អានតួអត្ថបទ
ភូមា-អាស៊ាន

ឥណ្ឌូណេស៊ីថ្កោលទោស​ការវាយប្រហារ​លើក្បួនរថយន្តដឹកមន្រ្តីទូតអាស៊ាន នៅ​ភូមា

ប្រធានាធិបតី​ឥណ្ឌូណេស៊ី លោក​ហ្សូកូ វីដូដូ កាលពីថ្ងៃ​ចន្ទ ទី ៨​ឧសភា បាននិយាយ​ថ្កោលទោស ការវាយប្រហារ​លើ​ក្បួន​រថយន្តដឹកមន្រ្តីអាស៊ាន ក្នុង​ទឹកដីភូមា។ តាម​មេដឹកនាំ​ឥណ្ឌូណេស៊ី ក្បួនរថយន្តដឹកមន្រ្តីអាស៊ាន បាន​រងការវាយប្រហារ​ដោយ​ក្រុមប្រដាប់អាវុធ កាលពី​ថ្ងៃអាទិត្យ នៅ​ពេល​ក្បួនរថយន្តធ្វើដំណើរ​ឆ្លងកាត់​រដ្ឋស្ហាន ភាគខាងកើត​ភូមា សម្រាប់បេសកកម្ម​ជំនួយមនុស្សធម៌​នៅភូមា។ ភូមា​ដែល ធ្លាក់ក្នុងជម្លោះប្រដាប់អាវុធ សង្រ្គាមស៊ីវិល ជាង​២ឆ្នាំមកនេះ នៅក្រោយរដ្ឋប្រហារយោធា​ទម្លាក់រដ្ឋាភិបាល​ស៊ីវិល​របស់​លោកស្រី អ៊ុងសាន ស៊ូជី ក្លាយជា​ប្រធានរឿងនាំមុខ នៅក្នុង​ជំនួបកំពូលមេដឹកនាំ​អាស៊ាន ដែលត្រូវ​ប្រព្រឹត្តទៅ នៅប្រទេស​ឥណ្ឌូណេស៊ី ពីថ្ងៃទី ៩​ដល់​ថ្ងៃទី ១១​ឧសភា។

ទង់ជាតិប្រទេស​សមាជិកអាស៊ាន​នៅទីស្នាក់ការក្នុងទីក្រុង​ហ្សាកាតា
ទង់ជាតិប្រទេស​សមាជិកអាស៊ាន​នៅទីស្នាក់ការក្នុងទីក្រុង​ហ្សាកាតា AP - Achmad Ibrahim
ផ្សាយពាណិជ្ជកម្ម

តាម​ប្រធានាធិបតី​ឥណ្ឌូណេស៊ី ក្បួនរថយន្ត​ដែល​ដឹក​មន្រ្តីទូតឥណ្ឌូណេស៊ី និង​សិង្ហបុរី រួមទាំង​មន្រ្តី​សម្រប​សម្រួល​ជំនួយ​មនុស្សធម៌​របស់​អាស៊ាន ប្រចាំនៅភូមា បាន​រង​ការបាញ់ប្រហារ​ពី​ក្រុម​ប្រដាប់អាវុធ​មួយក្រុម នៅក្នុង​ខណៈពេលក្បួនរថយន្ត​បើកឆ្លងកាត់​ទីក្រុង Taunggyi នៅក្នុង​បេសកកម្ម​ផ្តល់ជំនួយ​មនុស្សធម៌ នៅភូមា។

នៅថ្ងៃ​ចន្ទ លោកប្រធានាធិបតី​ហ្សូកូ វីដូដូ បាន​និយាយ​ថា មន្រ្តីទូតឥណ្ឌូណេស៊ី សិង្ហបុរី និងមន្រ្តីសម្របសម្រួលអាស៊ាន​បាន​ធ្វើដំណើរ​ទៅ​ផ្តល់ជំនួយ​មនុស្សធម៌​ដល់​ប្រជាជន​ភូមា នៅ​រដ្ឋស្ហានភាគខាងកើត ភូមា ប៉ុន្តែ ចៃដន្យអាក្រក់ ក្បួនរថយន្តរបស់ពួកគេ​ត្រូវ​គ្រាប់កាំភ្លើង​របស់​ក្រុមប្រដាប់អាវុធ​មិនស្គាល់​មុខមួយក្រុម។ តាម​ប្រធានាធិបតី​ឥណ្ឌូណេស៊ី ការបាញ់ប្រហារ​លើ​ក្បួនរថយន្ត​ដឹកមន្រ្តីទូត​អាស៊ាន មិនបាន​បង្ក​ឲ្យមានគ្រោះថ្នាក់ជីវិតអ្វីឡើយ។

មន្រ្តីយោធាភូមាដែលសុំមិន​បញ្ចេញឈ្មោះ​បាននិយាយប្រាប់​ទីភ្នាក់ងារព័ត៌មាន​បារាំង AFP ថា ពិតជា​មាន​ការវាយប្រហារ ទៅលើ​ក្បួនរថយន្ត​របស់​មន្រ្តីទូត​មែន ប៉ុន្តែ គេ​មិនបាន​បញ្ជាក់ថា នោះជា​ស្នាដៃ​របស់​កងទ័ពភូមា។ ចំណែក រដ្ឋាភិបាល​ស្រមោលភូមា ដែលរួមបញ្ចូល​កងកម្លាំងការពារ​ប្រជាជន ដែលជា​ក្រុមប្រឆាំង​នឹង​រដ្ឋប្រហារ និយាយ​ប្រាប់ទីភ្នាក់ងារ​ព័ត៌មាន​អង់គ្លេស Reuters ថា​ខ្លួនមិនបានចូលរួម ពាក់ព័ន្ធ​នឹង​ការវាយប្រហារទៅលើ​ក្បួនរថយន្តដឹកមន្រ្តីអាស៊ាន។

ទីក្រុង Taunggyiក្នុងរដ្ឋ​ស្ហាន ជាទីដែលក្បួនរថយន្ត​ដឹកមន្រ្តីអាស៊ាន រង​ការវាយប្រហារ ធ្លាប់​ជា​កន្លែងស្ងប់សុខ មិនសូវ​មានកើតមានការប៉ះទង្គិចហិង្សាដូចរដ្ឋផ្សេងទៀត គិតចាប់តាំង​ពីភូមា​ធ្លាក់ក្នុងជម្លោះប្រដាប់អាវុធ ដោយសារ​រដ្ឋប្រហារ​របស់​មេដឹកនាំយោធា។ ទើបតែនៅខែ​មីនា​កន្លងទៅ ដែល​គេប្រទះឃើញសាកសព​របស់​មនុស្ស​ប្រមាណ ៣០នាក់ ដែលត្រូវ​គេ​សម្លាប់ នៅក្នុង​វត្ត។ កងទ័ពភូមា និង​ក្រុមប្រឆាំង​ប្រដាប់អាវុធ បាន​ទម្លាក់កំហុស​ដាក់គ្នា​ទៅវិញ ទៅមក។ យ៉ាងណា​ក៏ដោយ របបសឹកភូមា​បាន​រងការថ្កោលទោស​ពីសហគមន៍ អន្តរជាតិ នៅក្រោយ ការវាយប្រហារផ្លូវអាកាស​របស់កងទ័ពភូមា សម្លាប់​ប្រជាជន​ស៊ីវិល​យ៉ាងតិច ១០០នាក់ កាលពី​ពាក់កណ្តាលខែ​មេសា​កន្លងទៅ។

តាមមន្រ្តីទូត​អាស៊ាន វិបត្តិភូមា​នឹង​ក្លាយជា​ប្រធានរឿងនាំមុខគេ នៅក្នុង​ជំនួបកំពូលមេដឹកនាំ​អាស៊ាន នៅប្រទេស​ឥណ្ឌូណេស៊ី នៅសប្តាហ៍នេះ។ នៅក្នុង​សេចក្តីថ្លែងការណ៍​ព្រាងដែល​ទីភ្នាក់ងារព័ត៌មានបារាំង AFP​បាន​ទទួលអាន​កាលពីថ្ងៃ​អាទិត្យ អាស៊ាន​បាន​អំពាវនាវ​ឲ្យ​គ្រប់ភាគី​ជម្លោះ​បញ្ឈប់​ជាបន្ទាន់ ការប្រយុទ្ធ​ដ៏ហិង្សា ដើម្បី​បើកផ្លូវ​ឲ្យ​មាន​ការចរចា បិទបញ្ចប់​ជម្លោះនៅភូមា។ ការអំពាវនាវ​របស់​អាស៊ាន​ទំនងគ្មានទម្ងន់នយោបាយ ដាក់សម្ពាធ​ទៅលើ​របបសឹកភូមា ដែល​ធ្លាប់​បាន​សន្យា​រួចហើយថា នឹង​បង្រ្កាប កម្ទេច​ក្រុមប្រឆាំង ឲ្យអស់សិន ទើបរៀបចំ​ការបោះឆ្នោតសភាតាមក្រោយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ