អូស្ត្រាលីរកឃើញខ្មោចកប៉ាល់ដឹកឈ្លើយសឹកសង្រ្គាមដែលលិចក្នុងសម័យសង្រ្គាមលោកលើកទី២
ក្រុមអ្នកស្រាវជ្រាវអូស្ត្រាលីបានប្រកាសនៅថ្ងៃសៅរ៍នេះថា គេបានស្វែងរកឃើញសាកសពកប៉ាល់ដឹកអ្នកទោសសង្រ្គាមអូស្ត្រាលី ដែលត្រូវនាវាមុជទឹកអាមេរិកបាញ់ពន្លិច ក្នុងសម័យសង្រ្គាមលោកលើកទី២។ តាមការប្រកាសរបស់ក្រុមហ៊ុនបុរាណវិទ្យាក្រោមសមុទ្រ Slientworld Foundation កប៉ាល់ជប៉ុន Montevideo Maru ត្រូវបានគេប្រទះឃើញ នៅថ្ងៃអង្គារទី១៨មេសា នៅក្បែរកោះហ្វីលីពីន លុយហ្សុង ក្នុងសមុទ្រចិនខាងត្បូង។ នាយករដ្ឋមន្រ្តីអូស្ត្រាលី លោក អង់តូនី អាល់បាណែស បានសរសេរសារធ្វីតភ្លាម ដោយសង្ឃឹមថា ដំណឹងរកឃើញសាកសពកប៉ាល់ Montevideo Maruនឹងជួយសម្រាលទុក្ខសោកប្រជាជនអូស្ត្រាលី ដែលមានសាច់ញាតិបាត់ខ្លួននៅក្នុងហេតុការណ៍លិចកប៉ាល់ កាលពី ៨០ឆ្នាំមុន។
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០២:៤២
រំភើប ធូរស្រាល អស់ចិត្ត និងមានមោទនភាព នេះជាអារម្មណ៍របស់ប្រជាជនអូស្ត្រាលី នៅក្រោយ ការប្រកាសដំណឹងរកឃើញ សាកសពកប៉ាល់ Montevideo Maru ដែលបានលិចក្នុងសមុទ្រ ជាមួយមនុស្សជាង ១ពាន់នាក់ ដែលភាគច្រើនជាជនជាតិអូស្ត្រាលី។
តាមក្រុមហ៊ុនSlientworld Foundation បន្ទាប់ពីផ្តើមបេសកកម្ម ចំនួន១២ថ្ងៃជាប់គ្នា គេចាប់បានសញ្ញាសាកសពកប៉ាល់ Montevideo Maru នៅក្នុងជម្រៅទឹក ៤ពាន់ម៉ែត្រ។ ទីតាំងរបស់សាកសពកប៉ាល់ ស្ថិតនៅចម្ងាយ១១០គីឡូម៉ែត្រពីកោះហ្វីលីពីន លុយហ្សុង ក្នុងសមុទ្រចិនខាងត្បូង។
នៅក្នុងសារធ្វីតធ័រ លោកនាយករដ្ឋមន្រ្តីអូស្ត្រាលី អង់តូនី អាល់បាណែស សរសេរថា នៅទីបំផុត គេបានរកឃើញកន្លែងរបស់ព្រលឹងអ្នកស្លាប់ នៅក្នុងហេតុការណ៍លិចកប៉ាល់ Montevideo Maru។ ការលិចកប៉ាល់ Montevideo Maruជាសោកនាដកម្ម ដែលប្រជាជនអូស្ត្រាលីនៅចងចាំមិនភ្លេច។
ធ្លាប់ជាកប៉ាល់ជប៉ុន ដឹកទំនិញ និងដឹកអ្នកដំណើរនៅមុនសង្រ្គាម Montevideo Maru ត្រូវកងទ័ពជប៉ុនប្រើសម្រាប់ដឹកឈ្លើយសឹក ក្នុងសម័យសង្រ្គាមលោកលើកទី២។ Montevideo Maruត្រូវនាវាមុជទឹកអាមេរិកបាញ់ពន្លិច នៅថ្ងៃទី ១កកក្កដា ឆ្នាំ ១៩៤២ ដោយមិនដឹងថា នៅលើកប៉ាល់ជប៉ុន មានដឹកអ្នកទោសសង្រ្គាមអូស្ត្រាលី ដែលជាសម្ព័ន្ធមិត្តរបស់អាមេរិក។ នៅថ្ងៃដែលត្រូវនាវាមុជទឹកអាមេរិកបាញ់ពន្លិច កប៉ាល់ Montevideo Maruមានដឹកមនុស្ស១០៦០នាក់ មកពីប្រទេសចំនួន ១៤។ នៅក្នុងចំណោមនោះមានប្រជាជនអូស្ត្រាលី ចំនួន ៩៧៩នាក់ ដែល៨៥០នាក់ ជាទាហានអូស្ត្រាលី ដែលកងទ័ពជប៉ុនចាប់ខ្លួនបាន នៅលើកោះ Rabaulប្រទេសនូវែលហ្គីណេ ដើម្បីយកទៅប្រើជាឈ្លើយសឹកសង្រ្គាម នៅកោះហៃណាន់របស់ចិនដែល ត្រួតត្រាដោយកងទ័ពជប៉ុន។
តាមលោក Roger Turner ប្រធានក្រុមដឹកនាំការរុករកកប៉ាល់ Montevideo Maru គេរកឃើញសាកសពកប៉ាល់ បាក់ជាពីរកំណាត់ ស្ថិតនៅឃ្លាតគ្នា ចម្ងាយ ៥០០ម៉ែត្រ នៅបាតសមុទ្រ។ គេជឿថា នាវាមុជអាមេរិកបានបាញ់២គ្រាប់សំដៅ កប៉ាល់ Montevideo Maru ដោយគ្រាប់ដំបូង ធ្វើវាធ្លាយលិច ចំណែកគ្រាប់ទី២ទៅផ្ទុះបំផ្លាញបន្ទប់ស្នាក់នៅរបស់កប៉ាល់។
សម្រាប់ប្រធានក្រុមហ៊ុន Slientworld Foundation ការរកឃើញសាកសពកប៉ាល់នឹងទៅបិទបញ្ចប់ប្រវត្តិសាស្រ្តដ៏ឈឺចាប់របស់កងទ័ពអូស្ត្រាលី។ ក្រុមហ៊ុន Slientworld Foundationបញ្ជាក់ដែរថា ដើម្បីគោរពដល់ព្រលឹងអ្នកស្លាប់ ក៏ដូចជាគ្រួសាររបស់ជនរងគ្រោះ ក្រុមហ៊ុននឹងមិនចូលទៅប៉ះពាល់សាកសពកប៉ាល់ ឬចូលទៅរំខាន យកធាតុរបស់ជនរងគ្រោះ ដែល ស្លាប់ជាប់គាំងនៅក្នុងសាកសពកប៉ាល់ Montevideo Maru៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ