អានតួអត្ថបទ
សង្គ្រាម​អ៊ុយក្រែន

វិបត្តិអ៊ុយក្រែន៖ ​​ចិន​ចេញមុខ​កាន់តែខ្លាំង ដោយ​អញ្ជើញថា្នក់ដឹកនាំ​អឺរ៉ុប​ទៅ​ប៉េកាំង

គណៈមជ្ឈិមបក្សកុម្មុយនិស្តចិន បើក​​កិច្ចប្រជុំពេញអង្គ លើកទី២០ នៅរដ្ឋធានីប៉េកាំង។ ​ ប្រធានាធិបតីចិន ស៊ី ជីនពីង  ​ជាប្រធានអង្គប្រជុំបិទទ្វារ ដែល​ចាប់ផ្តើម​ ​ពី​ថ្ងៃ​អាទិត្យនេះ និង​​អូស​បន្លាយ​ដល់​ថ្ងៃអង្គារ៍​ ខាងមុខ​។  ដោយឡែក នៅ​លើ​ឆាក​អន្តរជាតិ គឺ​ ចិន កាន់​តែ​ចេញមុខក្នុងវិបត្តិអ៊ុយក្រែនកាន់តែខ្លាំង ដោយបានអញ្ជើញថា្នក់ដឹកនាំនៅអឺរ៉ុប ជាបន្តបន្ទាប់ទៅក្រុង​ប៉េកាំង។

លោក ស៊ី ជីនពីង  ប្រធានាធិបតីចិន បើកកិច្ចប្រជុំពេញអង្គ គណៈមជ្ឈិមបក្សកុម្មុយនិស្តចិន លើកទី២០ នៅរដ្ឋធានីប៉េកាំង។
លោក ស៊ី ជីនពីង  ប្រធានាធិបតីចិន បើកកិច្ចប្រជុំពេញអង្គ គណៈមជ្ឈិមបក្សកុម្មុយនិស្តចិន លើកទី២០ នៅរដ្ឋធានីប៉េកាំង។ REUTERS - TINGSHU WANG
ផ្សាយពាណិជ្ជកម្ម

​​ដំណើរឆ្ពោះទៅប្រទេស​សង្គម​ជឿនលឿន​លើគ្រប់​វិស័យ

កិច្ចប្រជុំ​បើក​នៅថ្ងៃអាទិត្យ​ តែ​ជាការ​ប្រជុំ​បិទទ្វារ​រហូត​ដល់​ថ្ងៃ​អង្គារ៍​ ដាច់​ខែ​កុម្ភៈ​។ ពេល​នេះ គេ​ពុំ​ទាន់​ដឹង​អ្វី​ច្រើន​ចេញពី​ប្រជុំ​សម្ងាត់នេះ​​ទេ ប៉ុន្តែ អ្វី​ដែល​គេ​ដឹង​ត្រួស​ៗ គឺ​តាម​រយៈ​ការ​ប្រកាស​ឲ្យ​ដឹងជាផ្លូវការ ​រប​ស់​​ក្រសួង​ការ​បរទេស​ចិន​ ។

ជារួម គឺ​ ការិយាល័យ​នយោបាយ​​របស់​មជ្ឈិមបក្ស​កុម្មុយនិស្ត​ចិន នឹង​ពិនិត្យ​មើល​ផែន​ការ​សកម្មភាព​នយោបាយ​​ នាពេ​លកន្លង​មក​របស់​រដ្ឋាភិបាល​ចិន​ ហើយ​និង​ ពិភាក្សា​គ្នា​លើ​គម្រោង​ការ​កំណែទម្រង់​ស្ថាប័ន​បក្ស​ និង​កែទម្រង់​រដ្ឋ​។ នៅក្នុង​គម្រោង​ផែន​ការ​សកម្មភាព និង​គម្រោង​កំណែទម្រង់​នេះ គឺ​ចាំបាច់​ត្រូវ​ផ្លាស់ប្តូរ​បេក្ខភាព​ដឹកនាំ​ខ្លះៗ។ អ្នក​ខ្លះ​បាន​ចាត់តាំង​ទុក​រួច​ហើយ តែខ្លះទៀត​ ​គេ​នឹង​ត្រូវ​ស្នើឡើង​នៅក្នុង​អង្គប្រជុំ​តែម្តង។

តាម​ក្រសួង​ការ​បរទេស​ចិន​ កម្មវត្ថុ​នៃ​កិច្ចប្រជុំ​របស់​ថ្នាក់ដឹកនាំចិន​នេះ គឺ​បន្ត​ការ​ខំប្រឹង​ប្រែង​​រក្សា​កំណើ​នសេដ្ឋកិច្ច ​និង​ រក្សា​លំនឹង​សេដ្ឋកិច្ច ហើយ​ធានាស្ថិរភាព​សង្គម ដើម្បី​បន្ត​មាគ៌ា​រដ្ឋ សម្រេច​ឆ្ពោះទៅ​ «ប្រទេស​សង្គម​ជឿនលឿន​លើគ្រប់​វិស័យ»។​​

​​ថ្នាក់ដឹកនាំអឺរ៉ុប​​ណាខ្លះ​ ​នឹងទៅ​ ចិន​?

​ចំពោះ​សំណុំ​បញ្ហា​អ៊ុយក្រែន  ចិន ចេញមុខក្នុងវិបត្តិអ៊ុយក្រែនកាន់តែខ្លាំង។ ប្រមុខ​ការទូត​ចិន ទើបតែអញ្ជើញ​​​ទៅ​រុស្ស៊ី​ ដើម្បី​និយាយ​ជាមួយ​ប្រធានាធិបតី ពូទីន ហើយ​ ថ្នាក់ដឹកនាំ​អឺរ៉ុបវិញ​ ក៏​នឹង​សម្រុក​បន្ត​កន្ទុយ​គ្នា​ទៅ​ប្រទេស​ចិន។​

ដំណឹង​ពី​ដំណើរ​ទស្សនកិច្ច​របស់​ថ្នាក់ដឹកនាំ​ស្ថាប័ន​សហភាព​អឺរ៉ុប​ គឺត្រូវ​ទម្លាយ​ឲ្យដឹង​​ពី​ ឯកអគ្គរដ្ឋ​ទូត​ចិន​ប្រចាំ​សហភាពអឺរ៉ុប លោក ហ្វុយ កុង (Fu Cong ) ដែល​ត្រូវ​កាសែត​ចិន Global Times ផ្សព្វផ្សាយ។ ក្នុង​ព័ត៌មាន​នេះ ឯកអគ្គរដ្ឋទូតចិនប្រចាំសហភាពអឺរ៉ុប ប្រកាស​ថា ប្រធានគណៈកម្មការអឺរ៉ុប អួរស៊ូឡា វ៉ុនឌែរ ឡេយែន និង​ ប្រធានក្រុមប្រឹក្សាអឺរ៉ុប ស្ហាល មីស្ហែល អា​ច​នឹង​អញ្ជើញ​ទៅ ប្រទេស​ចិន​ នៅ​ក្នុងអំឡុង​ឆមាស​ទី១ ឆ្នាំ​២០២៣។ ​​ដំណើរ​ទស្សនកិច្ច​របស់​ថ្នាក់ដឹក​កំពូល​ទាំងពីររបស់​សហភាព​អឺរ៉ុប ​នេះ កំពុងតែ​​​រៀបចំគម្រោង​លម្អិត និង​ត្រូវ​ចាប់​ផ្តើម​ចាប់​ៗ​នេះ​។  

ទន្ទឹម​នឹង​គ្នា​នេះ នៅថ្ងៃ​សៅរ៍​​​​ នៅ​កន្លែង​ពិព័រណ៌​កសិកម្មប្រចាំឆ្នាំ​ក្នុង​​ក្រុង​ប៉ារីស​ ប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង ក៏ប្រកាស​ដែរ ថា ​លោក​នឹង​អញ្ជើញ​បំពេញ​ទស្សនកិច្ច​​នៅ​ប្រទេស​ចិន នា​ដើម​ខែ​មេសា ខាងមុខ​។ ​​​មុន​ដំណើរ​អញ្ជើញ​ទៅស្រុក​ចិន​  ប្រធានាធិបតីបារាំង អំពាវនាវ​ជា​ថ្មីម្តងទៀត ឲ្យ​រដ្ឋបាល​ក្រុង​ប៉េកាំង​ ជួយ​ដាក់​សម្ពាធ​លើរុស្ស៊ី ឲ្យ​បញ្ឈប់​សង្គ្រាម​ឈ្លាន​ពាន​ និង​ផ្តើម​កសាង​សន្តិភាព។​

ចំណែក ​ប្រធានាធិបតី​បេឡារុស នឹង​ចេញទៅ​មុន​គេ ចិន​មុន​គេ​។ តាម​គម្រោង​ លោក អាឡិចសង់​ លូកាស្ហេនកូ ​នឹង​អញ្ជើញ​ទៅ​ដល់ ប៉េកាំង​​ នៅ​ថ្ងៃ​អង្គារ ហើយ​បន្ត​បំពេញ​ទស្ស​នកិច្ច​រហុត​ដល់ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​។ ​បេឡារុស ​​ជាមិត្ត​រុស្ស៊ី​ និង​​បាន​ផ្តល់​ចំណែក​ដី​ខ្លះ​ ឲ្យ​រុស្ស៊ី​បាញ់ផ្លោង​​មីស៊ីល ទៅ​អ៊ុយក្រែន​​​។

ជាការ​គួរ​ឲ្យ​ស្តាយ! ​រដ្ឋមន្រ្តីក្រសួងការបរទេស​អាមេរិក​ អញ្ជើញ​ទៅ​តំបន់​អាស៊ី​កណ្តាល​ នៅ​ដើម​សប្តាហ៍​ថ្មីនេះ​។ បើ​កុំ​តែ​ អាមេរិក ​និង ​ចិន ​ប៉ះ​សម្តី​គ្នា​រឿង​បាឡុង​ហោះ​ទេ ម្លេះ​សម​នឹង​លោក អង់តូនី ប្ល៊ីងកិន ទៅ​ចិន​ដែរ​ហើយ។​

ទោះ​ជាម្តេច​ក្តី បើ​ពិនិត្យ​ជា​និមិត្តរូប គឺ ​ក្នុងឱកាស​ខួប​មួយ​ឆ្នាំនៃ​សង្គ្រាម​អ៊ុយក្រែន ចិន បាន​​ប្រកាស​ឲ្យ​ថ្នាក់ដឹកនាំ​រុស្ស៊ី​និងអ៊ុយក្រែន ចរចាគ្នា​រក​សន្តិភាព។​ ហើយ​សកម្មភាព​ជាបន្ទាប់ ចិន​អញ្ជើញ​និង​ហៅ ថ្នាក់ដឹកនាំ​ដែល​ស្និទ​ខាង​អ៊ុយក្រែន និង​អ្នក​ស្និទ​ខាង​រុស្ស៊ី ឲ្យ​ទៅ​ប៉េកាំង ដើម្បី​ពិគ្រោះ​គ្នា​ថែមទៀត។​

អព្យាក្រឹត​របស់​ចិន​?

ក្នុងរឿងសង្គ្រាមអ៊ុយក្រែន​ ១ឆ្នាំមកហើយ ​ជាផ្លូវការ​ ចិន ប្រកាន់​ជំហរ​អព្យាក្រឹតរហូត​មក។​ ប្រទេស​ចិន មិន​ដែល​សូវ​មាត់​កអ្វី​ច្រើន​ទេ​ចំពោះ​សំណុំ​រឿង​អ៊ុយក្រែន។ ស្តីបន្តោស​រុស្ស៊ី ក៏​មិន​អើពើ និង​ជាន់​ពន្លិច​អ៊ុយក្រែន ក៏​មិនដែលថា។ ប៉ុន្តែ ជា​សកម្មភាព​ គឺ​ ចិន តែងតែ​ច្រាន​ចោល​គម្រោង​ការ​របស់​អន្តរជាតិ​ទាំងឡាយ ដែល​ចង់​ដាក់​ទណ្ឌកម្ម​រុស្ស៊ី និង​ដែល​ចិន​មាន​វត្តមាន​នៅក្នុង​ជំនុំ​នោះ​​។​ ជាក់ស្តែង​ សេចក្តី​សម្រេច​ជាច្រើន​របស់​អង្គការ​សហប្រជាជាតិ​។ ថ្ងៃទី​២៤ ខួប​១ឆ្នាំនៃ​សង្គ្រាម​ មហាសន្និបាតអង្គការសហប្រជាជាតិទាមទារឲ្យរុស្ស៊ីដកទ័ពចេញពីអ៊ុយក្រែនជាបន្ទាន់ ប៉ុន្តែ​ចិន​មិនបាន​បោះឆ្នោតគាំទ្រ​ទេ។​ ​នៅ​ថ្ងៃ​សៅរ៍ ទី​២៥ទៀត កិច្ចប្រជុំ​រដ្ឋមន្ត្រីហិរញ្ញវត្ថុប្រទេស​មាន​សេដ្ឋកិច្ច​ជឿន​លឿន​ទាំង​២០ គឺ​ត្រង់​ចំណុច​ពី​សំណុំ​រឿង​អ៊ុយក្រែន​ គឺ​សេចក្តីថ្លែងការណ៍រួម​ទៅមិន​រួច។ ទៅមិន​រួច​ ក៏​ព្រោះ​តែ ឥណ្ឌា និង​ ចិន ​ជំទាស់​។ ប្រភព​ស្និទ្ធ​នឹង​កិច្ចប្រជុំថ្នាក់​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​​G20 នៅ​ឥណ្ឌា គឺ​ សមាជិក​​កិច្ចប្រជុំ​ ជំទាស់​គ្នា ក្នុងការ​ប្រើ​ពាក្យពេចន៍ «សង្គ្រាម​នៅអ៊ុយក្រែន» ឬ «ប្រតិបត្តិ​សឹកពិសេស»​។ ពាក្យ​ទាំង​ពីរ​នេះ ប្រទាញប្រទង់គ្នា​រវាង​ ការ​ចង់​​របស់​បច្ចិមប្រទេស និង​ ពាក្យ​ដែល​រុស្ស៊ី​ប្រើ​ជាផ្លូវការ​សម្រាប់​សំដៅ​ទៅលើ​សង្គ្រាម​អ៊ុយក្រែន។​

​ហេតុអ្វី ចិន ​សក្តិសម​ធ្វើ​ជា​​អ្នក​សម្រប​សម្រួល​​?

​​ទី១-ជំហរ​អ៊ុយក្រែន ចំពោះ​ចិន។  ប្រធានាធិបតី​ វ៉ូឡូឌីមៀរ ហ្សេឡេនស្គី មាន​ប្រសាសន៍​ផ្ទាល់តែ​ម្តង​ ៖ «ខ្ញុំ​ចង់រំពឹង​ឃើញ​ថា ​ចិន​ នឹង​នៅ​ប៉ែក​ខាង​ពិភព​ត្រឹមត្រូវ គឺ នៅ​ខាង​យើង​! » លោក ហ្សេឡេនស្គី យល់ថា ការ​លូក​ដៃ​របស់​ចិន​ក្នុង​សំណុំ​រឿង​សង្គ្រាម​នៅ​អ៊ុយក្រែន គឺជា​«ជំហាន​វិជ្ជមាន​» ហើយ​​ប្រធានាធិបតីអ៊ុយក្រែនរូបនេះ ក៏​នឹង​គ្រោង​ជួប​សំណេះ​សំណាល់​ជា​មួយ​ប្រធានាធិបតី​ចិន នៅ​ពេល​ខាង​មុខ​ដែរ។​ ចំណែក​ជំហរ​រុស្ស៊ី ​គឺ​ប្រធានាធិបតី​រុស្ស៊ី ក៏​សរសើរ​ពី​ការ​សន្ទុះ​ស្ទា​របស់ ​ចិន ​ដែរ​។​

ទី២- សហរដ្ឋ​អាមេរិក ហាក់​ដូច​ជា​​បន្ទន់កាយវិការ​បន្តិច​​ចំពោះចិន។​ នៅថ្ងៃ​សុក្រ ប្រធានាធិបតីសហរដ្ឋ​អាមេរិក  លោក ចូ បៃដិន លើកឡើង​ផ្ទុយ​ពី​ការ​អះអាង​ទាំងឡាយ​របស់​កូន​ចៅក្រោម​ឱវាទ​។ ​ប្រធានាធិបតី​ ​ចូ បៃដិន យល់​ថា សហរដ្ឋ​អាមេរិក ​នៅ​មិនទាន់​មា​នភស្តុតាង​ច្រើន​គ្រប់គ្រាន់​នៅឡើយទេ​ ​ដែល​អាច​បញ្ជាក់ថា​ ចិន​បាន​ផ្តល់​អាវុធ​ទៅ​ឲ្យរុស្ស៊ី​ ឬនិយាយ​បែបផ្សេង គេ​មិនទាន់​​អាច​វិនិច្ឆ័យ​ថា ​ចិន​ចូលរួម​សកម្ម​ក្នុង​សង្គ្រាម​អ៊ុយក្រែន ដោយ​ផ្តល់​ជំនួយ​អាវុធ​ឲ្យ​ រុស្ស៊ី​ ​ទេ។

​សញ្ញាណ​ទាំងអស់​នេះ​ហើយ ដែល​ហាក់​ដូចជា​បើក​ផ្លូវ​កាន់តែ​ច្រើ​ន ពី​តួនាទី​របស់​ចិន នៅក្នុង​ដំណើរ​ការ​អញ្ជើញ​ថ្នាក់ដឹកនាំ​រុស្ស៊ីនិងអ៊ុយក្រែន ចូលតុចរចា។​ ទោះ​ជា​យ៉ាងណាក៏ដោយ គេ​មិនត្រូវភ្លេច​​ទេ ថា​ការ​ដោះស្រាយ គឺ​គួប្បី​​ កុំ​ឲ្យ​ រុស្ស៊ី របស់​លោក ពូទីន បាក់មុខ អាម៉ាស​ចំពោះ​ប្រជាជាតិ​ខ្លួន​ឯង និង​កុំ​ឲ្យ​អន្តរជាតិ​សើច​ចំអក​ ឬកាន់​តែ​ស្អប់​ខ្ពើម ហើយក៏​មិនត្រូវ​​ឲ្យ​ ប្រជាជាតិ​អ៊ុយក្រែន កាន់​តែ​ខាត​បង់។ អាស្រ័យ​ហេតុនេះ ការ​រក​ច្រកផ្លូវ​កណ្តាល​ក្នុង​រឿងនេះ ពុំ​មែន​ជា​ការ​ងាយស្រួល​ឡើយ។ ​ ជំហរ​ចិន ស្រដៀង​ជំហរ​បារាំង និង​អ្នក​ជំនាញ​កិច្ចការ​អន្តរ​ខ្លះ​ផង យល់ថា ​មាន​តែ​ផ្លូវមួយ​ទេ​ទើប​រក​ច្រកផ្លូវ​កណ្តាលបាន នោះគឺ​​ការ​ចរចាពិភាក្សា​គ្នា​ ដើម្បី​នឹង​រក​មាគ៌ា​សន្តិភាព​៕​​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ