន​ទីតាំង​ភូមិសាស្ត្រ​ជា​តំបន់​ឆ្នេរ ចុង​បំផុត​របស់​ឈូង​សមុទ្ទ​បង់ហ្កាល់ និង​ មានដង់ស៊ីតេ​​ប្រជាជនខ្ពស់​ខ្លាំង​ទៀត។ ខែ​ឧសភា និង​វិច្ឆិកា ជា​រដូវ​​ដែល​មាន​ព្យុះកំណាច​ខ្លាំង ជាង​គេ​នៅ​ឈូង​សមុទ្ទ​បង់ហ្កាល់​និង​សមុទ្ទ​អារ៉ាប៊ី។ នេះ​បើ​តាម​អង្គការ​ឧតុនិយមពិភពលោក។

ឈូង​សមុទ្ទ​បង់ហ្កាល់ ​មាន​ផ្តុំគ្រប់​​លក្ខខណ្ឌ​ដែល​ងាយនឹង​​បង្ក​បង្កើតឱ្យ​មាន​​ព្យុះ​ស៊ីក្លូន​ មាន​ជា​អាទិ៍​សីតុណ្ហភាព​ដ៏ខ្ពស់​នៃ​ផ្ទៃ​ទឹក​សមុទ្ទ។ ហើយ​ស៊ីក្លូន​កាន់​តែ​កំណាច​ខ្លាំង​ឡើងៗ នា​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​មក​នេះ ក៏​ដោយ​សារ​តែ​ការ​ប្រែប្រួល​អាកាសធាតុ​។ ប៉ុន្តែ​ចំនួន​ជន​រងគ្រោះ​បាត់​បង់​ជីវិត​បាន​ធ្លាក់​ចុះ មួយ​ផ្នែក​ដោយ​សារ​តែ​សំណង់​លំនៅដ្ឋាន​មាំទាំ​ជាង​មុន​ផង និង​ដោយ​សារ​នយោបាយ​ជម្លៀស​បង្ការ​ជាមុន​ផង។

សូម​រំលឹក​ថា កាលពី​១៩៧០ ស៊ីក្លូនអម​ដោយ​រលក​សមុទ្ទ​ជោរ​ខ្លាំង​​បាន​វាយបោកបក់​លើ​តំបន់​បង់ក្លាដែស​បច្ចុប្បន្ន​នេះសម្លាប់​ជីវិតមនុស្ស​ជាង​កន្លះ​លាន​នាក់។ នៅឆ្នាំ​១៩៩៩ មនុស្ស១០ម៉ឺន​នាក់​នៅ​ខេត្ត​Odishaឥណ្ឌា​​ បាន​ស្លាប់​ដោយ​គ្រោះ​ស៊ីក្លូន។  ខែវិច្ឆិកា ​២០០៧ ស៊ីក្លូន​​Sidr បាន​គួច​យក​ជីវិ​តមនុស្ស​អស់ប្រមាណ​៤០០០នាក់ និង​ធ្វើ​ឱ្យភាគ​ខាង​ត្បូង​បង់ក្លាដែស ​ខូចខាត​គិត​ជា​ទឹក​ប្រាក់​អស់​ជា​ច្រើន​ពាន់​លាន​ដុល្លារ។ ជាង​១៣៨០០០នាក់ ភាគ​ច្រើន​នៅ​ខាង​ឆ្នេរ​ភូមា ត្រូវ​ស្លាប់​ដោយ​ព្យុះ​ស៊ីក្លូន​Nargis នា​ខែ​ឧសភា​២០០៨៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ